លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កំពុង​ទ័ល​ច្រក​ករណី​កាត់​ទោស​លោក កឹម សុខា

0:00 / 0:00

លោក សម រង្ស៊ី លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​ទ័ល​ច្រក​ករណី​កាត់​ទោស​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង គឺ​គ្រាន់​ចង់​បញ្ចេញ​មតិ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍ តាម​បណ្ដាញ​សារព័ត៌មាន​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ថ្ងៃ​ទី១៥ ធ្នូ ប្រធាន​ស្ដីពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​នឹង​ជំនុំជម្រះ​លោក កឹម សុខា នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ២០២០ ខាង​មុខ ប៉ុន្តែ​ប្រសិន​រដ្ឋាភិបាល​រង​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ តុលាការ​អាច​នឹង​ដោះ​លែង​លោក កឹម សុខា ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ឡើង​វិញ។ លោក​ថា ករណី​នេះ​នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ជួប​គ្រោះថ្នាក់​បើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរ​ឡើង​វិញ៖ «សម្ភាធ​អន្តរជាតិ​ខ្លាំង​តុលាការ​ទទួល​ស្គាល់​ថា អត់​មាន​អ្វី​កាត់​ទោស​ទេ ព្រោះ​អ្វី​ដែល​គេ​ចោទ កឹម សុខា គ្មាន​មូលដ្ឋាន បើ​ចូល​ចំណុច​ហ្នឹង លោក ហ៊ុន សែន ត្រូវ​ចប់ របប ហ៊ុន សែន ត្រូវ​ចប់​ដោយសារ​ដោះ​លែង កឹម សុខា កឹម សុខា អត់​មាន​ទោស​អ្វី​ទេ ហើយ​មិន​មែន​ត្រឹម​តែ​ដោះ​លែង កឹម សុខា គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​តាម​សំណើ​សហភាព​អឺរ៉ុប​ពេល​នេះ កឹម សុខា សម រង្ស៊ី ចាប់​ដៃ​គ្នា​ឡើង​វិញ»

លោក សម រង្ស៊ី លើក​ឡើង​ទៀត​ថា ប្រសិន​លោក ហ៊ុន សែន ជ្រើសរើស​ផ្លូវ​មួយ គឺ​ត្រូវ​កាត់​ទោស​ឲ្យ​លោក កឹម សុខា ឲ្យ​ជាប់​ទោស​ពី​ក្បត់​ជាតិ និង​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​លើក​លែង​ទោស​លោក កឹម សុខា គឺ​មិន​អាច​ទៅ​រួច​ទេ។ លោក​បញ្ជាក់​ថា ការ​ដែល​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ដែល​មាន​ការ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​តុលាការ​មិន​អាច​រក​ភស្តុតាង​បាន ដើម្បី​ចោទ​ប្រកាន់​នោះ​ទេ៖ «កឹម សុខា ក្បត់ជាតិ ជាមួយ​អាមេរិក ចឹង​មិន​ត្រឹម​តែ​កាត់​ទោស កឹម សុខា ទៅ​កាត់​ទៅ​ទោស ដូណាល់ ត្រាំ ពី​ព្រោះ​មិន​អាច​កាត់​ផ្ដាច់​បាន​ទេ ចឹង​ឲ្យ​ទៅ​សួរ​អាមេរិក​ម៉េច​ទៅ​អាមេរិក​ថា ម៉េច​ទៅ​ឃុបឃិត​ជាមួយ​ជា កឹម សុខា អាមេរិក​គេ​ទះ​កំផ្លៀង​ចោទ​ប្រកាន់​គេ​អ៊ីចឹង។ អ៊ីចឹង​បាន ហ៊ុន សែន ក៏​ទ័ល​ច្រក​ដែរ កុំ​ទៅ​បោក​បញ្ឆោត​អឺរ៉ុប អាមេរិក កាត់​ទោស​យក​រួច​តែ​ខ្លួន​ឲ្យ​ស្តេច លោក​លើក​លែង​ទោស​នេះ​មិន​មែន​ដំណោះ​ស្រាយ​ទេ»

លោក​ សម រង្ស៊ី បញ្ជាក់​ទៀត​ថា លោក ហ៊ុន សែន ជ្រើស​ផ្លូវ​ណា​ក៏​ជា​ផ្លូវ​គ្រោះ​ថ្នាក់​ដែរ។ លោក សម រង្ស៊ី លើក​ឡើង​ថា ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ករណី​ព្យួរ ឬ​មិន​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​ជះ​ឥទ្ធិពល​លើ​សំណុំ​រឿង​លោក កឹម សុខា។

ទាក់ទង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី បែបនេះ អាស៊ី​សេរី​មិន​អាច​សុំ​កា​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ។

រីឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយ​ថា ការ​ដែល​លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ​ជា​ការ​បញ្ចេញ​មតិ​ក្នុង​សតិ​អារម្មណ៍​មិន​សូវ​ល្អ ។ លោក​ថា លោក សម រង្ស៊ី ប្រឹងប្រែង​និយាយ​ក្នុង​ពេល​នេះ គឺ​គ្រាន់​តែ​ចង់​ទាមទារ​ចំណាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ៖ « គាត់ ( លោក សម រង្ស៊ី ) ចេះ​បញ្ចេញ​មតិ​តាម​តែ​គាត់​យល់​ឃើញ​ប្រើប្រាស់​សំឡេង​គាត់​តាម​ប្រព័ន្ធ​សារព័ត៌មាន​តែ​ប៉ុណ្ណឹង នេះ​ជា​យុទ្ធនាការ​ឃោសនា ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍ ព្រោះ​លោក​បរាជ័យ​ពីរ​ដង​យ៉ាង​ធំៗ »

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ករណី​ចោទ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ជា​មួយ​បរទេស​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០ វេលា​ម៉ោង ៨ និង ៣០នាទី​ព្រឹក។

ទោះ​ជា​យ៉ាង​ណា ក្រុម​មេធាវី​លោក កឹម សុខា ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្លួន ដោយ​លើក​ហេតុផល​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។