តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នៅ​ទទូច​សុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ

ដោយ អ៊ុង សេរីវុទ្ធ
2016.08.23
អ៊ូ ច័ន្ទរ័ត្ន ២០១៦ ៨៥៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ូ ច័ន្ទរ័ត្ន (ស្ដាំ) ពេល​ចេញ​ពី​សួរសុខទុក្ខ​មន្ត្រី និង​សកម្មជន​បក្ស​របស់​ខ្លួន នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង នៅ​ទទូច​សុំ​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ បើទោះបីជា សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​សម្រេច​បែប​ណា​ក្ដី។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៣ សីហា ថា រហូត​មក​ដល់​ពេល​នេះ​សាលាក្រុង នៅ​មិន​ទាន់​សម្រេច​យល់​ព្រម​តាម​សំណើ​ទេ​របស់​លោក​ទេ ដោយ​សាលាក្រុង​ឲ្យ​លោក​ដឹង​នៅ​ថ្ងៃ​ទី២៣ សីហា ដដែល ថា សាលាក្រុង​នៅ​ប្រជុំ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​នៅ​ឡើយ។

រហូត​មក​ដល់​ពេល​នេះ អាស៊ីសេរី នៅ​តែ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​សាលាក្រុង​លោក ជិន ប៊ុនធឿន ពី​សំណើ​នេះ​បាន​នៅ​ឡើយ​ទេ បើទោះបីជា​លិខិត​ស្នើ​នោះ បាន​ដាក់​ទៅ​សាលាក្រុង​តាំង​ពី​ថ្ងៃ​ទី​១៧ សីហា ក្ដី។

យ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹម​ថា សាលាក្រុង​នឹង​មិន​បដិសេធ​សំណើ​របស់​លោក ដោយ​យោង​លើ​ប្រតិកម្ម​ពី​សំណាក់​លេខាធិការដ្ឋាន​អតីត​យុវជន​នោះ​ទេ។ លោក​ថា ក្រោយ​ពី​លោក​ស្នើ​ទៅ​សាលាក្រុង​ភ្លាមៗ ក៏​មាន​ក្រុម​លេខាធិការដ្ឋាន​អតីត​យុវជន បាន​ចេញ​បដិសេធ​ចំពោះ​ការ​ស្នើ​នេះ និង​លើកឡើង​ថា រូប​សំណាក់​បណ្ឌិត កែម ឡី មិន​សម​នឹង​មាន​វីរភាព​ដល់​ថ្នាក់​យក​តាំង​នៅ​​ទី​សាធារណៈ​ឡើយ៖ «សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ​មិន​យក​ការ​តវ៉ា​ប្រឆាំង​នេះ ឲ្យ​ប៉ះពាល់​ការ​សម្រេច​ចិត្ត នឹង​ការ​ស្នើ​របស់​ខ្ញុំ​ទេ។ បើ​សិន​មិន​សម្រេច​តាម​ការ​ស្នើ​សុំ​របស់​ខ្ញុំៗ​ក៏​ចង់​បាន​ហេតុផល​ច្បាស់​លាស់ ហើយ​ខ្ញុំ​នឹង​ពិចារណា​ថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត ដើម្បី​តស៊ូ​មតិ​បន្ត​ទៀត។ ព្រោះ​ខ្ញុំ​មិន​ទាន់​លះបង់ និង​យក​ទៅ​ដាក់​នៅ​កន្លែង​ណា​ផ្សេង ឲ្យ​សម​នឹង​ឈ្មោះ និង​វីរភាព​លោក​​ហ្នឹង ខ្ញុំ​មិន​ទាន់​មើល​ឃើញ​កន្លែង​ណា​ផ្សេង​ដែល​សម ហើយ​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ដែល​សមរម្យ​បំផុត សម្រាប់​បណ្ឌិត កែម ឡី»

លោក អ៊ូ ច័ន្ទរ័ត្ន បន្ត​ថា បច្ចុប្បន្ន​គំរូ​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ធ្វើ​បាន​សម្រេច​ហើយ និង​រង់ចាំ​តែ​ចាក់​ធ្វើ​ជា​រូប​ស្ពាន់​តែ ប៉ុណ្ណោះ ហើយ​លោក​ចង់​ឲ្យ​សាលាក្រុង​សម្រេច​ឲ្យ​បាន​ឆាប់ ដើម្បី​រៀបចំ​តាំង​រូប​សំណាក​នេះ ឲ្យ​បាន​មុន​បុណ្យ​គម្រប់​១០០​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។