ព្រឹទ្ធសភារបបក្រុងភ្នំពេញបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ ដោយគ្មានការកែប្រែ នៅថ្ងៃទី៩ ធ្នូនេះ។ របបលោក ហ៊ុន សែន គ្រោងចំណាយថវិកាជាង៨ ពាន់លានដុល្លារ សម្រាប់ការគ្រប់គ្រងរដ្ឋនៅឆ្នាំ២០២០ ដែលកើនឡើងជាង ២ពាន់លានដុល្លារអាមេរិក ធៀបនឹងគម្រោងចំណាយឆ្នាំ២០១៩ កន្លងទៅ។ ទន្ទឹមនឹងនេះ របបលោក ហ៊ុន សែន គ្រោងខ្ចីបំណុលបរទេសជិត ២ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីយកមកបង្គ្រប់ការចំណាយនេះ ស្របពេលកម្ពុជាកំពុងជំពាក់បំណុលបរទេសជាង៧ ពាន់លានដុល្លារអាមេរិក។
របបក្រុងភ្នំពេញ អះអាងថា គម្រោងចំណាយជាង៨ពាន់លានដុល្លារនៅឆ្នាំ២០២០ គឺជាការធានានិរន្តរភាពនៃប្រតិបត្តិការរបស់ប្រទេស និងសម្រាប់ធ្វើការកែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជា សំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត។
ទោះជាយ៉ាងណា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវរបបក្រុងភ្នំពេញរំលាយចោល និងអ្នកឃ្លាំមើលសង្គមយល់ឃើញប្រហាក់ប្រហែលគ្នាថា គម្រោងចំណាយរបស់រដ្ឋជារៀងរាល់ឆ្នាំ ធ្វើឡើងដោយខ្វះតម្លាភាព ហើយទំនងជាមួយផ្នែកត្រូវបាត់ដោយសារអំពើពុករលួយ ជាពិសេសនៅពេលកម្ពុជាគ្រប់គ្រងដោយរបបឯកបក្ស ដែលរាល់ការសម្រេចចិត្តស្ថិតនៅលើកណ្តាប់ដៃលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
