ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនមិនចាប់អារម្មណ៍នឹងប្រជុំសភាថ្មីឯកបក្ស ដែលបង្កើតឡើងដោយរបបលោកហ៊ុន សែននោះទេ។ ពលរដ្ឋលើកឡើងថា សភាថ្មីនេះកើតចេញពីការបោះឆ្នោតក្លែងក្លាយ ដែលគ្មានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតប្រជែង ដូច្នេះពួកគាត់មិនគាំទ្ររបបដឹកនាំបែបនេះឡើយ។
ប្រជាពលរដ្ឋលើកឡើងថា សភាថ្មីឯកបក្សនេះ នឹងធ្វើឲ្យប្រទេសជាតិលង់ខ្លួនកាន់តែខ្លាំង ដោយសារជារបបជិះសេះលែងដៃ ព្រោះអាចបង្កើតច្បាប់អ្វីៗក៏បានតាមការចង់បានរបស់លោក ហ៊ុន សែន។
ពលរដ្ឋនៅខេត្តកំពង់ចាមមិនហ៊ានបញ្ចេញឈ្មោះម្នាក់ឲ្យដឹងនៅថ្ងៃទី៥ កញ្ញាថា ពួកគេមិនចាប់អារម្មណ៍នឹងការប្រជុំសភាថ្មីឯកបក្សនេះទេ ដោយសារសភាមួយនេះឡើងដោយមិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ព្រោះការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាមិនមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំជាងគេ ដែលមានអ្នកគាំទ្រជិតកន្លះនគរគាំទ្រចូលរួមប្រកួតប្រជែង។ ពលរដ្ឋរូបនេះបន្ថែមទៀតថា សភាថ្មីនេះនឹងមិនផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិនោះឡើយ ហើយផ្ទុយទៅវិញនឹងធ្វើពួកគាត់កាន់តែក្រីក្រ ដោយសារគ្មានការងារធ្វើនឹងគ្មានរបបរកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ៖«ខ្ញុំមិនគាំទ្រទេ ព្រោះអីលំបាករកស៊ីណាស់រាល់ថ្ងៃនឹង ខ្ញុំមិនដឹងគាំទ្រយ៉ាងមិចទេបើមានតែគណបក្សកាន់អំណាចតែមួយអីចឹង។ចំណុចមិនគាំទ្រដោយសារបោះឆ្នោតមិនតម្លាភាព ហើយគណបក្សប្រឆាំងធំចោលហើយ ដល់អីចឹងខ្ញុំមើលទៅមិនពេញចិត្តទេ » ។
ចំណែកពលរដ្ឋនៅខេត្តបន្ទាយមានជ័យម្នាក់ទៀតលើកឡើងថា សភាឯកបក្សនេះ នឹងធ្វើឲ្យមន្ត្រីមានតំណែងគា្រក់ៗនៃរបបបុរសខ្លាំងខាងរំលោភសិទ្ធិមនុស្សក្រសោបថវិកាជាតិដាក់ក្នុងហោប៉ៅរបស់ខ្លួនបានកាន់តែច្រើនបន្ថែមទៀត ព្រោះកន្លងមកមានគណបក្សប្រឆាំងគ្រាន់ជួយតាមដានការដឹកនាំរបស់មន្ត្រីទាំងនោះផងនៅតែមានអំពើពុករលួយរាប់មិនអស់ ចុះទម្រាំសភាឯកបក្សធ្វើការបែបជិះសេះលែងដៃនោះ តើប្រទេសជាតិនឹងទៅជាយ៉ាងណា?៖ « ខ្ញុំព្រួយបារម្ភត្រង់ថារដ្ឋាភិបាលគាត់និយាយឡើងតាមលទ្ធិប្រជាធិបតេយ្យហើយ តែយើងមើលឃើញថាជាប្រជាធិបតេយ្យក្លែងក្លាយ ហើយណាមួយគាត់ធ្វើអ្វីគាត់មិនគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋទេ ហើយសហគមន៍អន្តរជាតិគេកំពុងតែដាក់សម្ពាធមកលើកម្ពុជាទៀត ដល់អីចឹងទៅសម្រាប់ពលរដ្ឋដូចជារូបនេះទៅថ្ងៃក្រោយនឹងជួបការលំបាកហើយ » ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សភា និងរដ្ឋាភិបាលថ្មីដំណើរការជាប្រក្រតីទៅមុខដោយគ្មានប៉ះពាល់អ្វីឡើយ។ លោក សុខ ឥសាន បញ្ជាក់ថា របបលោក ហ៊ុន សែន មិនខ្វល់ពីមហាអំណាចអាមេរិក ឬសហភាពអឺរ៉ុបគាំទ្រ ឬមិនគាំទ្ររបបថ្មីនេះទេ ដោយសារថា របបថ្មីនៅមានរដ្ឋាភិបាលនៃប្រទេសផ្សេងទៀតគាំទ្រ ទាំងសេដ្ឋកិច្ច និងនយោបាយ៖ « គណបក្សប្រជាជនប្ដេជ្ញានឹងអនុវត្តន៍តាមគោលនយោបាយរបស់គណបក្សដែលប្រកាសជូនប្រជាពលរដ្ឋកន្លងមក មិនឲ្យម្ចាស់ឆ្នោតនឹងមានការខកបំណងទេបាទ ! អីចឹងសូមបងប្អូនកុំទាន់បារម្ភ យើងមិនទាន់អនុវត្តផងបងប្អូនព្រួយបារម្ភទុកមុនអីចឹងគឺជាការមិនល្អទេ » ។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋម្នាក់ទៀតថ្លែងថា ពួកគាត់មិនសប្បាយចិត្តនឹងការប្រជុំសភាឯកបក្សនេះទេ ព្រោះរូបគេមិនជឿថា របបថ្មីនេះនឹងរកទីផ្សារលក់កសិផលជូនប្រជាពលរដ្ឋឲ្យបានប្រសើរជាងពេលសព្វថ្ងៃនោះឡើយ ផ្ទុយទៅវិញនឹងធ្វើឲ្យពួកគេធ្វើចំណាយស្រុកកាន់តែច្រើន៖ « កន្លងមករដ្ឋអំណាចតែនិយាយថាប្រជាពលរដ្ឋធូរធារ ប៉ុន្តែពួកខ្ញុំនៅក្នុងសហគមន៍វិញមិនមានធូរធារទេ អូរតែអ្នកធូរធារ ប្រជាពលរដ្ឋណាដុនដាបនៅតែដុនដាបដដែលនឹង ដូចជារូបខ្ញុំជាដើមកាន់តែក្រីក្ររកអីហូបមិនចង់បានទេ ដោយសារគ្មានរបប សូម្បីតែរត់ម៉ូតូឌុបក៏គ្មានអ្នកជិះដែរ » ។
ទន្ទឹមគ្នានេះពលរដ្ឋខ្មែររស់នៅឯបរទេស ដូចជានៅសហរដ្ឋអាមេរិក បារាំង និងប្រទេសអូស្ត្រាលីជាដើម បាននាំគ្នាធ្វើបាតុកម្មមិនទទួលស្គាល់របបថ្មីនេះជាបន្តបន្ទាប់។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សភា និងរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងប្រឈមបញ្ហាជាច្រើននៅលើឆាកអន្តរជាតិ ហើយក៏នឹងអាចប៉ះពាល់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរដែរ បើសិនជាប្រទេសទាំងនោះ ដាក់ទណ្ឌកម្មទៅលើរបបថ្មីនេះ។ លោកបញ្ជាក់ថា ដង្ហើមសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងទៅលើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មិនមែននៅលើចិននោះទេ ព្រោះថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានពីការផ្ដាច់ការតាំងពីការបោះឆ្នោតមកនោះ៖ « ហើយគិតថាបើនៅក្នុងខែកញ្ញានេះ ព្រឹទ្ធសភាអាមេរិកចូលប្រជុំបង្កក់ទ្រព្យសម្បត្តិឥស្សរជននយោបាយខ្មែរ ១៦រូបដែលបានស្នើមកហើយនឹង គឺគ្រាន់តែប៉ុណ្ណឹងកម្ពុជារងនូវឥទ្ធិពលបណ្ដើរហើយមកលើសេដ្ឋកិច្ចខ្មែរនោះ ចំណែកឯប្រទេសចិនមិនអាចជួយកម្ពុជាបានទេ » ។
របបលោក ហ៊ុន សែន បានបើកប្រជុំសភាថ្មីកាលពីព្រឹកថ្ងៃទី៥កញ្ញាដំណើរការដោយរលូនដូចការគ្រោងទុក។
ទោះជាយ៉ាងណាស្ថានទូតប្រទេសប្រកាន់ប្រជាធិបតេយ្យធំៗ ជាច្រើនប្រទេសប្រចាំនៅកម្ពុជាមិនបានចូលរួមប្រជុំសភាថ្មីដែលបង្កើតឡើងដោយរបបលោក ហ៊ុន សែន នេះទេ ក្នុងនោះមានដូចជា តំណាងពីស្ថានទូតសហរដ្ឋអាមេរិក បារាំង អង់គ្លេស សហគមន៍អឺរ៉ុប អាល្លឺម៉ង់ អូស្ត្រាលីជាដើម ដែលមិនបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភាឯកបក្ស តាមការអញ្ជើញ បានប្រាប់ហេតុផលថា ពួកគេជាប់រវល់ នៅក្រៅប្រទេស មិនអាចចូលរួមបានទេ ដោយប្រទេសទាំងនេះកន្លងមកបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដាកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។