ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ ក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីថ្ងៃទី១២ ឧសភាថា លោកស្វាគមន៍ ការបង្កើតរណសិរ្ស ដើម្បីប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិដូចគ្នា ដើម្បីនាំឲ្យមានការផ្តាស់ប្តូរ ការដឹកនាំប្រទេស តាមរបៀបប្រជាធិបតេយ្យ។ ប៉ុន្តែ លោកថា ការបង្កើតរណសិរ្សណាមួយ ត្រូវតែមាន គណបក្សសង្គ្រោះជាតិ ដើរតួជាស្នូល និងជាអ្នកនាំមុខ។ លោក សម រង្ស៊ី ស្នើឲ្យពលរដ្ឋទូទៅ និងមន្ត្រី អង្គការសង្គមស៊ីវិល ដែលមិនចង់ចូលរួមជាសមាជិកគណបក្សសង្គ្រោះជាតិ ប៉ុន្តែ មានបំណងចង់ស្តារប្រទេសឡើងវិញ អាចចូលរួមរណសិរ្ស ដើម្បីរួបរួមសាមគ្គីគ្នាជុំវិញ គណបក្សសង្គ្រោះជាតិ៖ «គណបក្សសង្គ្រោះជាតិ ជាឧបករណ៍ដ៏ខ្លាំង ដែលមិនអាចបង្កើតបានងាយៗ នោះទេ។ អ្វីដែលយើងបានបង្កើតហើយ យើងត្រូវតែរក្សាទុក យើងគ្រាន់តែពង្រឹងបំពេញបន្ថែម។ យើងមិនត្រូវផាត់ចោល ឧបករណ៍ដ៏អស្ចារ្យមួយតាំងពីខ្ញុំចូលរួមធ្វើនយោបាយ ២០ ៣០ឆ្នាំហើយ»។
ប្រសាសន៍របស់ លោក សម រង្ស៊ី នេះ ដោយសារតែ ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង បានផ្តួចផ្ដើមគំនិតបង្កើតចលនាថ្មីមួយ ហៅថា រណសិរ្សរួបរួមជាតិដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានគោលបំណងបង្កើតសង្វៀននយោបាយមួយ ធានាបានយុត្តិធម៌ដល់គ្រប់ភាគី តាមវិធីតស៊ូមតិអហិង្សា។ គំនិត បង្កើតរណសិរ្សនេះ បង្កើតឲ្យមានភាពចម្រូងចម្រាសក្នុងជួរអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដោយភាគីមួយចំនួនគាំទ្រ និងមួយចំនួនទៀតមិនគាំទ្រ ការបង្កើតរណសិរ្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។