អ្នក​គាំទ្រ​រិះគន់​តុលាការក្រុង​ភ្នំពេញ​ដែល​កាត់ទោស​ឱ្យ​លោក កឹម សុខា ជាប់គុក​២៧​ឆ្នាំ

ដោយ យ៉ង ចាន់តារា
2023.03.03
Share on WhatsApp
Share on WhatsApp
អ្នក​គាំទ្រ​រិះគន់​តុលាការក្រុង​ភ្នំពេញ​ដែល​កាត់ទោស​ឱ្យ​លោក កឹម សុខា ជាប់គុក​២៧​ឆ្នាំ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ រៀបចេញពីផ្ទះទៅស្ដាប់សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​រិះគន់​តុលាការ​ក្រុងភ្នំពេញ​ដែល​កាត់ទោស​ឱ្យ​លោក កឹម សុខា ជាប់គុក​២៧​ឆ្នាំ ថា​ជា​រឿង​អយុត្តិធម៌។ ពួកគេ​ថា សាលក្រម​នេះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​កាន់តែ​ដើរ​ថយក្រោយ​។ ពួកគេ​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះស្រាយ​វិបត្តិ​នយោបាយ ហើយ​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពិតប្រាកដ និង​បញ្ចៀស​ការរិះគន់​ពី​សហគមន៍​អន្តជាតិ។

ក្រុម​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​បាន​ធ្វើ​ដំណើរ​មកពី​បណ្តា​ខេត្ត​នានា​ដែល​មាន​គ្នា​ប្រហែល​៥០​នាក់​បាន​ឈរ​ម្ខាង​ផ្លូវ​ទប់​មុខ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ដើម្បី​តាមដាន​លទ្ធផល​នៃ​ការប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ សន្ទិដ្ឋិភាព​ជា​មួយ​រដ្ឋ​បរទេស​ផ្ដួលរំលំ​រដ្ឋាភិបាល ក្រោយ​តុលាការ​ចាយ​ពេល​សវនាការ​ជំនុំជម្រះ​អស់​រយៈពេល ៣​ឆ្នាំ។

ជុំវិញ​រឿង​នេះ ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​លោក កឹម សុខា ចាត់ទុក​សាលក្រម​របស់​តុលាការ​ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌​ជុំវិញ​សេចក្តី​សម្រេច​របស់​តុលាការ​នេះ។

ប្រជាពលរដ្ឋ​មកពី​ស្រុក​ដងទង់ ខេត្ត​កំពត លោក យិន ឈូករ័ត្ន ថ្លែង​ថា លោក​មិនអាច​ទទួលយក​បានទេ​ចំពោះ​ការ​ផ្ដន្ទាទោស​មនុស្ស​ស្អាតស្អំ​ឱ្យ​ដាក់គុក​រាប់​សិប​ឆ្នាំ​បែប​នេះ ពីព្រោះ​សវនាការ​កន្លង​ទៅ តុលាការ​ពុំ​មាន​ភស្តុតាង​ដាក់បន្ទុក​ណាមួយ​បង្ហាញ​ថា លោក កឹម សុខា ឃុបឃិត​ជាមួយ​បរទេស​ឡើយ។ លោក​យល់​ថា ការ​សម្រេច​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា និង​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ខ្លាំង។ យ៉ាងណា​លោក​សង្ឃឹម​ថា ការ​វិវឌ្ឍ​​នៃ​ស្ថានការណ៍​នយោបាយ​តាមរយៈ​ការ​បង្រួប​ត្រូវ​ជាតិ​ខាងមុខ​លោក កឹម សុខា នឹង​មាន​សេរីភាព​ដើម្បី​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ។

លោក យិន ឈូករ័ត្ន៖ «លោក​ប្រធាន កឹម សុខា អត់​មាន​កំហុស​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​តុលាការ​ចោទ​ប្រកាន់​គាត់​ទេ អ៊ីចឹង​ហើយ​រឿង​នេះ​ជា​រឿង​ដែល​យើង​មិនអាច​ទទួលយក​បានទេ ពីព្រោះ​យើង​យល់ថា​វា​អយុត្តិធម៌​ខ្លាំងពេក»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកគាំទ្រ​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ លោក វន្ន សូត្រ ដែល​បាន​តាម​ឃ្លាំមើល​សាវនាការ​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា ជិត​៦០​លើក​កន្លងមក​ប្រតិកម្ម​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ថា ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ចាត់​ទុកការ​សម្រេច​នេះ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ តែ​ជា​រឿង​នយោបាយ​ជាច្រើន​ជាង។

លោក វន្ន សូត្រ៖ «វា​ជា​រឿង​អយុត្តិធម៌​មួយ​ដែរ បើ​យើង​គិត​មើល​ខាង​តុលាការ​មិន​បាន​មើល​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នូវ​ភស្តុតាង និង​ហេតុផល​ដែល​មេធាវី​ដាក់​បញ្ចូល​ទៅ​ហ្នឹង យ៉ាងណា​យើង​មិនអាច​ធ្វើ​អ្វី​លើស​ពី​សោកស្តាយ​ហ្នឹង​បាន​ដែរ ដោយសារ​យើង​មិន​ចង់​ស្ថានភាព​មួយ​មាន​ចលាចល​ហ្នឹង»

ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកពី​ខេត្ត​ព្រះសីហនុ លោក គឹម ឃឿន រៀបរាប់​ទាំង​ទឹកមុខ​ស្រងូតស្រងាត់​ថា សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​កាត់​ទោស​លោក កឹម សុខា​ឱ្យ​ជាប់ឃុំ​២៧​ឆ្នាំ និង​បំបិទ​សិទ្ធិ​គាត់​ថែមទៀត​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​អ្នកតស៊ូ​ប្រកាន់​នូវ​គោលការណ៍​អហិង្សា និង​មិន​យក​ខ្មែរ​ណា​ធ្វើជា​សត្រូវ។ លោក​យល់​ថា ករណីនេះ​មានតែ​អង្គ​ព្រះមហាក្សត្រ​ជួយ​ព្រះរាជ​អន្តរាគមន៍​ទេ ទើប​លោក​សង្ឃឹម​ថា លោក កឹម សុខា មាន​សេរីភាព​ឡើងវិញ​ដើម្បី​ឱ្យ​កម្ពុជា​មាន​សន្តិភាព គោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ។

លោក គឹម ឃឿន៖ «អារម្មណ៍​ខ្ញុំ​មិន​ជឿ​ថា លោក​ប្រធាន កឹម សុខា មានគំនិត​ក្បត់​ដូច​តុលាការ​ចោទប្រកាន់​ទេ ដោយសារ​គេ​ចេះតែ​យក​រូបភាព​កាត់ត​ពី​នេះ​ពី​នោះ​មក ហេតុនេះ​ខ្ញុំ​មិន​ជឿ​ថា​រឿង​នេះ​កើតឡើង​ដូច្នេះ ហើយ​តុលាការ​កាត់ទោស​ឱ្យ​លោក កឹម សុខា ជាប់ទោស​២៧​ឆ្នាំ​ជា​ព្រឹត្តិការណ៍​ដែល​មិន​អាច​ទទួល​យក​បាន​ទេ»

ចំណែក យុវជន​ខ្មែរ​ថាវរៈ​លោក ស្វាយ សំណាង ថា សាលក្រម​កាត់ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​ឱ្យ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ធ្លាក់ចុះ​មួយ​កម្រិត​ទៀត​។ លោក​ថា អ្នកនយោបាយ​ជាពិសេស​រដ្ឋាភិបាល​គួរ​ចូល​តុ​ចរចា​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ បើ​ពុំ​នោះ​ទេ កម្ពុជា​នឹង​បាត់បង់​ផលប្រយោជន៍​សេដ្ឋកិច្ច ហើយនឹង​ទទួលរង​ការរិះគន់ រួម​ទាំង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត។

លោក ស្វាយ សំណាង៖ «សេរីភាព​ក្នុង​ការ​ចូលរួម​ធ្វើ​នយោបាយ ជាពិសេស​សិទ្ធិ​ចូលរួម​របស់​ប្រជាពលរដ្ឋ​បាន​រួម​តូច​ខ្លាំង​មែនទែន គឺ​ពលរដ្ឋ​ភ័យខ្លាច​សូម្បីតែ​និយាយ​រឿង​នយោបាយ ចូលរួម​សកម្មភាព​ផ្សេងៗ​ជាមួយ​គណបក្ស​មិនមែន​រដ្ឋាភិបាល ក៏​ត្រូវ​គេ​រឹតត្បិត គេ​គំរាមកំហែង នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ជីវភាព​នយោបាយ​ខ្លាំង»

តុលាការក្រុង​ភ្នំពេញ​ដែល​មាន​ចៅក្រម​ភាគច្រើន ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ផ្ដន្ទាទោស​លើ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស និង​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ រិះគន់​ថា ការ​កាត់​ទោស​លើ​លោក កឹម សុខា គ្មាន​មូលដ្ឋាន និង​ជា​រឿងប្រឌិត​ដែល​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌ លទ្ធិ​ប្រជាធិបតេយ្យ និង​ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឃើញ​សង្គម​កម្ពុជា៕

មេធាវី​ជាតិ និង​អន្តរជាតិ ទាមទារ​សាលក្រម​គ្មាន​ទោស​សម្រាប់​លោក កឹម សុខា

sokha-hunsen.jpeg
(ឆ្វេង) ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ រូប​ហ្វេសប៊ុក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។