បញ្ញាជន​ខ្មែរ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​នយោបាយ ដែល​បន្ត​អូស​បន្លាយ​អន្តរាយ​ដល់​ជាតិ

0:00 / 0:00

បញ្ញាជន​ខ្មែរ ព្រួយបារម្ភ​កាន់តែ​ខ្លាំង អំពី​វិបត្តិ​នយោបាយ ដែល​នៅតែ​បន្ត​អូស​បន្លាយ​គ្មាន​ទី​បញ្ចប់ ដែល​នឹង​នាំ​ឱ្យ​អន្តរាយ​ដល់​ប្រយោជន៍​ជាតិ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប កាន់តែ​ខិត​ជិត​ដល់ពេល​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

វិបត្តិ​នយោបាយ ដែល​នាំ​ឱ្យ​ជាតិខ្មែរ​បែកបាក់​កាន់តែ​ខ្លាំង និង​គ្មាន​ដំណោះស្រាយ​នេះ ធ្វើ​ឱ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នកវិភាគ​ឯករាជ្យ អង្វរ​អ្នក​នយោបាយ ឱ្យ​រំសាយ​កំហឹង រៀងៗ​ខ្លួន​សិន ដើម្បី​រួមគ្នា​ងាក​មក​រក​ដំណោះស្រាយ​ដែល​ចំណេញ​ដល់​ជាតិ​វិញ។

នៅ​ក្នុង​សារ​តាម​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក កាលពី​ថ្ងៃ​ទី៣០ ខែ សីហា ដែល​បង្ហាញ​រូបលោក​លុតជង្គង់​ក្រាប​ដល់​ឥដ្ឋ ក្រោម​ព្រះ​បាទា​របស់​ព្រះបាទ ជ័យ វរ្ម័នទី ៧ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អង្វរ​លោក ហ៊ុន សែន និង លោក សម រង្ស៊ី គួរ​បញ្ឈប់​ការ​ជះ​កំហឹង​ដាក់គ្នា ព្រោះ​កំហឹង​នេះ មានតែ​ធ្វើ​ឱ្យ​ជម្លោះ​នោះ​កាន់តែ​ធំ​ទៅ និង​ឱ្យ​ភាគី​ទាំង​សង្ខាង​កាន់តែ​ទុក​គ្នា​ជា​សត្រូវ​ផ្ទាល់ខ្លួន​កាន់តែ​ខ្លាំង។

សារ​អង្វរករ​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន យក​ជម្លោះ​នយោបាយ ទៅ​ភ្នាល់​ដាក់​លុយកាក់ យក​ឈ្នះ​ចាញ់​ជា​ល្បែងស៊ីសង​បែបនេះ​ទៅវិញ​។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ល្បែងភ្នាល់​ដាក់​លុយ​នេះ វា​កាន់តែ​បន្ទាប​សីលធម៌​ខ្មែរ ឱ្យ​កាន់តែ​ទាប​ទៅទៀត ព្រោះ​ខ្មែរ​ចាត់​ទុក​ល្បែង​ជា​ជំងឺ​ឆ្កួត ជា​អបាយមុខ

លោក ហ៊ុន សែន កាលពីដើម​សប្ដាហ៍​នេះ បាន​ទូរស័ព្ទ​ចូល​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​គណនី​ហ្វេសប៊ុក​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ម្នាក់ ដោយ​ប្រកាស​ធ្វើជា​សាក្សី រឿង​ភ្នាល់​ដាក់​ប្រាក់ ១​លាន​ដុល្លារ បើ​លោក សម រង្ស៊ី ហ៊ាន​ឈាន​ជើង​ជាន់​ដី​ខ្មែរ នៅ​ថ្ងៃទី៩ ខែ វិច្ឆិកា៖ «ខ្ញុំ​ចូល comment ហើយ​តើ​នេះ​ ! យល់ព្រម​ធ្វើ​សាក្សី​ក្នុង​ការ​ភ្នាល់​នេះ តម្រូវ​ឱ្យ​លោក ខាន់ សុវណ្ណ ប្រគល់​លុយ​នេះ ដល់​អ្នកឈ្នះ​នៅ​ក្នុង​ពន្ធនាគារ នា​ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ​២០១៩ នេះ»។

លោក សម រង្ស៊ី តប​វិញ​ថា លោក ហ៊ុន សែន និង លោក គឺជា​អ្នកនយោបាយ មិនមែន​ជា​អ្នកលេង​ល្បែងស៊ីសង​ទេ។ បើ​គោរព​អនាគត​របស់​ប្រទេសជាតិ​មែន មិន​ត្រូវ​ភ្នាល់​គ្នា​ដោយ​ដាក់​លុយ​ទេ។ ភ្លាម​នោះ លោក សម រង្ស៊ី បាន​បបួល​លោក ហ៊ុន សែន ភ្នាល់​គ្នា មិនមែន​ដាក់​លុយ​ទេ តែ​ដាក់​ជីវិត​នយោបាយ​វិញ។

លោក សម រង្ស៊ី បបួល​ថា បើ​លោក ហ៊ុន សែន ចិត្ត​សឿង តើ​ហ៊ាន​ភ្នាល់​ចុះចេញ​ពី​អំណាច​ភ្លាមៗ​ដែរ​ឬ​ទេ បើ​ថា​លោក​មិន​ហ៊ាន​ទៅ​ជាន់​ដី​ខ្មែរ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​មែន​នោះ​?

ប៉ុន្តែ លោក ហ៊ុន សែន មិន​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​ភ្នាល់​នោះ​ទេ ដោយ​លោក​បបួល​ភ្នាល់​លក្ខខណ្ឌ​ផ្សេង​ទៅវិញ​។ បុរស​ខ្លាំង​ខាង​អំពើ​ហិង្សា និង ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ឱ្យ​ភ្នាល់​ជាមួយ​គាត់​ថា បើ​គាត់​មិន​ចាប់​លោក សម រង្ស៊ី ដាក់គុក​ឱ្យ​បាន ក្នុង​រយៈពេល ២៤ ម៉ោង ពេល​លោក សម រង្ស៊ី មក​ជាន់​ដី​ខ្មែរ​ទេ លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​ភ្លាម។

អ្នកវិភាគ​នយោបាយ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ គឺ​លោក គឹម សុខ ថា​ការ​កែប្រែ​លក្ខខណ្ឌ​ភ្នាល់​របស់ ហ៊ុន សែន តាមតែ​អំពើ​ចិត្ត ដែល​អាង​គុក​អាង​ច្រវាក់​បែបនេះ គឺ​បង្ហាញ​ពី​ភាព​កំសាក​របស់​លោក ហ៊ុន សែន ព្រោះ​ខ្លាច​វត្តមាន​លោក សម រង្ស៊ី នៅ​កម្ពុជា​តែប៉ុណ្ណោះ។

ទោះជា​យ៉ាង​នេះ​ក្តី លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជំទាស់​ដាច់ខាត ដែល​អ្នកនយោបាយ​លេងល្បែង​ភ្នាល់​បែបនេះ​។ លោក​ថា ការ​ភ្នាល់​នេះ ទី​មួយ​គឺ​មិនមែន​ជា​ការត្រឹមត្រូវ និង​ទី​ពីរ មិន​អាច​ដោះស្រាយ​ជម្លោះ​ទាល់តែសោះ ទោះជា​ភាគី​ណា​ឈ្នះ​ក៏ដោយ។

ការ​បបួល​ភ្នាល់​គ្នា​នេះ កើត​មាន​ឡើង ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប កំពុង​បន្ត​នីតិវិធី​ដំណាក់កាល​ទី​ពីរ ក្នុង​ការ​សរសេរ​របា​យ​ការណ៍​សន្និដ្ឋាន​បឋម អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុននឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ឆ្នាំ​២០២០​។ សញ្ញា​បែបនេះ បង្ហាញ​ពី​ភាព​រឹតតែ​អវិជ្ជមាន ជុំវិញ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

អតីត​ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា យល់ថា អ្វី​ដែល​ជា​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​ដោយសារតែ​ពេលនេះ ខ្វះ​តួអង្គ​សម្របសម្រួល ដើម្បី​ឱ្យ​មានការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ ដូច​កាល​លើក​មុនៗ​។ ពីមុន​មាន​សហគមន៍​អន្តរជាតិ និង អតីត​ព្រះមហាក្សត្រ​ជាដើម ដែល​សុទ្ធតែ​ជា​តួអង្គ ក្នុង​ការ​សម្របសម្រួល​នេះ​។ ប៉ុន្តែ ឥឡូវ​មានតែ​អ្នក​នយោបាយ​ក្នុង​ជម្លោះ តទល់​គ្នា​ដោយ​ផ្ទាល់ ដែល​ជា​រឿង​ដ៏​លំបាក​មួយ៖ «ភាគី​នៅ​ក្នុង​ជម្លោះ​ជាពិសេស ខាង​មេដឹកនាំ​កាន់អំណាច អត់​មាន​ផ្ដល់​ជា​សញ្ញា​ណាមួយ ឱ្យ​បាន​ជាក់លាក់​អំពី​ការណ៍​ដែល​ថា នឹង​ធ្វើ​ឱ្យ​មានការ​ជជែក​គ្នា រក​វិធីសាស្ត្រ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ ជាពិសេស​ការ​ស្ដារ​នូវ​ស្ថានការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការបោះឆ្នោត​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ»។

ទោះបី​របប​លោក ហ៊ុន សែន រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប ជុំវិញ​ការ​ទាមទារ​ឱ្យ​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ក៏​របប​នេះ នៅតែ​បន្ត​អូស​បន្លាយ​ពេល ក្នុង​ការ​រក​ដំណោះស្រាយ​នយោបាយ។

លោក គល់ បញ្ញា យល់ថា ដោយសារតែ​មើល​ឃើញ​ឥទ្ធិពល​អន្តរជាតិ ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្លាំង​លើ​របប​លោក ហ៊ុន សែន ទើប​គណបក្សប្រឆាំង បន្ត​សកម្មភាព​តស៊ូ​មតិ​របស់​ខ្លួន តាម​រូបភាព​ផ្សេងៗ រួម​ទាំង​ការប្រកាស​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​របស់​លោក សម រង្ស៊ី និង មន្ត្រី​បក្ស​ប្រឆាំង​ផង ដែល​ជា​ឱកាស​ក្នុង​ការ​កៀរគរ និង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​របប​លោក ហ៊ុន សែន។ ម្យ៉ាងទៀត កម្លាំង​គាំទ្រ​គណបក្សប្រឆាំង នៅតែ​ប្រមូល​ផ្តុំ​​គ្នា មិន​ថមថយ ឬ​ចុះចូល​គណបក្ស​កាន់អំណាច ដូច​កាល​ជំនាន់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ​ឡើយ ដែល​ប្រការ​នេះ ធ្វើ​ឱ្យ​របប​លោក ហ៊ុន សែន ព្រួយបារម្ភ​ខ្លាច​បាត់​អំណាច និង​បន្ត​បង្កើន​សារ និង​ចំណាត់ការ​បង្ក្រាប​ប្រជាពលរដ្ឋ​ខ្លួនឯង ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ៖ «ត្រង់​នេះ​ហើយ​ដែល​ជា​ការ​ប្រថុយប្រថាន និង​ហានិភ័យ​មួយ​ធំ​ទៀត ដែល​ប្រទេស​កម្ពុជា​យើង​ប្រឈម ទាំង​មេដឹកនាំ​បក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច អាច​ពិបាក​គ្រប់គ្រង​ស្ថានការណ៍​នេះ កាលណា​មាន​វិបត្តិ​ប្រឈម​គ្នា​ខ្លាំង រវាង​ការ​ប្រើ​កម្លាំង​អំណាច​អាជ្ញាធរ និង​ការ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ ក្នុង​ការ​តស៊ូ​ដើម្បី​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នយោបាយ​នេះ​។ អាច​នឹង​មាន​ហានិភ័យ គួរ​ឱ្យ​ព្រួយបារម្ភ»។

បញ្ញាជន​ខ្មែរ​ទាំងនេះ នៅតែ​យល់ថា​ដំណោះស្រាយ ដែល​អាច​ផ្សះផ្សា​ជាតិ​បាន និង​គេច​ផុត​ពី​ភ័យ​អន្តរាយ​សម្រាប់​ជាតិ គឺ​មានតែ​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ដោះលែង​លោក កឹម សុខា អនុញ្ញាត​ឱ្យ​គណបក្សប្រឆាំង បើក​ដំណើរការ​ឡើងវិញ និង​ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​ជាប់ឆ្នោត​របស់​គណបក្ស​ប្រឆាំង​ទាំងអស់​ឡើងវិញ រួម​ទាំង​ការរៀបចំ​ការបោះឆ្នោត​មួយ ដែល​សេរី ត្រឹមត្រូវ និង យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។