អ្នកគាំទ្រគណបក្សប្រឆាំងស្នើទៅមេដឹកនាំគណបក្សនេះកុំឲ្យបែកបាក់គ្នា អ្នកគាំទ្រគណបក្សប្រឆាំងស្នើទៅមេដឹកនាំគណបក្សនេះបន្តរួមគ្នាឲ្យបានរឹងមាំ ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ពលរដ្ឋម្ចាស់ឆ្នោត ដែលត្រូវការអ្នកប្រជាធិបតេយ្យ មកដឹកនាំប្រទេស។ ឆ្លើយតបការអំពាវនាវនេះ ប្រធានស្តីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ជំហរ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយនៅតែរឹងមាំដដែល បើទោះជាគណបក្សកាន់អំណាចចង់ឃើញមេដឹកនាំគណបក្សនេះបែកបាក់គ្នាក្តី។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចង់ឃើញថ្នាក់នាំគណបក្សនេះគ្រប់ជាន់ថ្នាក់នៅតែបន្តរក្សាសម្ពន្ធភាពរឹងមាំដដែល បើទោះជាគណបក្សនេះកំពុងរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ពី គណបក្សកាន់អំណាចក្តី។ ពួកគេលើកឡើងថា លោក សម រង្ស៊ី និងលោក កឹម សុខា ជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងការផ្លាស់ប្ដូរប្រទេសឲ្យមានការរីកចម្រើន។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង លោក ស សុខេម អះអាងថា គោលជំហររបស់យុវជននៅប្រទេសកូរ៉េនៅតែផ្ដល់ទំនុកចិត្តលើគណបក្សសង្គ្រោះជាតិដដែល ក្នុងការទាមទារឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា។ លោកបន្តថា ឈរលើផ្លូវដ៏វែងអន្លាយនេះ យុវជនស្នើទៅលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវតែបន្តរួមគ្នាជាធ្លុងមួយ។ ក្រៅពីនេះអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរូបនេះ ស្នើទៅអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់កុំវាយប្រហារគ្នាឯង ប្រសិនបើមន្ត្រី ឬសកម្មជនគណបក្សនេះមានការភ្លាំងភ្លាត់ ឬធ្វើសកម្មភាពខុសឆ្គងដោយអចេតនា៖ «សូមបងប្អូនសង្គ្រោះជាតិដូចគ្នាកុំវាយប្រហារគ្នា ដើរតាមការដឹកនាំលោក សម រង្ស៊ី លោក កឹម សុខា ដែលយើងចាត់ទុកគាត់ជាមនុស្សតែមួយ»។
ពលរដ្ឋម្នាក់លោក គឹម ហ៊ាង ថ្លែងក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែធ្នូ សង្កេតឃើញថា ពលរដ្ឋក្នុងប្រទេសនៅមើលឃើញថា គណបក្សសង្គ្រោះជាតិនៅតែរឹងមាំដដែល បើទោះជាមានភាពខ្វែងគំនិតគ្នាខ្លះដ៏ក៏ដោយ។ ពលរដ្ឋរូបនេះ ស្នើទៅលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវតែរក្សាជំហរអ្នកទាំងពីរជាមនុស្សតែមួយដដែល៖ «សូមឲ្យបន្តដំណើររឹងមាំឆ្ពោះទៅមុខទៀតជាមួយឯកឧត្ដម កឹម សុខា ធ្វើយ៉ាងណាកុំឲ្យវិលទៅភាពអតីតកាល ខ្ញុំសង្ឃឹមថា ឯកឧត្ដម សម រង្ស៊ី ឯកឧត្ដម កឹម សុខា នឹងតែរួមដៃគ្នា ដើម្បីបន្តដំណើរសម្រេចបំណងចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ»។
ឆ្លើយតបនឹងសំណើពលរដ្ឋបែបនេះ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានប្រសាសន៍ថា យុទ្ធវិធីលោក ហ៊ុន សែន ដើម្បីបន្តក្ដោបក្ដាប់អំណាច គឺបំបែក សម រង្ស៊ី-កឹម សុខា។ ប៉ុន្តែលោកថា យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន មិនទទួលបានជោគជ័យឡើយ ដោយលោកអះអាងថា ជំហរអ្នកដឹកនាំទាំងពីរនៅតែរឹងមាំដដែល។ លោក សម រង្ស៊ី ក៏អំពាវនាវទៅអ្នកគាំទ្រកុំគាំទ្របុគ្គលណាមួយ គឺត្រូវគាំទ្រគណបក្សសង្គ្រោះជាតិទាំងមូល៖ «សម រង្ស៊ី អត់មានអ្នកណាគាំទ្រ សម រង្ស៊ី ជាបុគ្គលទេ កឹម សុខា ក៏អត់មានអ្នកគាំទ្រ កឹម សុខា ជាបុគ្គលដែរ តែបើគាំទ្រ គឺគាំទ្រ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ គាំទ្រគណបក្សសង្គ្រោះជាតិរបស់យើងទាំងអស់គ្នា ដែលជាសេចក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ»។
អ្នកវិភាគនយោបាយ លោក កឹម សុខ យល់ថា ការបង្ហាញកម្លាំងរឹងមាំរបស់គណបក្សសង្រ្គោះជាតិនៅពេលនេះ គឺជារឿងសំខាន់ណាស់ ព្រោះសហគមន៍អន្តរជាតិ គេត្រូវធ្វើការជាមួយគណបក្សនេះ ប៉ុន្តែមិនមែនធ្វើការជាមួយក្រុមណាមួយនោះទេ។ អ្នកវិភាគរូបនេះយល់ថា ក្នុងឆ្នាំថ្មីនេះ ដើម្បីឲ្យគណបក្សប្រឆាំងនៅតែបន្តរឹងមាំ គឺទាមទារឲ្យលោក លោក សម រង្ស៊ី ជាមេដឹកនាំកំពូល ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្សនេះឲ្យកាន់តែរឹងមាំ៖ «គឺជាការបង្ហាញនូវកម្លាំងនយោបាយរួម ដែលផ្ដល់នូវទំនុកចិត្ត និងសេចក្ដីសង្ឃឹមដល់សហគមន៍អន្តរជាតិ ការរួបរួមគ្នារបស់គណបក្សសង្គ្រោះជាតិ ដែលអាចបំពេញប្រាថ្នារបស់ប្រជាពលរដ្ឋឲ្យឆាប់ទៅដល់គោលដៅជោគជ័យនៃការផ្លាស់ប្ដូរទៅប្រកាន់ប្រជាធិបតេយ្យ»។
កាលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានរួមគ្នាបង្កើត គណបក្សសង្គ្រោះជាតិ។ ក្រោមដំបូលរូបព្រះអាទិត្យរះ គណបក្សនេះរក្សាជំហរ សម រង្ស៊ី-កឹម សុខា មនុស្សតែមួយ។ មុនរបបក្រុងភ្នំពេញរំលាយ គណបក្សនេះមានកៅអីនៅរដ្ឋសភាចំនួន ៥៥ លើអាសនៈសរុប ១២៣ និងមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាងប្រាំពាន់នាក់ (៥.០០៧) ទូទាំងប្រទេស។ គណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងមានការរំពឹងថា គណបក្សនេះអាចឈ្នះឆ្នោតដឹកនាំប្រទេស បើសិនជាមានការបោះឆ្នោតត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។