ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ថា សមត្ថកិច្ច​កោះហៅ​ពួកគេ​ទៅ​សាកសួរ​ជា​ការ​បំបាក់​ស្មារតី

ដោយ ច័ន្ទ ដារ៉ូ
2023.11.25
ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ភ្លើងទៀន​នៅ​ខេត្តពោធិ៍សាត់​ថា សមត្ថកិច្ច​កោះហៅ​ពួកគេ​ទៅ​សាកសួរ​ជា​ការ​បំបាក់​ស្មារតី សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់ ​ឃុំ​បឹង​ខ្នារ នៅ​ស្រុក​បាកាន ​គឺ​លោក សុខ ចាន់ថន និង​លោក ស៊ឹម ម៉ៅ ពេលជួបព្រះអង្គ សយ សាត នាពេល​កន្លងទៅ។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុមប្រឹក្សា​ឃុំ​មកពី​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​នៅ​ខេត្តពោធិ៍សាត់​បដិសេធ​ចូល​តាម​ការ​កោះហៅ​របស់​សមត្ថកិច្ច​ស្រុក​បាកាន​ក្រោម​ហេតុផល​សួរនាំ​រឿង​ផ្ទាល់ខ្លួន។ ពួកគេ​ចាត់ទុក​ករណី​នេះ​ជា​រូបភាព​បំបាក់ស្មារតី និង​គំរាមកំហែង​ផ្នែក​នយោបាយ នៅមុន​ការបោះឆ្នោត​អសកល​នៅ​ពេល​ខាងមុខ​នេះ។

អធិការ​នគរបាល​ស្រុក​បាកាន ខេត្តពោធិ៍សាត់​បាន​កោះហៅ​ក្រុម​ប្រឹក្សាឃុំ​ជាប់ឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​គឺ​លោក សុខ ចាន់ថន និង​លោក ស៊ឹម ម៉ៅ ដោយ​អះអាង​ថា សាកសួរ​រឿង​ផ្ទាល់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា។ ប៉ុន្តែ​មន្ត្រី​បក្ស​ភ្លើងទៀន​បដិសេធ​ចូល​បំភ្លឺ ដោយសារ​សមត្ថកិច្ច​មិនបាន​បញ្ជាក់​មូលហេតុ​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ពួកគេ​ត្រៀមខ្លួន​ជាមុន។ ពួកគេ​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ដាក់​សម្ពាធ​លើ​អ្នក​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល​តទៅទៀត ដើម្បី​បើក​លំហ​សេរីភាព និង​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ជំទប់​ទី​២​ឃុំ​បឹង​ខ្នារ នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ មកពី​បក្ស​ភ្លើងទៀន​គឺ​លោក ស៊ឹម ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប៉ូលិស​បាន​ប្រគល់​លិខិត​កោះហៅ​របស់​អធិការ​ស្រុក​បាកាន​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា។ លោក​ថា ការដែល​សមត្ថកិច្ច​ហៅ​លោក​ទៅ​បំភ្លឺ​ភ្លាមៗ និង​មិន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នេះ​បាន​រំខាន​ផ្លូវចិត្ត​របស់​លោក​ដែល​កំពុង​បម្រើសេវា​រដ្ឋា​បាល​ឃុំ​ជូន​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក ស៊ឹម ម៉ៅ៖ «ដោយសារ​កោះ​ល្ងាច​មិញ​ឱ្យ​ខ្ញុំ​ចូលខ្លួន​ថ្ងៃនេះ ខ្ញុំ​ត្រៀមខ្លួន​ណា​ទាន់​ដើម្បី​រក​អ្នកច្បាប់ ឬ​រក​មេធាវី គឺ​ខ្ញុំ​រក​អត់​ទាន់​ទេ​។ សាកសួរ​រឿង​ផ្ទាល់ខ្លួន​វា​ធ្ងន់ធ្ងរ​ណាស់ បើសិន​លិខិត​របស់​អធិការ​កោះ​រឿង​ច្បាប់​ដាក់​ឱ្យ​ចំៗ​អាហ្នឹង​ខ្ញុំ​អត់​សង្ស័យ​អ្វី​ទេ តែបើ​សាកសួរ​រឿង​ផ្ទាល់ខ្លួន​គឺ​ខ្ញុំ​សង្ស័យ​ថា ធ្វើ​ម៉េច​ឱ្យ​បាន​ចូលខ្លួន​ហើយ​គឺ​គេ​ប្រព្រឹត្ត​ទៅតាម​អ្វី​ដែល​គេ​ចង់​ធ្វើ​លើ​ខ្ញុំ»

ជាមួយ​គ្នា​នេះ​ជំទប់​ទី​២​ឃុំ​មេទឹក មកពី​គណបក្ស​ភ្លើងទៀន លោក សុខ ចាន់ថន ថ្លែង​ថា​លោក​សោកស្តាយ​ចំពោះ​សមត្ថកិច្ច​ស្រុក​បាកាន​ចេញ​លិខិត​កោះហៅ​សាកសួរ​ទាំង​លោក​មិនដឹង​រឿង​នៅឡើយ ខណៈ​ជន​មិន​ស្គាល់​អត្ថ​សញ្ញាណ​ដែល​តាមដាន និង​ប៉ុនប៉ង​បង្ក​ហិង្សា​លើ​លោក​កន្លងទៅ​សមត្ថកិច្ច​ខកខាន​ក្នុង​វែកមុខ​ជន​ដៃដល់​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់។

លោក សុខ ចាន់ថន៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ផ្សេងៗ បើសិន​ក្នុងនាម​យើង​ជា​ខ្មែរ យើង​ជា​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​សូម​ទម្លាក់​ចោល​ឥរិយា​មារយាទ​មួយចំនួន​ពាក់ព័ន្ធ​ការ​គាប​សង្កត់ បិទ​សិទ្ធិ​សេរីភាព សូម​គិត​ឡើងវិញ​យើង​សហការ​គ្នា​ធ្វើការ​ដើម្បី​ជាតិ​មាតុភូមិ​របស់​យើង»

ឆ្លើយតប​រឿង​នេះ អធិការ​ស្រុក​បាកាន​លោក នាង វុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​កោះ​ហៅ​ជំទប់​ទី​២​របស់​បក្ស​ភ្លើងទៀន​មក​សួរនាំ​ជា​រឿង​តូចតាច ដោយ​មិន​ពាក់ព័ន្ធ​ចាប់ខ្លួន ឬ​ទាក់ទង​រឿង​នយោបាយ​នោះ​ទេ។ លោក​បញ្ជាក់​ថា ការដែល​ពួកគេ​ខកខាន​ចូល​តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច​គឺជា​សិទ្ធិ ហើយ​លោក​មិន​មាន​ចំណាត់ការ​បន្ត​ទៀត​ដែរ បើសិន​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ​នោះ។

លោក នាង វុធ៖ «ជា​សិទ្ធិ​របស់​គាត់ បើសិនជា​គាត់​ចូល​បំភ្លឺ ខ្ញុំ​គ្រាន់តែ​ប្រាប់​អ៊ីចេះៗ​ទេ វា​អត់​ត្រូវ​មានទោស​មានទណ្ឌ​ទេ បើ​និយាយ​ឱ្យ​ចំ​ទៅ​គ្រាន់តែ​និយាយ​ការងារ​ផ្សេងៗ​ផ្ទាល់ខ្លួន​គាត់​ទេ បើ​គាត់​អត់​ចូល​មក​ខ្ញុំ​ក៏​អត់​មាន​ចំណាត់ការ​អ្វី​បន្ត​ទៀត​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍​ថា ការ​កោះហៅ​ក្រុម​ប្រឹក្សា​ឃុំ​មកពី​បក្ស​ភ្លើងទៀន​ក្នុង​ស្ថានភាព​នយោបាយ​បែបនេះ​នឹង​ធ្វើ​ឱ្យ​មហាជន​រិះគន់​ថា ជា​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ ពីព្រោះ​ពួកគេ​ជា​អ្នកនយោបាយ ជាពិសេស​ជា​អង្គ​បោះឆ្នោត​ដ៏​សំខាន់​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង​នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ។ លោក​ព្រួយបារម្ភ​ថា បញ្ហា​បែបនេះ​នឹង​នាំ​ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កាន់តែ​រឹតត្បិត។

លោក ស៊ុំ ច័ន្ទគា៖ «ចេញ​លិខិត​ដោយ​គ្មាន​មូលហេតុ​បែបនេះ​វា​ប្រាកដ​ណាស់​ទោះបី​ក្នុង​រូបភាព​ណាក៏ដោយ ក៏​គេ​ចាត់ទុកថា​ជា​រូបភាព​នៃ​ការ​គំរាមកំហែង​ដែរ បើសិន​ការអនុវត្ត​ទៅ​តាម​ច្បាប់​ក្នុង​លិខិត​ត្រូវ​បញ្ជាក់​អំពី​បទ​ចោទ​ដើម្បី​ឱ្យ​សាមីខ្លួន​ត្រៀមលក្ខណៈ​ក្នុង​ការ​ឆ្លើយ​ដោះសា ឬ​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ហ្នឹង​បានជា​គោលការណ៍​ច្បាប់»

កន្លងទៅ​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​គណបក្ស​ប្រឆាំង​តែងតែ​ផ្តល់​អនុសាសន៍​ជាច្រើន​ជុំវិញ​ការ​រំលោភ​សិទ្ធិ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការ​លើក​ស្ទួយ​សិទ្ធ​សេរីភាព​ផ្នែក​នយោបាយ ការ​ជួបជុំ និង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​ស្គាល់។ ប៉ុន្តែ​មក​ទល់​ពេល​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បង្ហាញ​ជំហរ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដូចជា​វិបត្តិ​នយោបាយ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។