ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បញ្ជាក់ជំហរថា វត្តមាននៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងឆាកនយោបាយនៅកម្ពុជា នឹងមិនធ្វើឲ្យប៉ះពាល់ចំពោះប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិទេ។ ជាពិសេសនោះ លោកយល់ឃើញថា ចរន្តនៃការផ្លាស់ប្ដូរនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ នៅតែនាំសំណាងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដដែល។
ការថ្លែងសារនយោបាយដូចនេះរបស់លោក សម រង្ស៊ី បន្ទាប់ពីលោកវិលត្រឡប់ពីបំពេញទស្សនកិច្ចឯកជននៅទ្វីបអឺរ៉ុបវិញ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។
លោក សម រង្ស៊ី អះអាងកាលពីព្រឹកថ្ងៃទី១១ មករា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា លោកមិនភិតភ័យចំពោះការវិលចូលឆាកនយោបាយឡើងវិញរបស់សម្ដេចព្រះ នរោត្តម រណឫទ្ធិ នៅពេលនេះឡើយ។ លោកចាត់ទុកថា នោះគឺជាសិទ្ធិរបស់ព្រះអង្គ។ ម្យ៉ាងទៀតនេះគឺជាចរន្តនយោបាយដែលតែងមានការឡើង និងចុះជាធម្មតា។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលលើកឡើងថា មានការបែកបាក់ផ្ទៃបាក់បក្ស លោក សម រង្ស៊ី និយាយថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងនៅកម្ពុជា និងនៅខាងក្រៅប្រទេសពុំមានការប្រែប្រួលឡើយ។ ផ្ទុយទៅវិញ លោកមានសុឆន្ទៈថា គណបក្សសង្គ្រោះជាតិ គឺជាក្ដីសង្ឃឹមតែមួយគត់នៅកម្ពុជា ដែលនាំមកនូវការផ្លាស់ប្ដូរ៖ «នេះជាសិទ្ធិរបស់អ្នកនយោបាយ គ្រាប់និន្នាការគ្រប់គណបក្សទាំងអស់។ ដូច្នេះយើងស្វាគមន៍អ្នកធ្វើអីតាមសម្បជញ្ញៈទាំងអស់»។
លោក សម រង្ស៊ី ពុំបាននិយាយអ្វីច្រើនឡើយជុំវិញវិវាទអ្នកស្រី ឡាក់ សុភាព និងកិច្ចអន្តរាគមន៍សកម្មជនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារសម្រាប់ការវិលត្រឡប់មកវិញ លើកនេះ។
ដោយឡែកសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ដែលពេលនេះព្រះអង្គយាងមកដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ ព្រះអង្គមានបន្ទូលកាលពីថ្ងៃទី៥ មករា ថា វត្តមានរបស់ព្រះអង្គនៅពេលនេះ គឺពុំមែនចូលមកដើម្បីជ្រៀតជ្រែក ឬបំបែកសំឡេងបក្សនយោបាយណាមួយឡើយ។
ព្រះអង្គមានបន្តថា អ្វីដែលធ្វើឲ្យព្រះអង្គវិលចូលឆាកនយោបាយវិញនេះ គឺចង់ស្ដារមុខមាត់សំឡេងរាជានិយមឡើងវិញតែប៉ុណ្ណោះ បន្ទាប់ពីបាក់ស្រុតងើបមុខលែងរួចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៖ «ខ្ញុំឥតមានចង់ប៉ះពាល់។ ខ្ញុំគ្មានចង់បំបែកសំឡេងអ្នកណាទេ។ កុំថាខ្ញុំចង់ទៅបំបែកបំបាក់ណា»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ យល់ឃើញថា គណបក្សសង្គ្រោះជាតិ គឺនៅតែដើរជួរមុខនៃការគាំទ្រ និងជាចរន្តនៃក្នុងការផ្លាស់ប្ដូរសម្រាប់អាណត្តិបន្ទាប់នេះទៀតនៅឡើយ។ លោកថ្លែងបន្តថា មូលហេតុដែលសំឡេងគាំទ្រដែលមិនស្រកស្រុតនេះ គឺដោយសារសម្ពន្ធភាពផ្ទៃក្នុងបក្សនៅរឹងមាំ។ ហេតុនេះ បើទោះជាមានរលកនយោបាយថ្មីៗផុសឡើង ឬភាពរកាំរកូសផ្ទៃក្នុងបក្សក៏គណបក្សប្រឆាំងនេះនៅតែអាចការពារ ឬគ្រប់គ្រងខ្សែក្រវាត់បានដូចមុន៖ «អ៊ីចឹងអ្វីដែលជាចំណុចសំខាន់ ក្នុងការវិលត្រឡប់របស់ឯកឧត្ដម សម រង្ស៊ី នេះគឺបានបញ្ជាក់ថា ការមិនបែកបាក់របស់មេដឹកនាំសង្គ្រោះជាតិ។ បើមានការបែកបាក់ គឺអ្នកចំណេញគឺ គណបក្សប្រជាជន មិនមែនគណបក្សហ្វ៊ុនស៊ិនប៉ិចទេ»។
បើទោះជាបែបនេះក៏ដោយចុះ ក៏សង្កេតឃើញថា វត្តមានរបស់លោក សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១១ មករា នៅព្រលានយន្តហោះ គឺពុំមានអ្នកហែហមអមដំណើរច្រើនដូចលើកមុនៗទៀតឡើយ គឺគេឃើញមានតែសមាជិកក្នុងបក្សមួយចំនួនប៉ុណ្ណោះ មកចាំទទួលការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។