តំណាងរាស្ត្រ​អាមេរិកាំង​ប្រចាំ​រដ្ឋ Washington State ពីរ​រូប ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ជា​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់

ដោយ មាន ឫទ្ធិ
2018.08.05
Washington_State_Law_Maker (ពីឆ្វេងទៅស្ដាំ)លោក Drew MacEwen ប្រចាំ​​មណ្ឌល 35th Legislative District និង​លោក Brandon Vick ប្រចាំមណ្ឌល 18th Legislative District នៃរដ្ឋWashington State។
Photo courtesy

តំណាងរាស្ត្រអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតុន (Washington State) ពីររូប ក្នុងចំណោម ៤រូប ដែល​​ត្រូវ​​របប​​ក្រុង​ភ្នំពេញ​ប្រើប្រាស់ ដើម្បី​បំភ័ន្ត​មតិ​ជាតិ និងអន្តរជាតិ ថាជាអ្នកសង្កេតការណ៍ស្របច្បាប់​របស់​សហរដ្ឋ​អាមេរិក បាន​​ចេញ​​មុខ​​ទទួល​​ស្គាល់​ថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ជាការបោះឆ្នោត​មិន​មាន​ភាព​ស្រប​ច្បាប់។ ការ​​ទទួល​​ស្គាល់​​នេះ ធ្វើ​ឡើង​​ស្រប​​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតដ៏​ចម្រូងចម្រាស​នេះ កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ខណៈដែលសហគមន៍អន្តរជាតិ ជា​ពិសេស​​ក្រុមប្រទេសបស្ចឹមលោក ប្រកាសមិនទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋ Washington State ចំនួនពីររូប ក្នុងចំណោម​បួន​រូប ដែល​​មាន​​​ឋានានុក្រម​​ទាប​​ជាង​​តំណាងរាស្ត្ររដ្ឋសភាសហព័ន្ធទាំងមូលរបស់សហរដ្ឋអាមេរិក ហើយដែលត្រូវ​បាន​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការ​បរទេស អញ្ជើញឲ្យមកចូលរួមសង្កេតការណ៍​ការ​បោះ​ឆ្នោត​នៅកម្ពុជា កាល​​ពី​​ថ្ងៃ​​ទី២៩ កក្កដា បាន​​​ចេញ​​មុខ​​ទទួល​​ស្គាល់​អំពី​ភាព​មិន​ស្រប​ច្បាប់​​នៃ​​ការ​​បោះ​ឆ្នោតនេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋWashington State ទាំង​ពីរ​រូប​នោះ​រួម​មាន លោក Drew MacEwen ប្រចាំ​​មណ្ឌល 35th Legislative District និង​លោក Brandon Vick ប្រចាំមណ្ឌល 18th Legislative District នៃរដ្ឋWashington State។ លោក​ទាំង​ពីរ គឺជាតំណាងរាស្ត្រអាមេរិក ២រូប ក្នុង​ចំណោម ៤​រូប រួមមានសមាជិក​ព្រឹទ្ធសភា​​ប្រចាំ​​រដ្ឋ Washington State លោក Doug Ericksen និង​តំណាងរាស្ត្រប្រចាំរដ្ឋ Washington State ប្រចាំ​មណ្ឌល 42nd Legislative District លោក Vincent Buys ដែលត្រូវបានរបបលោក ហ៊ុន សែន ព្យាយាម​អូសទាញ និង​​ប្រើប្រាស់​​រូប​​ភាព​​របស់​​ពួកគាត់ យកទៅអួតថា ជាតំណាងរាស្ត្រសហរដ្ឋ​អាមេរិក ដែល​បាន​មក​សង្កេតការណ៍ការបោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​អ្វី​មួយ ដែល​ត្រូវ​បាន​អ្នក​វិភាគ​​មើល​​ឃើញ​​ថា ជាការប៉ុនប៉ងព្យាយាមទទួលបាននូវ​ភាព​​ស្រប​​ច្បាប់​​ជុំវិញ​​ការ​​បោះ​​ឆ្នោតដ៏​​ចម្រូងចម្រាស​​នេះ។

ក៏ប៉ុន្តែ គម្រោងការរបស់គណបក្សកាន់​អំណាច​របស់​លោក ហ៊ុន សែន នេះ ត្រូវបាន​ទទួល​រង​នូវ​ការ​​បរាជ័យ ក្រោយ​ពេល​ដែល​តំណាង​រាស្ត្រ​ពីរ​​រូប​​ប្រចាំ​​រដ្ឋ Washington State នេះ បានសម្រេចចិត្ត​ចាក​ចេញពីកម្ពុជាវិញ ដោយ​មិន​នៅ​រង់ចាំ​សង្កេត​ការណ៍​​បោះ​​ឆ្នោត​​ឲ្យ​​បាន​​ចប់​ចុង​ចប់​ដើម​នោះ​ឡើយ បន្ទាប់ពីដឹងថា គណបក្ស ប្រជាជន​កម្ពុជា បាន​​ព្យាយាម​ប្រើប្រាស់​​​ក្រុម​​របស់​​​លោក ដើម្បី​ទាញ​យក​ភាពស្របច្បាប់ពីការបោះឆ្នោតនេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋWashington State លោក Drew MacEwen ត្រូវបានកាសែត Seattle Times ស្រង់​ប្រសាសន៍​ក្នុង​អត្ថបទ​​មួយ​​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃទី០៤ សីហា ដាក់​ចំណង​ជើង​ថា «សំណួរជាច្រើនត្រូវបានចោទសួរឡើង ជុំវិញ​​​​ករណី​​ទស្សនកិច្ច​​របស់តំណាងរាស្ត្រប្រចាំរដ្ឋ វ៉ាស៊ិនតុន ទៅកាន់កម្ពុជា ដើម្បី​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត» ដោយ​លោក​មាន​ប្រសាសន៍​ថា នៅ​​ក្នុង​​ដំណើរ​​ទស្សនកិច្ច​នោះ លោកបាន​ជួប​និយាយ​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ពលរដ្ឋកម្ពុជាមួយចំនួន ហើយ​​​​លោក​​​អាច​​មើល​​ឃើញ​​ពី​​ការ​មិន​​ពេញ​​ចិត្ត​​របស់​​ពួក​​គេ​​ចំពោះ​​ការ​បោះ​ឆ្នោត​នេះ។ លោក​ថា លោក​​ទើប​​បាន​ទទួល​ដំណឹង​ថា រដ្ឋសភា​​អាមេរិកាំង​​ទើប​​បាន​​សម្រេច​​អនុម័ត​​ច្បាប់​ដាក់​ទណ្ឌកម្ម​ដល់​​របប​​លោក ហ៊ុន សែន ក្រោយពេល​ដែល​លោក​បាន​​​​មក​​ដល់​​កម្ពុជា​​ទៅ​​ហើយ។ លោកថា ក្រោយ​មក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​កម្ពុជា បាន​​បង្ហាញ​​ពី​​ក្តី​បារម្ភ​យ៉ាងខ្លាំងជុំវិញ​ការ​បោះ​ឆ្នោត​នេះ នៅក្នុងកិច្ចប្រជុំមួយ ហើយ​ក្រោយ​ពេល​ដែល​លោក​បាន​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នោះ លោក​ក៏​បាន​ប្រាប់​​​​ទៅ​​​សហការី​​​របស់​​លោក​​ម្នាក់​​ទៀត គឺ​លោក Brandon Vick ថា លោកសម្រេចចិត្ត​មិន​​នៅ​​ឃ្លាំ​​មើល​​ដំណើរ​​ការ​​បោះ​​ឆ្នោត​នេះ​ត​ទៅ​ទៀត​ទេ ដោយ​ត្រូវ​តែ​ចាក​ចេញ​ពី​កម្ពុជា​វិញ ដោយ​កាត់​បន្ថយ​រយៈ​ពេល​ទស្សនកិច្ច​នេះ​ឲ្យ​ខ្លី​វិញ។

ការថ្លែងទទួលស្គាល់យ៉ាងដូច្នេះ របស់តំណាងរាស្ត្រអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតុននេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពួក​លោក វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ ហើយត្រូវបាន​អភិបាល​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​មកពីគណបក្សប្រជាធិបតេយ្យលោក Jay Inslee សរសេរលិខិតចុះថ្ងៃទី២ សីហា ចោទ​សួរ​ទៅ​កាន់​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ទាំង​បួន​រូប ជុំវិញ​ករណី​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ មកកាន់កម្ពុជាក្នុងព្រឹត្តិការណ៍​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស។

អភិបាល​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន លោក Jay Inslee បានសម្តែងក្តីបារម្ភអំពី​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​​របស់​​ក្រុម​​តំណាង​រាស្ត្រ និងសមាជិកព្រឹទ្ធសភា ទាំងបួនរូបនេះ  ដោយលោកសរសេរថា បាន​បណ្តាល​ឲ្យមានការបន្សល់ទុកនូវ​ចំណាប់​អារម្មណ៍​ក្នុង​ចំណោម​មជ្ឈដ្ឋាន​មួយ​ចំនួន ថាបុគ្គល​ទាំង ៤​រូប​នេះ ប៉ុនប៉ង​ផ្តល់ទំនុកចិត្តដល់​របប​ក្រុង​ភ្នំពេញ និង​ការ​បោះ​ឆ្នោត ដែល​​លោក​​ថា ជា​ការ​បោះ​​ឆ្នោត​​ក្លែង​​ក្លាយ​​នេះ។ ក្នុងលិខិតដដែលនេះ លោកអភិបាលរដ្ឋវ៉ាស៊ីនតុន មិនភ្លេចរំឭក​ដល់​ក្រុម​​តំណាង​​រាស្ត្រ​​ទាំង​​បួន​​រូប អំពី​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​របប​លោក ហ៊ុន សែន ដែល​បាន​ទទួល​រង​នូវ​​ការ​​ថ្កោល​ទោស​ជុំ​ទិស​ពី​សហគមន៍​អន្តរជាតិ ខណៈដែលសេតវិមានចាត់ទុកការបោះឆ្នោតនេះ​ថា មាន​ភាព​ចន្លោះ​ប្រហោងជាច្រើន ដែល​មិន​អាច​ឲ្យ​គេ​ចាត់​ទុក​ថា ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌បានឡើយ។

អភិបាលប្រចាំរដ្ឋវ៉ាស៊ីនតុន លោក Jay Inslee បាន​ទាមទារ​ក្រុម​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​ទាំង​បួន​រូប​នេះ ផ្តល់​នូវ​ចម្លើយ​ដល់​សំណួរចំនួន ១០ ដែល​លោក​បាន​ចោទ​សួរ​ទៅ​កាន់​ពួក​គេ និង​ស្នើសុំ​ឲ្យ​ពួក​គេ​បក​ស្រាយ។ សំណួរ​ទាំង​នោះ រួមមាន អ្នក​ដែល​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ទាក់ទង​ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ អ្នក​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ ពី​ដំណើរ​ទស្សនកិច្ច​នេះ​ថា តើ​ពួក​គាត់​មាន​បាន​ទទួល​សំណង​នានា ពី​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ដែរ​ឬ​ទេ ឬ​ថា តើ​ពួក​គេ​បាន​ជួប​ជាមួយ​អ្នក​ណា​ខ្លះ ហើយបានឡើងតាមក្រសួងការ​បរទេស ឬ​មន្ត្រី​ណាមួយនៃរដ្ឋាភិបាល​អាមេរិក​ដែរ​ឬ​ទេ នៅ​មុន ឬ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ។ សំណួរ​មួយ​ទៀតរបស់អភិបាលប្រចាំរដ្ឋវ៉ាស៊ីនតុន លោក Jay Inslee ចោទ​សួរ​ថា តើ​ពួក​គេ​មាន​ព្យាយាម​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​វ៉ាស៊ីនតុន ហើយ​ស្វែង​យល់​អំពី​ឥទ្ធិពល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​នេះ ព្រមទាំងពី​សំណាក់​អ្នក​ទាំង​ឡាយ ដែល​បាន​ទទួល​រង​គ្រោះ​ដោយសារ​តែ​កណ្តាប់​​ដៃ​​នៃ​​របប​លោក ហ៊ុន សែន ដែរ​ឬ​ទេ។

លោក Drew MacEwen និង​លោក Brandon Vick អះអាង​ប្រាប់​កាសែត Seattle Times ថា ពួក​គេ​បាន​ចេញ​លុយ​ថ្លៃ​ចំណាយ​ទស្សនកិច្ច​នេះ​ដោយ​ខ្លួន​ឯង ហើយ​ថា​ពួក​គេ​បាន​បដិសេធ មិន​ទទួល​យក​ការ​ព្យាយាម​ចេញ​សង​ប្រាក់​ពី​ភាគី​ទី​បី​ណា​មួយ​ឡើយ។ ដោយ​ឡែក​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Washington State លោក Doug Ericksen និង​តំណាង​រាស្ត្រ​ប្រចាំរដ្ឋ Washington State លោក Vincent Buys នៅ​មិនទាន់ផ្តល់ចម្លើយ​ដល់​កាសែត​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ចុង​សប្តាហ៍​មុន​នេះ។

អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ ការ​លើក​ឡើង និង​ការ​បក​ស្រាយ​របស់​តំណាង​រាស្ត្រ​អាមេរិកាំង​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​ទាំង​ពីរ​រូប​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក មិន​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ណា​មួយ​ឡើយ ហើយប្រកាសថា នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​ភ្នំពេញ ដែល​​កើត​​ចេញ​​ពី​​ការ​​បោះ​​ឆ្នោត​​គ្មាន​​បក្ស​​ប្រឆាំង​ដ៏​ធំ ដែល​មេ​គណបក្ស​កំពុង​ជាប់​ឃុំ និង​​បរិយាកាស​​គាប​​សង្កត់​នៅ​​មុន និង​​អំឡុង​​ពេល​​បោះ​​ឆ្នោត។

ស្ថាប័នជំនាញដែលជាក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ ធ្លាប់បានថ្កោលទោស​របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ជុំវិញ​ការ​ព្យាយាម​ផ្ដល់​ភាព​ស្រប​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស កាលពី​ថ្ងៃអាទិត្យ ទី២៩ កក្កដា​នេះ តាម​រយៈ​ការ​ទទួល​ស្គាល់​ក្រុម​អ្នក​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ដ៏​ច្រើន​លើសលប់ ដែល​ក្រុម​អង្គការ​ជំនាញ​ទាំង​ ២៣​ស្ថាប័ន​ធំៗ​នេះ ចាត់ទុកថា សុទ្ធ​តែ​​ជា​​ក្រុម​អ្នក​សង្កេត​ការណ៍​​លម្អៀង បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍ ខណៈ​ដែល​តាមពិត​ គឺជាក្រុម​អ្នក​សង្កេត​ការណ៍​ក្លែងក្លាយ បង្កើ​ឡើង​ដើម្បីឲ្យ​គេ​ជួល ដើម្បី​ចាំ​តែ​ប្រថាប់​ត្រា​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
អត្ថបទពេញនិយម
នយោបាយ
តុលាការ​ថា នឹង​ដក​ហូត​ទ្រព្យ​សម្បត្តិ​លោក រ៉ុង ឈុន និង​សកម្មជន​ពីរ​នាក់​ទៀត បើ​គ្មាន ១០ម៉ឺន​ដុល្លារ​បង់​ទៅ​ឱ្យ​ដើម​បណ្ដឹង
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។