មន្ត្រី​បក្ស​ប្រឆាំង ៧នាក់ មិន​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ភ្នំពេញ​ដែល​កាត់​ទោស​ដាក់​គុក​ពួក​គេ​ចន្លោះ​ពី ១៨ខែ ទៅ ៣ឆ្នាំ

ដោយ ជាតិ ចំណាន
2022.08.12
Share on WhatsApp
Share on WhatsApp
មន្ត្រី​បក្ស​ប្រឆាំង ៧នាក់ មិន​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ភ្នំពេញ​ដែល​កាត់​ទោស​ដាក់​គុក​ពួក​គេ​ចន្លោះ​ពី ១៨ខែ ទៅ ៣ឆ្នាំ (ពីឆ្វេងទៅស្ដាំ) អ្នកស្រី កឹម តុលា អ្នកស្រី ឡាញ់ ថាវរី លោក ម៉ោញ សារ៉ាត់ លោក ម៉ន ផល្លា និង​ស្ដាំ លោក ឡុង រី ក្នុង​​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ៧នាក់ ដែល​តុលាការ​ប្រកាស​សាលក្រមផ្ដន្ទាទោសកាល​ពី​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ២០២២ ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១៨ខែ ទៅ ៣ឆ្នាំ។
រូប៖ ហ្វេសប៊ុក

មន្ត្រី​គណបក្ស​ប្រឆាំង ច្រាល​ចោល​ការ​សម្រេច​របស់​តុលាការ ដែល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ លើ​ពួក​គេ​ដោយ​អយុត្តិធម៌។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៧នាក់ និង​ពលករ​ដែល​គាំទ្រ​បក្ស​នេះ​ម្នាក់​ដាក់​ពន្ធនាគារ​ពី ១៨ខែ​ទៅ ៣ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ប្រមាថ​ព្រះមហាក្សត្រ​។

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា ការដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ​ពួក​គេ​ម្នាក់ៗ ចន្លោះ​ពី ១៨ខែ និង ៣ឆ្នាំ ជា​ការ​កាត់​ក្ដី​លេង​សើច និង​ធ្វើ​ឡើង​តាម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន។

ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក​ ម៉ន ផល្លារ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១១ សីហា​ថា លោក​​ភ្ញាក់​ផ្អើល​នៅ​ពេល​ទទួល​ដំណឹង​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ១៨ខែ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។ លោក​បញ្ជាក់​ថា លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ លោក​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា ជា​វិធាន​ការ​រារាំង​​​ពួក​លោក​ដែល​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង កុំ​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ធ្វើ​សកម្មភាព​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជា​មួយ​គណបក្ស​កាន់​អំណាច នៅ​ឆ្នាំ២០២៣ ខាង​មុខ៖ «ចំពោះ​ការ​តាម​ចាប់​ខ្លួន​ខ្ញុំ​នេះ​សម្រាប់​ការ​រស់​នៅ បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន​ជា​ទូទៅ​ខ្ញុំ​តែង​តែ​ព្រួយបារម្ភ។ ដោយ​យល់​ឃើញ​ថា តុលាការ ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​គេ​អាច​សហការ ឬ​ក៏​ចាប់​ខ្លួន​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ។ តែ​ខ្ញុំ​សង្ឃឹម​ថា តុលាការ​ក៏​ដូច​ជា​សមត្ថកិច្ច​នៃ​ប្រទេស ដែល​ខ្ញុំ​កំពុង​រស់​នៅ​នេះ​មិន​ធ្វើ​តាម​បញ្ជា​របស់​តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ​ទេ»

ប្រតិកម្ម​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឃុន សូណា ប្រកាស​សាលក្រម កាល​ពី​ថ្ងៃ​ទី១០ សីហា ផ្ដន្ទាទោស​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧នាក់ ក្នុង​នោះ​ប្រកាស​ដោយ​កំបាំង​មុខ ៥នាក់ រួម​មាន លោក ឡុង រី លោក ម៉ោញ សារ៉ាត់ លោក ម៉ន ផល្លា លោក ម៉ែន សុថាវរិន្ទ អ្នកស្រី កឹម តុលា។ ចំណែក​អ្នកស្រី ឡាញ់ ថាវរី ប្រកាស​នៅ​ចំពោះ​មុខ​តុលាការ ដែល​កាត់​ទោស​ដាក់​ពន្ធនាគារ ១៨ខែ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ពលករ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ម្នាក់ គឺ​លោក ម៉ិច ហ៊ាង ប្រកាស​នៅ​ចំពោះ​មុខ​តុលាការ​កាត់​ក្ដី​ដាក់​ពន្ធនាគារ ៣ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ប្រមាថ​ព្រះមហាក្សត្រ។

សារព័ត៌មាន​វីអូឌី (VOD) បាន​ដក​ស្រង់​សំដី​របស់​លោក ម៉ិច ហ៊ាង ស្រែក​នៅ​ក្នុង​បន្ទប់​សវនាការ​ថា ការ​សម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តិធម៌​លោក​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ប្រកាស​សាលក្រម​រួច​ភ្លាមៗ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ លោក ឃុន សូណា ក៏​បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត ដែល​កំពុង​គេច​ខ្លួន​នៅ​ក្រៅ​ប្រទេស​យក​មក​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​ដែរ។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ​មើល​ឃើញ​ថា សាលក្រម​ផ្ដន្ទាទោស​លើ​មន្ត្រី​បក្ស​ប្រឆាំង​នេះ នឹង​ធ្វើ​ឱ្យ​មហាជន​រិះគន់​ដល់​តុលាការ​ខ្មែរ​ថា ជា​ការ​កាត់​ក្ដី​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​ជា​ការ​បំពេញ​តួនាទី​តាម​ការ​ចង់​បាន​របស់​គណបក្ស​កាន់​អំណាច។ លោក​បញ្ជាក់​ថា ស្ថានភាព​បែប​នេះ ​អ្នក​នយោបាយ​គួរតែ​ស្ដារ​ស្ថានការណ៍​ឡើង​វិញ​តាម​ការ​ស្នើសុំ​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បាន​ចំណេញ​ដល់​ផលប្រយោជន៍​ជាតិ៖ «គួរតែ​គិត​គួរ​ពិចារណា​បើក​ឱ្យ​ទូលំទូលាយ​ឡើង​វិញ ហើយ​ពិនិត្យ​មើល​ក្នុង​ការ​រាល់​បទ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​នយោបាយ ដែល​គ្រាន់​តែ​ប្រើ​នូវ​ទស្សនៈ​នយោបាយ ឬ​ក៏​និន្នាការ​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន។ ចំណុច​ទាំង​អស់​នេះ​គួរ​តែ​ទម្លាក់​ចោទ​ការ​ចោទ​ប្រកាន់ ហើយ​បើ​អ្នក​នៅ​ក្នុង​ឃុំ​គួរតែ​ដោះ​លែង​ឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​ពួក​គេ​អាច​រួម​រស់​ក្នុង​គ្រួសារ​និង​បន្ត​នូវ​សកម្មភាព​នយោបាយ​របស់​ខ្លួន​សម្រប​តាម​សង្គម​ប្រជាធិបតេយ្យ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា»

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ ក្នុង​នោះ​សកម្មជន​មួយ​ចំនួន ត្រូវ​បាន​តុលាការ​កាត់ក្ដី​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​កន្លះ ៣ឆ្នាំ ៥ឆ្នាំ និង ៧ឆ្នាំ។ ករណី​សកម្មជន​ខ្លះ​ទៀត តុលាការ​កាត់ទោស៥ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅសល់​ព្យួរ​។ តុលាការ​ក៏​កំពុង​បើក​សវនាការ​លើ​សកម្មជន​មួយ​ចំនួន​ទៀត ពី​បទ​ញុះញង់ រួមគំនិត​ក្បត់ និង​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់បង្គាប់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្សី កាលពី​ចុង​ឆ្នាំ២០១៩ និង​យុទ្ធនា​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ២០១៨។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​បាន​ចាត់​ទុក​រឿង​ក្ដីក្ដាំ​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់ ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។