យោធិន​មួយ​ចំនួន​ត្អូញត្អែរ​អំពី​ប្រាក់ខែ​ទាប​ពិបាក​ក្នុង​ជីវភាព​រស់នៅ

ដោយ ស្ងួន អមរា
2019-11-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
សិក្ខាកាម​ជា​ទាហាន ចូលរួមសិក្ខាសាលា​នៃ​ការ​ពារ​ទិសដៅ នៅ​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ​២០១៩។
Photo: RFA

មន្ត្រី​ប៉ូលិស ទាហាន​មួយ​ចំនួន ត្អូញត្អែរ​អំពី​ប្រាក់ខែ​ទាប និង​គ្រួសារ​មាន​ជីវភាព​លំបាក ខណៈ​ប្រធាន​​ស្តីទី​​គណបក្ស​សង្គ្រោះជាតិ​សន្យា​លើកកម្ពស់​ជីវភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ទាំង​អស់ និង​ផ្ដល់​មុខតំណែង​ទៅ​តាម​សមត្ថភាព ក្រោយ​កងកម្លាំង​ស្នេហា​ជាតិ​រួមគ្នា​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​សព្វថ្ងៃ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ មន្ត្រី​​សង្គម​​ស៊ីវិល​ទទួល​ស្គាល់​​ថា ប្រាក់ខែ​របស់​មន្ត្រីរាជការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅ​ទាប​ខ្លាំង ពិបាក​ទប់ទល់​ជាមួយ​តម្លៃ​​ទំនិញ​​នៅ​​លើ​​ទីផ្សារ ហើយ​​ការ​​ផ្ញើ​​សារ​​របស់​អ្នកនយោបាយ មាន​ប្រសិទ្ធភាព ឬ​គ្មាន​អាស្រ័យ​លើ​ការ​ពិចារណា និង​​ការ​សម្រេចចិត្ត​របស់​មន្ត្រី​រាជការ​ទាំងនោះ។

ក្រុម​មន្ត្រី​ប៉ូលិស​ទាហាន​មួយ​ចំនួន លើកឡើង​ថា ពួកគេ​ហាក់​មិន​សប្បាយចិត្ត​ ចំពោះ​​ប្រាក់​ខែ​​ក្នុង ពេល​​បច្ចុប្បន្ន​នេះ​​ទេ ដោយសារ​​ប្រាក់​បៀវត្ស​ទាំងនោះ​នៅ​តិចតួច មិនទាន់​គ្រប់​តម្រូវ​ការ​ចាយ​វាយ​​ប្រចាំ​ថ្ងៃ ខណៈ​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​ចេះតែ​កើន​ឡើង​ខ្ពស់ ប៉ុន្តែ​ពួកគាត់​នៅតែ​ស្រលាញ់​ការងារ មួយ​នេះ ព្រោះ​ជា​ការ​ងារ​បម្រើ​ជាតិ​ដោយ​ផ្ទាល់។

មន្ត្រី​ប៉ូលិស​មួយ​ក្រុម​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ផ្ញើ​សារ​ប្រាប់​អាស៊ីសេរី​ថា ពួកគាត់​ជា​មន្ត្រី​ប៉ូលិស ទាហាន​តូចតាច គ្មាន​សង្ឃឹមលើ​ប្រាក់ខែ​ចាយ​គ្រប់គ្រាន់​នោះ​ទេ​។ ពួកគេ​លើកឡើង​ថា ប្រាក់ខែ​មន្ត្រី នគរបាល​ម្នាក់ៗ​មិន​ស្មើ​លោកស្នងការ ឬ​មេៗ​ផឹកស៊ី​រយៈពេល​កន្លះ​ម៉ោង​ផង។ ក្នុង​សំណេរ​នោះ បន្ត​ថា អស់លោក​ជា​មេ​កើយ ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ គាបសង្កត់​មន្ត្រី​តូចតាច គ្មាន​សេរីភាព​ជួបជុំ​ប្រពន្ធ​កូន ប្រើ​កម្លាំង​លើស​សត្វ​គោក្របី តែ​មិន​ដែល​ខ្វល់ខ្វាយ​អំពី​ជីវភាព​កងកម្លាំង ទាល់តែសោះ។

ចំណែក​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ម្នាក់ទៀត​​ដែល​​សុំ​​មិន​​បញ្ចេញ​​ឈ្មោះ ថ្លែង​​ថា លោក​បាន​ចូល​បម្រើ​ការងារ​ជា​យោធា​ជិត​ ៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ ពាក់​ស័ក្ដិ ៣​លើ​ស្មា​។ មន្ត្រី​យោធា​វ័យ​ជាង ៥០​ឆ្នាំ​រូបនេះ បញ្ជាក់​ថា លោក​ទទួល​បាន​ប្រាក់​បៀវត្ស​​​ក្នុង​​មួយ​​ខែ​​ជាង ១​លាន ៥០​ម៉ឺន​រៀល​បូក​ទាំង​ប្រាក់​មុខងារ ប្រាក់​ឧបត្ថម្ភ​ប្រពន្ធ ១​ម៉ឺន ៥​ពាន់​(១៥.០០០)​ រៀល និង​កូន​ម្នាក់ ២​ម៉ឺន (២០.០០០) រៀល​។ លោក​មើល​ឃើញ​ថា ប្រាក់ខែ​ទាហាន និង​អត្ថប្រយោជន៍ ផ្សេងៗ ហាក់​ដូច​ជា​មិន​ទទួល​បាន​ច្រើនជាង​កម្មករ​កាត់ដេរ​ប៉ុន្មាន​នោះ​ទេ​។ យោធា​​ការពារ​ព្រំដែន​​រូប​​នេះ បន្ត​ថា តាម​ចិត្ត គឺ​នរណា​ក៏​ចង់បាន​ប្រាក់ខែ​ច្រើន​ៗ​ ដែរ ប៉ុន្តែ​​មិន​​អាច​​ទៅ​​រួច​​នោះ​​ទេ ហើយ​​លោក​គ្រាន់​តែ​​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ជួយ​ដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ទៀត​​ជា​​រៀង​​រាល់​​ឆ្នាំ៖ «»

លោក​បន្ត​ទៀត​ថា កន្លង​មក ការ​ដំឡើង​ឋានន្តរសក្ដិ​ហាក់​ដូច​ជា​យឺតយ៉ាវ និង​ខ្វះ​តម្លាភាព ប៉ុន្តែ បច្ចុប្បន្ន​នេះ​ដូចជា​មិន​មាន​បញ្ហា​ទៀត​ទេ។ ចំពោះ​ការសន្យា​របស់​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​ថា នឹង​លើកកម្ពស់​ជីវភាព​កង​កម្លាំង​ប្រដាប់​អាវុធ​ឱ្យ​រស់នៅ​ថ្លៃថ្នូរ និង​ផ្ដល់​មុខ​ដំណែង​ទៅ តាម​សមត្ថភាព​នោះ មន្ត្រី​យោធា​ការពារ​ព្រំដែន​រូប​នេះ មិន​អាច​ឆ្លើយ​បានទេ ព្រោះ​លោក​ធ្វើការ ស្ដាប់​តែ​បទបញ្ជា​របស់​ថ្នាក់លើ៖ «»

មេបញ្ជាការ​យោធា​ម្នាក់ ក៏បាន​ផ្ញើ​សារ​ប្រាប់​អាស៊ីសេរី​ដែរ​ថា ទាហាន (ពលទោ​) ទទួល​​បាន​ប្រាក់​ខែ ៩៤​ម៉ឺន ​(៩៤០.០០០) រៀល ​បូក​ទាំង​ប្រាក់​ប្រពន្ធ​កូន​ចំនួន ​២​ម៉ឺន ​៥​ពាន់ (២៥.០០០) ​រៀល និង​​ប្រាក់​​ម្ហូប ១​ម៉ឺន ៣​ពាន់​(១៣០.០០០)​រៀល តែ​ប្រាក់​ម្ហូប​នេះ គេ​អត់​បើក​ឱ្យ​ទេ សម្រាប់​អ្នក​ហូប​នៅ​​បន្ទាយ។

អនុក្រិត្យ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​ថា ប្រាក់ខែ​ទាហាន (​ពលទោ) ត្រូវ​បាន​ដំឡើង ពី​ជាង ១​លាន ២​ម៉ឺន (.០២៥.៩០០) រៀល កើន​ដល់ ១​លាន ៥​ម៉ឺន​(.០៥៥.៩០០) រៀល ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩។ ចំណែក​ប្រាក់ខែ​របស់​នគរបាល (​ពលបាលត្រី​) ត្រូវ​បាន​ដំឡើង​ពី​១​លាន ១៥​ម៉ឺន (.១៥៤.៥៧៧) រៀល កើន​ដល់ ១​លាន ១៨​ម៉ឺន​( .១៨៤.៥៧៧)​ រៀល ចាប់ពី​ខែ​​មេសា ឆ្នាំ​២០១៩។

នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ប្រាក់ខែ​របស់​​មន្ត្រី​រាជការ​​ទូទៅ​​រាប់​ទាំង​​ប៉ូលិស ទាហាន គ្រូបង្រៀន និង​គ្រូពេទ្យ​ជាដើម គឺ​នៅ​មាន​កម្រិត ទាប មិន​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគាត់​រស់នៅ​សមរម្យ និង​​ទប់​ទល់​​ការ​​ចំណាយ​​ប្រចាំ​ថ្ងៃ​​បាន​ទេ ប្រសិន​បើ​​ពួក​គាត់ ឬ​​ក្រុម​​គ្រួសារ​​របស់​ពួកគាត់ គ្មាន​មុខរបរ​ផ្សេង​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​នោះ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រាក់ខែ​ទាំងនេះ​នៅ​ទាប ចាយ​មិន​គ្រប់ ដោយសារ​តែ​​កំណើន​សេដ្ឋកិច្ច និង​​បញ្ហា​​អតិផរណា ឬ​ហៅថា លុយ​ចុះថោក​ទំនិញ​សព្វសារពើ​ចេះតែ​ឡើងថ្លៃ​ខ្ពស់៖ «»

លោក ប៉ិច ពិសី បន្ត​ថា កន្លងមក​ក៏​មាន​មន្ត្រី​យោធិន​ខ្លះ​តូច​ចិត្ត​ខ្លាំង​ចំពោះ​រដ្ឋាភិបាល ដែល​ខ្វះ​តម្លាភាព​ក្នុង​ការ​ផ្ដល់​តួនាទី និង​ឋានន្តរសក្ដិ​ដល់​យោធា​ដែល​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ ខណៈ​អ្នកខ្លះ​ដែល​ទើប​ចូល​បម្រើការ​ដែល​មាន​សែស្រឡាយ​ធំៗ ទទួល​បាន​តំណែង​ធំៗ​យ៉ាង​ឆាប់រហ័ស​។ លោក​សំណូមពរ​ដល់​រដ្ឋាភិបាល ឱ្យ​ផ្ដល់​តួនាទី និង​ឋានន្តរសក្ដិ​នេះ​ដល់​យោធា​ឱ្យ​ស្រប​ទៅ​តាម​បទ​ពិសោធន៍ សមត្ថភាព និង​ជំនាញ​របស់​បុគ្គល ដោយ​ចៀសវាង​នូវ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក​និយម។ «»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​កន្លងទៅ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​​ជិត​​ដល់​ថ្ងៃ​ប្រកាស​​ចូល​​កម្ពុជា​​តាម​​ការ​​ប្រកាស​​នោះ បាន​​សន្យា​​ថា នឹង​​លើកកម្ពស់​ជីវភាព​របស់​កង​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ឱ្យ​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ និង​ល្អ​ប្រសើរ​ជាង​សព្វថ្ងៃ និង​ផ្ដល់​មុខតំណែង​ពួកគេ​ទៅតាម​សមត្ថភាព ដោយ​លុបបំបាត់​អំពើពុករលួយ បក្សពួកនិយម និង​ក្រុម​គ្រួសារ​និយម ក្រោយ​កងកម្លាំង​ស្នេហា​ជាតិ​រួមគ្នា​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​​សព្វ​ថ្ងៃ​​នៅ​​ពេល​​ដ៏​​ខ្លី​​ខាង​មុខ​នេះ។ លោក សម រង្ស៊ី កត់សម្គាល់​ថា ទោះបីជា​ប្រាក់ខែ​កង​កម្លាំង​ប្រដាប់​អាវុធ​​តិច​តួច​​ក្តី ប៉ុន្តែ​ក្រុម​មេៗ​ទាហាន​ដែល​គាំទ្រ​របប​លោក ហ៊ុន សែន នៅតែ​លួច​កាត់​ប្រាក់ខែ​កូនទាហាន​តូចៗ បន្ថែម​ទៀត ហើយ​ចំពោះ​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​វិញ សុទ្ធតែ​ធ្វើឡើង​តាមរយៈ​ការ​សូកប៉ាន់ សែស្រឡាយ​ ញាតិ បក្ស និង​គ្រួសារនិយម៖ «»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត ជាច្រើនលើក តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​ទទួល​ឡើយ។

លោក ប៉ិច ពិសី មិន​ហ៊ាន​វាយ​តម្លៃ​ថា សារ​អំពាវនាវ​របស់​លោក សម រង្ស៊ី មាន​ប្រសិទ្ធភាព ឬ​មិន​មាន​​ប្រសិទ្ធភាព​​ក្នុង​ការ​​អូស​ទាញ​​ការ​​គាំទ្រ​​ពី​​កង​កម្លាំង​ប្រដាប់អាវុធ​នោះ​ទេ ប៉ុន្តែ​លោក​យល់ថា ប្រជា​ពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ សុទ្ធតែ​មាន​ចំណេះដឹង​ក្នុង​ការ​ពិចារណា និង​សម្រេចចិត្ត៖ «»

ពលទាហាន និង​នគរបាល​មួយ​ចំនួន តែងតែ​ត្អូញត្អែរ​ថា នៅ​ពេល​ពួកគេ​ទទួល​បាន​ប្រាក់ខែ​​តិច​បែប​នេះ ពួក​គេ​​មួយ​​ចំនួន​បង្ខំចិត្ត​ទៅ​ធ្វើ​ការងារ​ផ្សេងៗ ដូចជា​ធ្វើជា​អង្គរក្ស​បុគ្គល ឬ​ធ្វើជា​សន្តិសុខ​​យាម​​ក្រុមហ៊ុន និង​ផ្ទះ​របស់​អ្នកធំ​ជាដើម ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

ទាក់ទង​​ករណី​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​​បញ្ចេញ​​ប្រតិកម្ម​​យ៉ាង​​ខ្លាំង​​ចំពោះ​​លោក សម រង្ស៊ី និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​លើកឡើង​អំពី​បញ្ហា​ប្រាក់​ខែ​របស់​មន្ត្រីរាជការ​នៅ​ទាប​នេះ ដោយ​លោក​ចោទ​ថា មាន​ចេតនា​ញុះញង់​ឱ្យ​កើត​មាន​​បញ្​ហា​នៅ​​កម្ពុជា។ លោក ផៃ ស៊ីផាន មើល​ឃើញ​ថា ប្រាក់ខែ​របស់​មន្ត្រី​រាជការ​សព្វថ្ងៃ​នេះ សមរម្យ​អាច រស់​បាន ហើយ​លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​អាច​ដំឡើង​ប្រាក់ខែ​ឱ្យ​បាន​ដល់ ៥​រយ​​ដុល្លារ ឬ​ប្រមាណ​ ២​លាន​​រៀល​​ក្នុង​​ពេល​នេះ​​បាន​​ទេ​។ លោក​សន្យា​ថា នៅ​ចន្លោះ​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ គឺ​រដ្ឋាភិបាល នឹង​ដោះស្រាយ​បញ្ហា​ប្រាក់​បៀវត្ស​មន្ត្រីរាជការ​ឱ្យ​បាន​ត្រឹមត្រូវ​បន្ថែម​ទៀត។ «»

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា វិធីសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​បើកប្រាក់​បៀវត្ស​​រាល់​​ពីរ​​សប្ដាហ៍​​ម្ដង​​ដល់​​មន្ត្រី​រាជ​ការ​​នោះ​ថា ជា​រឿង​សាមញ្ញ​មួយ មិន​គួរ​យក​មក​អួត​អាង​នោះ​ទេ ផ្ទុយ​រដ្ឋាភិបាល គួរតែ ខិតខំ​ដំឡើង​ប្រាក់ខែ​ឱ្យ​បាន​សមរម្យ​ជាង​បច្ចុប្បន្ន។

កន្លងមក​នៅ​ពេល​គណ​បក្ស​សង្គ្រោះជាតិ មិនទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​នៅឡើយ គឺ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​តែងតែ​ចេញមុខ​ទាមទារ​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​ក្រុម កម្មករ​ដើម្បី​អាច​រស់​នៅ​បាន​ថ្លៃថ្នូរ និង​សមរម្យ។ គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង ស្រដៀងៗ​គ្នា​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ច្រើន​ណាស់​ក្នុង​ការ​ដំឡើង​ប្រាក់​បៀវត្ស​ដល់​កម្មករ​និង​មន្ត្រីរាជការ​ទៅ​ទៅ ប្រសិនបើ​រដ្ឋាភិបាល​សព្វ​ថ្ងៃ មាន​ឆន្ទៈ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល