គណបក្ស​ប្រឆាំង​ថា​ យុទ្ធនាការ​​ជាវប័ណ្ណ​នាឡិកា​លោក សម រង្ស៊ី​ បានបង្កើន​គោលដៅ​ឲ្យបាន​ ៤ ​ម៉ឺន​ប័ណ្ណ

0:00 / 0:00

ចំនួន​​អ្នក​​ជាវ​ប័ណ្ណនាឡិកា​លោក សម រង្ស៊ី បាន​កើន​​ដល់​ជាង​ ៣​ ម៉ឺន​សន្លឹក​​ហើយ ក្នុង​រយៈពេល​​១​សប្ដាហ៍។

គណៈកម្មាការ​​រៀបចំ​​​ជាវ​​នាឡិកា​របស់​​លោក សម រង្ស៊ី​ គឺ​លោក ទេព មនោរម្យ ឲ្យដឹង​​ថា​គណៈកម្មការ​​កំពុង​តែ​​រៀប​ចំ​​បោះពុម្ព​ប័ណ្ណ​​ចំនួន​១​ម៉ឺន​​សន្លឹក​​ថែម​​ទៀត ដោយ​សារ​​តែ​​ក្នុង​​រយៈពេល​​ប៉ុន្មាន​​ថ្ងៃ​មក​​នេះ ចំនួន​អ្នកជាវ​ប័ណ្ណនៅតែមាន​សន្ទុះកើន​ឡើង​ខ្លាំង។ លោក​​បញ្ជាក់​ថា ឥលូវនេះ គណៈកម្មការ បាន​បង្កើន​គោលដៅ​ឲ្យបាន​ ៤ ​ម៉ឺន​ប័ណ្ណរហួតដល់ថ្ងៃទី​៦ ខែ​មិថុនាដែល​ជា​ថ្ងៃផុត​​កំណត់។

លោក ទេព មនោរម្យ បន្ថែម​ថាគណៈកម្មការ​បាន​កំណត់​រយៈពេល​បីថ្ងៃបូក​សំរុប​ចំនួន​អ្នក​ជាវប័ណ្ណ​ម្ដង។

ចំពោះថវិកា​ដែលប្រមូល​បានពីការ​ជាវប័ណ្ណនាឡិកា​លោក សម រង្ស៊ី នេះ​វិញ​នឹង​ចែក​ជូនពលរដ្ឋ​ដែល​ដាច់​ស្បៀង​ក្នុង​មួយ​គ្រួសារ​ពី​១០​ម៉ឺនរៀលឬលើស​ពី​នេះអាស្រ័យ​សមាជិក​គ្រូសារ​តិច​ឬ​ច្រើន។ លោកបញ្ជាក់ថា ការចែក​ថវិកា​ពីការ​លក់នាឡិកា​លោក សម រង្ស៊ីនេះ ជារឿង​មនុស្សធម៌​សុទ្ធសាធ។ ការ​ចែក​ថវិកា​ជូន​នេះទៀតក៏មិនរើសអើង​គណបក្សនយោបាយ​អ្វីដែរ។ លោក​បន្ថែម​ថា​បើសិន​ជា​មេភូមិមកពី​គណបក្ស​ប្រជាជនកម្ពុជាចង់យក​ថវិកា​នេះទៅ​ចែក​​ក៏​​គណៈកម្មការ​ព្រម​​ដែរ​តែត្រូវ​មាន​តម្លាភាព​​ច្បាស់​លាស់។

លោក​បន្ថែមថាវិធីសាស្រ្តចែក​ថវិកា​មនុសុ្ស​ធម៌​នេះមានពីរ​ប្រភេទទី១​ គឺ​ចែក​ជា​លក្ខណៈ​សម្ងាត់​ដើម្បី​ជៀសវាង​អាជ្ញាធរ​របប​លោក ហ៊ុន សែន ហាម​ឃាត់។ តែបើសិនជា កា​រ​ចែក​ជា​សម្ងាត់​នេះ​មិន​បាន​ទៀតគណៈកម្មការ​នឹង​ចែក​ដោយ​បើក​ចំហរដើម្បី​បង្ហាញ​ថា​តើ​របប​ឯកបក្ស​រិតត្បិត​ដូចម្ដេច​ខ្លះ។

យុទ្ធនាការ​ជាវ​ប័ណ្ណ​នាឡិកា​ដៃ​លោក​សម រង្ស៊ី បាន​ចាប់​ផ្ដើម​ពីថ្ងៃទី១៦​ ខែ​​​​​​​​​​​​​​​​​​​​​​ឧសភា។ លោក សម រង្ស៊ី ​នឹង​ចាប់​យក​ប័ណ្ណតែមួយ​សន្លឹក​ក្នុង​ចំណោម​ប័ណ្ណរាប់ម៉ឺន​សន្លឹក​នេះ​ដើម្បី​រកអ្នក​ដែលមាន​សំណាង​បាន​នាឡិកា​របស់​លោក​សមរង្ស៊ី ម៉ាកកាស្យូ (CASIO) ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​មាន​ថ្លៃដើម​ប្រមាណ ​២៥​ ដុល្លារ ឬ ១០ម៉ឺនរៀល។ ប័ណ្ណ​នីមួយៗ​មាន​លេខ​សម្គាល់​នៅ​លើ​នោះ។ អ្នក​ជាវ​ប័ណ្ណ​ទាំង​អស់​ត្រូវ​រក្សា​ទុក​លេខ​សម្គាល់​នៅ​លើ​ប័ណ្ណ​រៀងៗ​ខ្លួន ដើម្បី​ផ្ទៀង​ផ្ទាត់​នៅ​ពេល​លោក​សម រង្ស៊ី បង្ហាញ​ការចាប់​យក​សន្លឹក​ប័ណ្ណនិងប្រកាស​លទ្ធផល នៅថ្ងៃទី៦ ខែមិថុនា។

ថវិកា​ទាំង​អស់​ដែល​បាន​មក​ពីការ​ជាវ​ប័ណ្ណ​នេះ លោក សម រង្ស៊ី អះអាង​ថា នឹង​យកចែក​ជូន​អ្នកដែល​ដាច់ស្បៀង ដោយសារ​តែ​រដ្ឋាភិបាល​បិទខ្ទប់ ក្នុង​ពេល​វិបត្តិ​ជំជឺ​កូវីដ១៩។ លោក សម រង្ស៊ី​ បាន​ធ្វើយុទ្ធនាការ​នេះឡើង ក្រោយលោកជំរុញ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់​នាឡិកាដៃ​ទំនើបៗ​របស់​លោកជាច្រើន​ ​គ្រឿង​ដែល​មាន​តម្លៃរហូតដ​ល់​រាប់លាន​ដុល្លារ ដើម្បី​យក​លុយ​ទាំង​នោះមក​ជួយ​ពលរដ្ឋក្រីក្រដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺកូវីដ១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។