លោក ស ខេង អះអាង​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ត្រឹមត្រូវ

ដោយ ហេង រស្មី
2020-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​កាសែត ​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។
លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ទៅ​កាន់​អ្នក​កាសែត ​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ស ខេង

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​តែ​អះអាង​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រឹមត្រូវ​តាម​ច្បាប់ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​នៅ​តែ​​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​ជួប​ប្រជុំ​សម្ដែង​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល ​សហគមន៍​ និង​ប្រជាពលរដ្ឋ​ដដែល។ លោក​បន្ត​ថា កន្លង​មក​អង្គការ​របស់​លោក​តែង​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ប្រចាំ ដើម្បី​បំពេញ​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ ប៉ុន្តែ​អាជ្ញាធរ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ហាក់​មិន​សូវ​សហការ​ជា​មួយ​សង្គម​ស៊ីវិល​ឡើយ។​លោ​ក​បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ស ខេង ដែល​ថា កម្ពុជា​មាន​សិទ្ធិ​សេរី​ភាព​ការ​សម្ដែង​មតិ​ គឺ​មិន​ឆ្លុះ​បញ្ចាំ​ការ​ពិត​ឡើយ៖ «អីចឹង​អ្វីៗ ទាំង​អស់​ហ្នឹង​មិន​មែន​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ថា​ទេ គឺ​កើត​ឡើង​ជាក់​ស្ដែង ហើយ​បញ្ហា​ទាំង​អស់​ហ្នឹង​ក៏​កំពុង​តែ​កើត​មាន​ដែរ ហើយ​អ្វី​ដែល​សំខាន់​ស្ថាប័ន​របស់​រដ្ឋាភិបាល​គួរ​តែ​ចេះ​រក​ការ​ពិត គឺ​រក​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​ ទើប​អាច​ដោះស្រាយ​បញ្ហា​វិបត្តិ​សង្គម​ វិបត្តិនយោបាយ​ដែល​អន្តរជាតិ​ កំពុង​តែ​រិះគន់​ហ្នឹង។ ចៀសវាង​គ្រាន់​តែ​ធ្វើ​របាយការណ៍​មួយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត នោះ​បញ្ហា​របស់​ជាតិ​ ស្ថានភាព​នយោបាយ​របស់​សង្គម​ជាតិ នៅ​តែ​ធ្ងន់ធ្ងរ​ដដែល»

ប្រតិកម្ម​របស់​មន្ត្រី​​អង្គការ​សង្គម​ស៊ីវិល​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣ កុម្ភៈ​ថា ​របាយការណ៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​កន្លង​មក ដែល​ថា​កម្ពុជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ហើយ​លោក​​បាន​ស្ដី​បន្ទោស​​អង្គការ​ទាំង​នោះ​ថា បាន​បំប៉ោង​ព័ត៌មាន​សំអុយ​ឈ្មោះ​កម្ពុជា។ លោក​​​​បន្ថែម​​ទៀត​ប​ថា នៅ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ ហើយ​រដ្ឋាភិបាល​បន្ត​កែលំអ​ប្រជាធិបតេយ្យ​នេះ​​ឱ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត ​ដើម្បី​ឱ្យ​ដើរ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស៖ «ខ្ញុំ​បញ្ជាក់​មិញ​ហើយ​ គឺ​សូម​ឱ្យ​មាន​ព័ត៌មាន​ជាក់លាក់ ហើយ​កាលណា​មាន​ព័ត៌មាន​យើង​មាន​ដៃ​គួរ​ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​។ប៉ុន្តែ​ពួកគាត់​មិន​ព្រម​យក​មក​ដាក់​លើ​តុ​ដោះ​ស្រាយ​ទេ គាត់​ទៅ​បំប្លោង​ព័ត៌មាន ខ្ញុំ​គិត​ថា ព័ត៌មាន​ហ្នឹង​ប្រហែល​ជា​ព័ត៌មាន​មិន​ពិត»

ផ្ទុយ​​ពី​ការ​អះអាង​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា ប្រជាពលរដ្ឋ​កម្ពុជា​មិន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​នោះ​ទេ ជា​ពិសេស​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ គឺ​តែង​តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​​ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​សម្ដែង​មតិ​​​។ លោក​​ថា អាជ្ញាធរ​តែង​ចោទ​ប្រជាពលរដ្ឋ និង​សង្គម​​ស៊ីវិល​​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​មិន​ស្រប​តាម​ការ​​ចង់​បាន​របស់​​រដ្ឋាភិបាល​ថា ជា​ក្រុម​អ្នក​ប្រឆាំង ហើយ​បញ្ជូន​មនុស្ស​តាម​ឃ្លាំមើល​​ស្ទើរគ្រប់​ទីកន្លែង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​ការងារ​របស់​ពួក​គេ​ទៀត​ផង៖ «ហើយ​ខ្ញុំ​យល់​ថា របាយការណ៍​នីមួយៗ​យើង​ឃើញ​ហើយ​កន្លែង​មក ទាំង​របាយការណ៍​របស់​អង្គការ​ជាតិ​និង​អន្តរជាតិ​ហ្នឹង​យើង​ឃើញ​ហើយ​ រដ្ឋាភិបាល​តែង​តែ​ច្រាន​ចោល​ ហើយ​ទាត់​ចោល ជួន​ការ​ថា​របាយការណ៍​ហ្នឹង​វា​មាន​ចរិត​លក្ខណៈ​ជា​នយោបាយ​អី​ជា​ដើម​នោះ ជា​ជាង​ដែល​ត្រេះរិះ ពិចារណា​ថា​អ្វី​ដែល​យើង​នៅ​ខ្វះ​ខាត​ ត្រូវ​ការ​កែ​លំអ ពីព្រោះ​ការ​ចេញ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នីមួយៗ គេ​ចេញ​ជា​របាយការណ៍​ហើយ​មាន​ផ្ដល់​ជា​អនុសាសន៍​នៅ​ក្រោម​ដែរ»

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​រក​ឃើញ​ថា​ ក្នុង​ឆ្នាំ២០១៩ អំពើ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ និង​ការ​រំលោភ​សិទ្ធិ​អ្នក​ជាប់​ឃុំ​ដោយសារ​ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ នៅតែ​កើត​មាន​នៅ​កម្ពុជា​ដដែល។ ដោយ​ឡែក ករណី​រំលោភ​សិទ្ធិមនុស្ស​ដទៃ​ទៀត រួម​មាន អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​បំភិតបំភ័យ និង​ការ​ចាប់​ខ្លួន​តាម​ទំនើងចិត្ត​ ទៅ​លើ​ក្រុម​អ្នក​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​អំឡុង​ពេល​ពេញ​មួយ​ឆ្នាំ២០១៩ ជា​ពិសេស មាន​ការ​បង្ក្រាប​ខ្លាំង​នៅ​ពេល​ដំណើរ​ត្រឡប់​ចូល​ស្រុក​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៩ វិច្ឆិកា។ អំឡុង​ពេល​នោះ​មាន​សកម្មជន និង​​ក្រុម​អ្នកគាំទ្រ​គណ​បក្ស​ប្រឆាំង​ជិត ១០០​ត្រូវ​បាន​ចាប់​ដាក់​គុក ហើយ​ជាង ១០០នាក់​ទៀត រង​បទ​ចោទ​មាន​ចរិត​នយោបាយ ពី​បទ​រួម​គំនិត​ក្បត់​ជាតិ។

មន្ត្រី​សិទ្ធិមនុស្ស​សង្កត់​ធ្ងន់​ថា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នេះ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ប្រញាប់​​ដោះ​ស្រាយ​​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ សហភាព​អឺរ៉ុប​នឹង​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ជា​ផ្លូវការ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​​ធ្វើ​ឱ្យ​ខាត​បង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល