លោក សម រង្ស៊ី ថា លោក​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា​

លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​អះអាង​ជា​ថ្មី លើ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី៦ វិច្ឆិកា​ថា លោក​នឹង​ចាក​ចេញ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​ទី៧ វិច្ឆិកា ហើយ​នឹង​ទៅ​ដល់​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៨ វិច្ឆិកា ដើម្បី​ត្រៀម​ទៅ​ដល់​ប្រ​ទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ទី៩ ខែ​វិច្ឆិកា​នេះ។

នៅ​មុន​ការ​ចេញ​ដំណើរ​របស់​លោក​ពី​ទីក្រុង​ប៉ារីស​នេះ លោក សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ជូន​ទៅ​លោក ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ កាល​ពី​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ២០១៩។ លិខិត​របស់​លោក សម រង្ស៊ី នោះ គឺ​សុំ​សិទ្ធិ​ឆ្លង​កាត់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព ដើម្បី​ចូល​ទៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ចុះ​នៅ​វាល​យន្តហោះ​សុវណ្ណភូមិ នៅ​ទី​ក្រុង​បាងកក នៅ​ថ្ងៃ​ទី៨ វិច្ឆិកា ហើយ​ឆ្លង​ចូល​ទៅ​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក​ក៏​រំឭក​ការ​ដឹង​គុណ​រដ្ឋាភិបាល​ថៃ​កាល​ពី​ឆ្នាំ២០១៣ ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​បាន​ឆ្លង​កាត់​ចូល​តៅ​ប្រទេស​កម្ពុជា។

តាម​រយៈ​សំបុត្រ​យន្តហោះ​មួយ​សន្លឹក ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី៦ វិច្ឆិកា បង្ហាញ​ថា លោក សម រង្ស៊ី នឹង​ចេញ​ដំណើរ​ពី​ហ្សាល ដឺ ហ្គោល (Charles De Gaulle) ទីក្រុង​ប៉ារីស ឆ្ពោះ​ទៅ​វាល​យន្តហោះ​សុវណ្ណភូមិ ទីក្រុង​បាងកក ប្រទេស​ថៃ តាម​ជើង​យន្តហោះ​ថៃ TG931។ សំបុត្រ​នោះ​បញ្ជាក់​ពេល​វេលា​ចាកចេញ​ពី​ទីក្រុង​ប៉ារីស គឺ​នៅ​វេលា​ម៉ោង ១២ និង ៣០នាទី ថ្ងៃ​ទី៧ វិច្ឆិកា ហើយ​នឹង​ចុះចត​នៅ​វេលា​ម៉ោង៦ ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ទោះ​ជា​យ៉ាង​ណា​ក្ដី អាស៊ី​សេរី​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

ជា​ហូរហែ​កន្លង​មក និង​នៅ​ក្នុង​លិខិត​របស់​លោក​ជូន​លោក ប្រាយុទ្ធ ចាន់អូចា លោក សម រង្ស៊ី តែង​បញ្ជាក់​ថា ការ​សម្រេច​វិល​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​លោក​ ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​របប​ផ្ដាច់ការ​សព្វថ្ងៃ ហើយ​នាំ​មក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ជូន​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​មាតុភូមិនិវត្តន៍​របស់​លោក​ឆ្លង​កាត់​ប្រទេស​ថៃ​នោះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី ដើម្បី​ជា​ឱកាស​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​​ទាំង​អស់​ផ្សះផ្សារ​គ្នា។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។