លោក សម រង្ស៊ី ចោទ​ថា​ លោក ហ៊ុន សែន ពឹង​វៀតណាម និង​ចិន ឲ្យ​ជួយ​ការពារ​អំណាច​ក្បត់​ជាតិ​​របស់​ខ្លួន

0:00 / 0:00

លោក សម រង្ស៊ី បាន​អះអាង​ថា លោក ហ៊ុន សែន បាន​ពឹង​ពាក់​ប្រទេស​វៀតណាម និង​ ចិន ដើម្បី​ឲ្យ​ជួយ​រក្សា និង​ការពារ​អំណាច​ នៃ​ទង្វើ​ក្បត់​ជាតិ​ឲ្យ​ខ្លួន។ មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​ចោទ​បែប​នេះ ហើយ​ថា លោក សម រង្ស៊ី ឃោសនា​តាម​របៀប​ជន​​បរាជ័យ ក្រោយ​​ការ​អំពាវនាវ​ គ្មាន​អ្នក​គាំទ្រ។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​នៅ​មុខ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ដៃគូ​​របស់​លោក គឺ​លោក កឹម សុខា មិន​បាន​​ប្រព្រឹត្តិ​កំហុស​ក្បត់​ជាតិ​អ្វី​ឡើយ តែ​លោក ចោទ​ថា លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ឯណោះ​ទេ ទើប​ជា​ជន​ក្បត់​ជាតិ និង​បាន​ពឹង​ពាក់​ប្រទេស​វៀតណាម និង​ចិន ឲ្យ​ជួយ​ការពារ​អំណាច​ឲ្យ​ខ្លួន៖ «ប្រជារាស្ត្រ​ខ្មែរ ចាត់​ទុក​ ហ៊ុន សែន ជា​ជន​ក្បត់​ជាតិ។ ប្រជា​រាស្ត្រ​ខ្មែរ អត់​ត្រូវ​ការ​ ហ៊ុន សែន ទៀត​ទេ។ អ្នក​បន្ទរ ៖ ហ៊ុន សែន ជា​ជន​ក្បត់​ជាតិ ក្បត់​ជាតិ ក្បត់​ជាតិ។ អ៊ីចឹង​ហើយ បាន​គាត់​ត្រូវ​ការ​យួន ត្រូវ​ការ​ចិន គាត់​ត្រូវ​ការ​បរទេស គាត់​រំពឹង​លើ​បរទេស​ការពារ​អំណាច​របស់​គាត់។ ហ្នឹង​ហើយ និយមន័យ​ជន​ក្បត់​ជាតិ មិន​មែន​ កឹម សុខា ទេ ហ៊ុន សែន​ ទេ ជា​ជន​ក្បត់​ជាតិ»។

បន្ថែម​ពី​នេះ លោក សម រង្ស៊ី បង្ហោះ​សារ​​ក្នុង​ហ្វេសប៊ុក (facebook) ថា ក្នុង​នាម​ប្រជារាស្ត្រ​ខ្មែរ នៅ​ប្រទេស​កម្ពុជា ដែល​មិន​ហ៊ាន​និយាយ​ស្ដី ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​សម្ដែង​​មតិ ដូច្នេះ​លោក​ប្រកាស​ថា ​លោក ហ៊ុន សែន ​ជាជនក្បត់ជាតិ មិន​មែន​ លោក កឹម សុខា ទេ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ទាមទារ​ឲ្យ​តុលាការ​របប​ក្រុង​ភ្នំពេញ បញ្ឈប់​សកម្មភាព​កាត់​ទោស​ លោក កឹម សុខា ​នៅ​ថ្ងៃ​ទី​១៥ មករា ព្រោះ​លោក​ថា ជា​ការ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក ហ៊ុន សែន៖ «ថ្ងៃ​១៥ មករា ២០២០ នេះ កុំ​យក​ កឹម សុខា ទៅ​កាត់​ទោស​ពី​បទ​ក្បត់​ជាតិ​នៅ​មុខ​តុលាការ​​ អាយ៉ង របស់​ ហ៊ុន សែន ឯង។ ហ៊ុន សែន ឯង​វិញ​ទេ ដែល​ត្រូវ​ប្រជារាស្ត្រ​ខ្មែរ​ កាត់​ទោស​​​​ជា​ជន​ក្បត់​ជាតិ យ៉ាង​ពិត​ប្រាកដ។ អ្នក​បន្ទរ៖ ហ៊ុន សែន ក្បត់​ជាតិ ហ៊ុន សែន ក្បត់ជាតិ​ ហ៊ុន សែន ក្បត់ជាតិ»។

ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ​ ស៊ីផាន ​ហៅ​ការ​ចោទ​ប្រកាន់​​​នេះ​ថា ជា​រឿង​ផ្ដេសផ្ដាស ហើយ​ការ​ចោទ​​បែប​នេះ​ជា​ញយៗ ដោយសារ​ភាព​បរាជ័យ​ និង​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​គាំទ្រ​បាន។ លោក​អះអាង​ថា លោក សម រង្ស៊ី ចោទ​ថា រដ្ឋាភិបាល​ម្ដង​ពឹង​ពាក់​វៀតណាម ម្ដង​ចិន ម្ដង​អាមេរិក ជា​ទម្លាប់​ទៅ​ហើយ៖ «ឥឡូវ​នេះ គាត់​​យក​​រឿង​​បរិបថ​ប្រទេស​ខ្មែរ ក្លាយ​ជា​បរិបទ​អន្តរជាតិ​ទៀត។ គាត់​ ម្ដង​នៅ​ជា​មួយ​ចិន ម្ដង​នៅ​ជាមួយ​អាម៉េរិកាំង​ប្រឆាំង​ចិន ម្ដង​នៅ​ជាមួយ​យួន ម្ដង​នៅ​ជាមួយ​​ចិន ប្រឆាំង​យួន អា​នេះ ដូចជា​ ឡប់​សតិ​ហើយ បាទ។ ហ្នឹង​ហើយ អរគុណ ហ្នឹង​ជា​ចម្លើយ​របស់​ខ្ញុំ»។

អំពើ​ក្បត់​ជាតិ មាន​ចែង​នៅ​​ក្នុង​ផ្នែក​​​ទី១ ​​ជំពូក​ទី​២ នៃ​​ក្រមព្រហ្មទណ្ឌ​ ឆ្នាំ​២០០៩។ បទ​​ល្មើស ​​ក្បត់​ជាតិ​​​ មាន​ច្រើន​សណ្ឋាន ដូច​ជា​ ចារកម្ម ប្រគល់​ដែនដី ឬ​កង​ទ័ព ឬ​សម្ភារៈ​ទ័ព​ ឬ​ព័ត៌មាន​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​​ឲ្យ​រដ្ឋ​បរទេស សន្និដ្ឋិភាព​ជា​ដើម។ បទ​ក្បត់​ជាតិ​ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ២០០៩ មាន​ឫសគល់​ចេញ​ពី ​មាត្រា​ ៣៣ នៃ​ក្រម​ក្បត់​សឹក និង​មាត្រា​​២២០ និង​២២០​ត្រី នៃ​​ក្រមព្រហ្មទណ្ឌ ឆ្នាំ​​១៩៥៦​ សម័យ​រាស្ត្រ​និយម។

នៅ​ឆ្នាំ​២០១៧​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ បាន​ក្បត់​ជាតិ ក្រោម​រូបភាព​សន្និដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស គឺ​សហរដ្ឋ​អាមេរិក ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​​របស់​លោក ហ៊ុន សែន។ ជាង​ ២​ឆ្នាំ​មក​នេះ តុលាការ​ រក​​មិន​ទាន់​ឃើញ​ថា លោក កឹម សុខា បាន​ឃុបឃិត​គ្នា​ ជាមួយ​សហរដ្ឋ​អាមេរិក មែន ​ឬ​អត់​ទេ។ តែ​សហគមន៍​អន្តរ​ជាតិ កំពុង​​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ឡើង​វិញ ដោយ​ បញ្ឈប់​ការ​ចោទ​ប្រកាន់​ លោក កឹម សុខា និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ គោរព​សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន​ ​លើក​លែង​តែ​ប្រទេស​​កាន់​លទ្ធិ​កុម្មុយនិស្ត ដូច​ជា ចិន រុស្ស៊ី និង​វៀតណាម ជាដើម ដែល​គាំទ្រ​ចំណាត់​ការ​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​គាស់​រំលើង​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។