ចាងហ្វាងកាសែតខ្មែរ ថាមស៍ (Khmer Times) លោក ធី ម៉ូហាន់ (T.Mohan) រងការចោទថា បានបៀតបៀនផ្លូវភេទលើបុគ្គលិកស្រីរបស់ខ្លួនរហូតដល់នាងលាឈប់ពីការងារ។ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរចាត់វិធានការច្បាប់ ដើម្បីរកយុត្តិធម៌ជូននារីរងគ្រោះនោះ និងលុបបំបាត់អំពើបៀតបៀនផ្លូវភេទនៅកម្ពុជា។ រីឯលោក ធី ម៉ូហាន់ បានច្រានចោលការចោទប្រកាន់នេះ។
អតីតបុគ្គលិកកាសែត ខ្មែរ ថាមស៍ ម្នាក់ ដែលជាជនជាតិហ្វីលីពីន និងជាអ្នកសរសេរអត្ថបទជីវិត កម្សាន្ត និងសង្គមអ្នកនាង អេព្រីល រ៉េភូសា (April Reposar) បានសរសេរលិខិតចំហមួយលាតត្រដាងនូវរឿងអាស្រូវដែលថា ចាងហ្វាងកាសែត ខ្មែរ ថាមស៍ លោក ធី ម៉ូហាន់ បានបៀតបៀនផ្លូវភេទ លើរូបនាងរហូតធ្វើឱ្យរូបនាងទ្រាំមិនបាន និងសម្រេចចិត្តលាឈប់ពីការងារហើយចាកចេញពីកម្ពុជាត្រឡប់ទៅប្រទេសកំណើតនៅហ្វីលីពីនវិញ។
ក្នុងលិខិតចំហចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដែលផ្ញើជូនទៅស្ថានទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា អ្នកនាង April Reposar សរសេរថា នៅក្រោយពិធីជប់លៀងបញ្ចប់អាណត្តិអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ចច អេដហ្ការ (George Edgar) កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ លោក ធី ម៉ូហាន់ បានបបួលនាងទៅញ៉ាំអាហារពេលល្ងាច ហើយបានសុំនាងរួមដំណេកដោយសន្យាថា លោកនឹងជួយឱ្យជីវិតនាងល្អប្រសើរតាមរយៈការផ្ដល់ប្រាក់ចំនួន ១ពាន់ដុល្លារជួល ផ្ទះល្វែង (Apartment) ថ្មី ឱ្យនាងស្នាក់នៅ ព្រមទាំងការផ្គត់ផ្គង់ផ្សេងទៀតដល់នាងប្រចាំខែ។ ប៉ុន្តែ នាងត្រូវតែជួបរួមដំណេកគ្រប់ពេលដែលលោកត្រូវការ។ ពេលនោះ អ្នកនាង April Reposar បានបដិសេធដោយប្រាប់ថា នាងមានមិត្តប្រុសរួចហើយ។ នៅថ្ងៃបន្តបន្ទាប់មកទៀតលោក ធី ម៉ូហាន់ បានណាត់នាងញាំអាហារ និងតែងតែផ្ញើសារនូវសំណួរដដែលៗ និងស្នើសុំឱ្យនាងពិចារណាឡើងវិញ ចំពោះសំណើរបស់លោក រហូតធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច និងសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ កាលពីថ្ងៃទី២១ ខែឧសភា ខណៈនាងទើបចូលធ្វើការមិនដល់មួយខែផង។
ក្នុងលិខិតចំហឱ្យដឹងទៀតថា បន្ទាប់មក លោកលោក ធី ម៉ូហាន់ បានហៅនាងទៅសួរនាំពីរឿងលាឈប់ពីការងារ។ នាងបានប្រាប់ត្រង់ៗ ថា ដោយសារតែទង្វើរបស់លោក ធី ម៉ូហាន់ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន។ នាងរៀបរាប់ទៀតថា មុនបណ្ដេញនាងចេញលោក ធី ម៉ូហាន់ បានព្រមាននាងកុំឱ្យប្រាប់អ្នកផ្សេងអំពីរឿងអាស្រូវនេះ និងបង្គាប់ឱ្យនាងលុបសារឆ្លើយឆ្លងគ្នាទាំងអស់ចោល ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះទាំងអស់គ្នា។
ក្នុងលិខិតដដែលបន្ដថា ក្រោយពេលដែលនាងលាឈប់ទៅហើយនោះ នាយកកាសែត ខ្មែរ ថាមស៍ រូបនេះបែរជាបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងទៅប្រាប់បុគ្គលិកនៅក្នុងស្ថាប័នកាសែត ខ្មែរ ថាមស៍ ដោយចោទថា នាងបានព្យាយាមលក់ខ្លួនឱ្យគាត់ដើម្បីទទួលបានអនាគតល្អប្រសើរទៅវិញនៅកម្ពុជា។ លើសពីនេះទៀតលោក ធី ម៉ូហាន់ ក៏បានបង្កើតព័ត៌មានមិនពិតអំពីនាង ដើម្បីដាក់ឈ្មោះនាងក្នុងបញ្ជីខ្មៅរបស់អន្តោប្រវេសន៍កម្ពុជាដែលធ្វើឱ្យនាងមិនអាចវិលចូលកម្ពុជាបានទៀតផង។
អ្នកនាង April Reposar បានប្រាប់វីអូឌី (VOD) កាលពីទី១៨ មិថុនាថា នាងនឹងមិនបញ្ចប់រឿងនេះទេ ហើយនាងបានពឹងពាក់មេធាវីរួចហើយ ដើម្បីដំណើរការក្ដីនៅក្នុងរឿងនេះ។
ចាងហ្វាងកាសែតខ្មែរ ថាមស៍ លោក ធី ម៉ូហាន់ ប្រាប់អាស៊ីសេរីតាមរយៈអ៊ីម៉ែល (Email) ថា នេះជារឿងមួលបង្កាច់ហើយបុគ្គលិកនោះ បានលាឈប់និងបានចាកចេញកាលពីថ្ងៃទី១ ខែមិថុនា។ លោកក៏បានបង្វិលសំណួររបស់អាស៊ីសេរីឱ្យទៅសួរនាយកប្រតិបត្តិកាសែត ខ្មែរ ថាមស៍ គឺលោក កៃ គឹមសុង វិញ ប៉ុន្តែលោក កៃ គឹមសុង មិនលើកទូរស័ព្ទ។
ទោះបីជាលោក ធី ម៉ូហាន់ បដិសេធក្ដី ប៉ុន្តែអ្នកនាង April Reposar ក៏បានចែករំលែកសារឆ្លើយឆ្លង ដែលមានឈ្មោះលោក ធី ម៉ូហាន់ ដែលបានសុំនាងរួមដំណេកម្ដងហើយម្ដងទៀតដែរ។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មអ្នកស្រី អ៊ូ ទេពផល្លីន ដែលចូលរួមធ្វើការលើកស្ទួយសិទ្ធិស្ត្រីដែរនោះលើកឡើងថា ប្រសិនបើរឿងនេះជាការពិត គឺទង្វើលោក ធី ម៉ូហាន់ គឺជាការបៀតបៀនផ្លូវភេទ ដូច្នេះអាជ្ញាធរកម្ពុជាគួរតែចាត់វិធានការច្បាប់ ដើម្បីរកយុត្តិធម៌ជូនរងគ្រោះ និងលុបបំបាត់អំពើបៀតបៀនផ្លូវភេទនៅក្នុងប្រទេសកម្ពុជា៖ «រដ្ឋាភិបាលត្រូវតែចាត់វិធានការឱ្យបានរ៉ឹងមាំជៀសវាងបំផុត គឺរឿងស្តង់ដារពីរ ព្រោះយើងឃើញថាអ្នកមួយចំនួននៅក្នុងតួនាទីបែបនេះនៅពេលគាត់ប្រព្រឹត្តដូចជាករណីបែកធ្លាយសារអំពើបៀតបៀន និងហិង្សាអីផ្សេងៗដូចជាចាត់ការលឿន ប៉ុន្តែមួយក្រុមទៀតរឿងនេះកើតឡើងដូចគ្នាប៉ុន្តែចំណាត់ការគឺអត់មាន ដូច្នេះការអនុវត្តច្បាប់គឺបែងចែកស្តង់ដារ»។
អាស៊ីសេរីបានទាក់ទងអ្នកនាំពាក្យក្រសួងកិច្ចការនារីលោកស្រី ម៉ាន ចិន្តា ជាច្រើនលើកប៉ុន្តែមិន ទទួលទូរស័ព្ទ។
លោក ម៉ូ ហាន់ គឺជាអ្នកជំនួញជនជាតិម៉ាឡេស៊ីហើយ លោកបានបង្កើតកាសែត ខ្មែរ ថាមស៍ នៅទីក្រុងភ្នំពេញ កាលពីខែឧសភាឆ្នាំ២០១៤។ ចាងហ្វាងកាសែត ខ្មែរ ថាមស៍ រូបនេះ ធ្លាប់បានបែកធ្លាយសារកាលពីដើមឆ្នាំ២០១៧ ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និតរបស់លោកជាមួយម្ចាស់កាស៊ីណូ ណាហ្គា វើលដ៍ (NAGA World) និងកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត។ សារបែកធ្លាយនោះ ក៏បង្ហាញថា ម្ចាស់កាស៊ីណូ ណាហ្គា វើលដ៍ និងគ្រួសាររបស់លោក ហ៊ុន សែន គឺជាអ្នកផ្ដល់ការគាំទ្រដល់កាសែត ខ្មែរ ថាមស៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
