តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នៅ​ថ្ងៃ​ទី២៧ កក្កដា

ដោយ ទីន ហ្សាការីយ៉ា
2022.07.25
តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នៅ​ថ្ងៃ​ទី២៧ កក្កដា (រូបឯកសារ) ខាងឆ្វេង៖ ​លោក សៀម ភ្លុក ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ និង​ខាង​ស្ដាំ៖ លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​របស់​លោក។
រូប៖ ហ្វេសប៊ុកលោក សៀម ភ្លុក និង RFA

តុលាការ​កំពូល​នឹង​ប្រកាស​សេចក្ដី​សម្រេច​សុំ​នៅ​ក្រៅ​ឃុំ​របស់​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ នៅ​ថ្ងៃ​ទី២៧ កក្កដា។ មេធាវី​ការពារ​ក្ដី លោក ជូង ជូងី ស្នើសុំ​តុលាការ​កំពូល​ដោះ​លែង​លោក សៀម ភ្លុក ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​សំអាង​ថា កូន​ក្ដី​របស់​មិន​បាន​ប្រព្រឹត្ត​កំហុស​នាំ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក សៀម ភ្លុក នឹង​ប៉ះពាល់​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។

តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក នៅ​ព្រឹក​ថ្ងៃ​ទី២៥ កក្កដា ដោយ​បាន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក និង​មេធាវី​របស់​លោក​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ទាក់ទង​នឹង​បណ្ដឹង​សា​ទុក្ខ​នេះ។

លោក សៀម ភ្លុក បាន​ស្នើសុំ​ឱ្យ​តុលាការ​កំពូល​ដោះ​លែង​លោក​ឱ្យ​មាន​សេរីភាព ដោយ​លោក​ថា លោក​គ្មាន​ចេតនា​ក្លែង​បន្លំ​ស្នាម​មេដៃ​ណា​មួយ ក្នុង​ការ​ចុះ​បញ្ជី​បង្កើត​គណបក្ស​កន្លង​មក​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត លោក​កំពុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ស្នើសុំ​ឱ្យ​មាន​អន្តរាគមន៍​ពី​តុលាការ​កំពូល ចំពោះ​សកម្មភាព​របស់​មន្ត្រី​នៅ​ពន្ធនាគារ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​មក​លើ​រូប​លោក ប្រៀប​ដូច​ជា​ជន​មាន​ទោស ខណៈ​លោក​មិន​ទាន់​ត្រូវ​បាន​កាត់​ក្ដី​ថា មាន​ទោស​នៅ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​ស្នើសុំ​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​ក្នុង​ឋានៈ​លោក​មិន​មែន​ជា​ជន​មាន​ទោស​របស់​លោក សៀម ភ្លុក នេះ តុលាការ​កំពូល​លើក​ឡើង​ថា ការ​គ្រប់គ្រង​ជនជាប់ចោទ មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ​កំពូល​នោះ​ទេ ហើយ​តុលាការ​កំពូល​បាន​ឱ្យ​លោក សៀម ភ្លុក រក​ដំណោះស្រាយ​ពី​អយ្យការ​អម​សាលាដំបូង​ភ្នំពេញ​វិញ។ ដោយឡែក ចំពោះ​សេចក្ដី​សម្រេច​លើ​បណ្ដឹង​សា​ទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក សៀម ភ្លុក តុលាការ​កំពូល​នឹង​ប្រកាស​នៅ​ព្រឹក ថ្ងៃទី២៧ កក្កដា ខាងមុខ។

នៅ​ក្នុង​ដំណើរ​ការ​សវនាការ​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក គឺ​លោក ជួង ជុងងី បាន​ស្នើសុំ​ឱ្យ​តុលាការ​កំពូល ដោះលែង​កូនក្ដី​របស់​លោក​មាន​សេរីភាព​វិញ ដោយ​សំអាង​ថា កូនក្ដី​របស់​លោក​ជា​មនុស្ស​ស្អាតស្អំ ហើយ លោក សៀម ភ្លុក មិន​មែន​ជា​អ្នក​រៀបចំ​ដោយ​ផ្ទាល់​ដៃ​ក្នុង​ការ​ដាក់​ឯកសារ​ទៅ​ក្រសួង​មហាផ្ទៃ​កន្លង​មក​នោះ​ទេ។ ជាមួយ​គ្នា​នេះ ដើម្បី​ធានា​ថា ទោះ​បី​ជា​កូន​ក្ដី​របស់​លោក​នៅ​ក្រៅ​ឃុំ ហើយ​មិន​នាំ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​កាត់​ក្ដី លោក​បាន​ស្នើសុំ​តុលាការ​កំពូល​ឱ្យ​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​មក​លើ​លោក សៀម ភ្លុក នៅ​ពេល​នៅ​ក្រៅ​ឃុំ ជា​ជាង​បន្ត​ឃុំ​ខ្លួន​កូន​ក្ដី​របស់​លោក​ដោយ​អយុត្តិធម៌៖ «ហើយ​ម្យ៉ាង​ទៀត​ក្នុង​ករណី​ថា ឯកសារ​អស់​ហ្នឹង​មាន​ការ​ក្លែងបន្លំ ក៏​បាន​ផ្ដល់​ព្យសនកម្ម​ដល់​ក្រសួង​មហាផ្ទៃ​ដែរ វា​បាន​ន័យ​ថា អត់​មាន​អ្នក​ខូចខាត​ប្រយោជន៍ ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ឯកសារ​អស់​ហ្នឹង​បាទ»

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​ទៅ​អគ្គលេខាធិការ​តុលាការ​កំពូល លោកស្រី ម៉ៅ ធីតា ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​បន្ថែម​អំពី​រឿង​នេះ​បាន​ទេ នៅថ្ងៃទី២៥ កក្កដា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​ករណី​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត លើក​ឡើង​ថា លោក សៀម ភ្លុក មិន​មាន​ចេតនា​ណា​មួយ​ក្នុង​ការ​ក្លែងបន្លំ​ឯកសារ​ឡើយ ដោយ​លោក​ចាត់​ទុក​ថា ការ​ផ្ដិត​មេដៃ​មិន​ប្រក្រតី ដែល​ក្រសួង​មហាផ្ទៃ​បាន​ចោទ​មក​លើ​លោក សៀម ភ្លុក នោះ គ្រាន់តែ​ជា​កំហុស​ឆ្គង​មិន​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ៖ «ការ​ដោះ​លែង​ឱ្យ​លោក សៀម ភ្លុក ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន វា​ជា​ការ​មួយ ជួយ​កាត់​បន្ថយ​នៅ​ភាព​តានតឹង អើ​ផ្នែក​ការ​រិះគន់ ទាក់ទង​នឹង​បញ្ហា បរិយាកាស​នយោបាយ»

គិត​មក​ដល់​ថ្ងៃ​នេះ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៣ខែ​មក​ហើយ ដោយ​លោក​ត្រូវ​បាន​សាលា​ដំបូង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក កាល​ពី​ថ្ងៃ​ទី២៨ មិថុនា កន្លង​ទៅ​ក្រោម​បទ​ចោទ​ប្រកាន់​ ករណី​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ២០២១។

សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ កន្លង​មក​តែង​លើក​ឡើង​ថា ការ​ឃុំ​ខ្លួន​លោក សៀម ភ្លុក គឺ​ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​បំបាក់​ស្មារតី​ផ្នែក​នយោបាយ​ទៅ​លើ​សកម្មជន​នយោបាយ ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ សង្គម​ស៊ីវិល បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដោះ​លែង​លោក សៀម ភ្លុក ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​លើក​កម្ពស់​លំហ​សេរីភាព​នយោបាយ មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ២០២៣ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។