អគ្គមេបញ្ជាការកងទ័ព ដាក់បទបញ្ជាឲ្យកងទ័ពទាំងអស់ ត្រៀមខ្លួនចេញធ្វើអន្តរាគមន៍ទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ មន្ត្រីសង្គមស៊ីវិលយល់ថាវិធានការនេះ គឺជារឿងល្អ ប្រសិនបើកងកម្លាំងទាំងនោះ ពិតជាត្រៀមសម្រាប់ជួយធ្វើអន្តរាគមន៍ក្នុងហេតុផលមនុស្សធម៌ ឬទប់ស្កាត់ការរាលដាលជំងឺកូវីដ។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាមិនអនុញ្ញាតឲ្យកងទ័ពទាំងអស់ចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត ហើយមិនត្រូវប្រមូលផ្លុំជប់លៀង នោះទេ ពោលគឺកងទ័ពទាំងអស់ ត្រូវត្រៀមកម្លាំងរួចជាសម្រេច ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ តាមបទបញ្ជារបស់អគ្គបញ្ជាការ។
សេចក្ដីប្រកាសបទបញ្ជាស្ដីពីការគ្រប់គ្រងកងកម្លាំងក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលអាស៊ីសេរី ទទួលបាននៅថ្ងៃទី១ ខែមេសា ឲ្យដឹងទៀតថា នាយខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខារហូតដល់មានបទបញ្ជាថ្មី។
ការដាក់ចេញបទបញ្ជានេះ គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងធ្វើច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ដែលប្រមុខរដ្ឋាភិបាលអះអាងថា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា កងទ័ព គឺជា កម្លាំងសំខាន់មួយក្នុងការជួយដល់កម្លាំងស្រួចដែលជាបុគ្គលិករបស់ក្រសួងសុខាភិបាល។ លោក បន្តថា ការត្រៀមកងទ័ពសម្រាប់ធ្វើអន្តរាគមន៍ក្នុងហេតុផលមនុស្សធម៌ ឬទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ គឺជារឿងល្អ ប៉ុន្តែលោក ព្រួយបារម្ភខ្លាច កងកម្លាំងនេះ អនុវត្តផ្ទុយ ឬលើសពីបទបញ្ជាដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៖ «»
ថ្លែងក្នុងវិមានរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ គឺប្រជាពលរដ្ឋអាចសប្បាយរីករាយ និងទទួលទេវតានៅតាមផ្ទះរៀងៗ ខ្លួន ទោះបីជាអាចមានការដាក់ប្រទេសក្នុងភាពអាសន្នក្ដី ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើកម្មវិធីសង្ក្រាន្តដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើននោះទេ។
លោក សន ជ័យ យល់ថា ប្រសិនបើប្រជាពលរដ្ឋ ជួបជុំគ្នាតែក្នុងសមាជិកគ្រួសារនៅតាមផ្ទះក្នុងពិធីបុណ្យចូលឆ្នាំ គឺមិនសូវមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលព្រួយបារម្ភនោះ គឺប្រជាពលរដ្ឋខ្លះ អាចនៅតែធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីជួបជុំគ្នា។ លើសពីនេះ លោក ព្រួយបារម្ភថា ប្រសិនបើស្ថានភាពរាលដាលនៃជំងឺកូវីដ-១៩ កាន់តែអាក្រក់ហើយរដ្ឋាភិបាល សម្រេចដាក់ប្រទេសក្នុងភាពអាសន្ននោះ គឺអាចប៉ះពាល់ខ្លាំងដល់ស្បៀងអាហាររបស់ប្រជាពលរដ្ឋក្រីក្រ៖ «»
ទោះជាយ៉ាងណា នៅថ្ងៃទី១ ខែមេសា ក្រសួងសុខាភិបាល ប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ (Covid-19) ថ្មីទៀតទេ ហើយថា មានអ្នកជាសះស្បើយពីជំងឺនេះកើនដល់ ២៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១០៩នាក់។
ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយថ្មី ២នាក់ចុងក្រោយនេះ គឺជាពលរដ្ឋខ្មែរម្នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ពួកគេទាំង២ បានសម្រាកព្យាបាលនៅខេត្តកែប។ ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ មីនា ក្រសួងបានទទួលសំណាកវិភាគរកជំងឺកូវីដ-១៩ សរុបទូទាំងប្រទេសចំនួន ៥.៧៦៨ករណី។
ដោយឡែក នៅថ្ងៃដដែលនេះ ខាងក្រសួងការពារជាតិកម្ពុជា ក៏ប្រកាសថា បានទទួលសម្ភារៈ និងឧបករណ៍ពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដជាង ២តោនពីកងទ័ពរំដោះប្រជាជនចិនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
