ប៉ូលិស​ថៃ​មិន​អនុញ្ញាត​ឱ្យ​គ្រួសារ និង​មិត្តភ័ក្ដិ​ចូល​សួរ​សុខ​ទុក្ខ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក

ដោយ ចាន់ ដារ៉ូ
2024.02.09
ប៉ូលិស​ថៃ​មិន​អនុញ្ញាត​ឱ្យ​គ្រួសារ និង​មិត្តភ័ក្ដិ​ចូល​សួរ​សុខ​ទុក្ខ​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក ទិដ្ឋភាព​នៅក្នុងពន្ធនាគារ​អន្តោប្រវេសន្ត​​ថៃ នាទីក្រុង​បាងកក ប្រទេសថៃ ហៅថា សួនភ្លូ (Suan Phlu)។
AFP

ក្រុម​ពលករ និង​គ្រួសារ​ខកចិត្ត​ចំពោះ​ប៉ូលិស​ថៃ​ហាមឃាត់​សាច់​ញាតិ មិត្តភ័ក្ដិ​ចូល​សួរ​សុខទុក្ខ​ជន​ភៀស​ខ្លួន​ខ្មែរ នៅ​ពន្ធនាគារ​ក្នុង​ទីក្រុង​បាងកក ស្រប​ពេល​ពួកគេ​អះអាង​ថា ជន​ភៀស​ខ្លួន​ទាំងនោះ​នៅតែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា​សហគមន៍​អន្តរជាតិ​គួរ​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​ថៃ​គោរព​កាតព្វកិច្ច​អន្តរ​ជាតិ​ជាពិសេស​គោរព​សិទ្ធិ​ជនភៀសខ្លួន។

គ្រួសារ និង​ក្រុម​ពលករ​ខ្មែរ​មិន​ពេញចិត្ត​នឹង​អាជ្ញាធរ​ថៃ​អនុវត្ត​វិធានការ​រឹងត្អឹង​ចំពោះ​អ្នក​ចូល​ជួប​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។ ពួកគេ​ចាត់​ទុក​ការអនុវត្ត​របស់​អាជ្ញាធរ​ថៃ​បែប​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ ដោយសារ​កន្លង​ទៅ​ពួកគេ​អាច​ជួប​អ្នក​ជាប់ឃុំ​ដោយ​គ្មាន​ការ​រឹតត្បិត​ឡើយ។

តំណាង​ពលករ និង​ជា​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក សុះ សល់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ក្រុម​ការងារ​របស់​លោក​បាន​ផ្ញើ​ម្ហូប​អាហារ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​កំពុង​ឃុំ​នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ។ ប៉ុន្តែ​លោក​ខកចិត្ត​ចំពោះ​ប៉ូលិស​នៅ​ពន្ធនាគារ​អន្តោប្រវេសន្ត​សួនភ្លូ (Suan Phlu) បាន​ហាម​មិន​ឱ្យ​ចូល​ជួប​ជន​ភៀស​ខ្លួន បើ​ទោះ​បី​ពួក​លោក​មាន​ឯកសារ​ត្រឹមត្រូវ​ដូច​លើក​មុន​យ៉ាង​ណា​ក្តី។ លោក​ស្នើ​ដល់​ប៉ូលិស​ថៃ​ពិចារណា​ឡើង​វិញ​ដើម្បី​កុំ​ឱ្យ​សាច់ញាតិ និង​មិត្តភ័ក្ដិ​ជន​ភៀស​ខ្លួន​កាន់តែ​ព្រួយ​បារម្ភ និង​រង​សម្ពាធ​ផ្លូវ​ចិត្ត។

លោក សុះ សល់៖ «ការ​ចូល​សួរ​សុខទុក្ខ​ច្រើន​ដង​ដែរ​ហើយ​បន្ទាប់​ពី​បងប្អូន​យើង​ពីមុន​រហូត​ដល់​លោក ឆន សុខឿន និង​កូន​នេះ​រឹត​បណ្ដឹង​ថែម​ទៀត ប៉ូលិស​ថៃ​អត់​ប្រាប់​ពី​ហេតុផល​អ្វី​ទេ ប៉ូលិស​ថៃ​ប្រាប់​មួយ​ម៉ាត់ គឺ​ដាច់ខាត​តែ​ម្ដង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​បងប្អូន ឬ​ក៏​អ្នក​ផ្សេង​ពុំ​មាន​សិទ្ធិ​ជួប​ជាមួយ​ជន ដែល​គេ​ត្រូវ​បាន​ចាប់​នោះ​ទេ គឺ​មាន​តែ​យូអិន និង​មេធាវី​របស់​យូអិន​តែ​ម្ដង​គត់​អាច​ជួប​បាន»

ចំណែក​ប្រពន្ធ​ជន​ភៀស​ខ្លួន​ផ្នែក​ពលករ​នៅ​ថៃ​លោក ឆន សុខឿន គឺ​លោកស្រី ម៉េត ធានី រៀបរាប់​ថា​លោកស្រី​បាយ​មិន​បាន​ដេក​មិន​លក់​ពីរ​ថ្ងៃ​មក​ហើយ​ដោយសារ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​សហការ​ជាមួយ​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​គ្រួសារ​លោកស្រី​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​កម្ពុជា​ត្រឡប់​ទៅ​ទទួល​ទោស​ស្រុក​ខ្មែរ​វិញ។ លោកស្រី​ថា​ចាប់​តាំង​ពី​សមត្ថកិច្ច​ថៃ​ព័ទ្ធ​ចាប់​ប្តី​និង​កូន​ប្រុស​មកដល់​ពេល​នេះ​លោក​ស្រី​ពុំ​ទាន់​ទទួល​ដំណឹង​ពី​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ទេ ស្រប​ពេល​លោកស្រី​ត្រូវ​បាន​ក្រុម​ពលករ​ខ្មែរ​ជម្លៀស​ដាក់​ឱ្យ​នៅ​សម្ងំ​ក្នុង​បន្ទប់​មួយ​កន្លែង​ដើម្បី​គេច​ពី​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។

លោកស្រី ម៉េត ធានី៖ «ចា៎​ខ្ញុំ​ពិបាក​ចិត្ត ខ្ញុំ​គិត​ដល់​កូន និង​ប្តី។ ខ្ញុំ​ស្នើ​ដល់​យូអិន​ជួយ​អន្តរាគមន៍​ដល់​គ្រួសារ​របស់​ខ្ញុំ​ធ្វើ​មិន​ឱ្យ​មាន​សុវត្ថិភាព ពីព្រោះ​ពេលណា​គេ​បញ្ជូន​ទៅ​ខ្មែរ​វិញ​នឹង​ចប់ ហើយ​គេ​នឹង​ធ្វើ​បាប​គាត់»

បច្ចុប្បន្ន​នេះ មាន​ជន​ភៀស​ខ្លួន​ខ្មែរ​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ថៃ​ចំនួន​១៧នាក់​ក្នុង​នោះ​ក៏​មាន​ទាំង​មនុស្ស​ចាស់ និង​កុមារ​ផង។ ករណី​សមត្ថកិច្ច​ថៃ​សម្រុក​ចុះ​ចាប់​ជន​ភៀស​ខ្លួន ពលករ​ខ្មែរ​គាំទ្រ​គណបក្ស​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​នេះ​គឺ​ធ្វើ​ឡើង​អំឡុង​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​បាងកក លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណ​ដល់​រដ្ឋាភិបាល​ថៃ ដែល​បាន​ចាប់​ខ្លួន និង​រារាំង​មិន​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ប្រើប្រាស់​ទឹក​ដី​ថៃ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា​ជន​ជាប់​ឃុំ​គ្រប់​រូប​នៅ​ទី​កន្លែង​ណា ក៏​ដោយ​ពួក​គេ​មាន​សិទ្ធិ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ មិត្តភ័ក្ដិ​ដែល​ធានា​ដោយ​ច្បាប់​អន្តរជាតិ និង​ជា​កាតព្វកិច្ច​សិទ្ធិមនុស្ស សីលធម៌​របស់​ប្រទេស​មួយៗ ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​​ថា​​ប្រទេស​ថៃ​លែង​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន ឬ​ជន​ភៀស​ខ្លួន​ដែល​ទទួល​ស្គាល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ទៀតហើយ ពីព្រោះ​អាជ្ញាធរ​ថៃ​កំពុង​អនុវត្ត​ផ្ទុយ​ពី​អនុសញ្ញា​នៃ​ជន​ភៀស​ខ្លួន​ដែល​ប្រទេស​នេះ បាន​ទទួល​ស្គាល់​កន្លង​ទៅ។

លោក អំ សំអាត៖ «បើ​អាជ្ញាធរ​ថៃ​រំលោភ​សិទ្ធិ​ជន​ភៀស​ខ្លួន អា​ហ្នឹង​ជៀស​មិន​ផុត​ការ​រិះគន់​ពី​សហគមន៍​អន្តរ​ជាតិ ជាពិសេស​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ពីព្រោះ​វា​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់ និង​រំលោភ​បំពាន​សិទ្ធិ​ជន​ភៀស​ខ្លួន។ យើង​ដឹង​ហើយ​ថា​កម្ពុជា និង​ថៃ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​នឹង​គ្នា ប៉ុន្តែ​ថៃ​ត្រូវ​គិត​ពី​សិទ្ធិ​ជន​ភៀស​ខ្លួន​ដែល​ធានា និង​ទទួលស្គាល់​ដោយ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន»

បច្ចុប្បន្ន​មាន​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ​៧០នាក់​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ដោយសារ​ពួកគេ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ខ្មែរ និង​គេច​ពី​ការ​បង្ខំ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។ កន្លង​ទៅ​ភៀស​ខ្លួន​ទាំងនោះ​តែងតែ​រង​នូវ​អំពើ​ហិង្សា​វាយ​ធ្វើបាប ការ​គំរាម​កំហែង និង​ប៉ុនប៉ង​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​ជាដើម។ ទង្វើ​នេះ​ត្រូវ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​រិះគន់ ហើយ​ទាមទារ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ឱ្យ​បញ្ឈប់​ការរំលោភ​បំពាន​សិទ្ធិ​ជន​ភៀស​ខ្លួន​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។