អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា វត្តមាន​​​ទូត​ថ្មី​អាមេរិក​ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ល្អ​ប្រសើរ

0:00 / 0:00

អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា វត្តមាន លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង រវាង​កម្ពុជា​និង​អាមេរិក​មាន​លក្ខណៈ​ល្អ​ប្រសើរ។ ប៉ុន្តែ​អ្នក​វិភាគ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​មហា​អំណាច​មួយ​នេះ គឺ​អាស្រ័យ​លើ​ទង្វើ​របស់​របប​ក្រុងភ្នំពេញ មិន​មែន​ជា​ការ​និយាយ​តែ​មាត់​នោះ​ទេ។

អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា អនាគត​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី ជា​បុគ្គល​មាន​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ការងារ​ការ​ទូត​ច្រើន​ឆ្នាំ ដូច្នេះ​យល់​ថា ឯកអគ្គរដ្ឋទូត​ថ្មីរូប​នេះ នឹង​បំពេញ​ការងារ​តាម​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ​ជា​អ្នក​ការ​ទូត។ លោក​យល់​ថា វត្តមាន​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី នឹង​ពង្រឹង​ពង្រីក​នូវ​ទំនាក់ទំនង​ទ្វេ​ភាគី​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​ក៏​គ្មាន​ភាព​ល្អក់​កករ​នឹង​គ្នា​នោះ​ឡើយ៖ « ផ្អែក​ទៅ​លើ​មូលដ្ឋាន​នេះ ហើយ​ខ្ញុំ​យល់​ថា ចំណង​ការ​ទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ពិត​ជា​ត្រូវ​​បាន​ពង្រឹង​ពង្រីក​ទ្វេ​ភាគី គឺ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ពាក្យ​ល្អ​នោះ គឺ​ល្អ​គ្រប់​ផ្នែក​ទាំង​អស់ »

ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុម័ត​តែងតាំង​លោក ​ ប៉ាទ្រីក ម័រហ្វី ជា​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​អាមេរិក គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ល្អក់​កករ និង​រកាំរកូស​ខ្លាំង ក្រោយ​របប​ក្រុង​ភ្នំពេញ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ហើយ​ងាក​ទៅ​ឱប​ក្រសោប​មហា​យក្ស​ចិន​កាន់​តែ​ខ្លាំង។

ប៉ុន្តែ​លោក សុខ ឥសាន យល់ថា ការ​ខ្វែង​គំនិត​គ្នា​នា​ពេល​កន្លង​មក​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា និង​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​ទេ ដែល​នេះ​ជា​រឿង​ធម្មតា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ។

អ្នកវិភាគ​នយោបាយ​ជើង​ចាស់ បណ្ឌិត ឡៃ ម៉ុងហៃ យល់​ថា បើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ចង់​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​ជា​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ថា ដែល​សម្រេច​ចិត្ត​ថា គួរ​ឈោង​ចាប់​ដៃ​ជាមួយ​អាមេរិក​ត្រឹម​កម្រិត​ណា?។ បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចង់​បាន​ពី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក មាន​ពីរ​ចំណុច​សំខាន់ៗ គឺ​ទាមទារ​ឲ្យ​កម្ពុជា​រក្សា​គោល​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ និង​ត្រូវ​ដោះ​លែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ៖ «បញ្ជាក់​អាមេរិក​ឲ្យ​បាន​ច្បាស់លាស់​ថា កម្ពុជា គឺ​កាន់​នយោបាយ​អព្យាក្រឹតភាព ហើយ​សូម​ឲ្យ​អាមេរិក​ជួយ​ពង្រឹង​ជំហរ​អព្យាក្រឹត​របស់​កម្ពុជា​ផង​ហើយ​ទី២ ដោះ​លែង​លោក កឹម​ សុខា ទៅ​តាម​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក »

បណ្ឌិត ឡៅ ម៉ុងហៃ រំលឹក​ថា ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​មិន​មែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ លោក​បណ្ឌិត​បញ្ជាក់​ថា ផ្អែក​លើក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ហត្ថលេខី​ធំ​មួយ ដែល​មាន​តួនាទី​តាមដាន និង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ។

ចំពោះ​ឥទ្ធិពល​លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បណ្ឌិត ឡៃ ម៉ុងហៃ យល់ថា បើ​ផ្អែក​លើ​បទ​ពិសោធន៍​ការងារ និង​ចរិត​លក្ខណៈ​របស់ លោក ប៉ាទ្រីក ម័រហ្វី ​ឯក​អគ្គ​រដ្ឋទូត​ថ្មី​រូប​នេះ អាច​នឹង​បង្កើត​បរិយាកាស​ថ្មី​មួយ​ធ្វើ​ឲ្យ​ចំណង​ការ​ទូត​កម្ពុជា​អាមេរិក​វិល​មក​ភាព​ប្រក្រតី​ឡើង​វិញ៖ «ចរិត ​លក្ខណៈ គឺ​មិន​ដូច​មុនៗ ប្រហែល​ជា​មាន​គំនិត និង​ការ​ប៉ិន​ប្រសប់​ខុស​ប្លែក​ពី​ឯក​អគ្គ​រដ្ឋទូត​មុនៗ ហើយ​មាន​របៀបរបប​គាត់​ទំនាក់ទំនង​គាត់​ជាមួយ​អ្នក​ដទៃ​ហ្នឹង​ក្រែង​លោ​គាត់​មាន​អី​ថ្មី »

ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា​កន្លង​ទៅ ដោយ​យល់​ព្រម​តែងតាំង​លោក ប៉ាទ្រីក ម័រហ្វី ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ ការ​អនុម័ត​នេះ ក្រោយពី​តំណែង​ឯក​អគ្គ​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក​នៅ​ទំនេរ​ជាង​​កន្លះ​​ឆ្នាំ ក្រោយ​​ឯកអគ្គរដ្ឋទូត​ចាស់ លោក វីល្លៀម ហៃដ៍ (William Heidt) បាន​ចប់​អាណត្តិ កាល​ពី​ចុង​ឆ្នាំ​២០១៨ កន្លង​ទៅ។

លោក ប៉ាទ្រីក ម័រហ្វី បាន​ប្ដេជ្ញា​ជំរុញ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។ ការ​បញ្ជាក់​ពី​គោលជំហរ និង​ការ​ប្ដេជ្ញា​ចិត្ត​នេះ ធ្វើ​ឡើង​ក្នុង​សវនាការ​សួរដេញដោល​ផ្ទាល់មាត់​មួយ កាល​ពី​ថ្ងៃទី៤ ខែ​ធ្នូ ដោយ​គណៈកម្មាធិការ​កិច្ចការ​​បរទេស នៃ​ព្រឹទ្ធសភា​អាមេរិក មុន​នឹង​សម្រេច​តែងតាំង​លោក ជា​ឯកអគ្គរដ្ឋទូត​ពេញ​សមត្ថភាព និង​វិសាមញ្ញ​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជំនួស​លោក វីល្លៀម ហៃដ៍ (William A . Heidt) ដែល​ទើប​ផុត​អាណត្តិ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​រូប​នេះ​គាំទ្រ​ជំហរ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​របប​នេះ ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើង​វិញ​។

លោក Patrick Murphy បាន​ថ្លែង​នៅ​ចំពោះ​មុខ​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា​ថា នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សភា​តំណាង​រាស្ត្រ​អាមេរិក ដើម្បី​ជំរុញ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដោយ​ផ្អែក​លើ​ការ​គាំទ្រ​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក ដែល​ទទួល​បាន​ពី​ក្នុង​ចំណោម​សាធារណជន​កម្ពុជា។ លោក​ថា លោក​នឹង​តស៊ូ​មតិ​ឲ្យ​មាន​ការ​ផ្សះផ្សារ រវាង គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។