ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នឹង​បម្រាម​របស់​អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​​រឿង​មិន​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ចេញ​ក្រៅ​ប្រទេស​ អំឡុង​ពេល​​លោក សម រង្ស៊ី ​វិល​ត្រឡប់​

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​​រិះគន់​អាជ្ញាធរ​ខេត្ត​​ ដែល​​បាន​ហាមឃាត់​មន្ត្រី​ក្រោម​ឱវាទ មិន​ឱ្យ​​សុំ​ច្បាប់​សម្រាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ចាប់​ពី​ចុង​ខែ​តុលា​នេះ​ដល់​ថ្ងៃ​ទី១៣ វិច្ឆិកា​​ខាង​មុខ។ ពលរដ្ឋ​ថា នេះ​ជា​ការ​កៀរគរ​មន្ត្រី​ដើម្បី​​ត្រៀម​ទប់​ស្កាត់​ពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​ថ្នាក់​នាំ​គណបក្ស​ប្រឆាំង​ធ្វើ​មាតុភូមិ​និវត្តន៍​នៅ​ពេល​ខាង​មុខ។

ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​ថា ស្រដៀង​គ្នា​ថា មន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​​ចំពោះ​បម្រាម​របស់​អាជ្ញាធរ​ខេត្ត ដែល​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ចេញ​ទៅ​ក្រៅ​ប្រទេស អំឡុង​ពេល​នៃ​ការ​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​ លោក សម រង្ស៊ី។

ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ​ម្នាក់​ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ តុលា​ថា ស្ថានការណ៍​នៅ​ក្នុង​ស្រុក​កាន់​តែ​តឹងតែង​​ហើយ​ ទើប​បាន​ជា​អាជ្ញាធរ​ហាម​មន្ត្រី​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​នេះ​មិន​ឱ្យ​សុំ​ច្បាប់​សម្រាក​ចេញ​ទៅ​ក្រៅ​ប្រទេស។ ពលរដ្ឋ​រូប​នេះ​យល់​ថា​ ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​តូចតាច ដូច​ជា​កូន​របស់​លោក​ជា​ដើម​ ដែល​មាន​គម្រោង​ចង់​ទៅ​លេង​ក្រៅ​ប្រទេស ប៉ុន្តែ​ត្រូវ​ផ្អាក​ទៅ​វិញ​ ព្រោះ​រង​សំពាធ​ពី​មន្ត្រី​ថ្នាក់​លើ៖ «ខ្ញុំ​និយាយ​ជា​អាជ្ញាកណ្ដាល​ បើ​មិន​ឱ្យ​ច្បាប់​ឈប់​ទេ​វា​ ប៉ះពាល់​សតិអារម្មណ៍​ហើយ​ ព្រោះ​ពី​ដើម​មក​អ្នក​ណា​ចង់​ឈប់​ៗ​ទៅ។ ឥឡូវ​នេះ​សូម្បី​តែ​សិស្ស​មិន​ទាន់​បាន​ចូល​រៀន​ផង​ ព្រោះ​អី​វា​យោង​ទៅ​តាម​សភាពការណ៍​សព្វ​ថ្ងៃ​​ ហើយ​ការ​ធ្វើ​បែប​នេះ​វា​​ខុស​ប្រក្រតី។ ធម្មតា​ក្មេង​តែ​ភ្ជុំ​ហើយ​ចូល​កង​វិញ​ហើយ​ តែ​នេះ​មិន​ទាន់​បាន​ចូល​ផង​ គឺ​ថ្ងៃ​ទី​១១​វិច្ឆិកា​បាន​ចូល​រៀន »

លោក​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​និង​មន្ត្រី​រាជការ​ជា​ច្រើន​នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​មិន​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នោះ​ទេ។ លោក​បន្ត​ថា​ ការ​ហាម​ឃាត់​នេះ ​អាច​ដោយ​សារ​អាជ្ញាធរ​ព្រួយបារម្ភ​ខ្លាច​លោក​ សម រង្ស៊ី ​ធ្វើ​មាតុភូមិ​និវត្តន៍​តាម​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទើប​បាន​ជា​អាជ្ញាធរ​ត្រៀម​មន្ត្រី ដើម្បី​ទប់​ស្កាត់​ប្រជាពលរដ្ឋ​ទៅ​ទៅ​ទទួល​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង។

ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ទៀតដែល​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ថ្លែង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នេះ​ គឺ​ជា​រឿង​នយោបាយ​ធ្វើ​ឡើង​ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​របស់​ខ្លួន​គឺ​លោក ហ៊ុន សែន ដើម្បី​ទប់ស្កាត់​មន្ត្រី​រាជការ​មិន​ឱ្យ​ទៅ​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ៖ «ខ្ញុំ​យល់​ថា​វា​ខ្លាច​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​រាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ទទួល​លោក​សម រង្ស៊ី​ ត្រឡប់​មក​កម្ពុជា។ ខ្ញុំ​យល់​ឃើញ​ថា​ការ​ត្រឡប់​មក​កម្ពុជា​គឺ​ជា​ការ​ត្រឹមត្រូវ​ វា​មិន​មាន​អី​ខុស​ច្បាប់​ទេ ព្រោះ​អ្នក​ដែល​ខុស​ច្បាប់​គឺ​មាន​តែ​របប​ក្រុង​ភ្នំពេញ​ជា​អ្នក​ខុស​ច្បាប់​ខ្លាំង​មែន​ទែន »

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ​ ដោយសារ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត​មន្ត្រី​គ្រប់​ស្ថាប័ន​ អភិបាល​ស្រុក និង​មេឃុំ​ ចៅ​សង្កាត់ នៅ​ក្នុង​ខេត្ត​នេះ មិន​ឱ្យ​សុំ​ច្បាប់​ឈប់​សម្រាក ​និង​ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ចាប់​ពី​ថ្ងៃ​ទី​២៤ តុលា រហូត​ដល់​ថ្ងៃ​ទី១៣ វិច្ឆិកា​ ខាង​មុខ។ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក អ៊ុំ រាត្រី បញ្ជាក់​នៅ​ក្នុង​លិខិត​ជូន​ដំណឹងចុះ​ថ្ងៃ​ទី​២៤​តុលា​ថា ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ច្បាប់​ឱ្យ​មន្ត្រី​ទាំង​ឡាយ​ឈប់​សម្រាក​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ទៅ លើក​ឡើង​តែ​ករណី​​មាន​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទើប​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​បាន។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ខេត្ត​នេះ​ ជា​ការ​រឹតត្បិត​សិទ្ធិ ​សេរីភាព​របស់​មន្ត្រី​រាជការ​ដោយ​ខុស​ច្បាប់​។ លោក​បញ្ជាក់​ថា អាជ្ញាធរ​អាច​ហាម​ឃាត់​មន្ត្រី​មិន​ឱ្យ​ឈប់​សម្រាក​បាន លុះត្រាតែ​ប្រទេស​មាន​ភាព​ចលាចល និង​ស្ថិតក្នុង​ភាព​អាសន្ន​ប៉ុន្តែ​នៅ​កម្ពុជា​មិន​​ដល់​ថ្នាក់​ ដែល​ត្រូវ​អនុវត្ត​បែប​នេះ​នៅ​ឡើយ​ទេ៖ «អីចឹង​ខ្ញុំ​យល់​ថា​នេះ​វា​គ្រាន់​លិខិត​មួយ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​តែ ព្រោះ​តាម​ច្បាប់​វិធាន​ការណ៍​អភិបាល​ខេត្ត​មិន​អាច​ប្រឆាំង ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ខ្លឹមសារ​កំពូល​របស់​ជាតិ​បាន​ទេ។ អ៊ីចឹង​ខ្ញុំ​យល់​ថា វិធាន​ការណ៍​បែប​នេះ វា​នឹង​មិន​មាន​ប្រសិទ្ធភាព​ ហើយ​ក៏​ វា​មិន​តំណាង​ឱ្យ​ជាតិ​ទាំង​មូល​ដែរ »

ទោះ​ជា​យ៉ាង​ណា​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា បើ​ទោះ​បី​ជា​លោក​អភិបាល​ខេត្ត​ខំ​រឹត​បន្តឹង​មន្ត្រី​ក្រោម​ឱវាទ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ទប់​ស្កាត់​កម្លាំង​ប្រជាពលរដ្ឋ​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ដែរ។ពួកគាត់​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​នៅ​ក្នុងស្រុក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ស្រុក​ទេស​យ៉ាង​ដិតដល់ ហើយ​ពួកគេ​ចង់​ឱ្យ​លោក សម រង្ស៊ី ធ្វើ​មាតុភូមិនិវត្តន៍​ឱ្យ​បាន​ឆាប់​កាន់​តែ​ល្អ ដើម្បី​រួម​គ្នា​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ឆាប់​ ដោយ​​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។