គណៈគ្រប់គ្រងអង្គការ លីកាដូ សមាគមធាងត្នោត និងអង្គការតម្លាភាពកម្ពុជាបានបដិសេធចូលរួមកិច្ចពិភាក្សាចង្អៀតនៅទីស្ដីការគណៈរដ្ឋមន្ត្រី។
នៅក្នុងលិខិតរបស់អង្គការ លីកាដូ និង សមាគមធាងត្នោតចេញនៅថ្ងៃទី១០ កញ្ញាបានបញ្ជាក់ថា ការមិនចូលរួមប្រជុំសារជាថ្មីនេះ ដោយសារតែមិនមានអ្វីត្រូវបកស្រាយ និងពន្យល់បន្ថែមទៀត ហើយសូមតម្កល់នូវការពន្យល់របស់តំណាងអង្គការដែលបានបកស្រាយនៅក្នុងកិច្ចពិភាក្សាចង្អៀតកាលពីថ្ងៃទី៤ កញ្ញាកន្លងទៅ។
ចំណែកអង្គការតម្លាភាពកម្ពុជាបានលើកយកហេតុផលថា ការមិនចូលរួមនៅក្នុងកិច្ចពិភាក្សានេះគឺដោយសារតែលោក ព្រាប កុល កំពុងជាប់រវល់បំពេញបេសកកម្មអន្តរជាតិនៅទ្វីបអឺរ៉ុប។
អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានចេញលិខិតកោះអញ្ជើញដាច់ដោយឡែកៗ ពីគ្នាកោះហៅគណៈគ្រប់គ្រងអង្គការ លីកាដូ និង សមាគមធាងត្នោតឲ្យមកជជែករឿងស្ថានភាពមីក្រូហិរញ្ញវត្ថុបន្ទាប់ពីការជជែកគ្នាមិនដាច់ស្រេចកាលពីសប្ដាហ៍មុន។ ចំណែកឯអង្គការតម្លាភាពកម្ពុជាឲ្យមកពិភាក្សាលើអត្ថបទដែលមានចំណងជើងថា «ចំណុចស្ដីពីការសម្រេចចិត្តដ៏សំខាន់ ដែលត្រូវធ្វើសម្រាប់កម្ពុជា» ដែលកិច្ចប្រជុំនេះធ្វើនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ កញ្ញា។
ឆ្លើយតបចំពោះការបដិសេធនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍មួយដោយបានសំដែងការសោកស្ដាយ ចំពោះការច្រានចោលភាពជាដៃគូរបស់អង្គការទាំងបី គឺអង្គការតម្លាភាពកម្ពុជា អង្គការ លីកាដូ និងសមាគមធាងត្នោត តាមរយៈកិច្ចប្រជុំសន្ទនាផ្ទៃក្នុងរវាងស្ថាប័នជំនាញរដ្ឋាភិបាល។
របបក្រុងភ្នំពេញបានចោទប្រកាន់អង្គការ លីកាដូ និងសមាគមធាងត្នោតថាមិនបានបង្ហាញនូវសុចរិតភាពរបស់ខ្លួនពាក់ព័ន្ធនឹងរបាយការណ៍ ដែលបានចោទប្រកាន់ថា មានប្រជាពលរដ្ឋខ្មែរប្រមាណជាង ២លាននាក់កំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុវ័ណ្ឌក។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បញ្ជាក់ថា លោកមានការខកចិត្តចំពោះការបដិសេធនេះតែទោះជាយ៉ាងណាលោកបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាថា តើនឹងដោះស្រាយយ៉ាងណាចំពោះអង្គការសមាគមទាំងបីនេះទៅពេលខាងមុខ៕
(គំនូសបង្ហាញអំពីវដ្ដបំណុលនៃកម្ចីពីមេក្រូហិរញ្ញវត្ថុ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។