លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង

ដោយ ម៉ៅ សុធានី
2021.03.30
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិន​បើ​អ្នក​ទាំង២ ទៅ​ជាន់​ទឹកដី​បារាំង (ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស និង​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
រូប៖ RFA ហ្វេសប៊ុកលោក ហ៊ុន សែន និង​នាយកដ្ឋានព័ត៌មាន​ក្រសួងការពារ​ជាតិ

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​បារាំង​អាច​នឹង​ចាប់ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង ភ្លាម​នៅ​ពេល​ណា ដែល​អ្នកទាំង២​ជាន់​ទឹក​ដី​បារាំង។

លោក​សម រង្ស៊ី អះអាង​ថា ​លោក ដែល​ជា​ជនរងគ្រោះ​ម្នាក់​នៃ​ហេតុការណ៍​គប់​គ្រាប់បែក​ចូល​ក្នុង​ក្រុម​បាតុករ​ ​កាល​ពី ២៤​ឆ្នាំ​មុន​នោះ ​បាន​ដាក់​បណ្ដឹង​រឿង​នេះ​ទៅ​តុលាការ​ក្នុង​ប្រទេស​បារាំង ហើយ​តុលាការ​បាន​ស៊ើប​អង្កេត និង​សន្និដ្ឋាន​ថា លោក ហ៊ុន សែន និង​លោក ហ៊ីង ប៊ុនហៀង ជាប់​ពាក់ព័ន្ធ​ការរៀបចំ​បង្កើត​ហេតុការណ៍​នៅ​ថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សម រង្ស៊ី មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ទេ​ថា ​នោះ​គ្រាន់​តែ​លទ្ធផល​ស៊ើប​អង្កេត ឬ​តុលាការ​ប្រទេស​បារាំង​បាន​ចេញ​ដីកា​ជាស្រេច ដែល​អាច​អោយ​អាជ្ញាធរ​ប្រទេស​បារាំង​ឈាន​ទៅ​ឃាត់​ខ្លួន​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​មន្ត្រី​ជំនិត​របស់​លោក​នោះ​ឡើយ៖ «ហើយ​ខ្ញុំ​ទន្ទឹម​នឹង​សញ្ជាតិ​ខ្មែរ ខ្ញុំ​ក៏​មាន​សញ្ជាតិ​បារាំង​ដែរ អ៊ីចឹង​តុលាការ​បារាំង​ត្រូវ​តែ​ចាត់ការ។ ឥឡូវហ្នឹង​ឃើញ​ថា​ ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធ​មែន ហ៊ុន សែន ហ្នឹង គឺ​នៅ​ពី​ក្រោយ​ហ្នឹង។ បើ​សិន ហ៊ុន សែន និង​ហ៊ីង ប៊ុនហៀង ហ្នឹង​ហ៊ាន​តែ​មក​ស្រុក​បារាំង គឺ​ខ្នោះ។ បើ​កុំ​តែ​ខ្ញុំ​បាន​ធ្វើ​ការងារ​ជា​ច្រើន​ប៉ុន្មាន​ថ្ងៃ ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ខ្ញុំ​សន្និដ្ឋាន​អម្បាញ់មិញ​នេះ សូម​ឱ្យ ហ៊ុន​សែន និង​ហ៊ីង ប៊ុនហៀង យក​សម្ដី​ខ្ញុំ ហើយ​បើ​សឿង​ធ្វើ​តាម​អ្វី ដែល​ខ្ញុំ​ជំរុញ​ឱ្យ​គាត់​ធ្វើ​ទៅ ហ៊ាន​ទេ? ហ៊ាន​មក​ស្រុក​បារាំង​ទេ? ហ៊ីង ប៊ុនហៀង ហ៊ាន​មក​ស្រុក​បារាំង​ពេលណា​ខ្នោះ​ពេល​ហ្នុង។ ហ៊ុន សែន មក​ស្រុក​បារាំង​ពេល​ណា​ខ្នោះ​ពេល​ហ្នុង»

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ពី​មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង បាន​នៅ​ឡើយ​ទេ​នៅ​យប់ថ្ងៃទី៣០ ខែ​មីនា។

ជា​មួយ​គ្នា​នេះ​លោក សម រង្ស៊ី ក៏​មាន​គម្រោង​ថា នឹង​ប្រើប្រាស់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត ពិសេស​គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ធ្វើ​យ៉ាង​ណា​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​កៀរគរ​ការ​គាំទ្រ​ពី​ប្រទេស​លោក​សេរី ដើម្បី​អោយ​មាន​អន្តរាគមន៍​ដាក់​ទណ្ឌកម្ម​ទៅ​បន្ថែម​ទៀត​លើ​បុគ្គល ដែល​ពាក់ព័ន្ធ​នឹង​រៀង​នេះ។

របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​របស់​អាមេរិក (FBI) បញ្ជាក់​ថា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ដែល​កាល​នោះ​ជា​ប្រធាន និង​អនុប្រធាន​ក្រុម​កង​អង្គរក្ស លោក ហ៊ុន សែន ជា​អ្នក​រៀបចំ និង​បញ្ជា​ផ្ទាល់​ការ​គប់​គ្រាប់​បែក​លើ​អ្នក​តវ៉ា​អហិង្សា បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​មិន​តិចជាង ១៦នាក់ និង​អ្នក​របួស​ជាង ១០០នាក់។ កាល​ពី​ឆ្នាំ​២០១៨ ​រតនាគារ​អាមេរិក​បាន​សម្រេច​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឱ្យ​ឧត្ដមសេនីយ៍ ដែល​គេ​រក​ឃើញ​ថា​បាន​រំលោភ​សិទ្ធិមនុស្ស​រូប​នេះ​បាន​ជាន់​ទឹក​ដី​អាមេរិក​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។