លោក សម រង្ស៊ី ថា ការ​រៃ​អង្គាស​ថវិកា​ពី​ប្រជា​ពលរដ្ឋ ដើម្បី​យក​ទៅ​ទិញ​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូវីដ-១៩ ជា​រឿង​ប្រជាភិថុតិ​សុទ្ធ​សាធ

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ការ​រៃ​អង្គាស​ថវិកា​ពី​ពលរដ្ឋ​​របស់​រដ្ឋាភិបាល ដើម្បី​យក​ទៅ​ទិញ​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូវីដ-១៩ ជា​រឿង​ប្រជាភិថុតិ និង​ការ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ឆ្លើយតប​នឹង​ការ​​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ មន្ត្រី​រដ្ឋាភិបាល​ថា សំដី​របស់​លោក សម រង្ស៊ី ជា​ការ​ញុះញង់​ឲ្យ​​ប្រជា​ពលរដ្ឋ​ងើប​តតាំង​នឹង​រដ្ឋាភិបាល។

លោក សម រង្ស៊ី លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ដើរ​ក្រោយ​ជាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រឿង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។ លោក​បន្ត​ថា ប្រទេស​ជាច្រើន​បាន​រៀបចំ​ទិញ​វ៉ាក់សាំង​ចាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​នោះ​ទេ ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រៃ​អង្គាស​ថវិកា​ពី​ប្រជា​ពលរដ្ឋ និង​ឈ្មួញ​មួយ​ចំនួន។

កម្ពុជា បាន​ទទួល​ថវិកា​ពី​សប្បុរស​ជន សរុប​ជាង ៥៦លាន​ដុល្លារ ដើម្បី​ត្រៀម​ទុក​សម្រាប់ ទិញ​វ៉ាក់សាំង​កូវីដ១៩។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ការ​ត្រៀម​ថវិកា កាល​ពី​ថ្ងៃ​ទី៧ ធ្នូ ឆ្នាំ២០២០ សម្រាប់​ទិញ​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាជន​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ១លាន​ដូស (Dose) ដើម្បី​ចាក់​ប្រជា​ពលរដ្ឋ​ប្រមាណ ៥០ម៉ឺន​នាក់។

អ្នកនាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ថ្លែង​ថា លោក សម រង្ស៊ី ឆ្លៀត​ឱកាស​យក​រឿង​ជំងឺ Covid-19នេះ ញុះញង់​ប្រជា​ពលរដ្ឋ និង​ជា​ការ​ឈ្នានីស​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​បរាជ័យ​ទាំង​ស្រុង។ លោក​បន្ត​ទៀត​ថា គណៈកម្មការ​គ្រប់គ្រង​ជំងឺ​កូវីដ១៩ជា​អ្នក​សម្រេច​ថា កម្ពុជា នឹង​គួរ​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​មួយ​ណា​មក​ចាក់​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ និង​អាច​ប្រើ​ប្រាស់​បាន​ដោយ​មាន​ប្រសិទ្ធ​ភាព។ លោក​លើក​ឡើង​ថា កម្ពុជា​មិន​ប្រញាប់​ប្រញាល់​ទិញ​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នោះ​ទេ ដោយ​រង់ចាំ​ការ​ចាត់​ចែង​ពី​អង្គការ​សុខភាព​ពី​ភព​លោក (WHO) ជា​មុន​សិន។ លោក​អះអាង​ថា រដ្ឋាភិបាល​មិន​ចង់​ឲ្យ​វ៉ាក់សាំង​នេះ ក្លាយ​ជា​ទិស​ដៅ​នយោបាយ ឬ​ភូមិ​សាស្ត្រ​នយោបាយ​របស់​ប្រទេស​​​មហា​អំណាច​ណា​មួយ​ ដើម្បី​​​​ធ្វើ​តេស្ត​វ៉ាក់សាំង​របស់​ខ្លួន​លើ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទេ៖ « យើង​ត្រូវ​រង់ចាំ​ស្ដាប់ តើ​អង្គការ​សុខភាព​ពិភព​លោក​ហ្នឹង តើ​ហើយ​ត្រូវ​បាន​អនុម័ត​ទៅ​ក្រុម​ហ៊ុន​ណា​ដែល​ផលិត​ថ្នាំ​វ៉ាក់សាំង​ហ្នឹង ដែល​មាន​គុណ​ភាព​មួយ​មិន​យក​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ទិស​ដៅ​នៃ​ការ​ពិសោធន៍ គឺ​យើង​អត់​ចង់​បាន​អញ្ចឹង​ទេ »

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​ទទួល​ស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន២ ដោយ​ស្រប​ច្បាប់​គឺ វ៉ាក់សាំង​របស់​អាមេរិក និង​អាល្លឺម៉ង់​ឈ្មោះ ហ្វៃហ្ស៊ើ បៃអូអិនថិក (Pfizer/​BioNTech)។

ទោះ​បី​ជា​មាន​ការ​ប្រកាស​ទទួល​ស្គាល់​វ៉ាក់សាំង​ទាំង ២នេះ ពិត​មែន ក៏​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​ប្រកាស​ថា​ នឹង​ចរចា​សុំ​ទិញ​វាក់​សាំង​ពី​ក្រុម​ហ៊ុន​ណា​មួយ​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ​ស្រប​ពេល​ដែល​​​ប្រទេស​ក្នុង​តំបន់​អា​ស៊ាន​មួយ​ចំនួន បាន​ចាប់​ផ្ដើម​ទទួល​វ៉ាក់សាំង បញ្ជា​ទិញ​វ៉ាក់សាំង និង​ខ្លះ​ទៀត​បាន​ចាក់​ឲ្យ​មន្រ្តី​និង​ពលរដ្ឋ​របស់​ពួកគេ​ជា​បណ្ដើរៗ ហើយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ ស្នើ​ឲ្យ​រដ្ឋាភិបាល​គួរ​ប្រញាប់​ប្រញាល់​ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ដែល​ទទួល​ស្គាល់​ដោយ​អង្គ​ការ​ពិភព​លោក (WHO)។ លោក​បន្ត​ថា វ៉ាក់សាំង​ទាំង​នេះ មាន​តម្រូវ​ការ​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក ដូច្នេះ​រដ្ឋាភិបាល​មិន​គួរ​យឺត​យ៉ាវ ឬ​ពន្យារ​ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ ដើម្បី​ត្រៀម​ចាក់​ជូន​ពលរដ្ឋ​ និង​បង្ការ​នៅ​ពេល​មាន​ហានិភ័យ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ៖ « ប្រទេស​កម្ពុជា​យើង​ទោះបីជា​មាន​ហានិភ័យ​ទាប​ក្តី គឺ​ត្រូវ​តែ​ត្រៀម​ខ្លួន រួច​ជាស្រេច​នៅ​ក្នុង​ការ​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​ហ្នឹង ហើយ​ធ្វើ​ម៉េច​អាច​កុម្ម៉ង់​ទុក​មុន ប្រសិន​បើ​យើង​មាន​ការ​រីក​រាល​ដាល​ក្នុង​កម្រិត​ណា​មួយ យើង​អាច​ចាក់​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ងាយ​រងគ្រោះ ជា​ពិសេស​ គឺ​បងប្អូន​យើង​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​សុខាភិបាល និង​ធ្វើការ​ផ្ទាល់​ទាក់​ទង​ទៅ​នឹង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ​ហ្នឹង ដែល​យើង​ហៅ​ថា ជា​មន្ត្រី​ជួរ​មុខ​ហ្នឹង ដើម្បី​ឲ្យ​គាត់​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ឲ្យ​បាន​ច្រើន​ជាង​ហ្នឹង »

ដោយ​ឡែក អគ្គ​លេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក បញ្ជាក់​ថា លោក ហ៊ុន សែន ហាក់​មាន​ជំហរ​មិន​ច្បាស់​លាស់​ក្នុង​ការ​បញ្ជា​ទិញ​​វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ១៩។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​​​​ធ្វើ​ប្រជាមតិ​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​អំពី​គម្រោង​នៃ​ការ​បញ្ជា​ទិញ និង​ទំហំ​សាច់​ប្រាក់​ដែល​បា​ន​ប្រើ​ប្រាស់​ផង​ដែរ៖ « ខ្ញុំ​ចង់​ឃើញ​រដ្ឋាភិបាល​យក​ថវិកា​ដែល​បាន​ពី​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ចាត់​ចែង​ឲ្យ​មាន​តម្លាភាព ហើយ​ជា​ពិសេស​គឺ​មាន​គោល​ការណ៍​មួយ​ច្បាស់​លាស់ ដើម្បី​បង្ហាញ​ប្រាប់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​មូល​ថា តើ​ខ្លួន​បញ្ជា​ទិញ​​វ៉ាក់​សាំង​​ពី​ប្រទេស​ណា​មួយ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ជាមុន »

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នៅតែ​រក្សា​ជំហរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា ដែល​មាន​ការ​ទទួល​ស្គាល់​អង្គការ​សុខភាព​ពិភពលោក។ លោក ហ៊ុន សែន ថា តាម​គោល​ការណ៍​មនុស្ស​ធម៌ (COVAX) កម្ពុជា នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង ពី​អង្គការ​សុខភាព​ពិភព​លោក ចំនួន ២០ភាគ​រយ នៃ​ប្រជាជន​សរុប ហើយ​ដំណាក់​កាល​ដំបូង នឹង​ផ្ដល់​មក​ឲ្យ​កម្ពុជា ចំនួន ​៣​ភាគ​រយ​​សិន។ ដូច្នេះ កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង ឲ្យ​ពលរដ្ឋ​ចំនួន ៨០ភាគ​រយ​ផ្សេង​ទៀត ដែល​ស្មើ​ប្រមាណ ១៣លាន​នាក់។ ទោះជា​យ៉ាង​ណា​ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា ពួកគេ​នៅតែ​បារម្ភ​ចំពោះ​ការ​យឺត​យ៉ាវ​ក្នុង​ការ​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​នេះ​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។