រដ្ឋសភា​អាមេរិក​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ជា​ផ្លូវការ

រដ្ឋសភា​អាមេរិក បាន​អនុម័ត​ច្បាប់ H.R 526 នៅ​ព្រឹក​ថ្ងៃអង្គារ ទី​១៦ ខែ​កក្កដា​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ ដែល​ចូល​ដៃ​ក្នុង​ការរំលោភ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

សមាជិកសភា​អាមេរិក​លោក ថិត យ៉ូហូ (Ted Yoho) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ស្នើ​ច្បាប់​នេះ​ជាថ្មី ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ កក្កដា​នេះ ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ ២០១៩ នេះ នឹង​វាយបក​ទៅ​របប​លោក ហ៊ុន សែន ចំពោះ​ការបំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​បិទ​ទិដ្ឋាការ​ចំពោះ​មន្ត្រី​ទាំងនោះ។

លោក ថិត យ៉ូហូ បន្ថែម​ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​ទាំងពីរ​ក្នុង​រដ្ឋសភា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត និង​បន្ទាប់​មក​ប្រធានាធិបតី​ចុះហត្ថលេខា ដើម្បី​ប្រកាស​ឱ្យ​ចូល​ជា​ធរមាន​។ លោក​ថា ដល់​ពេល​ដែល​ត្រូវ​ចាត់ការ​របប​លោក ហ៊ុន សែន ឱ្យ​ទទួលខុសត្រូវ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ហើយ។

តើ​ច្បាប់​នេះ នឹង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របប​នេះ​ឬទេ​? តើ​កម្ពុជា​នឹង​ខាតបង់​អ្វីខ្លះ បើ​ច្បាប់​នេះ​ចូល​ជា​ធរមាន?

សូម​លោក​អ្នកនាង រង់ចាំ​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃអង្គារ ទី ១៦ ខែ កក្កដា នេះ ចាប់ពី​ម៉ោង ៧:៣០ ដល់ ៨:៣០ ដែល​​នឹង​ពិភាក្សា​លម្អិត​បន្ថែម​លើ​ប្រធានបទ​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។