ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ព្រមានថា ប្រសិនបើលោក ហ៊ុន សែន ហ៊ានផ្ទេរអំណាចឱ្យកូនប្រុសរបស់លោក នឹងត្រូវបាត់បង់អំណាចភ្លាម។ អ្នកវិភាគសង្កេតឃើញថា លោក ហ៊ុន សែន នៅតែព្យាយាមចិញ្ចឹមចិត្តផ្ទេរអំណាចទៅកូន ទោះស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ ហើយការផ្ទេរឆាប់ ឬលឿន គឺអាស្រ័យលើសុខភាពលោក ហ៊ុន សែន។
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ហៅស្ថានការណ៍នយោបាយសព្វថ្ងៃជាស្ថានការណ៍ក្ដៅ ព្រោះវិបត្តិនយោបាយមិនទាន់ដោះស្រាយ ដូច្នេះប្រសិនបើលោក ហ៊ុន សែន ហ៊ានផ្ទេរអំណាចទៅកូនរបស់លោកនឹងធ្វើឱ្យមានលោក ហ៊ុន សែន បាត់បង់អំណាចភ្លាមដោយសារជម្លោះផ្ទៃក្នុងគណបក្សកាន់អំណាចខ្លួនឯង។ លោក សម រង្ស៊ី លើកឡើងថា បើក្នុងស្ថាននយោបាយត្រជាក់ដែលជាពេលមានដំណោះស្រាយនយោបាយ និងមានវត្តមានគណបក្សប្រឆាំងឡើងវិញ គឺលោក ហ៊ុន សែន នៅតែគ្មានឱកាសផ្ទេរអំណាចទៅឲ្យកូនប្រុសដដែល ព្រោះលោក ហ៊ុន សែន នឹងត្រូវចាញ់ឆ្នោតគណបក្សប្រឆាំង៖«គេមិនដែលផ្ទេរអំណាចពេលដែលក្ដីណឹង អ៊ីចឹងដើម្បីផ្ទេរអំណាចគាត់ធ្វើម៉េចត្រូវតែឱ្យត្រជាក់ពេលមានសង្គ្រោះជាតិឡើងវិញ។ ប៉ុន្តែពេលណឹង ហ៊ុន សែន បាត់បង់អ៊ីចឹងបាន ហ៊ុន សែន ទាល់ច្រកផ្ទៃក្នុង»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងលើកឡើងថា មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកនឹងមិនបណ្ដែតបណ្ដោយឱ្យលោក ហ៊ុន សែន ធ្វើតាមចិត្តទៀតទេ។ លោករំពឹងថា សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងសហភាពអឺរ៉ុប នឹងមានវិធានការបន្ថែមលើរដ្ឋាភិបាលលោក ហ៊ុន សែន។
ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា នេះជាចេតនាចង់បំបែកគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកថា ផែនការនេះ តែងតែបរាជ័យ។ អ្នកនាំពាក្យរូបនេះអះអាងថា ពេលនេះមិនទាន់មានបេក្ខភាពនាយករដ្ឋមន្រ្តីណាមួយមកជំនួសលោក ហ៊ុន សែន នៅឡើយទេ។ លោក សុខ ឥសាន បញ្ជាក់ថា អ្នកដែលមានសិទ្ធិជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីគឺគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មការកណ្ដាលគណបក្សជាអ្នកបោះឆ្នោតជ្រើសរើស៖ «ពីព្រោះបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាគឺអាស្រ័យលើគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មការកណ្ដាលគណបក្សជាអ្នកឧទ្ទេសនាមហើយឧទ្ទេសនាមមានច្រើនគ្នា ហើយគេលើកមុខសញ្ញាអាស្រ័យលើលក្ខណៈសម្បត្តិពីខ្ពស់មកទាប់បន្តបន្ទាប់ហើយដាក់ឱ្យមានការបោះឆ្នោតជាទូទៅ និងដោយសម្ងាត់នៅក្នុងមហាសន្និបាតទូទាំងប្រទេសរបស់គណបក្សដូច្នេះគ្មានអ្នកណានិយាយកើតទេ ព្រោះជាឆន្ទៈរបស់មហាសន្និបាតសម្រេច»។
ទោះមានការអះអាងបែបនេះក្ដីនៅរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ព្យាយាមផ្ដល់អំណាចទៅកូនប្រុសច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត ទាំងក្នុងជួរយោធា អំណាចក្នុងជួរបក្សចុះជួបពលរដ្ឋ និងទំនាក់ទំនងនយោបាយក្រៅប្រទេស ជាពិសេសគឺប្រទេសចិន។ លើសពីនេះ លោកធ្លាប់បន្លុយថា លោកកំពុងជួយជ្រោមជ្រែងកូនប្រុសច្បងរូបនេះឱ្យក្លាយជានាយករដ្ឋមន្ត្រី៖ « នៅក្នុងគណបក្សប្រជាជនមានបេក្ខជនច្រើនណាស់ ក៏ប៉ុន្តែក្នុងឋានៈជាឪពុក យ៉ាងណាក៏ខ្ញុំគាំទ្រកូន ខ្ញុំអប់រំកូនខ្ញុំឱ្យវាមានសមត្ថភាព។ បើវាមិនបានប៉ុនឪវា ក៏បាន ៨០ % ឬ ៩០ % របស់ឪវាទៅចុះ។
រីឯអ្នកវិភាគនយោបាយលោក គឹម សុខ វិញ លោកយល់ថា ទោះស្ថិតក្នុងស្ថានការណ៍នយោបាយបែបណាក៏លោក ហ៊ុន សែន មិនបោះបង់មហិច្ឆតាក្នុងការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែតនោះទេ ព្រោះជាផ្លូវតែគត់ដែលលោក ហ៊ុន សែន ត្រូវធ្វើ។ លោកសង្កេតឃើញថា លោក ហ៊ុន សែន កំពុងពង្រាយឥទ្ធិពលកូនៗ របស់លោកតាមផ្នែកសំខាន់ៗ ដូចជា លោក ហ៊ុន ម៉ាណែត គ្រប់គ្រងកម្លាំងយោធា និងកាន់អំណាចសំខាន់នៅក្នុងគណបក្ស ចំណែកលោក ហ៊ុន ម៉ានី គ្រប់គ្រងក្រុមយុវជន ហើយកូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា គ្រប់គ្រងផ្នែកសេដ្ឋកិច្ចនិងមុខជំនួញស្ទើរទូទាំងប្រទេស។ លោក គឹម សុខ ថា ផែនការផ្ទេរអំណាចគឺអាស្រ័យលើសុខភាពលោក ហ៊ុន សែន បើលោក ហ៊ុន សែន មានសុខភាពល្អលោកនៅតែកាន់អំណាចដដែល ប៉ុន្តែបើសុខភាពលោកទន់ខ្សោយ គឺលោក ហ៊ុន សែន និងរៀបចំផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត ភ្លាម៖ « គោលការណ៍លោក ហ៊ុន សែន ទោះបីលោកយល់ថា រងហានិភ័យប៉ុណ្ណា ក៏គាត់ត្រូវតែធ្វើដែរ។ ខ្ញុំយល់ថា លោក ហ៊ុន សែន នៅរង់ចាំការវិបត្តន៍នយោបាយពីពេលនេះរហូតដល់ការបោះឆ្នោត ឆ្នាំ២០២៣ » ។
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត អាយុ ៤៣ឆ្នាំ កំពុងកាន់តំណែងសំខាន់ៗ ដូចជា ឧត្ដមសេនីយ៍ផ្កាយ៣ មានតួនាទីជាអគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន។ ចំណែកនៅក្នុងគណបក្សប្រជាជនកម្ពុជាវិញ លោកគឺជាសមាជិកគណៈអចិន្ត្រៃយ៍ស្ថិតក្នុងចំណោមមនុស្ស ៣៤នាក់ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស ហើយលោកក៏ជាប្រធានចលនាយុវជនគណបក្ស ដែលជាអ្នកដឹកនាំសមាជិកជំនាន់ក្រោយដែលភាគច្រើនជាកូនចៅរបស់មន្ត្រីជំនាន់មុននៃគណបក្សប្រជាជនកម្ពុជា។ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជា ក៏បានតែងតាំងលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណៈចលនាមហាជន ដែលជាអង្គការចាត់តាំងមួយមានការទទួលខុសត្រូវសំខាន់ក្នុងការឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយធ្វើយ៉ាងណាឱ្យមហាជនយល់ដឹង ជឿជាក់ និងដើរតាមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក គឹម សុខ យល់ថា ដើម្បីរាំងខ្ទប់ផែនការផ្ទេរអំណាចលោក ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវមានកម្លាំងរួម ជាពិសេសគឺ កម្លាំងដឹកមុខនៅក្នុងប្រទេសបើមិនដូច្នេះទេផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន នឹងដំណើរការបានសម្រេចក្រោយការបោះឆ្នោតឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។