លោក សម រង្ស៊ី ថា លោកនឹងនាំពលករជាង ២លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ីទៅផ្ទះជាមួយលោកវិញ ដើម្បីយកប្រទេសកម្ពុជាពីមេដឹកនាំផ្ដាច់ការ ហ៊ុន សែន។ ដូចគ្នានេះដែរ តំណាងពលករនៅប្រទេស ថៃ និងជប៉ុន អះអាងថា ពេលនេះក្រុមពលករកំពុងរៀបចំផែនការត្រៀមខ្លួនទៅប្រទេសកម្ពុជា ជាមួយលោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកាខាងមុខ។
ថ្លែងពីប្រទេសអូស្ត្រាលីក្នុងពេលជួបអ្នកគាំទ្ររបស់ខ្លួនថ្ងៃទី១៩ ខែសីហា លោក សម រង្ស៊ី ស្នើទៅអ្នកគាំទ្រលោកជាពិសេសពលករជាងពីរលាននាក់ត្រៀមខ្លួនទៅផ្ទះជាមួយលោក ដើម្បីរំដោះប្រទេសកម្ពុជា។ លោកចោទប្រកាន់ថា លោក ហ៊ុន សែន ដឹកនាំប្រទេសធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ឯករាជ្យ៖ «ខ្ញុំនឹងនាំពលករខ្មែរនៅថៃពីរលាននាក់បងប្អូន នៅម៉ាឡេស៊ី នៅកូរ៉េ នៅជប៉ុនដែលពួកគាត់បង្ខំចិត្តទៅស៊ីឈ្នួលធ្វើការងារស្រុកគេ ទៅផ្ទះយើងវិញទាំងអស់គ្នា ទៅយកផ្ទះយើង ទៅយកដីធ្លីយើងវិញ ទៅយកប្រទេសយើងវិញកុំឲ្យ ហ៊ុន សែន ប្លន់»។
មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា ក្រៅពីខ្មែរក្រៅស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងស្រុកឯណោះវិញ ក៏កំពុងរង់ចាំឱកាសងើបឈរជាមួយលោក។ លោក សម រង្ស៊ី ថែមទាំងបង្ហាញសារនយោបាយមុតស្រួច អំពាវនាវជាថ្មីដល់កងកម្លាំងប្រដាប់អាវុធ កុំបាញ់សម្លាប់ពលរដ្ឋខ្លួនឯង ប៉ុន្តែត្រូវបែរចុងកាណុងកាំភ្លើងសំដៅលោក ហ៊ុន សែន វិញ៖ «កូនទាហានទាំងអស់ហ្នឹងថា ចាំតែ សម រង្ស៊ី មកហើយ ដើម្បីបោសសំអាតពួកជនក្បត់ អំពាវនាវកងកម្លាំងប្រដាប់អាវុធកូនក្មួយបងប្អូនពេលវេលាមកដល់ហើយ កុំស្ដាប់បញ្ជាជនផ្ដាច់ការជនក្បត់ជាតិកុំទៅសម្លាប់ប្រជារាស្ត្រតាមបញ្ជាជនផ្ដាច់ការជនក្បត់ជាតិ ឈរខាងប្រជារាស្ត្រ ការពារប្រជារាស្ត្រវិញ»។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកធ្វើការងារជាមួយពលករចំណាកស្រុកប្រទេសនេះ លោក លី រតនរស្មី ឲ្យដឹងថា សព្វថ្ងៃពលករខ្មែរធ្វើការនៅប្រទេសថៃមានជាង ២លាននាក់ ក្នុងនោះមានទាំងពលករស្របច្បាប់ និងពលករគ្មានប័ណ្ណការងារ ឬពលករមិនស្របច្បាប់។ ប៉ុន្តែ ក្រសួងការងារឲ្យដឹងថា មានពលករខ្មែរ ១លាន ៦ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ។
លោក លី រតនរស្មី ប្រាប់អាស៊ីសេរីថា ក្រោយពេលលោក សម រង្ស៊ី ប្រកាសថ្ងៃនៃការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ លោក និងតំណាងពលករផ្សេងទៀតត្រៀមខ្លួនរួចជាស្រេចដើម្បីអមដំណើរលោក សម រង្ស៊ី និងអ្នកប្រជាធិបតេយ្យផ្សេងទៀតចូលប្រទេសកម្ពុជាវិញ។ លោកឲ្យដឹងថា ទៀតថា ក្រុមការងាររបស់លោកកំពុងរៀបចំជាក្រុមៗ ដើម្បីពង្រឹងកម្លាំងនៅតាមមូលដ្ឋាន៖ «ពួកគាត់កំពុងតែត្រៀមលក្ខណៈរួចជាស្រេចហើយ គាត់មានសន្ទុះកាន់តែខ្លាំងនៅពេលបានដឹងពីថ្ងៃកំណត់ពីថ្ងៃវិលចូលប្រទេសវិញរបស់លោកប្រធានស្ដីទី សម រង្ស៊ី»។
ប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុន លោក ហៃ វណ្ណា ឲ្យដឹងថា ក្រុមយុវជន និងពលករខ្មែរនៅប្រទេសជប៉ុន ក៏ត្រៀមខ្លួនទៅប្រទេសកម្ពុជាវិញជាមួយលោក សម រង្ស៊ី ដែរ ។ លោកបញ្ជាក់ថា ខ្មែរនៅប្រទេសជប៉ុន ជាពិសេស ក្រុមពលករមិនរាថយក្នុងការអមដំណើរនេះទេ៖ «ពួកគាត់ត្រៀមខ្លួន ដើម្បីវិលទៅប្រទេសកំណើតរបស់គាត់វិញជាមួយលោកប្រធានស្ដីទី សម រង្ស៊ី គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងដើម្បីជួយស្រោចស្រងសេដ្ឋកិច្ចដល់បងប្អូនប្រជាពលរដ្ឋខ្មែរតាមរយៈកុំឲ្យសហភាពអឺរ៉ុបកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏ដូចជាប្រព័ន្ធអនុគ្រោះ GSP របស់សហរដ្ឋអាមេរិក » ។
ក្រុមយុវជន និងក្រុមពលករដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសប្ដេជ្ញាថា នឹងរួមដំណើរជាមួយ លោក សម រង្ស៊ី និងក្រុមអ្នកប្រជាធិបតេយ្យ ចូលប្រទេសកម្ពុជាវិញថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។ ចំណែកពលរដ្ឋខ្មែរនៅក្នុងស្រុកក៏តែងតែបង្ហាញសារគាំទ្រតាមបណ្ដាញសង្គមហ្វេសប៊ុកចាំទទួលលោក សម រង្ស៊ី ដែរ។ តំណាងយុវជនសង្គ្រោះជាតិនៅប្រទេសថៃ និងប្រទេស ជប៉ុនលើកឡើងថា ក្រុមយុវជន និងពលករចង់បានការផ្លាស់ប្ដូរ ដូច្នេះពួកគេ មិនខ្លាចរអានឹងព្រមាននានា ពីក្រុមសមត្ថកិច្ច ឬសំដីព្រមានរបស់ ហ៊ុន សែន ដែលថា នឹង ចាប់ខ្លួន និងតាមធ្វើទុក្ខបុកម្នេញ អ្នករួមដំណើរជាមួយនឹងក្បួនវិលចូលស្រុកវិញនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។