លោក​ ​សៀម​ ​ភ្លុក​ ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ ​ថា​លោក​ត្រៀម​ភស្តុតាង​​ដោះបន្ទុក​​គ្រប់គ្រាន់​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​​បទ​ចោទ​​ក្លែង​បន្លំ​ស្នាមមេដៃ

0:00 / 0:00

ស្ថាបនិក​​គណបក្ស​បេះដូង​ជាតិ​លោក​ ​សៀម​ ​ភ្លុក​ ​ថា​លោក​បាន​ត្រៀម​មេធាវី​ ​និង​ភស្តុតាង​ដោះបន្ទុក​គ្រប់គ្រាន់​ហើយ​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ក្លែងបន្លំ​ស្នាមមេដៃ​។​ ​ការ​អះអាង​នេះ​ ​ធ្វើឡើង​តប​ទៅ​នឹង​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង​​​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​​លោក​ ​សេង​ ​ហៀង​ ​ដែល​ឲ្យ​លោក​ ​សៀម​ ​ភ្លុក​ ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​​នៅ​ថ្ងៃ​ទី​​២២​ ​ខែ​​មីនា​ ​ខាងមុខ​។​

ទោះបីជា​លោក​មិនទាន់​បាន​ទទួល​ដីកា​ពីតុលាការ​​ជា​ផ្លូវការ​យ៉ាងណាក្ដី​ ​ក៏​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​លោក​ ​សៀម​ ​ភ្លុក​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​យប់​ថ្ងៃ​ទី​ ​៦​ ​ខែ​​មីនា​ ​ថា​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់ទៅហើយ​ ​ដើម្បី​តតាំង​រឿងក្ដី​នេះ​។

មិន​ត្រឹមតែ​ត្រៀម​ខ្លួន​រួចរាល់​នោះ​ទេ​ ​លោក​ថែមទាំង​មាន​សង្ឃឹម​យ៉ាង​មុតមាំ​​ថា ​នឹង​ឈ្នះក្តី​នេះ​ទៀត​ផង​។​ ​ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ​ដែល​រង​ឥទ្ធិពល​ពី​បក្ស​កាន់អំណាច​បែប​នេះ​ ​លោក​ថា​លោក​មិនមែន​ឈ្នះក្តី​ក្នុង​តុលាការ​ទេ​ ​គឺ​ឈ្នះក្តី​លើ​សមានចិត្ត​ពី​ពលរដ្ឋ​៖ «អ្វីៗ​វា​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ ​ព្រោះ​តុលាការ​យើង​ដឹង​ស្រាប់ហើយ​ ​គាត់​ស្ថិត​ក្រោម​គំនាប​គណបក្ស​កាន់អំណាច​ អ៊‍ីចឹង​ការ​សម្រេច​ចិត្ត​របស់​គាត់​ ​ទោះបីជា​យើង​មាន​ភ័ស្តុ​តាង​ដាក់​បន្ទុក​មាំទាំ​យ៉ាងណា​ ​មានហេតុ​ផល​យ៉ាងណា​ ​ពេល​ដែល​គាត់​សម្រេច​ចិត្ត​យ៉ាងណា​ហើយ​ ​នោះ​យើង​ត្រូវតែ​ទទួលយក​តាម​ហ្នឹង​ ! ​ ទោះបី​មិន​ឈ្នះ​លើ​ក្រដាស​ ​ប៉ុន្តែ​យើង​អាច​ឈ្នះ​ទឹកចិត្ត​ឈ្នះ​មតិ​ជាតិ​និង​អន្តរជាតិ​។​ ​ប្រហែលជា​គេ​មិន​យល់ព្រម​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ដែរ​នៅ​ពេលខ្លះ»

បណ្តឹង​ប្តឹង​ចោទប្រកាន់​លោក​ ​សៀម​ ​ភ្លុក​ ​ពី​បទ​ក្លែង​បន្លំ​ស្នាមមេដៃ​នេះ​ ​ធ្វើឡើង​ក្រោយ​ពី​លោក​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​កំពូល​ ​ប្តឹង​ទាស់​សេចក្តី​សម្រេច​របស់​​​ក្រសួងមហាផ្ទៃ​ដែល​បាន​បដិសេធ​សំណើ​សុំ​ចុះឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ ​ទៅ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​។​ ​ប៉ុន្តែ​ ​តុលាការ​កំពូល​ ​កាលពី​ចុង​ឆ្នាំ​២០២១​ ​បាន​សម្រេច​តាម​ក្រសួងមហាផ្ទៃ​ដដែល​ ​និង​បិទផ្លូវ​តវ៉ា​។​ ​កាលណោះ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក​ ​ខៀវ​ ​សុភ័គ​ ​ធ្លាប់​ព្រមាន​លោក​ ​សៀម​ ​ភ្លុក​ ​តាម​សារ​ព័ត៌មាន​ក្នុងស្រុក​(​រស្មី​កម្ពុជា​) ​ថាបើ​ក្រសួងមហាផ្ទៃ​ប្ដឹង​វិញ​ ​ប្រយ័ត្ន​ជាប់គុក​។

វិទ្យុ​អាស៊ី​សេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក​ ​ខៀវ​ ​សុភ័គ​ ​បាន​នៅឡើយ​ទេ​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​​មីនា​ ​ដោយសារ​ទូរស័ព្ទ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​។​

ក្រសួងមហាផ្ទៃ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មីនា​ ​បាន​ប្រកាស​លុបឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ​ ​ដោយ​អះអាង​ថា​ការ​លុបឈ្មោះ​នេះ​ ​គឺ​ធ្វើឡើង​តាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​និង​ក្រោយ​សេចក្តី​សម្រេច​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​។​ ​មូលហេតុ​នៃ​ការ​លុបឈ្មោះ​គណបក្ស​បេះដូង​ជាតិ​នេះ​ ​គឺ​ក្រសួងមហាផ្ទៃ​អះអាង​ថា​ ​មាន​ភ័ស្តុតាង​បង្ហាញ​ថា​គណបក្ស​នេះ​ ​ប្រព្រឹត្ត​ខុសច្បាប់​ក្នុង​ដំណើរការ​ដាក់ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​ ​ដោយមាន​ការ​ផ្ដិតមេដៃ​ជំនួស​ ​ក្លែង​បន្លំ​អត្តសញ្ញាណ​បុគ្គល​ ​ការ​ផ្ដិតមេដៃ​ធ្វើឲ្យខូច​គុណភាព​ដើម្បី​បង្កើន​ចំនួន​អ្នកគាំទ្រ​ ​និង​លក្ខន្តិកៈ​បក្ស​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជាដើម​។​

ប៉ុន្តែ​លោក​ ​សៀម​ ​ភ្លុក​ ​ថា​ការ​លើកឡើង​របស់​​​ក្រសួងមហាផ្ទៃ​នេះ​ ​គឺ​មាន​ចរិត​នយោបាយ​ ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​ ​និង​ជា​លេស​មិន​ចង់​ចុះបញ្ជី​គណបក្ស​បេះដូង​ជាតិ​ ​ដែល​លោក​ថា​ជា​គណបក្សប្រឆាំង​មួយ​ដែរ​តែប៉ុណ្ណោះ​។​

លោក​ថា ​ការ​ប្តឹង​បក​មក​លោក​វិញ​បែប​នេះ​ ​គឺជា​រូបភាព​គំរាមកំហែង​បន្ថែម​ទៀត​ ​និង​មិន​ចំណេញ​អ្វី​ទាំងអស់​ដល់​កម្ពុជា​។​ ​លោក​ ​សៀម​ ​ភ្លុក​ ​ថា​ដើម្បី​ប្រយោជន៍​ជាតិ​ ​និង​មុខមាត់​កម្ពុជា​ ​លោក​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​នេះ​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ៖ «ខ្ញុំ​ជឿ​ថា​ ការ​គំរាមកំហែង​ ​ធ្វើទុក្ខបុកម្នេញ​មក​លើ​រូប​ខ្ញុំ​ ​ដែល​ជា​តំណាង​ស្ថាបនិក​នៃ​គណបក្ស​នយោបាយ​មួយ​ ​វា​អត់​បាន​ចំណេញ​អ្វី​ដល់​បក្ស​កាន់អំណាច​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​វា​បានតែ​ការរិះគន់​ ​និង​ការ​ចម្អក​ឡកឡឺយ​ពី​មហាជន​ ​ពី​ខ្ញុំ​ក៏​អត់​បាន​ទៅ​ធ្វើអ្វី​ខុសច្បាប់​ ​ឬ​ទៅ​ប្រព្រឹត្ត​អ្វី​បង្ក​ឧក្រិដ្ឋកម្ម​ ​បង្ក​ព្យសនកម្ម​សង្គម​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សង្គម​ ​វា​អត់​។​ ​អានេះ​យើង​តស៊ូ​មតិ​ទៅ​តាមច្បាប់»

បើ​ទោះបីជា​គ្មាន​គណបក្ស​បេះដូង​ជាតិ​ក៏ដោយ​ក៏​លោក​ ​សៀម​ ​ភ្លុក​ ​ជឿ​ថា​មន្រ្តី​និង​សកម្មជន​គណបក្ស​នេះ​ ​នឹង​នាំគ្នា​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែល​លោក​ថា​ ជា​គណបក្សប្រឆាំង​ធំ​មួយ​ដែល​មានលទ្ធភាព​តតាំង​នឹង​គណបក្ស​កាន់អំណាច​បាន​នៅ​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាងមុខ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។