មន្ត្រី​សន្តិសុខ​ថៃ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​នឹង​មិន​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង តាម​ការ​ស្នើសុំ​របស់​ភាគី​កម្ពុជា​ទេ

ដោយ មួង ណារ៉េត
2019.10.30
Share on WhatsApp
Share on WhatsApp
ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់ រូប​ថត​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨នាក់ ត្រូវ​បាន​អាជ្ញាធរ​អាជ្ញាធរ​​កម្ពុជា បិទ​​តាម​ច្រក​ព្រំដែន​ប្រទេស​ជិតខាង​ នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ២០១៩ ដោយ​ប្រកាស​ឱ្យ​ឃាត់​ខ្លួន។
រូប៖ ហ្វេសប៊ុក​លោក សម រង្ស៊ី

មន្រ្តី​សន្តិសុខ​ថៃ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​នឹង​មិន​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង តាម​ការ​ស្នើសុំ​របស់​ភាគី​កម្ពុជា​នោះ​ឡើយ។ មន្រ្តី​ដដែល​រូប​នេះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​គ្មាន​សិទ្ធិ​អនុញ្ញាត​និយាយ​រឿង​នេះ​ជា​សាធារណៈ​ប្រាប់​​ថា អាជ្ញាធរ​ថៃ​ពិត​ជា​ទទួលបាន​ដីកាចាប់ខ្លួន មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ ចំនួន ៨នាក់​ពិត​មែន ក្នុង​នោះ​រួមមាន​លោក សម រង្ស៊ី និង​អ្នក​ស្រី មូរ សុខ​ហួរ​ ផង។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ បាន​បន្ថែមថា​ ភាគីកម្ពុជា​បាន​ជូន​ដំណឹង​ដល់​ភាគី​ថៃ ឲ្យ​ជួយ​ចាប់​ខ្លួន​ពួកគាត់​ទាំង​នោះ ពេល​មក​ដល់​ប្រទេស​ថៃ ប្រសិន​បើ​ពួក​គាត់​មាន​បំណង​​ឆ្លងកាត់​ប្រទេស​ថៃ ចូល​ប្រទេស​កម្ពុជា។ ប៉ុន្តែ ភាគី​ថៃ​មិន​ចង់​ប្រឡាក់ប្រឡូស​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ។ ភាគី​ថៃ​គ្រាន់​តែ​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ ក្នុង​បញ្ជី​ខ្មៅ​ប៉ុណ្ណោះ។​

មន្រ្តី​ដដែល​បន្ត​ថា ភាគី​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ កុំ​អនុញ្ញាត​​ឱ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ប្រទេស​ថៃ ប្រើប្រាស់ទឹកដី​ថៃ​ជាឈ្នាន់ ដើម្បី​ជ្រៀត​ជ្រែក​ចូល​ក្នុង​ការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ភាគី​ថៃ បាន​ជ្រាប​ដំណឹង​អំពី​ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថា ​​មាន​អ្នក​គាំទ្រ​ខ្លួន នៅ​ប្រទេស​ថៃ ប្រមាណ​ពី ៧ម៉ឺន (៧០.០០០) ទៅ ១សែន ៦ម៉ឺន​នាក់ (១៦០.០០០) ដែល​អ្នក​ទាំង​នោះ កំពុង​កេណ្ឌ​កម្លាំង និង​ចង់​ឲ្យ​រឿង​នេះ ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ទើប​ចង់​ឲ្យ​ប៉ូលិស​ថៃ ចាប់​ខ្លួន​ពួក​គាត់។ ប៉ូលិស​ថៃ គ្រាន់​តែ​គ្រប់គ្រង​ស្ថានការណ៍​ប៉ុណ្ណោះ គឺ​មិន​ចាប់​ខ្លួន​អ្នក​ទាំង​នោះ នោះ​ឡើយ។

ថ្មីៗ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា របប​លោក​បាន​បញ្ជូន​ដីកា​តាម​ចាប់​ខ្លួន​ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់ ៨រូប ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ មន្រ្តី​ទាំង​នោះ រួម​មាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស​នេះ​ពីរ​រូប​គឺ អ្នកស្រី មូរ សុខហួរ  និង លោក អេង ឆៃអ៊ាង និង​តំណាង​រាស្រ្ត លោក​ ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឬទិ្ធ ​លោក តុ វ៉ាន់ចាន់ លោក ម៉ែន សុថាវរិន្ទ្រ និង​លោក ឡុង រី។

ភ្លាមៗ ក្រោយ​ការ​ប្រកាស​នេះ មាន​តែ​ប្រទេស​ឡាវ​មួយ​ប៉ុណ្ណោះ ដែល​ប្រកាស​ចាត់​ការ​តាម​សំណើ​របស់​ភាគី​កម្ពុជា។ ចំណែក​ឯ​រដ្ឋាភិបាល​ថៃ មិន​បាន​ចាប់​ខ្លួន​អ្នកស្រី​ មូរ សុខហួរ ទេ​ពេល​អ្នកស្រី ធ្វើ​ដំណើរ​ដល់​វាល​យន្ត​ហោះ​សុវណ្ណភូមិ​នៅ​ប្រទេស​នេះ ដោយ​អាជ្ញាធរ​ថៃ មិន​ឲ្យ​អ្នក​ស្រី​ចាក​ចេញ​ពី​វាល​យន្តហោះ​ចូល​ទឹក​ដី​ថៃ​តែ​ប៉ុណ្ណោះ។ ក្រោយ​មក​អ្នកស្រី មូរ សុខហួរ​ ត្រូវ​ជិះ​យន្តហោះ​ត្រឡប់​មក​សហរដ្ឋ​អាមេរិក​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ស្រី​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​នា​ពេល​ថ្មីៗ នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចរចា​ជាមួយ​ភាគីថៃ ដើម្បី​សម្រប​សម្រួល​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​ឯ​ទៀត អាច​ចូល​ប្រទេស​កម្ពុជា​តាម​ទឹកដីថៃ។

គិត​មក​ត្រឹម​ថ្ងៃ​ទី២៩ ខែ​តុលា​នេះ នៅ​សល់​តែ ១១ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី និង​មន្រ្តី​បក្ស​ប្រឆាំង​ប្រកាស​វិលចូលស្រុកខ្មែរវិញ ដែល​គ្រោង​​នឹង​ត្រឡប់ទៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

អ្នក​ឃ្លាំមើល​សង្គម ធ្លាប់​បញ្ជាក់​ថា ស្ថានការណ៍​នយោបាយ​អាចវិវត្ត​លឿន មិន​អាច​ស្មាន​ទុក​បាន​ឡើយ។ ម្យ៉ាង​ទៀត ការ​មិន​លូក​ដៃ​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ នៃ​ប្រទេស​សមាជិក​អាស៊ាន គឺ​គ្រាន់​តែ​ជា​ភាសា​កាទូត​ប៉ុណ្ណោះ ធាតុ​ពិត​កម្ពុជា​ខ្លួន​ឯង ក៏​ធ្លាប់​ផ្តល់​ទឹក​ដី​ខ្មែរ​ឲ្យ​បាតុករ​អាវ​ក្រហម​ថៃ​ ដែល​គាំទ្រអតីត​នាយករដ្ឋ​មន្រ្តី​ថៃ​លោក ថាក់ ស៊ីនស៊ីណាវ៉ាត់ រាប់​ពាន់​នាក់ ដែល​យក​ដី​ខ្មែរ ជា​ឈ្នាន់​ធ្វើ​នយោបាយ​នោះ​ដែរ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា​ពេលនោះ ថែម​ទាំង​ពង្រាយ​កង​សន្តិសុខ​រាប់​ពាន់​នាក់ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ក្រុម​បាតុករ​ទាំង​នោះ​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
គណបក្ស​ចំនួន​៣ ចូលរួម​ប្រកួត​ដណ្ដើម​កៅអី​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទើប​បំបែក​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។