អ្នក​គាំទ្រ​ទៅ​ពី​ក្រៅ​ប្រទេស កំពុង​ធ្វើ​សកម្មភាព​ដើរ​ប្រមូល​ពលករ​​ខ្មែរ​នៅ​​ប្រទេស​ថៃ​បន្ថែម​ទៀត ​ដើម្បី​​អម​ដំណើរ​លោក សម រង្ស៊ី ​​

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ពី​ក្រៅ​ប្រទេស ប្រាប់​ថា​ ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដើរ​ប្រមូល​ពលករ នៅ​តាម​តំបន់​ផ្សេងៗ​បន្ថែម ក្នុង​ប្រទេស​ថៃ ត្រៀម​អម​ដំណើរ ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ធ្វើ​មាតុភូមិ​និវត្តន៍។ ពួកគេ​ ជឿ​ថា លោក សម រង្ស៊ី នឹង​អាច​ចូល​ប្រទេស​ថៃ​បាន​​ឆាប់ៗ​នេះ ហើយ​អាច​​ដឹកនាំ​ពលករ ដើរ​ឆ្លង​ចូល​កម្ពុជា​បាន។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រស់​នៅ​ប្រទេស​នូវែលហ្សេឡង់​ម្នាក់ លោក សៅ រ៉ាស៊ី ប្រាប់​ថា លោក​បាន​សុំ​ច្បាប់​ពី​កន្លែង​ធ្វើការ​ងារ ចំនួន ២ខែ ហើយ​ឥឡូវ កំពុង​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី ដើរ​ចូល​ប្រទេស​កម្ពុជា គ្រប់​ពេល។ លោក​ថា​បច្ចុប្បន្ន លោក និង​ពលរដ្ឋ​ខ្មែរ​ឯ​ទៀត កំពុង​ដើរ​កៀរគរ​ពលករ​ខ្មែរ​ នៅ​ប្រទេស​ថៃ​បន្ថែម​ទៀត ខណៈ​លោក សម រង្ស៊ី កំពុង​ធ្វើ​កិច្ចការ​របស់​លោក នៅ​ប្រទេស​ម៉ាឡេស៊ី។ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​នូវែលហ្សេឡង់​រូប​នេះ ​អំពាវនាវ​ឲ្យ​​មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ កុំ​វាយ​បង្ក្រាប​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​បំណង​ចង់​ស្ដារ​ប្រជាធិបតេយ្យ៖ « អស់​លោក​ភ្ញាក់​ឡើង។ ពួក​យើង​ ដែល​ទៅ​នៅ​ក្រៅ ពួក​ខ្ញុំ​បាន​សុខ​​រួច​អស់​ហើយ។ ខ្ញុំ​មិន​មក​ប្រទេស​ខ្មែរ​រាប់​សិប​ឆ្នាំ ក៏​ខ្ញុំ​រស់​ កូនចៅ​របស់​ខ្ញុំ​ទៅ​នៅ​​ទី​នោះ​អស់​ហើយ​ហ្នឹង ហើយ​ខ្ញុំ​មក​ដើម្បី​អ្វី ? ដើម្បី​អស់​លោក នៅ​ខាង​ក្នុង​ហ្នុង គ្រួសារ​អស់​លោក នៅ​ខាង​ក្នុង​ហ្នុង ម្ដេច​អត់​ឃើញ​អត់​គិត​អ៊ីចឹង ? មេ​ឲ្យ​ធ្វើ​ប្រាំ យើង​ទៅ​ធ្វើ​ដល់​ម្ភៃ ដល់​ដប់ ហើយ​សម្លាប់​អ្នក​ណា សម្លាប់​តែ​ខ្មែរ​គ្នា​​ឯង»

ចំណែក​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់​ទៀត លោក អ៊ុយ ដាលេ ប្រាប់​ថា លោក​កំពុង​ស្នាក់​នៅ​​​ដី​ថៃ ក្បែរ​ព្រំដែន​ខ្មែរ ប៉ោយប៉ែត ច្រើន​ថ្ងៃ​ហើយ។ លោក​អះអាង​ថា ទឹក​ចិត្ត​របស់​លោក និង​អ្នក​គាំទ្រ​ផ្សេង​ទៀត គឺ​ដូច​គ្នា យល់​អារម្មណ៍​នឹង​ទុក្ខ​លំបាក​របស់​លោក សម រង្ស៊ី ដែល​មិន​អាច​ចូល​ប្រទេស​ថៃ​បាន។ ដូច្នេះ លោក​នឹង​បន្ត​រង់ចាំ​លោក សម រង្ស៊ី ត​ទៀត ដោយ​សង្ឃឹម​ថា ថៃ នឹង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូល ដើម្បី​ដឹកនាំ​ពលករ​ពី​ប្រទេសថៃ​ចូល​ទៅ​​កម្ពុជា។

លោក អ៊ុយ ដាលេ បន្ត​ថា ប៉ុន្មាន​ថ្ងៃ​នេះ លោក​ថត​បាន​សកម្មភាព​យោធា​ថៃ និង​ខ្មែរ រឹតត្បិត​ពលករ​​ច្រើន​ណាស់ ហើយ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា លោក​នឹង​យក​វីដេអូ​​ទាំង​នោះ ទៅ​ដាក់​ប្ដឹង​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក ដើម្បី​ឲ្យ​ជួយ​​អន្តរាគមន៍។ ចំណែក​ស្ថានភាព​ ​​នៅ​ម្ដុំ​ព្រំដែន​ថៃ​​ ​​នៅ​តំបន់​ផ្សារ​រុងក្លឿ និង​តំបន់​ក្បែរៗ​នោះ នៅ​ថ្ងៃ​ទី​១១​វិច្ឆិកា មិន​សូវ​មាន​ដាក់​ពង្រាយ​កង​កម្លាំង​ថៃ និង​រឹត​បន្តឹង​ខ្លាំង ដូច​​កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា​​ឡើយ៖ « ខ្ញុំ​នឹង​នៅ​រង់ចាំ​នៅ​ហ្នឹង​បាងកក​ហ្នឹង គឺ​រង់ចាំ​រហូត​ដល់​ថ្ងៃ ដែល​ខ្ញុំ​ត្រូវ​ត្រលប់​ទៅ​វិញ ហើយ​ខ្ញុំ​អត់​ទៅ​ណា ឆ្ងាយ​ពី​ព្រំដែន​ទេ»

គិត​មក​ដល់​ថ្ងៃ​ទី១១ វិច្ឆិកា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​ទាន់​សម្រេច​ផែន​ការ​វិល​ប្រទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ លោក សម រង្ស៊ី បាន​ប្រកាស​ថា លោក​នៅតែ​រក្សា​ជំហរ​ ដឹកនាំ​ពលរដ្ឋ​ខ្មែរ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ ឱ្យ​​ទាល់​តែ​បាន​ក្នុង​ពេល​ដី​ខ្លី​ខាង​មុខ​នេះ និង​អំពាវនាវ​ឱ្យ​អ្នក​គាំទ្រ​ តាំងចិត្ត​ឱ្យ​ខ្ពស់​ចូលរួម​ផ្លាស់ប្ដូរ​ជាមួយ​លោក។ លោក សម រង្ស៊ី ប្រកាស​ថា ថ្ងៃ​ទី​៩ វិច្ឆិកា គ្រាន់​តែ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ប៉ុណ្ណោះ ហើយ​ផែនការ​នេះ​ ទទួល​បាន​ជោគជ័យ ៧០​ភាគ​រយ​​ហើយ។

ចំណែក​របប​ក្រុង​ភ្នំពេញ ក៏​មិន​ទាន់​​មាន​ផែនការ​ដក​​ទ័ព ឬ​ប្រកាស​ឲ្យ​​កង​កម្លាំង​ប្រដាប់​អាវុធ ដក​ចេញ​ពី​ព្រំដែន​ខ្មែរ​​ថៃ និង​​ប្រលានយន្តហោះ​​ឡើយ។ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បន្ត​ការ​រឹត​បន្តឹង​ និង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បន្ត​ទៀត នៅ​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា ដរាប​ណា លោក សម រង្ស៊ី មិន​ព្រម​បញ្ឈប់​ផែនការ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ៖ « ព្រោះ​រឿង​នេះ វា​មិន​មែន​ចប់​ត្រឹម​ថ្ងៃ​ទី​០៩ វិច្ឆិកា​ទេ។ នៅ​មាន​ត​ភាគៗ ដរាប​ណា អា​ឆ្កែ​មួយ​ក្បាល​នេះ វា​មិន​ព្រម​ប្រកាស​បញ្ចប់​ យើង​ក៏​នៅ​តែ​បន្ត ម្ល៉ោះ​ហើយ​អ្នក​គាំទ្រ​ ត្រូវ​តែ​រងគ្រោះៗ»

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​ថៃ លោក លី រតនៈ​រស្មី ប្រាប់​ថា ថ្វី​បើ​ពលករ និង​ អ្នក​គាំទ្រ​​​ទាំង​អស់ មិន​បាក់​ទឹក​ចិត្ត តែ​អាជ្ញាធរ​ថៃ កំពុង​រឹត​បន្តឹង​លើ​ពួក​គេ ដូច្នេះ​ហើយ លោក​នឹង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ខ្លះ​ទៀត កំពុង​ស្វះស្វែង​រក​ការ​អន្តរាគមន៍​ពី​អង្គការ​ និង​សហគមន៍​អន្តរជាតិ។ លោក​ថា ពលរដ្ឋ​ខ្មែរ​មក​ពី​ក្រៅ​ប្រទេស និង​ពលករ​ខ្លះ ដែល​បាន​​ចាកចេញ​ពី​​ប្រទេស​ថៃ រយៈ​ពេល​ខ្លី​ គឺ​ដើម្បី​បន្ត​ទិដ្ឋាការ​ (VISA) ហើយ​ពួកគេ​នឹង​ត្រលប់​ចូល​ប្រទេស​ថៃ​វិញ នៅ​ពេល​ទទួល​បាន​ទិដ្ឋាការ។​ ចំណែក​ ស្ថានភាព​ពលករ​នៅ​ប្រទេស​ថៃ​វិញ លោក លី រតនៈ​រស្មី ប្រាប់​ថា ​មាន​អ្នក​ខ្លះ​បន្ត​សម្រាក អ្នក​ខ្លះ​ចូល​ធ្វើការ​វិញ ខណៈ​អ្នក​ខ្លះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា។ តែ​យ៉ាង​ណា លោក​អះអាង​ថា ពួក​គេ​ត្រៀម​ខ្លួន​គ្រប់​ពេល ក្នុង​ការ​ធ្វើ​សកម្មភាព​អម​ និង​ទទួល​ដំណើរ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។