លោក សម រង្ស៊ី ប្រាប់​សភា​អឺរ៉ុប​ថា វាសនា​ពលរដ្ឋ​ខ្មែរ​ ល្អ​ ឬ​ អាក្រក់ ​អាស្រ័យ​​លើ​​លោក ហ៊ុន សែន

0:00 / 0:00

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​គណបក្ស​ប្រឆាំង ទៅ​ចូលរួម​ប្រជុំ​នៅ​សភា​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក នៅ​ថ្ងៃ​ទី​២៦ មិថុនា។ លោក ថ្លែង​ប្រាប់​សភា​អឺរ៉ុប​ថា វាសនា​របស់​ពលរដ្ឋ​កម្ពុជា​ល្អ ឬ​អាក្រក់ គឺ​ស្ថិត​នៅ​លើ​កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន ដែល​លោក​បាន​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រំលាយ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី អំពាវនាវ​ពី​ទីក្រុង​ប្រ៊ុចសែល​តាមរយៈ​វីដេអូ​ផ្សាយ​ផ្ទាល់ នៅ​លើ​ហ្វេសប៊ុក​ផេក​របស់​លោក ឱ្យ​ពលរដ្ឋ​ត្រៀមខ្លួន​ធ្វើ​បាតុកម្ម ងើប​តវ៉ា តតាំង​និង​មេដឹកនាំ​របប​ក្រុងភ្នំពេញ បើសិនជា​លោក ហ៊ុន សែន មិន​ព្រម​អនុវត្ត​តាម​សហគមន៍​អឺរ៉ុប នៅ​ពេល​ខាងមុខ​ទេ​នោះ។ លោក​បញ្ជាក់​ថា ដំណោះស្រាយ​នយោបាយ គ្មាន​អ្វី​ពិបាក​ទេ គឺ​គ្រាន់តែ​លោក ហ៊ុន សែន គោរព​តាម​លក្ខខ័ណ្ឌ​របស់​សហភាព​អឺរ៉ុប ទៅលើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សិទ្ធិ​ដីធ្លី និង​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារតែ​រឿង​នយោបាយ​ទាំងអស់​នោះ គឺជា​ការ​ស្រេច ហើយ​អ្វីៗ​នឹង​ប្រសើរ​ឡើង ទាំង​នយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ​សង្គម​ជាដើម។ «»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ឆ្លើយ​តប ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ បាន​នៅឡើយ​ទេ នៅ​មុន​ការផ្សាយ​នេះ។

លោក សម រង្ស៊ី ទៅ​ចូលរួម​កិច្ចប្រជុំ​សភា​អឺរ៉ុប​នេះ នៅ​ស្រប​ពេល​សហភាព​អឺរ៉ុប​នឹង​បិទ​បញ្ចប់​ដំណើរការ​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​សីហា​ខាងមុខ​។ បន្ទាប់​ពី​នេះ សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​ស្ដីពី​របកគំហើញ និង​ធ្វើ​សេចក្ដីសន្និដ្ឋាន​នៅ​ខែ​វិច្ឆិកា។ពេលនោះ សហភាព​អឺរ៉ុប​នឹង​ទុក​ពេល ១​ខែ ឱ្យ​របប​លោក ហ៊ុន សែន ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ​។ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា ត្រូវ​ដក ឬ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ហើយ​បើ​អឺរ៉ុប​សម្រេច​ដកហូត​មែន នោះ​ការ​យក​ពន្ធ​លើ​ទំនិញ​កម្ពុជា​នឹង​ត្រូវ​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ខែ​សីហា ឆ្នាំ​២០២០ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។