អាជ្ញាធរ​បង្ក្រាប និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់​ដែល​អ្នក​តវ៉ា​ដាក់​ញត្តិ​នៅ​មុខ​ស្ថានទូត​ចិន តាម​បញ្ជា​លោក ហ៊ុន សែន

ដោយ ឫទ្ធិ
2020-10-22
Share
តវ៉ា ស្ថានទូត​ចិន ៩២២ សកម្មភាព​អាជ្ញាធរ​បង្រ្កាបអ្នក​តវ៉ា​មុខស្ថានទូត​ចិន នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២០។
រូប​ហ្វេសប៊ុក

អាជ្ញាធរ​របប​លោក ហ៊ុន សែន បង្ក្រាប​និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់ តាម​ការ​គំរាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលដែល​ពួកគេ​មាន​គ្នា​ប្រមាណ​ជិត ២០​នាក់ ព្យាយាម​ទៅ​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា​និង​ដាក់​ញតិ្ត​ជូន​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។ ការ​តវ៉ា​ដាក់​ញត្តិ​នេះ ធ្វើឡើង​ចំ​ថ្ងៃ​ខួប ២៩​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ​។ ក្រោយ​ការ​បង្ក្រាប​នៅមុខ​ស្ថានទូត​ចិន​នោះ ក្រុម​អ្នក​តវ៉ា បាន​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង ហើយ​គ្មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​ការ​ចាប់​ខ្លួន​ដូច​នៅមុខ​ស្ថានទូត​ប្រទេស​កុម្មុយនិស្ត​ចិន​នោះ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​នាក់ ភាគច្រើន​ជា​ស្ត្រី​និង​យុវជន ក្នុង​នោះ​ក៏​មាន​ជនពិការ​ផង​ដែរ នៅតែ​បន្ត​ជម្នះ​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​ស្ថានទូត​ចិន ដើម្បី​ដាក់​ញត្តិ និង​បាន​ស្រែក​ថា ពួកគេ​មិន​ស្វាគមន៍​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​នោះ​ទេ និង​ទាមទារ​ឲ្យ​ក្រុងភ្នំពេញ និង​ប្រទេស​ហត្ថលេខី​ទាំងអស់ គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ត្រឹមត្រូវ។

ទោះជា​យ៉ាងណា ការ​តវ៉ា​របស់​ពួកគេ មិនបាន​ប៉ុន្មាន​នាទី​ផង ត្រូវ​បាន​កងកម្លាំង​ចម្រុះ និង​ក្រុម​កង​សន្តិសុខ​ក្រុងភ្នំពេញ​រាប់​សិប​នាក់ ដែល​បាន​ដាក់​ពង្រាយ​ការពារ​នៅមុខ​ស្ថានទូត​ចិន តាំង​ពី​ព្រឹក​ព្រលឹម និង​ដឹកនាំ​ដោយ​អភិបាលរង​ក្រុងភ្នំពេញ លោក មាន ចាន់យ៉ាដា នោះ បាន​ប្រកាស​ទុក​ពេល ៥​នាទី​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ជាបន្ទាន់ ដោយ​គ្មាន​មូលហេតុ៖ «ជម្រាប​ជូន​បងប្អូន​ដែល​ឈរ​លើក​បដា​តវ៉ា​នៅ​ទី​នេះ ត្រូវ​ធ្វើ​ការ​រំសាយ​ក្នុង​រយៈពេល​៥​នាទី ។ ត្រឹម​៥​នាទី ត្រូវ​រំសាយ​ចេញពី​ទីតាំង​នេះ ឲ្យ​អស់​។ សូម​ផ្ទៀង​នាទី​ទៅ»

នៅ​ពេល​ក្រុម​អ្នកតវ៉ា មិន​ព្រម​បំបែក​នោះ ក្រុម​កង​សន្តិសុខ​បាន​ឃាត់ខ្លួន លោកស្រី លឹម សាន លោកស្រី យ៉យ ស្រីមុំ និង លោក តុន និមល​។ ចំណែក​ស្ត្រី​អ្នក​តវ៉ា​ផ្សេងទៀត ត្រូវ​កង​សន្តិសុខ ប្រើ​ហិង្សា​រុញច្រាន និង​ចាប់​សែង​លោកស្រី សាត ផា ដែល​មាន​របួស​ជើង​ដើរ​ស្ទើរ​រមិន​រួច​នោះ ទៅ​ទម្លាក់​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ ខណៈ​ស្ត្រី​ម្នាក់ទៀត ត្រូវរបួស​បណ្ដាល​ឲ្យ​សន្លប់​មួយស្របក់។

ស្ត្រី​តវ៉ា​ដែល​រង​របួស​ម្នាក់ គឺ​លោកស្រី សាត ផា សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​របប លោក ហ៊ុន សែន បង្ក្រាប​ដោយ​ហិង្សា និង​ចាប់ខ្លួន​ពលរដ្ឋ​បី​នាក់ ដោយ​គ្រាន់តែ​ជួបជុំ​ដាក់​ញត្តិ​ជូន​ស្ថានទូត​ចិន ដើម្បី​ឲ្យ​បញ្ឈប់​មហិច្ឆតា​សាង​មូលដ្ឋានទ័ព​នៅ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង និង​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «ពួក​ខ្ញុំ​មានតែ​ម្រាមដៃ​ដប់​មិន​ដូច​អាជ្ញាធរ​ទេ មាន​អាវុធ​មាន​ដែក​ឆក់ ចាប់​បង្ក្រាប ចាប់​វាយ​។ ខ្ញុំ​សូម​បង​សួង​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​ដល់​ប្រទេស​កម្ពុជា​ខ្ញុំ​ផង​។ គ្រាន់តែ​ពួក​ខ្ញុំ​មក​ដាក់​ញត្តិ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គេ​បាន​វាយ​ខ្ញុំ​ពី​រដក​ទាំង ថ្ងៃនេះ ។ សាហាវ​ណាស់​របប​លោក ហ៊ុន សែន បាន​តែ​ចាប់ បានតែ​ចង បានតែ​ដាក់​គុក​។​ស៊ីប្រាក់ខែ​រាស្ត្រ វាយ​រាស្ត្រ សម្លាប់​រាស្ត្រ ហើយ​ទាមទារ​យុត្តិធម៌​អត់​ដែល​មាន​ទេ។ ខ្ញុំ​ឈឺចាប់​ណាស់»

ក្រៅពី​អ្នក​តវ៉ា​នោះ សូម្បីតែ​ក្រុម​អ្នកសារព័ត៌មាន ក៏​ត្រូវ​បាន​សមត្ថកិច្ច គំរាមកំហែង​និង​ដកហូត​ទូរស័ព្ទ និង​កាមេរ៉ា​មិន​ឲ្យ​ថត​ក្នុង​ពេល​បង្ក្រាប​នៅមុខ​ស្ថានទូត​ចិន​នោះ​ទេ​។ អ្នកសារព័ត៌មាន ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​បំបិទ​សេរីភាព​សារព័ត៌មាន ដែល​ប្រាសចាក​ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ។

ទាក់ទង​នឹង​ករណី​នេះ អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៣ តុលា​ថា ការ​បំបែក​និង​ការ​ឃាត់ខ្លួន​ទាំង​បី​នាក់​នេះ គឺ ពាក់ព័ន្ធ​ការ​តវ៉ា​ដោយ​គ្មាន​ការ​ជូន​ដំណឹង ឬ​ការអនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។ លោក ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវតែ​ចាត់វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​ជូន ស្ថានទូត​បរទេស​នូវ​កម្ពុជា​។ លោក នៅ​មិនទាន់​ដឹង​ថា សមត្ថកិច្ច នឹង​ដោះលែង​ពលរដ្ឋ​ទាំង​៣​នាក់​នោះ​វិញ ឬ​ត្រូវ​បញ្ជូន​ទៅ​សាកសួរ​បន្ត​នៅ​តុលាការ​នោះ​ឡើយ ព្រោះ​មកទល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​សាកសួរ​ពលរដ្ឋ​ទាំង ៣​នាក់​នោះ​បន្ថែម​ទៀត៖ «អ្នក​ដែល​ចូលរួម​គឺ​នៅ​ពេល​ដែល​អត់​មាន​របាយការណ៍​នៃ​ការ​សុំ​ការ​អនុញ្ញាត​ច្បាស់លាស់​អ៊ីចឹ​ង អត់​ដឹង​មកពី​ប្រភព​ណា​ច្បាស់លាស់​ទេ ហើយ​នៅ​ពេល​ដែល ចុងក្រោយ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​បំបែក​ក្រុម តែ​គាត់​អត់​ព្រម ទើប​សមត្ថកិច្ច​យើង​ធ្វើការ​បំបែក ហើយ ធ្វើការ​ឃាត់ខ្លួន​បីនាក់​ដើម្បី​សួរនាំ»

ក្រោយ​អាជ្ញាធរ​បំបែក​ការប្រមូលផ្តុំ​នៅមុខ​ស្ថាន​ទូច​ចិន​នោះ ក្រុម​អ្នកតវ៉ា​មាន​គ្នា​កាន់តែ​ច្រើន​ឡើង​ប្រមាណ​២​រយ​(២០០)​នាក់ បាន​បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​បារាំង​វិញ​ម្តង។ ចំណែក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ប្រពន្ធ​កូន​របស់​សមាជិក​បក្ស​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ ក៏​បាន​ធ្វើដំណើរ​ចេញពី​មុខ​តុលាការ​ក្រុង​ភ្នំពេញ ទៅ​ចូលរួម​ស្រែក​តវ៉ា​និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក និង​បារាំង​ផង​ដែរ ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ។ ក្រុម​ប្រពន្ធ​កូន​បក្ស​ប្រឆាំង​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​នាក់​ក្នុង​នោះ​មាន​កម្លាំង​នគរបាល​ជា​ស្ត្រី​ផង បាន​រាំ​រាំង​ពួកគេ មិន​ឲ្យ​តវ៉ា​នៅ​ខាងមុខ​តុលាការ​ដូច​សព្វមួយដង។

នៅមុខ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ទាំងនេះ ក៏​មាន​ក្រុម​អាជ្ញាធរ​ចម្រុះ​របប​ក្រុងភ្នំពេញ​រាប់សិប​នាក់ ដាក់​ពង្រាយ​ត្រៀបត្រា​ដែរ ប៉ុន្តែ​ពុំ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ពលរដ្ឋ​ដូច​នៅ​ខាងមុខ​ស្ថានទូត​ប្រទេស​កុម្មុយនិស្ត​ចិន​នោះ​ទេ។

ពលរដ្ឋ​មួយ​រូប​រស់នៅ​ខេត្ត​កណ្ដាល​ដែល​ចូលរួម​តវ៉ា​ដាក់​ញត្តិ លោក មឹក ជា ខកចិត្ត​ដែល​ស្ថានទូត ចិន មិន​ចេញ​មក​ទទួល​ញ​តិ្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង៖ «ប្រជាពលរដ្ឋ​យើងខ្ញុំ យក​ញត្តិ​ទៅ​ដា​ក់​នៅ​ស្ថានទូត​ចិន​មិន​បាន​សម្រេច​ទេ ដោយសារ​អាជ្ញាធរ​ក្រុងភ្នំពេញ​បំបែក​យ៉ាង​ចាស់ដៃ មិន​ឲ្យ​ខ្ញុំ​ចូល​ដាក់​ញត្តិ​បាន​។​យើងខ្ញុំ ឈាន​ជើង​មក​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក​វិញ ដែល​ជា​ប្រទេស​មួយ​កាន់​ប្រជាធិបតេយ្យ​ច្បាស់ លាស់​គឺ​យើង​មកដល់​នេះ​សុខសាន្ត​តែម្ដង ដូច្នេះ​ប្រទេស​កុម្មុយនិស្ត និង​ប្រទេស​សេរី​ខុសគ្នា​ឆ្ងាយ ដូច​មេឃ​និង​ដី»

បន្ទាប់ពី​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​រួច ស្ថានទូត​អាមេរិក និង​ស្ថានទូត​បារាំង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​គ្នា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook)​ផ្លូវការ​របស់​ស្ថានទូត​ពាក់ព័ន្ធ​នឹង​ខួប​លើក​ទី​២៩​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចំណែក​ស្ថាន​ទូច​ចិន មិនបាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នោះ​ទេ។

ស្ថានទូត​អាមេរិក លើកឡើងថា កាលពី ២៩​ឆ្នាំមុន ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ចូលរួម​ជាមួយ​ប្រ​ទស​ចំនួន ១៧ ទៀត នៅ​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​ដំណើរការ និង​ស្ថាប័ន ដែល​បញ្ចប់​ជម្លោះ និង​ការ​បង្ហូរ​ឈាម​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​រាប់​ឆ្នាំ ហើយ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​លើ​ផ្លូវ​ទៅ​​រក​សន្តិភាព​ឡើងវិញ​។ កិច្ចព្រមព្រៀង​នេះ​មានបំណង​ធានា​ឲ្យ​មាន​អធិបតេយ្យភាព ឯករាជ្យភាព និង​អព្យាក្រឹតភាព​របស់​ប្រទេស​កម្ពុជា​។ ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍​មកនេះ ក្នុងនាម​ជា​មិត្ត និង​ជា​ដៃគូ​នៃ​ប្រជាជន​កម្ពុជា គឺ​សហរដ្ឋអាមេរិក មានការ​ប្តេជ្ញា​ចិត្ត​ចំពោះ​គោលការណ៍​ទាំងនេះ​។ លើស​ពី​នេះ អាមេរិក សូម​គាំទ្រ​ប្រជាជន​កម្ពុជា​ក្នុង​ការ​ការពារ​គោលការណ៍​ទាំងនេះ ទោះបី​ជា​មាន​ការ​ដើរ​ថយក្រោយ​នៃ​សេរី​ភាពជា​មូលដ្ឋាន​ក្តី​។ ទន្ទឹម​គ្នា​នេះ អាមេរិក សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​ប្រើប្រាស់​គ្រប់​ឱកាស ដើម្បី​បំពេញ​បាន​តាម​គោលការណ៍​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩១ នេះ​។ បន្ថែម​ពី​នេះ សហរដ្ឋអាមេរិក នៅ​តែ​មាន​ការ​​ប្តេជ្ញា​ចំពោះ​កិច្ចព្រមព្រៀង​នេះ និង​ចំពោះ​ប្រជាជន​កម្ពុជា។

ចំណែក​ស្ថានទូត​ប្រទេស​បារាំង​វិញ បាន​លើកឡើង​ថា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​កន្លង​មក ប្រទេស​បារាំង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​មួយ​ប្រកបដោយ​ភាព​សុខដុម និង​គោរព​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ។

រីឯ​ស្ថានទូត​ចិន មិន​អាច​សុំ​ការ​ឆ្លើយតប​បាន​នៅឡើយ​ទេ ដោយ​អាស៊ីសេរី បាន​ព្យាយាម​ទូរស័ព្ទ​ចូល​ជាច្រើនលើក​តែ​ពុំ​មាន​អ្នកទទួល​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​តុលា​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បង្ក្រាប និង​ការ​ចាប់ខ្លួន​ពលរដ្ឋ​នៅមុខ​ស្ថានទូត​ចិន​នេះ គឺ​មិន​ខុស​ពី​ករណី​មុនៗ​ដែល​ក្រុម​អង្គការ​ជាតិ​និង​អន្តរជាតិ ចាត់ទុកថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ ម្យ៉ាងវិញទៀត លោក​ពិនិត្យ​ឃើញ​ថា ការ​ត្រៀម​កម្លាំង​បង្ក្រាប​ដ៏​តឹងតែង​នៅមុខ​ស្ថាន​ទូច​ចិន​នេះ គឺ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​ប្រកាស​ព្រមាន​រួចស្រេច​ក្នុង​ការ​បង្ក្រាប​លើ​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​ប្រមូល​ម្តុំ​មុខ​ស្ថាន​ទូច​ចិន៖ «យើង​ឃើញ​ហើយ​ថា ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស គេ​តែងតែ​ទទួលយក​អ្វី​ដែល​ជា​ការ​ស្នើសុំ​និង​ការ​ទទូច​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស ហើយ​នឹង​លើកស្ទួយ​ប្រជាធិបតេយ្យ»

ក្រុម​ពលរដ្ឋ យល់ថា ការ​ឆ្លើយ​តប​របស់​ស្ថានទូត​អាមេរិក និង​ស្ថាន​បារាំង​នេះ គឺជា​ជោគជ័យ​មួយ របស់​ពលរដ្ឋ​ខ្មែរ ហើយ​ពួកគេ អះអាង​ថា នឹង​ប្រមូល​ផ្តុំគ្នា​តវ៉ា​បន្ត​ទៀត ប្រសិនបើ​អាជ្ញាធរ​រដ្ឋាភិបាល មិន​ព្រម​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​បី​នាក់​នោះ​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។