មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​តាម​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៦នាក់​នៅ​ក្រៅ​ប្រទេស​

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ ស្វែង​រក​ចាប់​ខ្លួន​ពួកគេ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ លោក​ ម៉ន ផល្លា ​ប្រាប់​អាស៊ី​សេរី​ថា​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​សកម្មជន​គណបក្ស​៦​នាក់​នៅ​ក្រៅ​ប្រទេស​ដែល​ហ៊ាន​និយាយ​រិះគន់​របប​លោក ហ៊ុន សែន​ឥត​សំចៃ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។​

លោក​ ម៉ន ផល្លា​ បញ្ជាក់​ថា​ ក្នុង​ចំណោម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្វែងរក​ចាប់​ខ្លួន​មាន ៥នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ថៃ​ ក្នុង​នោះ​មាន​លោក​ នាង សុឃុន ដែល​ហ៊ាន​ ​រិះ​គន់​បញ្ហា​សុខភាព​លោក​ ហ៊ុន សែន ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែ​ន ​ ​ ព្រមទាំង​ប្រកាស​ត្រៀមខ្លួន​ជាមួយ​ក្រុម​កម្មករ​នៅ​ក្នុង​ទីក្រុង​បាងកក​ ដើម្បី​ចាំ​ទទួល​លោក​ សម រង្ស៊ី​ វិល​ចូល​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ ខាងមុខនេះ៖ « ចុង​ក្រោយ​នេះ​គឺ​ថា​ ពួកគាត់​បាន​សំដែង​មតិ​តាម​ព័ត៌មាន​សង្គម​គឺ​គាត់​បាន​បញ្ចេញ​សារ​ទាក់ទង​ទៅ​នឹង​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ថ្នាក់​ដឹកនាំ​វិល​ត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ »

អាស៊ី​សេរី​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​កម្ពុជា​នៅ​ឡើយ​ទេ កាល​ពីថ្ងៃទី៦​កញ្ញា​ ប៉ុន្តែ​លោក ហ៊ុន សែន ធ្លាប់​ព្រមាន​ថា អាជ្ញាធរ​អាច​នឹង​ឃាត់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​លាក់​ខ្លួន​នៅ​ថៃ ប្រសិន​បើ​ពួក​គេ​ចង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។