ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ភ្លើង​ទៀន ខេត្តកំពង់ចាម ស្នើ​តុលាការ​ឱ្យ​ដោះលែង​ប្ដី​ពី​ពន្ធនាគារ

ដោយ ច័ន្ទ ដារ៉ូ
2024.06.03
ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​បក្ស​ភ្លើង​ទៀន ខេត្តកំពង់ចាម ស្នើ​តុលាការ​ឱ្យ​ដោះលែង​ប្ដី​ពី​ពន្ធនាគារ
រូបពីពលរដ្ឋ

ប្រពន្ធ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ជំទាស់​នៅ​ខេត្តកំពង់ចាម ស្នើ​ដល់​តុលាការ​ខេត្ត​នេះ ឱ្យ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​មក​វិញ ព្រោះ​សមាជិក​គ្រួសារ​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ងាក​ទៅ​ផ្សះផ្សា​ជាតិ​ដោយ​ដោះ​លែង​សកម្មជន​ទាំងនោះ ដើម្បី​ផលប្រយោជន៍​ជាតិ និង​មុខមាត់​របស់​រដ្ឋាភិបាល។

សាច់ញាតិ​សកម្មជន​បក្សជំទាស់​ប្រមាណ ១០នាក់ នៅ​ថ្ងៃ​ទី៣ ខែមិថុនា បាន​នាំគ្នា​ចូល​ជួប​សួរ​សុខទុក្ខ​សមាជិក​គ្រួសារ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម។ ពួកគេ​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​ដោយ​ទាមទារ​តុលាការ​ដោះលែង​ប្តី និង​ឪពុក​ត្រឡប់​មក​វិញ ពីព្រោះ​ពួកគាត់​ចាត់​ទុក​​ការ​ឃុំឃាំង​អ្នក​នយោបាយ ដែល​គ្មាន​កំហុស​ឱ្យ​រង​ទុក្ខ​វេទនា បែកបាក់​គ្រួសារ​គឺ​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ឡើយ​សម្រាប់​អ្នកតស៊ូ​ជំរុញ​ឱ្យ​សង្គម​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ។

ប្រពន្ធ​ចៅសង្កាត់​រង​ទី២ នៅ​សង្កាត់​វាលវង់ ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម​របស់​គណបក្ស​ភ្លើង​ទៀន​ លោក គង់ ថារ៉េត គឺ​លោកស្រី មុំ សុខឃាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្ដី​លោកស្រី​មាន​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​លើសឈាម តែ​ស្ថានភាព​សុខភាព​គាត់​ជាទូទៅ​បាន​ធូរស្រាល​មក​វិញ​ហើយ ក្រោយ​ពី​ឆ្មាំ​ពន្ធនាគារ​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល​ពី​ពេល​ថ្មីៗ នេះ។ ស្ត្រី​វ័យ ៥០ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ថា លោក គង់ ថារ៉េត នៅតែ​រក្សា​ជំហរ​រឹងមាំ​ធម្មតា​ដោយ​ផ្កាំ​ផ្ញើ​ឱ្យ​លោកស្រី​និង​កូន​ថែទាំ​សុខភាព ហើយ​លើក​ទឹកចិត្ត​ដល់​លោកស្រី​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន ​កុំ​ចាញ់​សម្លុត​អាជ្ញាធរ​បក្ស​កាន់អំណាច ពីព្រោះ​គាត់​មិន​បាន​បន្លំ​ស្នាម​មេដៃ​រៀបចំ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ។

លោកស្រី មុំ សុខឃាង៖ «ប្ដីរបស់​ខ្ញុំ បើ​គាត់​ធ្វើ​ខុស គឺ​ទទួល​ស្គាល់​ថា ខុស​ហើយ។ ប៉ុន្តែ គាត់​អត់​បាន​ធ្វើ​អ្វី​ខុស​ផង​មក​ចាប់​គាត់​អ៊ីចឹង ខ្ញុំ​ទទួល​យក​អត់​បាន​ទេ។ ខ្ញុំ​យល់​ឃើញ​ថា តុលាការ​អត់​មាន​យុត្តិធម៌​ទេ ពីព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​ខុស​អ្វី​ផង ខ្ញុំ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​ខ្ញុំ​មក​វិញ កុំ​ឱ្យ​ខ្ញុំ​បែកបាក់​គ្រួសារ​អ៊ីចឹង​ទៀត ពីព្រោះ​ប្ដី​ខ្ញុំ​អត់​មាន​កំហុស​ទេ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​បេក្ខជន​ក្រុមប្រឹក្សា​ស្រុក​ស្ទឹងត្រង់ លោក ស្រ៊ី មាន គឺ​លោកស្រី លី លន់ រៀបរាប់​ថា លោកស្រី​ទៅ​ជួប​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ពុំ​មាន​លុយកាក់​ទិញ​ម្ហូប​អាហារ​ផ្ញើ​ទុក​ឱ្យ​ប្ដី​សម្រាប់​ហូបចុក​នោះ​ទេ ពីព្រោះ​បច្ចុប្បន្ន​គ្រួសារ​មាន​ជីវភាព​ក្រីក្រ ហើយ​សូម្បី​តែ​លោកស្រី​ឈឺ ក៏​គ្មាន​លុយ​បង់​ថ្លៃ​ពេទ្យ​ផង។ ជាង​នេះ​ទៅ​ទៀត លោកស្រី​ស្រណោះ​ពេល​ឃើញ​ប្ដី​មាន​វ័យ​កាន់តែ​ចាស់​តស៊ូ ដើម្បី​ជាតិ​មាតុភូមិ តែ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ឱ្យ​រង​ទុក្ខវេទនា​ព្រាត់​ពី​គ្រួសារ។ លោកស្រី​ស្នើ​ដល់​តុលាការ​ខេត្តកំពង់ចាម​ប្រគល់​សេរីភាព​ឱ្យ​មក​ប្ដី​វិញ។

លោកស្រី លី លន់៖ «ចាប់តាំង​ពី​ចាប់ខ្លួន​ប្ដី​មក ខ្ញុំ​ពិបាក​ចិត្ត​រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ខ្ញុំ​ចង់​​តែ​ហែក​ពុះ​ទ្រូង​តែ​ម្ដង​ឥឡូវ​នេះ។ ខ្ញុំ​ពិបាក​ចិត្ត​ដោយ​មិន​ដឹង​ថ្ងៃ​ណា​គេ​ដោះលែង​មក​វិញ។ អ៊ីចឹង​ខ្ញុំ​ចេញ​មក​ជួប​ប្ដី​នៅ​ពន្ធនាគារ​ទៅ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ចាម លោក ឈន ចាន់ដែត ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែមិថុនា។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ចាប់ខ្លួន​សកម្មជន​របស់​គណបក្ស​ជំទាស់​ចំនួន ៥នាក់ ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ រួមមាន លោក សាន សឿង លោក ស្រ៊ី មាន លោក យិន ភាន លោក គង់ ថារ៉េត និង​លោក ឆេង សារិន ជា​ដើម។ តុលាការ​ខេត្ត​នេះ​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ញុះញង់ និង​ក្លែង​ឯកសារ។ ក្រៅ​ពី​នេះ តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​សកម្មជន​មួយ​ចំនួន​ទៀត ដោយសារ​ពួក​គេ​មិន​ប្តូរ​ឆន្ទៈ​នយោបាយ។ ផ្ទុយ​ទៅ​វិញ សកម្មជន​ខ្លះ​បង្ខំ​ចិត្ត​សន្យា​បោះ​ឆ្នោត​គាំទ្រ ឬ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ជា​ថ្នូរ​នឹង​ការ​ដោះលែង​ពួក​គេ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ករណី​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​ជា​អង្គ​បោះ​ឆ្នោត និង​ជា​បេក្ខជន​មក​ពី​បក្ស​ប្រឆាំង​ទាំង​នោះ​បាន​ធ្វើឡើង​​នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាល​ពី​ថ្ងៃ​ទី២៦ ខែឧសភា។ ក្រុម​គ្រួសារ និង​មន្រ្តី​សិទ្ធិមនុស្ស​ហៅ​ការ​ចាប់​ខ្លួន​នេះ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍ ដើម្បី​បង្ក្រាប​លើ​សំឡេង​ប្រឆាំង ដែល​សេសសល់​នៅ​មូលដ្ឋាន។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​កន្លង​មក​មជ្ឈដ្ឋាន​ទូទៅ​នឹង​បន្ត​រិះគន់ ជាពិសេស ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ។ លោក យិន ម៉េងលី ចង់​ឃើញ​អ្នក​នយោបាយ​ក្នុង​នោះ​អ្នក​កាន់​អំណាច​ដោះ​ស្រាយ​បញ្ចប់​វិវាទ​នយោបាយ និង​ដោះ​លែង​សកម្មជន​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាលគួរតែ​ពិនិត្យ​ឡើង​វិញ ទៅ​លើ​អនុសាសន៍​របស់​ប្រទេស​ជា​ច្រើន ពាក់ព័ន្ធ​នឹង​លំហ​នយោបាយ​នេះ គប្បី​ធ្វើការ​ដោះ​លែង សម្របសម្រួល​ផ្នែក​នយោបាយ​ឡើង​វិញ ដើម្បី​បញ្ចប់​បញ្ហា បញ្ចប់​ការ​រិះគន់​ពាក់ព័ន្ធ​រឿង​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង ដើម្បី​មុខមាត់​ឡើង​វិញ ពីព្រោះ​យើង​ឃើញ​មាន​ប្រទេស​ប្រជាធិបតេយ្យ​ជា​ច្រើន ដែល​ទាមទារ​ហ្នឹង ហើយ​ប្រទេស​ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ដៃ​គូ សុទ្ធ​តែ​ជា​អ្នក​ចង់​ឃើញ​ប្រទេស​កម្ពុជា​ស្ដារ​នូវ​លំហ​ប្រជាធិបតេយ្យ នយោបាយ​ទាំង​អស់​នេះ»

មក​ទល់​ពេល​នេះ ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​កើន​ឡើង​ដល់​ចំនួន​ជាង ៦០នាក់​ហើយ ប៉ុន្តែ​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ការ​ចាប់​ខ្លួន​ទាំង​នេះ គ្រាន់​តែ​ជា​រូបភាព​នយោបាយ។ គណបក្ស​ប្រឆាំង និង​មន្ត្រី​សិទ្ធិមនុស្ស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​មក​គាបសង្កត់​លើ​សំឡេង​ប្រឆាំង ហើយ​ទាមទារ​ឱ្យ​ដោះ​លែង​ពួក​គេ​វិញ​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។