ពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា កុំ​បែកបាក់​គ្នា

ដោយ ថន ថារ៉ូ
2019-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុង​ពិធី​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​សមរង្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ មករា ២០០៩។
ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) ចាប់​ដៃ​ជាមួយ​នឹង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា (ឆ្វេង) ក្នុង​ពិធី​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធភាព​រវាង​គណបក្ស​ទាំង​ពីរ នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​សមរង្ស៊ី​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​១៥ មករា ២០០៩។
AFP Photo

ប្រជាពលរដ្ឋ និង​យុវជន អំពាវនាវ​ដល់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី និង លោក កឹម សុខា បន្ត​រួបរួម​គ្នា​ជា​មនុស្ស​តែ​មួយ ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​លោក ហ៊ុន សែន។ ពួក​គេ​យល់​ថា ប្រសិន​បើ​អ្នក​ទាំង​ពីរ​បែកបាក់​គ្នា ស្មើ​នឹង​ប្រគល់​អំណាច​ឲ្យ​លោក ហ៊ុន សែន ក្តោបក្តាប់​បន្ត​ទៀត។

ក្រុម​អ្នក​គាំទ្រ​នៅ​តែ​អំពាវនាវ​ដល់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ពីរ បន្ត​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ និង​ស្មោះត្រង់​ជាមួយ​គ្នា ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។

សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោកស្រី គឹន ស្រីអូន មាន​ប្រសាសន៍​ថា លោក​ស្រី មិន​ចង់​ឃើញ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ រត់​ចោល​ដៃគូ​ទៅ​បង្កើត​បក្ស​ថ្មី ឬ​រត់​ទៅ​រក​ទ្រនំ​ចាស់​រៀងៗ ខ្លួន​តាម​ផែនការ​បំបែកបំបាក់​របស់​របប​ក្រុង​ភ្នំពេញ​នោះ​ទេ។ លោក​ស្រី​នៅ​តែ​ចង់ ឃើញ​មេ​ដឹក​នាំ​ទាំង​ពីរ​នាក់ បន្តរួមរួម​គ្នា និង​ស្មោះ​ត្រង់​ជាមួយ​គ្នា​ក្រោម​ដំបូល​គណបក្ស​សង្គ្រោះ​ជាតិ ។ សកម្មជន​​រូប​​នេះ​បន្ត​​ថា ប្រសិន​​បើ​​មេ​​បក្ស​ប្រឆាំង​​ណា​​ម្នាក់​​បោះបង់​​គ្នា​​មុន គឺ​លោក​ស្រី​ចាត់​ទុក​ថា គឺ​ជា​មនុស្ស​ឱកាស​និយម ជា​ជន​កំសាក មិន​គោរព​ឆន្ទៈរាស្ត្រ និង​មិនមែន​ជា​អ្នកប្រឆាំង​ដើម្បី​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើយ៖ «ទស្សនៈ​របស់​ខ្ញុំ និង​សកម្មជន​ដទៃ​ទៀត គឺ​មិន​ចង់​ឲ្យ​លោក​ប្រធាន កឹម សុខា និង​លោក សម រង្ស៊ី បែក​គ្នា ចង់​ឲ្យ​រួម​រស់​ជាមួយ​គ្នា ប៉ុន្តែ​ប្រសិន​បើ​លោក ប្រធាន កឹម សុខា ចង់​ទៅ​បង្កើត​បក្ស​ថ្មី​ដោយ​មាន​ស្នើ​ពី​រដ្ឋាភិបាល​អី គឺ​ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​ជា​ផ្ទៃក្នុង​របស់​គាត់ ដែល​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​ហើយ​ទាក់ទង​គ្នា​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ ។ ប៉ុន្តែ​បើគាត់​មាន ជំហរ​បែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី គឺ​គាត់​នឹង​បរាជ័យ​ហើយ​អស់​ប្រជាប្រិយភាព​ហើយ​ពួក​ខ្ញុំ​ក៏​លែង​គាំទ្រ»

គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​រវាង​អ្នកនយោបាយ​ ២ក្រុម គឺ​​​ក្រុម​គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​ក្រុម​គណបក្ស​សិទ្ធិ​មនុស្ស ដឹកនាំ​ដោយ​​លោក កឹម សុខា កាល​ពី​ខែ​តុលា ឆ្នាំ២០១២។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ លោក ចាន់ សាញ់ លើក​ឡើង​ថា មក​ទល់​ពេល​នេះ លោក​មិន មើល​ឃើញ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និងលោក កឹម សុខា ដើរ​ដល់​ផ្លូវ​ណា​នោះ​ទេ ប៉ុន្តែ​លោក គ្រាន់​តែ​សង្ឃឹម​ថា អ្នក​នយោបាយនិយម​ប្រជាធិបតេយ្យ​ទាំង​ពីរ​ភាគី នៅ​តែ​ស្មោះត្រង់​ជាមួយ​គ្នា រួប រួម​គ្នា ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ក្មេងៗ ជំនាន់​ក្រោយ និង​ធ្វើ​ជា​អ្នក​នយោបាយ ដែល​គិត​អំពី​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ៖ «ភាពជាជោគជ័យក្នុង​ឆ្នាំ២០១៣ របស់គ​ណបក្ស​សង្គ្រោះ​ជាតិ គឺ​កើត​ចេញ​ពី​ការ​រួមរួម​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហើយ​ធ្វើ​ឲ្យ​សំឡេង​ខ្លាំង​ខ្លាច រហូត​ដល់​មាន​អសនៈ​ប្រហាក់ប្រហែល​គណបក្ស​កាន់​អំណាច ប៉ុន្តែ​បើ​សិន​មនុស្ស​ពីរ​នាក់​នេះ​ត្រូវ​បែក​គ្នា គឺ​នឹង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​គណបក្ស​ប្រឆាំង​នៅ​លើ​ពិភព​លោក ត្រូវ​ការ​កម្លាំង​រួបរួម​គ្នា។ កម្លាំង​សាមគ្គី​នេះ គឺ​សំខាន់​ណាស់ បើ​កាល​ណា​អត់​មាន​កម្លាំង​សាមគ្គី​ទេ គឺ​អត់​មាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​ដែល​គេ​មាន​ទាំង​អំណាច និង​សេដ្ឋកិច្ច​នោះ​ទេ»

យុវជន​និស្សិត​រូប​នេះ បន្ត​ថា ប្រសិន​បើ​មេ​ដឹក​នាំ​នយោបាយ​ណា​ម្នាក់​ក្នុង​ចំណោម​ទាំង​ពីរ​ភាគី ប្រកាស​មុន​គេ​ក្នុង​ការ​កាត់ ផ្តាច់​សម្ព័ន្ធភាព​រត់​ទៅ​រក​ទ្រនំ​ចាស់ ឬ​បង្កើត​បក្ស​ថ្មី គឺ​គ្មាន​ជោគវាសនា​ល្អ ក្នុង​ឆាក​នយោបាយកម្ពុជាឡើយ ហើយ​ទង្វើបែបនោះ គឺ​ជា​ការ​ទទួល​យក​ការ​សម្បទាន​ដ៏​តិចតូច បំផុត​ពី​គណបក្ស​កាន់​អំណាច និង​ទទួល​ស្គាល់​ភាព​អត្តិធម៌​កន្លង​មក​ដែល​ខ្លួន​ឯង​ជា​ជន​រង​គ្រោះ។ លោក​ស្នើសុំ​ឲ្យ​លោក សម រង្ស៊ី រឹត​បន្តឹង​សម្ពន្ធភាព ហើយ​ធ្វើ​សកម្មភាព​ដូច​សព្វ​ថ្ងៃ រង់ចាំ​មើល​វិធានការ​អន្តរជាតិ​លើ​រដ្ឋាភិបាល​វិញ គឺ​ជា​រឿង​ប្រសើរ។

ដោយឡែកសកម្មជនគណបបក្សប្រឆាំងម្នាក់ទៀត គឺលោក ករុណា ពៅ ប្រាប់អាស៊ីសេរីថា លោក មិនទាន់ឃើញក្រុមលោក សម រង្ស៊ី ឬក្រុមលោក កឹម សុខា បង្ហាញ​សញ្ញា​ដើរ​ចេញ​ពី​ក្រុម​ណា​មួយ​នៅ​ឡើយ ប៉ុន្តែលោក សង្កេតឃើញថា របបក្រុងភ្នំពេញ កំពុងរៀបចំផែនការផ្សេងៗ ដើម្បីបំបែក បំបាក់សម្ព័ន្ធភាពគណបក្សសង្គ្រោះជាតិ។ លោក ផ្ញើសារ អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស សង្គ្រោះជាតិ កុំបែកបាក់គ្នាតាមផែនការរបស់លោក ហ៊ុន សែន ព្រោះការបែកបាក់គ្នានេះ នឹងធ្វើ ឲ្យ គណបក្សសង្គ្រោះជាតិ មាន​វាសនា​អាក្រក់​ដូច​គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ «ខ្ញុំ​គិត​ថា បើ​សិន​គាត់​ដល់​ដំណាក់​កាល​ចុង​ក្រោយ គាត់​បែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​វាសនា​មិន​ល្អ​ទេ។ យើង​មើល​តាម​ប្រវត្តិសាស្ត្រ អ្នក​ដែល​ក្បត់​ឆន្ទៈ​រាស្ត្រ គឺ​សូន្យ​តែ​ម្តង។ ជា​ឧទាហរណ៍ សម្តេច​ក្រុមព្រះ គ្មាន​អី​សល់​ទេ ចុង​ក្រោយ​នោះ»

អាស៊ីសេរី មិន​អាច​សុំ​ឆ្លើយ​តប​ពី​នាយ​ខុទ្ទកាល័យ​របស់​លោក កឹម សុខា គឺ​លោក មុត ចន្ថា និង​អនុប្រធាន​គណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ដែល​ស្និទ្ធ​ជាមួយ លោក សម រង្ស៊ី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ទោះ​យ៉ាង​ណា​ក្តី មក​ទល់​ពេល​នេះ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ មិន ទាន់​បាន​បង្ហាញ​ជំហរ​ជាក់ស្តែង​បែប​ណា​នោះ​ទេ ខណៈលោក សម រង្ស៊ី នៅ​តែ​ប្រកាស​ជា​ញឹកញាប់ ថា លោក និង​លោក កឹម សុខា គឺ​ជា​មនុស្ស​តែ​មួយ​ដដែល។

អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក សម រង្ស៊ី និងលោក កឹម សុខា នៅ តែយល់អំពីតម្លៃនៃការរួបរួមគ្នា ហើយមេដឹកនាំទាំងពីរនេះយល់ច្បាស់ណាស់ថា ប្រសិន​បើ​បែកគ្នា ស្មើនឹងប្រគល់អំណាចឲ្យលោក ហ៊ុន សែន ក្តោបក្តាបបន្តទៅទៀត។ លោក មើលឃើញថា មួយ​រយៈនេះ របបក្រុងភ្នំពេញ​កំពុងប្រើល្បិចមួយចំនួនដើម្បីបំបែកសម្ព័ន្ធភាពរវាងលោក សម រង្ស៊ី និងលោក កឹម សុខា ដូចជាការបន្ធួបន្ថយលក្ខខណ្ឌដល់លោក កឹម សុខា តែរឹតត្បិតលោក សម រង្ស៊ី មិនឲ្យចូលប្រទេស និងប្រើប្រាស់ឈ្មោះគណបក្សសិទ្ធិមនុស្សជាដើម។ លោក គឹម សុខ បន្ត​ថា លោក សម រង្ស៊ី និងលោក គឹម សុខា គួរតែបញ្ជាក់ឲ្យច្បាស់ទៅអ្នកគាំទ្រ និងមន្ត្រីជិតស្និតរបស់ខ្លួន កុំចាញ់បោករូបភាពនយោបាយរបស់លោក ហ៊ុន សែន៖ «បើ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដើរ​នយោបាយ​បែក​គ្នា គឺ​មាន​ន័យ​ថា មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​គាំទ្រ​លោក កឹម សុខា ហើយ​មួយ​ក្រុម​ទៀត គាំទ្រ​លោក សម រង្ស៊ី ហើយ​មួយ​ក្រុម​ធំ​ទៀត នឹង​ធ្លាក់​ទឹក​ចិត្ត​លែង​ធ្វើ​អ្វី​ចូល​រួម​អ្វី​ទាំង​អស់។ ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ គឺហាក់ដូចជាប្រគល់អំណាច​ទៅ​ឲ្យ​លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស​ដោយ​សុវត្ថិភាព ក្នុង​ក្បួន​បន្ត​អំណាច​ប្រព្រឹត្ត​អំពើ​ពុក​រលួយលក់ជាតិ ឃុបឃិត​ជាមួយ​ចិន​យួន​ដែល​គាត់​កំពុង​ធ្វើ​នេះ»

មេបក្សប្រឆាំងទាំងពីរនាក់ ខកខាន​ជួប​មុខ​គ្នា​ផ្ទាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ​លោក សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​រស់​នៅ​និរទេស​ខ្លួន​គេច​ពី​ការ​តាម​ចាប់​ខ្លួន​តាំង​ពី​ឆ្នាំ២០១៥។ ចំណែក​លោក កឹម សុខា ត្រូវ បានរបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីចុងឆ្នាំ២០១៧ ដោយចោទពីបទ “​ស​ន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ លោក កឹម សុខា ត្រូវបាន តុលាការ​របប​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា សម្រេច​បន្ធួបន្ថយ​លកុ្ខខណ្ឌ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដោយ​អនុញ្ញាត​ឲ្យ​លោក​ដើរ​ហើរ​ពេញ​ក្នុង​រង្វង់​ព្រំដែន​ផ្ទៃប្រទេស ប៉ុន្តែ​មិន​មាន​សិទ្ធិធ្វើ នយោបាយ​ ហើយ​ត្រូវឆ្លើយតបសមត្ថកិច្ចគ្រប់ពេល។ ការ​បន្ធួបន្ថយ​លក្ខខណ្ឌ​លើ​លោក កឹម សុខា នេះ ស្រប​ពេល​ដែល​លោក សម​ រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​និង​សមាជិក​បក្ស​ផ្សេងៗ ​ទៀត​ដែល​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ បាន​ព្យាយាម​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញនៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការ​គ្រោង​ទុក។ មក​ទល់​ពេល​នេះ មេ​ដឹក​នាំ​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​ទាន់​បង្ហាញ​ព័ត៌មាន​អំពី​ការ​ទំនាក់ទំនង​គ្នា​នៅ​ឡើយ ហើយ​ក៏​មិន​​​ទាន់​ឃើញ​សញ្ញាណ​នៃ​ការ​បែក​បាក់​គ្នា​ជាក់​ស្តែង​ដែរ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល