លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា

ដោយ សុខ មនោហត្ថា
2025.01.30
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត ចូលរួមសន្និសីទសារព័ត៌មាន ស្ដីពីការៀបចំការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ” កាល​ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក ឃ្លាំង ហួត

ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក សម រង្សី បាន​ចោទ​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃ្លាំង ហួត ថា ជា​អ្នក​សម្លាប់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក លិ​ម គិ​ម​យ៉ា កាលពី​ថ្ងៃទី​៧ ខែមករា​។ ទន្ទឹមនឹងនោះ លោក សម រង្សី ក៏បាន​បង្ហាញ​ភស្តុតាង មួយចំនួន ដែល​បញ្ជាក់ថា លោក ឃ្លាំង ហួត ពិតជា​ពាក់ព័ន្ធ​លើ​ករណី​ឃាត​កម្មនេះ ដែលមាន​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជា​មេ​កើយ និង​ជា​អ្នកបញ្ជា​ពី​ខាងក្រោយ​ខ្នង​។ រីឯ​លោក ឃ្លាំង ហួត បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ ដោយ​ថា ជា​រឿង​មិន​ពិត​។​

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្សី នៅ​ថ្ងៃទី​២៨ ខែមករា បាន​បង្ហោះ​សារ និង​រូបភាព លោក ឃ្លាំង ហួត ថា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក ហ៊ុន សែន និង អតីត​នាយករដ្ឋមន្ត្រី​ថៃ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)​។ លោក សម រង្សី ថា ភាព​ជិតស្និទ្ធ​នេះ​ហើយ ដែល​លោក ចោទ​លោក ឃ្លាំង ហួត ថា មាន​ពាក់ព័ន្ធ​ករណី ឃាតកម្ម លោក លិម គិមយា ព្រោះ​កន្លង​មក មាន​សំឡេង​បែកធ្លាយ​របស់​លោក ហ៊ុន សែន បាន​បញ្ជា​លោក ឃ្លាំង ហួត ឱ្យ​តាម​ធ្វើបាប មក​លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​ភៀសខ្លួន​នៅ​ថៃ​។

លើស​ពី​នោះ​ទៀត លោក សម រង្សី ថា លោក ឃ្លាំង ហួត ជា​មេ​កើយ របស់​លោក ពេជ្រ គឹមស្រ៊ិន ប៉ូលីស​ថៃ​រក​ឃើញ​ថា បុគ្គល​រូប​នេះ​ជា​អ្នក​ចង្អុលបង្ហាញ​អត្តសញ្ញាណ លោក លឹម គិម​យ៉ា ប្រាប់​ទៅ​ខ្មាន់កាំភ្លើង​ជនជាតិ​ថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) Ekkalak "Sergent Em" Paenoi ឱ្យ​បាញ់សម្លាប់ លោក លិម គិម​យា នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៧ ខែ មករា។

លោក សម រង្សី បញ្ជាក់​ថា នៅក្នុង​សំឡេង បែកធ្លាយ កាលពី​ខែកញ្ញា ឆ្នាំ​២០២៤ បាន​បង្ហាញ​យ៉ាង​ច្បាស់ ដែល​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក ឃ្លាំង ហួត តាម​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​គឺ លោក ផន ផានណា មក​កម្ពុជា​វិញ បើ​ទោះបីជា «​ស្លាប់ ឬ រស់​» ក៏ដោយ​។ នៅក្នុង​សារ​សំឡេង​នោះ លោក ហ៊ុន សែន បាន​ណែនាំ​ឱ្យ លោក ឃ្លាំង ហួត និង​បក្ខពួក ត្រូវ​សហការ​ជាមួយ​ក្រុម​អាវ​ក្រហម​ថៃ ហើយ​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​ប៉ូលិស​ថៃ​នោះ​ទេ​។

ឆ្លើយតប​ជុំវិញ​ការចោទប្រកាន់​នេះ អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃ្លាំង ហួត ប្រាប់​វិទ្យុ អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែមករា​ថា ការចោទប្រកាន់ និង​លើកឡើង​របស់​លោក សម រង្សី នេះ ជា​រឿង​មិន​ពិត ហើយ​លោក មិន​ខ្វល់​ចំពោះ​ការចោទប្រកាន់​ទាំងអស់​នោះ​ឡើយ​។ ទន្ទឹម​នឹង​នោះ លោក​បាន​ច្រានចោល​ថា លោក​មិនដែល​ស្គាល់ លោក លី រតនរស្មី និង​លោក ពេជ្រ គឹមស្រ៊ិន ដែល​ប៉ូលិស​ថៃ ចេញ​ដីកា​ចាប់ខ្លួន ពាក់ព័ន្ធ​ឃាតកម្ម មក​លើ លោក លិម គិមយ៉ា នោះ​ដែរ។

លោក ឃ្លាំង ហួត៖ «​ខ្ញុំ​គ្មានអ្វី​ទៅ​ឆ្លើយឆ្លង​ជាមួយ​ជន​បី​ជំនាន់​នោះ សូម្បីតែ អ្នកមានគុណ​ខ្ញុំ​ត្រកូល ហ៊ុន វា​ជេរប្រមាថ​កាតទាន​សឹង​អី ចំណែក​កម្រិត​ខ្ញុំ​ត្រឹម​អភិបាលរង ទៅ​ខ្វល់​ស្អី»

រីឯ សារ​សំឡេង​បែកធ្លាយ ដែល​គេ​ស្គាល់​ថា ជា​សំឡេង របស់ លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ឃ្លាំង ហួត តាម​ចាប់​សកម្មជន​បក្សប្រឆាំង គឺ លោក ផន ផានណា នោះ លោក​ថា ជា​សំឡេង​ក្លែងក្លាយ មិនមែន​ជា​សំឡេង របស់ លោក ហ៊ុន សែន​នោះ ឡើយ​។ យ៉ាងណា លោក​ថា ប្រសិនបើ​ប៉ូលិស​ថៃ រក​ឃើញ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ ដូច​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្សី មែន​នោះ លោក​មិន​ខ្លាច​ក្នុង​ការ​ចូលខ្លួន​បំភ្លឺ​នោះ​ឡើយ។

លោក ឃ្លាំង ហួត៖ «អូយ​!..​ណែ៎ៗ ឥឡូវ​មើល៍ បើ​មាន​នរណា​ហៅ​ខ្ញុំ​ទៅ​សួរ ចម្លើយ ខ្ញុំ​ទៅ​ភ្លាម​។ អាស៊ីសេរី ពឹង​នរណា​គេ​នៅ​ស្រុក​ខ្មែរ​ឱ្យមក​តាមដាន​ខ្ញុំ​មើល៍ ថា​តើ​ស្ថានភាព​ខ្ញុំ​យ៉ាងម៉េច​។ ខ្ញុំ​ទៅលេង​បាល​ទះ ពេលខ្លះ​ខ្ញុំ​ដើរ​តែម្នាក់ឯង សប្បាយៗ​ទេ ខ្ញុំ​អត់​មានអី​ភ័យខ្លាច​ផង ព្រោះ​ជា​មនុស្ស​បរិសុទ្ធ ទៅ​ភ័យ​ស្អី»

ក្រៅពី​ការ​ចោទប្រកាន់​របស់ សម រង្សី មក​លើ លោក ឃ្លាំង ហួត ពាក់ព័ន្ធ ឃាតកម្ម​លើ លោក លិម គិមយ៉ា លោក សម រង្សី ក៏បាន​ចោទប្រកាន់ លោក ឃ្លាំង ហួត ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​បាត់​ខ្លួន សកម្មជន​គាំទ្រ លោក ថាក់ស៊ីន ឈ្មោះ​«​វ៉ាន់ឆា​ឡឺម សាតស័ក្តិសិទ្ធ​» ផង​ដែរ​។ ប៉ុន្តែ លោក ឃ្លាំង ហួត បាន​ឆ្លើយ​ថា លោក​ពុំដែល​ស្គាល់ លោក វ៉ាន់ឆាឡឺម នោះ​ទេ​។ ចំណែក រូបភាព​ជាច្រើន ដែល​លោក​ធ្លាប់​ថត​ជាមួយ លោក វ៉ាន់ ឆាឡឺម នោះ លោក​ថា ដោយសារតែ លោក ជា​មនុស្ស​មាន កេរ្តិ៍ឈ្មោះ ល្បី​ម្នាក់ ដូច្នេះ ការ​សុំ​ថត​ពី​អ្នក​ជុំវិញ​ជា​រឿង​ធម្មតា។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ​ (LICADHO) ​លោក អំ សំអាត លើកឡើង​ថា ឃាតកម្ម​លើ លោក លិម គិមយ៉ា នេះ​ប៉ូលិស​ថៃ កំពុងតែ​ស៊ើបអង្កេត ដូច្នេះ​ការ​លើកឡើង​របស់ លោក សម រង្សី យ៉ាងណា​នោះ គឺជា​រឿង​មួយទៀត​។ តែ​យ៉ាងណា លោក​ថា ប្រសិនបើ​ករណីនេះ ជាប់​ពាក់ព័ន្ធ​ពលរដ្ឋ​ខ្មែរ ហើយ​ប៉ូលិស​ថៃ ស្នើសុំ​ឱ្យ​មាន​ការ​ចាប់ខ្លួន បញ្ជូន​មក​ប្រទេស​ថៃ​យ៉ាងណា​នោះ កម្ពុជា​គួរតែ​មាន​ការ​សហការ ក្នុង​ការ​ចាប់​បញ្ជូន ដើម្បី​បន្ត​សំណុំរឿង។

លោក អំ សំអាត៖ «កម្ពុជា​ឬក៏​ប្រទេស​ផ្សេង​នោះ ត្រូវតែ​សហការ​ជាមួយនឹង​ប្រទេស​ថៃ ដើម្បី​បញ្ជូន​មនុស្ស​ទៅតាម​ការ​រក​ឃើញ របស់​គេ​ដើម្បី​ជា​ភាព​យុត្តិធម៌ សម្រាប់​ករណី​ឃាតកម្ម​នឹង ព្រោះ​នេះ​ជា​រឿង​សំខាន់»

លោក ឃ្លាំង ហួត ក្រៅពី​មាន​តួនាទី​ជា​អភិបាលរង​រាជធានី​ភ្នំពេញ លោក​គឺជា​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាទី​ប្រឹក្សា និង​ជា​ជំនួយការ​ផ្ទាល់ របស់​លោក ហ៊ុន សែន ផង​ដែរ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្សី ចោទថា លោក ឃ្លាំង ហួត ជា​អ្នក​សម្លាប់ លោក លិម គិមយ៉ា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។