លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា ម៉ាឡេស៊ីគាំទ្រអ្នកប្រជាធិបតេយ្យដូចគ្នា លើសកម្មភាពការងារតស៊ូ ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ការអះអាងបែបនេះ ក្រោយពីលោក សម រង្ស៊ី បានជួបរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និងជាអគ្គលេខាធិការគណបក្សសម្ព័ន្ធម៉ាឡេស៊ីផង។
នៅថ្ងៃទី១២ វិច្ឆិកានេះ លោក សម រង្ស៊ី នឹងចូលរួមប្រជុំជាមួយតំណាងរាស្រ្តម៉ាឡេស៊ីទៀត ដែលនឹងជជែកអំពីមធ្យោបាយឆ្ពោះទៅមុខក្នុងការស្វែងរកការអភិវឌ្ឍន៍សង្គមល្អបំផុតសម្រាប់ប្រទេសម៉ាឡេស៊ី (Malaysia) និងកម្ពុជា" ។
លោក សម រង្ស៊ី បានបញ្ចេញសាររបស់លោកជាថ្មីម្ដងទៀត នៅខណៈលោកនៅប្រទេសម៉ាឡេស៊ី ថា ផែនការវិលទៅកម្ពុជាវិញរបស់លោក នៅតែរក្សាដដែល ហើយអំពាវនាវឲ្យប្រជាពលរដ្ឋប្រមូលកម្លាំងគ្នា ដើម្បីត្រៀមវិលទៅកម្ពុជាវិញជាមួយលោកនៅពេលឆាប់ៗ ខាងមុខនេះ។
លោក សម រង្ស៊ី អះអាងថា ទោះបីជាលោកមិនបានដឹកនាំពលរដ្ឋវិលទៅកម្ពុជាវិញបាន នៅថ្ងៃទី៩ វិច្ឆិកា ដោយសារតែរបបលោក ហ៊ុន សែន ទប់ស្កាត់ក្ដី ប៉ុន្តែការប្ដេជ្ញាចិត្តរបស់លោកទៅកម្ពុជាវិញ នៅតែរក្សាដដែល ហើយលោករំពឹងថា លោក នឹងអាចវិលទៅកម្ពុជាវិញបាននៅពេលឆាប់ៗ នេះ៖ «យើងត្រូវតែរក្សាយើង ដែលយើងបានប្រមូលផ្ដុំ គឺយើងអត់រំសាយថា ហើយខ្ញុំសង្ឃឹមថា នៅពេលមុខនឹងមានព្រឹត្តិការណ៍ធំមួយ គឺការផ្លាស់ប្ដូរពិតប្រាកដ»។
លោក សម រង្ស៊ី មានប្រសាសន៍បែបនេះ កាលពីថ្ងៃទី១១ វិច្ឆិកា ក្រោយពីជួបលោករដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡោះ (Saifuddin Abdullah) និងជាអគ្គលេខាធិការគណបក្សសម្ព័ន្ធម៉ាឡេស៊ី ដែលកំពុងកាន់អំណាចផង។ លោក សម រង្ស៊ី មានប្រសាសន៍ថា លោករដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីជួបលោក ក្នុងនាមគណបក្ស និងគណបក្ស។ ទោះជាយ៉ាងណាលោក សម រង្ស៊ី អះអាងថា ម៉ាឡេស៊ីនៅតែប្រកាន់គោលការណ៍លើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ៖ «មិនមែនរឿង កឹម សុខា ម្នាក់ឯង និង សម រង្ស៊ី ម្នាក់ឯងទេ គឺត្រូវតែដោះស្រាយជាគោលការណ៍ ឲ្យពលរដ្ឋមានសិទ្ធិសេរីភាពពិតប្រាកដកទាំងអស់គ្នា នៅពេលនោះវិបត្តិនយោបាយនឹងត្រូវបញ្ចប់»។
លោក សម រង្ស៊ី នឹងទៅចូលរួមប្រជុំជាមួយតំណាងរាស្រ្តម៉ាឡេស៊ីថែមទៀតនៅថ្ងៃទី១២វិច្ឆិកានេះ តាមការអញ្ជើញរបស់តំណាងរាស្រ្តមួយរូប គឺអ្នកស្រី នូរុលអៃសះ អាន់វ៉ា (Nurul Izzah Anwar) ដែលជាកូនស្រីបង្កើតរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Nurul Izzah Anwar) ដែលជាអតីតមេដឹកនាំគណបក្សប្រឆាំងដ៏លេចធ្លោមួយរូបនៅអាស៊ី មុនពេលគណបក្សរបស់លោកបានដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ក្រោយពីចងសម្ព័ន្ធជាមួយគណបក្សដទៃទៀត ដែលដឹកនាំដោយលោក មហាធៀរ មហាំម៉ាត់ (Muhathir Muhammad) ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន។
ក្នុងបទសំភាសន៍ជាមួយអាស៊ីសេរីកាលពីយប់មិញ លោកសម រង្ស៊ី មិនបានប្រាប់លម្អិតអំពីរបៀបវារៈអំពីកិច្ចប្រជុំជាមួយតំណាងរាស្រ្តម៉ាឡេស៊ីនេះទេ ដោយលោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា លោកនឹងជម្រាបជូននៅថ្ងៃទី១២ វិច្ឆិកា គឺនៅក្រោយពីកិច្ចប្រជុំ។
ទោះបីជាយ៉ាងនេះក្ដី អ្នកស្រី នូរុលអៃសះ អាន់វ៉ា (Nurul Izzah Anwar) តំណាងរាស្រ្តម៉ាឡេស៊ី ឲ្យកាសែត The star ដឹងនៅថ្ងៃទី១១ វិច្ឆិកាថា អ្នកស្រីអញ្ជើញលោកសម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជួឡុង ស៊ូមួរ៉ា ទៅចូលរួមប្រជុំនៅវិមានរដ្ឋសភា ដែលរបៀបវារៈ ពិភាក្សាអំពី មធ្យោបាយឆ្ពោះទៅមុខក្នុងការ ការអភិវឌ្ឍន៍សង្គមល្អបំផុតសម្រាប់ប្រទេសម៉ាឡេស៊ី (Malaysia) និងកម្ពុជា។
អ្នកវិភាគនយោបាយចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា តំណាងរាស្រ្តម៉ាឡេស៊ី អញ្ជើញ លោក សម រង្ស៊ី ឲ្យទៅជួបប្រជុំជាមួយសភាប្រទេសម៉ាឡេស៊ីនេះ នៅស្របពេលមានអន្តរាគមន៍ពីរដ្ឋាភិបាល និងសមាជិកសភាសហរដ្ឋអាមេរិក អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ សមាជិកសភាអឺរ៉ុប ដែលពួកគេសុំឲ្យមានការសម្របសម្រួល ចំពោះការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ និងការចរចាគ្នា អាច ជាចំណុចផ្លូវបត់ មួយទៀតនៃជម្លោះរវាង សង្គ្រោះជាតិ និងរដ្ឋាភិបាលកម្ពុជា។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា ម៉ាឡេស៊ី ជាប្រទេសប្រជាធិបតេយ្យដឹកមុខគេនៅតំបន់អាស៊ាន ហើយគេមិនចាប់លោក សម រង្ស៊ី តាមការស្នើសុំរបស់រដ្ឋាភិបាលខ្មែរ ឬបដិសេធមិនឲ្យលោកចូលទៅកាន់ដីម៉ាឡាស៊ីនោះឡើយ។
លោក បណ្ឌិត ឡៅម៉ុងហៃ បានសរសេររំលឹកថា នៅទសវត្ស ឆ្នាំ១៩៨២ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយនាយករដ្ឋមន្ត្រី មហាធៀរ មហាំម៉ាត់ - Mahathir Mohamad – និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Awar Ibrahim)- ជាឧបនាយកមន្រ្តី បានជួយកម្ពុជា ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ (Coalition Government of Democratic Kampuchea (CGDK) ដែលមានសម្តេច នរោត្តម សីហនុ ជាប្រធាន សម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី និង ខៀវ សំផន ជារដ្ឋមន្ត្រីការបរទេស។ រដ្ឋាភិបាលនេះបានទទួលការគាំទ្រកាន់តែច្រើនទៅលើឆាកអន្តរជាតិ ក្នុងការតស៊ូប្រឆាំង និងកងទ័ពវៀតណាមនៅកម្ពុជា ។
លោក សម រង្ស៊ី អះអាងថា លោកនឹងធ្វើការទាមទារ ឬនឹងដឹកនាំពលរដ្ឋទៅកម្ពុជា រហូតដល់មានការផ្លាស់ប្ដូរមួយនៅកម្ពុជា ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ គោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។