លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​សាង​សង្គម​ឲ្យ​មាន​អំពើ​ហិង្សា​និង​បាញ់​សម្លាប់​ជន​ស្លូតត្រង់

ដោយ ថា ថៃ
2024.06.20
លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​សាង​សង្គម​ឲ្យ​មាន​អំពើ​ហិង្សា​និង​បាញ់​សម្លាប់​ជន​ស្លូតត្រង់ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស​សង្គ្រោះជាតិ។
Courtesy Photo

មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថា ជា​អ្នក​កសាង​សង្គម​កម្ពុជា​ឲ្យ​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​ការ​បាញ់​សម្លាប់​លើ​ជន​ស្លូតត្រង់។ ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ក្រោយ​ពី​ឧកញ៉ា​ម្នាក់​ បាន​បាញ់​សម្លាប់​គូស្នេហ៍​មួយគូ កាល​ពី​ថ្ងៃ​ទី១៧ មិថុនា។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ខណៈ​អ្នកវិភាគ​នយោបាយ ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត។

ករណី​ខ្មាន់​កាំភ្លើង​មាន​ងារ​ជា​ឧកញ៉ា​ម្នាក់ បាន​​បាញ់​សម្លាប់​យុវជន​ពីរ​នាក់ ជា​គូដណ្ដឹង​នឹងគ្នា កាល​ពី​ដើម​សប្តាហ៍​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់ ទាំង​អ្នក​តាម​ដាន​បញ្ហា​សង្គម និង​អ្នក​នយោបាយ រំជួល​ចិត្ត និង​សោក​សង្រេង ព្រម​ទាំង​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​របស់​​ឃាតក។ ក្រៅ​ពី​នេះ​ពួកគាត់ បាន​​ជជែក​វែកញែក​អំពី​​ស្ថានភាព​សង្គម​កម្ពុជា​ក្រោម​ការត្រួតត្រា​របស់​គ្រួសារ​លោក ហ៊ុន សែន ជាង​៤០​ឆ្នាំ​មក​នេះ​ ក្លាយ​ជា​សង្គម​មួយ គួរ​ឲ្យ​ភ័យ​ខ្លាច គ្មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ពោរ​ពេញ​ដោយ​​អំពើ​ពុក​រលួយ ​អ្នកមាន​លុយ​មាន​អំណាច​មួយ​ចំនួន​ រស់​នៅ​លើ​ច្បាប់ និង​ចាត់​ទុក​ជីវិត​មនុស្ស​ស្លូត​ត្រង់​​ ហាក់​គ្មាន​តម្លៃ។

ក្រោយ​ករណី​ឃាតកម្ម​នេះ​ពីរ​ថ្ងៃ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​ជា​ជនរងគ្រោះ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​យាយី​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន ក៏​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃ​ទី១៩ មិថុនា​ដែរ​ ដោយ​ចោទ​ថា ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ហិង្សា ដែល​ជា​ហេតុ​ធ្វើឲ្យ​​សង្គម​ពោរពេញ​ដោយ​អំពើ​ហិង្សា។ លោក​បន្ត​សំណេរ​ថា លោក ហ៊ុន សែន តែង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​ជន​ស្លូត​ត្រង់ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​នេះ​ ដែល​មនុស្ស​ស្លូតត្រង់​ត្រូវ​បាន​គេ​សម្លាប់ និង​វាយ​ដំ​តាម​ដង​ផ្លូវ ត្រូវ​បាន​គេ​ប្លន់​យក​ដី ចាប់​ដាក់​គុក ហើយ​សេរីភាព​ជា​មូលដ្ឋាន ​ត្រូវ​បាន​គេ​ដក​ហូត​ថែម​ទៀត។

មេ​បក្ស​ប្រឆាំង​រូប​នេះ សង្កត់​ធ្ងន់​ថា ច្បាប់​បាន​អនុវត្ត​ចំពោះ​តែ​ជន​ក្រីក្រ​តែ​ប៉ុណ្ណោះ ចំណែក​អ្នក​មាន​អំណាច​បន្ត​រស់នៅ​ដោយ​សេរី​ដោយ​គ្មាន​ទោសពៃរ៍​ឡើយ។ លោក​សង្កេត​ឃើញ​ថា ​ឧកញ៉ា​ដែល​សម្លាប់​មនុស្ស​ស្លូតត្រង់ តែង​ជាប់​ក្នុង​គុក​ក្លែង​ក្លាយ​មួយ​រយៈ តែ​ក្រោយ​មក​ក៏​ចេញ​មក​រស់​នៅ​ដោយ​សេរី​ព្រោះ​ពួកគេ​មាន​គ្រួសារ​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង។ លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ពលរដ្ឋខ្មែរ​គួរ​បន្ត​រស់នៅ​ក្នុង​សង្គម​បែប​នេះ ឬ​យ៉ាងណា?

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បកស្រាយ​ថា ករណី​ឧក្រិដ្ឋកម្ម ​ឃាតកម្ម និង​ចោរកម្ម​មិនមែន​កើត​ឡើង​តែ នៅ​ក្នុង​ស្រុកខ្មែរ​នោះ​ទេ។ លោក​ចាត់​ទុក​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី គ្រាន់តែ​ជា​ការ​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​ដោយសារ​តែ​ក្តី​ច្រណែន​ឈ្នានីស​​ប៉ុណ្ណោះ។

លោក សុខ ឥសាន៖ «សួរ​ថា​ឧកញ៉ា​ប៉ុន្មាន​ដែល​កំពុង​ជាប់​គុក​រាល់ថ្ងៃ តើ​ប្អូន​ឯង(អ្នកកាសែត) ដឹង​ទេ ហើយ​ឧកញ៉ា​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាន​គេ​ដោះលែង។ ករណី​នីមួយៗ​ប្អូន​ឯង យក​មក​ធ្វើ​ករណី​រួម​ម៉េច​កើត។ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ក៏ដូចជា បណ្តា​ប្រទេស​គេ​ធ្វើ​ជា​ទូទៅ មិន​ថា បុណ្យ​ស័ក្តិ​ប៉ុណ្ណា ឧកញ៉ា ឬ​មិន​ឧកញ៉ា​ទេ រាល់ថ្ងៃ​នេះ​យើង​ឃើញ​ហើយ។បាតុភាព​អសកម្ម​នៅ​ក្នុង​សង្គម​វា​តែងតែ​កើត​មាន​ឡើង។ អ្នក​ណា​ទៅ​ហាមឃាត់​អ្នក​បាញ់​បោះ​ដោយ​សេរី ដោយ​មិន​មាន​ការ​ទទួលខុសត្រូវ​បាន​ហើយ​ឧកញ៉ា​ដែល​បាញ់​គេ​ម្សិលម្ង៉ៃ​នេះ សួរ​ថា តុលាការ​គេ​ដោះលែង​ហើយ​នៅ ? គេ​កំពុង​បន្ត​ដំណើរការ​នីតិវិធី»។ 

កាល​ពី​រសៀល​ថ្ងៃទី១៧ ខែមិថុនា ឧកញ៉ា ​ស្រី ស៊ីណា បាន​ប្រើ​កាំ​ភ្លើង​ខ្លី​បាញ់ ប្រហារ​ជាច្រើន​គ្រាប់​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ផ្ទះ​របស់​ជនរងគ្រោះ​ ស្ថិត​នៅ​​បុរី​ប៉េងហួតបឹងស្នោរ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ដែល​ផ្តើម​ចេញ​ពី​ទំនាស់​បន្តិច​បន្តូច​រឿង​ស្នួល​ខោអាវ​ឆ្លង​ចូល​ព្រំ​ដី​គ្នា។ ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ទាំង​ពីរ​នាក់​មាន​អាយុ​ជាង​២០​ឆ្នាំ​ជា​គូដណ្ដឹង​ជិត​រៀបការ​ជាមួយ​គ្នា។ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ឧកញ៉ា ស្រី ស៊ីណា ក្នុង​ពេល​​ព្យាយាម​រត់​គេច​ខ្លួន​ទៅ​ដល់​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​ ប៉ុន្តែ​សមត្ថកិច្ច មិន​បាន​ប្រើ​សម្ដី​ធ្ងន់​និង​ដាក់ខ្នោះ​ដៃ​លោក​ឡើយ។ ឃាតក​ជា​ឧកញ៉ា​រូប​នេះ ធ្វើ​ឫកពា​ធម្មតា​ហាក់​គ្មាន​ញញើត​សមត្ថកិច្ច​ និង​បាន​​សារភាព​ថា គាត់​ពិត​ជា​បាញ់​សម្លាប់​ជនរងគ្រោះ​មែន។

មិន​ខុស​ពី​លោក សម រង្ស៊ី និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន ឡើយ​ ប្អូនស្រី​របស់​ជនរងគ្រោះ​ឈ្មោះ ឡុង លី សុង រៀប​រាប់​ទាំង​ក្តុកក្តួល​ប្រាប់​អ្នក​សារព័ត៌មាន​អនឡាញ​ក្នុង​ស្រុក​ពី​កន្លែង​បុណ្យសព​ថា កញ្ញា បារម្ភ​ខ្លាច​ឃាតក ដែល​បាញ់​សម្លាប់​បង​ប្រុស​និង​បងថ្លៃ ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី​ហើយ​ត្រូវ​បាន​ដោះលែង​វិញ​ដូច​ករណី​មុនៗ។

ឡុង លី សុង៖ «មនុស្ស​ស្លាប់​ហើយ​មិន​អាច​ងើប​មក​តទល់ ឬ​តវ៉ា​អី​បាន​ទៀត​ទេ។ ដូច្នេះ​គាត់​អ្នក​បង្កើត​ហេតុ គាត់​អ្នក​នៅ​រស់ គាត់​ថា​ម៉េច​គាត់​បំភ្លៃ​ពី​ខ្មៅ​មក​ស​ម៉េច ក៏​គាត់​អាច​ធ្វើ​បាន ដោយ​មាត់​គាត់​បាន​ដែរ ទាំង​ដែល​ទង្វើ​គាត់​ដៃ​កាន់​កាំភ្លើង បាញ់​ស្លាប់​មនុស្ស​ដល់​ទៅ​ពីរនាក់ និង​របួស​ពីរ​នាក់​ទៀត​ថែម។ គាត់​បាញ់​មិន​យូរ​ទេ ប្រហែល​ជា​១នាទីជាងអស់១២គ្រាប់ឆក់ជីវិតអស់២នាក់។ទង្វើ​សាហាវ​បែប​នេះ គាត់​នៅ​ហ៊ាន​ធ្វើ ចុះ​ទង្វើ​ដែល​គាត់​គ្រាន់តែ​បំភ្លៃ​ទង្វើ​អាក្រក់​គាត់​មក​ល្អវិញ ឲ្យ​ប្រជាជន​មើល​មក គាត់​ថា ល្អ​វិញ រឿង​អី​ថា គាត់​មិន​ហ៊ាន ឬ​មិន​អាច​ធ្វើ​បាន ទាំង​ដែល​គាត់​សម្លាប់​មនុស្ស​ដោយ​គ្មាន​ញញើត​ផង​នោះ។ ទាំង​ដែល​ប៉ូលិស ចាប់​ហើយ​គាត់​អត់​មាន​ទាំង​ភ័យ​ផង អត់​ទាំង​តក់ស្លុត​ផង។ ទាំងអស់​គ្នា​ឃើញ​ហើយ​នៅ​ពេល​ដែល​ប៉ូលិស ឃាត់​គាត់ គឺ​គាត់​ឈរ​ជ្រែង​ហ៊ោប៉ៅ​បែប​ម៉េច។ រូបភាព​បែប​នេះ វា​ពិត​ជា​ធ្វើ​ឲ្យ​គ្រួសារ​សព​ឈឺ​ចាប់»។ 

ក្រោយ​ឃាតកម្ម​ដ៏​កក្រើក​នេះ និង​មាន​មហាជន​រិះគន់​ដល់​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រុម​មេធាវី​របស់​លោក​ទៅ​ជួប​គ្រួសារ​ជន​រងគ្រោះ និង​ជួយ​ការពារ​ក្តី​តាម​ផ្លូវ​តុលាការ​ដែរ។

ទោះ​យ៉ាងណា ​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក គឹម សុខ ថ្លែង​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ​ត្រឹមត្រូវ​នោះ មិន​ចាំ​បាច់​លោក ហ៊ុន សែន ដាក់​មេធាវី​របស់​លោក ក៏​អាច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​បាន​ដែរ។លោក យល់​ថា នេះ​គ្រាន់​តែ​ជា​ល្បិច​កេង​ចំណេញ​នយោបាយ​របស់​លោក ហ៊ុន សែន ​ប៉ុណ្ណោះ។

លោក គឹម សុខ៖ «ប្រសិន​បើ​លោក ហ៊ុន សែន ចង់​ការពារ​ជនរងគ្រោះ​មែន ជនរងគ្រោះ​មិនមែន​ទើប​តែ​ម្នាក់​ពីរ​នាក់​នេះ​ទេ ជន​រងគ្រោះ​ទូទាំង​ប្រទេស ជនរងគ្រោះ​ពី​ការ​បោកប្រាស់ ជនរងគ្រោះ​ពី​ការ​សម្លាប់ លោក ជា វិជ្ជា លោក ឈុត វុទ្ធី លោក​បណ្ឌិត កែម ឡី ប្រធាន​សហជីព ព្រះសង្ឃ សំ ប៊ុនធឿន អ្នក​ផ្សេងៗ​ទៀត អ្នកស្រី ពិសិដ្ឋ ពីលិកា កញ្ញា ទូច ស៊ុននិច ជាដើម សុទ្ធ​តែ​ត្រូវ​គេ​ធ្វើ ឃាត ហើយ​រក​ឃាតក​អត់​ឃើញ។ ហើយ​ឃាតក​នៅ​ចំពោះ​មុខ ឧទាហរណ៍ ក្មួយ​ប្រុស​របស់​គាត់ (លោក ហ៊ុន សែន )នៅ​លើ​ដងផ្លូវ យក​ទៅ​ដាក់​គុក​ទេ អត់​យក​ទៅ​ដាក់​គុក​ទេ។ ដូច្នេះ​មាន​ន័យថា អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​គ្រាន់តែ​ជា​ល្បោយ​នៃ​ប្រជាភិថុតិ​នយោបាយ តែ​ប៉ុណ្ណោះ»។ 

បន្ថែម​ពី​នេះ ​លោក គឹម សុខ ចាត់​ទុក​ថា ការ​លើកឡើង​របស់​លោក សម រង្ស៊ី ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា។ លោក​ពិនិត្យ​ឃើញ​ថា លោក ហ៊ុន សែន បាន​ដឹកនាំ​​សង្គម​កម្ពុជា​ ឲ្យ​ក្លាយ​ជា​ឋាន​សួគ៌​សម្រាប់​ពួក​ឧក្រិដ្ឋជន។ លោក​បន្ត​ថា ​កន្លងមក ​ពួក​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន មិន​ខ្លាច​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឡើយ ព្រោះ​ពួកគេ ដឹង​ថា ខ្សែបណ្ដាញ និង​ទឹក​លុយ​របស់​ពួកគេ អាច​ជួយ​ពួកគេ​ឲ្យ​រួចផុត​ពី​សំណាញ​ច្បាប់។

លោក គឹម សុខ៖ «លោក ហ៊ុន សែន ខ្លួន​ឯង​បង្ហាញ​ថា ធ្វើ​ឧក្រិដ្ឋកម្ម​គ្មាន​ញញើត ផ្សាយ​នូវ​សំឡេង​ធ្វើ​បាប អ្នក​នេះ ធ្វើ​បាប​អ្នក​នោះ កម្ចាត់​អ្នក​នេះ​កម្ចាត់​អ្នក​នោះ ផ្តាច់​ផ្តិល​ជីវិត​អ្នក​នេះ​ផ្តាច់​ផ្តិល​ជីវិត​អ្នក​នោះ លឺ​គ្រប់គ្នា​ចេញ​ពី​មាត់​របស់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន កសាង​នូវ​សង្គម​មួយ​ដឹកនាំ​ដោយ​ពួក​ឧក្រិដ្ឋជន ឧក្រិដ្ឋជន​កាប់ព្រៃ​ឈើ ឧក្រិដ្ឋជន​សម្លាប់​មនុស្ស ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន ឧក្រិដ្ឋជន​ដែល​ធ្វើ​បាប​គេ​ដោយ​ជះ​ទឹក​អាស៊ីត​ជាដើម ឡើង​ទៅ​ជា​អ្នកធំៗ ដូចជា​តែងតាំង​ទីប្រឹក្សា​ជា​ជនជាតិ​ចិន​ជា​ឧក្រិដ្ឋជន​ដែល​រដ្ឋាភិបាល​ចិន គេ​តាម​ចាប់​ទៅ​ទៀត​ថា ជា​ឧក្រិដ្ឋជន។ ដូច្នេះ​សុទ្ធ​តែ​ជា​រចនាសម្ព័ន្ធ​នៃ​ឧក្រិដ្ឋជន ម្លោះ​ហើយ​សង្គម​នេះ​ជៀស​មិន​ផុត​ពី​អំពើ​ឧក្រិដ្ឋកម្ម​ទេ» ។  

កន្លងមក ​មាន​ឧកញ៉ា​ជាច្រើន បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម​​សម្លាប់​មនុស្ស​ ជួញដូរ​មនុស្ស រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់​ និង​គ្រឿង​ញៀន រកស៊ី​ឆបោក​លុយ​​ពលរដ្ឋ ព្រមទាំង​រកស៊ី​លក់​ដី​ខ្យល់​ជាដើម។ ប៉ុន្តែ​ឧកញ៉ា​មួយចំនួន​ បាន​ជាប់​ពន្ធនាគារ​លំដាប់​វីអាយភី(VIP)រយៈពេល​ខ្លី​ ហើយ​ត្រូវ​បាន​តុលាការ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​​ស្ងាត់ៗ​។​ជា​ឧទាហរណ៍​ជាក់ស្តែង ​​ករណី​ឧកញ៉ា គិត ធាង ​ត្រូវ​បាន​តុលាការ ​កាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤គីឡូក្រាម​នោះ ​ប៉ុន្តែ​លោក អនុវត្ត​ទោស​តែ​២ឆ្នាំ​។ ឧកញ៉ា ថោង សារ៉ាត ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​សាលាឧទ្ធរណ៍​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ស្ងាត់ៗ និង​តែងតែ​ថតរូប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ព្រមទាំង​បរិច្ចាគ​លុយ​ម៉ឺនៗ​ដុល្លារ​ដល់ លោក ហ៊ុន សែន ទៀត​ផង​។ឧក្រិដ្ឋជន ​និង​ខ្មាន់​កាំ​ភ្លើង​ខ្លះ​ទៀត ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ឲ្យ​ក្លាយ​ជា​មន្ត្រីជាន់ខ្ពស់ និង​ជា​ទីប្រឹក្សា​របស់​លោក ដូច​ជា​លោក ទ្រី ភាព អ្នកស្រី ជា រដ្ឋា និង​លោក ឈួក បណ្ឌិត ជាដើម។

លោក គឹម សុខ ជឿ​ថា ប្រសិនបើ​ប្រទេស​កម្ពុជា មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ មាន​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ លុប​បំបាត់​អំពើ​ពុករលួយ គឺ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​មួយចំនួន​ នឹង​មិន​ហ៊ាន​បំពាន​ច្បាប់ មិន​ហ៊ាន​កាប់​សម្លាប់​ជន​ស្លូត​ត្រង់​នោះ​ទេ។ អ្នកវិភាគ​រូប​នេះ យល់​ថា ដើម្បី​កែ​លម្អ​សង្គម​កម្ពុជា​ឡើង​វិញ​ លុះត្រា​តែ​ពលរដ្ឋ​គ្រប់រូប​សកម្ម​រួមគ្នា​រិះគន់ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។