ប្រជាពលរដ្ឋមួយចំនួននៅខេត្តឧត្ដរមានជ័យទទូចដល់រដ្ឋាភិបាលឱ្យប្រញាប់ស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ដើម្បីពួកគាត់បានជួបជុំគ្នាសម្ដែងមតិពីទុក្ខកង្វល់ដាក់ជូនទៅអាជ្ញាធរដោះស្រាយ។ ពួកគាត់អះអាងថា វិបត្តិនយោបាយរ៉ាំរ៉ៃបានប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពសម្ដែងមតិរបស់ពួកគាត់។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា ប្រជាពលរដ្ឋមានសិទ្ធសេរីភាពជាធម្មតា។
ប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ លើកឡើងថា ពួកគាត់នៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្ដរមានជ័យ កាន់តែក្រីក្រដោយសារវិបត្តិនយោបាយនៅកម្ពុជា។
ប្រជាពលរដ្ឋក្រុងសំរោងម្នាក់ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ឱ្យដឹងនៅថ្ងៃទី១២ ធ្នូថា ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំងនៅខេត្តនេះ ភាគច្រើនរស់នៅដោយភ័យខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញ។ ពលរូបនេះអះអាងថា ពួកគាត់មានបញ្ហាជាច្រើនចង់ឱ្យអាជ្ញាធរជួយដោះស្រាយ ជាពិសេស រឿងទំនាស់ដីធ្លីរ៉ាំរ៉ៃ និងបញ្ហាតម្លៃកសិផលចុះថោក ដែលធ្វើឱ្យប៉ះពាល់ដល់ការរកប្រាក់ចំណូលប្រចាំថ្ងៃ។ លោកបន្តថា បញ្ហាទាំងនេះកើតឡើងដោយសារវិបត្តិនយោបាយរ៉ាំរ៉ៃ ព្រោះអាជ្ញាធរក្នុងមូលដ្ឋាននៅតែបន្តរាំងខ្ទប់ពួកគាត់ មិនឱ្យជួបប្រជុំគ្នាសម្ដែងមតិ ដើម្បីនាំបញ្ហាទាំងនេះដាក់ជូនទៅរដ្ឋាភិបាលបានឡើយ៖ «ប្រជាពលរដ្ឋចង់បានប្រទេសមានប្រជាធិបតេយ្យពេញលេញស្រួលធ្វើដំណើរ កុំឱ្យពិបាកដូចសព្វថ្ងៃ យើងទៅណាក៏ពិបាក អាជ្ញាធរតាមដាន ហើយយើងជាក្រុមបក្សប្រឆាំង។ ប៉ុន្តែការពិតប្រជាពលរដ្ឋគ្នានៅតែស្ងៀមធម្មតា ដល់អីចឹងម្នាក់អត់ហ៊ានបញ្ចេញមតិទេខ្លាច។ ប្រជាជនទោះខ្លាចយ៉ាងណាតែក្នុងចិត្តចង់បានប្រជាធិបតេយ្យពេញលេញ » ។
បុរសដដែលបន្តថា សព្វថ្ងៃមានប្រជាពលរដ្ឋខ្លះមិនហ៊ានស្នាក់នៅក្នុងផ្ទះនោះទេ ជាពិសេស អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះខ្លាចអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញពួកគាត់។
អ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យសុំមិនឱ្យបញ្ចេញឈ្មោះ ថ្លែងថា ពួកគាត់បាត់បង់សិទ្ធិសេរីភាពស្ទើរគ្រប់យ៉ាង ហើយរស់នៅបែបលាក់លៀមគេឯង ព្រោះខ្លាចអាជ្ញាធរតាមយាយីពួកគាត់ដូចពេលមុនទៀត។ ពលរដ្ឋរូបនេះអំពាវនាវដល់មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឱ្យដោះស្រាយវិបត្តិនយោបាយ ដើម្បីឱ្យកម្ពុជាមានប្រជាធិបតេយ្យពេញលេញ និងមានសេចក្ដីសុខសម្រាប់ពលរដ្ឋគ្រប់និន្នាការគណបក្សនយោបាយ៖ «ដូចខ្ញុំសព្វថ្ងៃ នេះប្រៀបបីដូចមិនមែនពលរដ្ឋខ្មែរទេ ដូចជនបរទេស ព្រោះខ្ញុំរស់នៅក្នុងដីខ្មែរអត់ស្រួលដូចជនជាតិចិន និងជនជាតិយួនទេ គេមានសិទ្ធិសេរីភាព ទោះបីជាយួនរស់នៅខុសច្បាប់ក៏ដោយក៏គេនៅមានសិទ្ធិនិយាយជាងយើងពេញលេញអីចឹង។អីចឹងហើយបានខ្ញុំចង់បានប្រទេសមានប្រជាធិបតេយ្យ មានសិទ្ធិសេរីភាព និងចង់បានការបោះឆ្នោតត្រឹមត្រូវឡើងវិញ ដើម្បីជ្រើសថ្នាក់ដឹកនាំប្រទេស » ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តឧត្ដរមានជ័យ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១២ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ដោយឡែក អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា នៅកម្ពុជាមានប្រជាធិបតេយ្យពេញលេញរួចទៅហើយ ស្របពេលដែលប្រជាពលរដ្ឋមានសិទ្ធិសេរីភាពសម្ដែងមតិគ្រប់ទីកន្លែងរួចទៅហើយដែរ។ លោកបន្តថា ការចាប់ចងមនុស្សកន្លងមកមិនមែនជាការធ្វើទុក្ខបុកម្នេញពលរដ្ឋនោះឡើយ ប៉ុន្តែជាការអនុវត្តច្បាប់របស់សមត្ថកិច្ច ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមតែប៉ុណ្ណោះ៖ «គាត់ស្រែកហ្នឹងដែលឆ្លុះបញ្ចាំងថាវាមានសិទ្ធិសេរីភាពហ្នឹង បើគាត់អត់មានប្រជាធិបតេយ្យគ្មានសិទ្ធិសេរីភាពសួរថាគាត់ស្រែជេររដ្ឋាភិបាលទេ។ ដូចកាលទសវត្សឆ្នាំ១៩៨០ បានប្រជាធិបតេយ្យដែរ ប៉ុន្តែជាប្រជាធិបតេយ្យស្ថិតក្នុងការដឹកនាំការគ្រប់គ្រងរបស់រដ្ឋ គេមិនអាចបណ្ដែតបណ្ដោយឱ្យមនុស្សធ្វើអីតាមអំពើចិត្តបានទេ តែឥឡូវចូលប្រជាធិបតេយ្យសេរីហើយ វាទូលាយជាងមុខហើយ » ។
ផ្ទុយពីការអះអាងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅតែបន្តធ្លាក់ចុះ ព្រោះប្រជាពលរដ្ឋមិនមានសិទ្ធិជួបប្រជុំគ្នាសម្ដែងមតិបានឡើយ៖ «អីចឹងមានន័យថាវាជាជំហរមួយដែល មិនទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួនទេ ពីព្រោះអ្វីដែលកើតឡើងហ្នឹងគឺបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាយើងកំពុងតែមានបញ្ហាទាំងអស់នោះ ហើយបែរជាមានការលើកឡើងថា មានសេរីភាពពេញលេញបែបនេះទៅវិញ។ អីចឹងវាផ្ទុយពីទិដ្ឋភាពជាក់ស្ដែង ហើយអ្វីដែលយើងបារម្ភគឺសម្ពាធផ្សេងរបស់សហគមន៍អន្តរជាតិហ្នឹង នឹងនៅតែបន្តហើយធ្វើប៉ះពាល់ផលប្រយោជន៍របស់ជាតិនៅពេលខាងមុខ កាត់តែមានភាពប្រឈមខ្លាំងឡើង » ។
ថ្មីៗ នេះ មន្ត្រីអង្គការសង្គមស៊ីវិល បានលើកឡើងពីការរកឃើញថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែមានវិបត្តិនយោបាយ។
កាលពីថ្ងៃទី៩ ធ្នូកន្លងទៅ ក្រុមសកម្មជនសិទ្ធិមនុស្ស ប្រជាសហគមន៍រងគ្រោះដីធ្លី ប្រជាកសិករ កម្មករ និងយុវជន បានឡើងសម្ដែងមតិក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ នៅរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាលហ៊ុន សែន លើកស្ទួយសិទ្ធិជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៅទៀត ពួកគេ ស្នើសុំឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោះស្រាយបញ្ចប់ទំនាស់ដីធ្លី បង្កើតការងារជូនយុវជន និងកំណត់ប្រាក់ឈ្នួលសមរម្យដល់កម្មករគ្រប់វិស័យ។ ពួកគេ ក៏ទាមទារឱ្យដោះលែង និងទម្លាក់ចោលបទលើសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី និងអ្នកសារព័ត៌មានជាដើម។
កាលពីថ្ងៃទី១០ ធ្នូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ស្នើសុំឱ្យរដ្ឋាភិបាល គោរពសិទ្ធិមនុស្ស និងការពារអ្នកការពារសិទ្ធិមនុស្ស។ អង្គការមួយនេះ កត់សម្គាល់ថា ចាប់ឆ្នាំ២០១៧ មក រដ្ឋាភិបាលពុំបានយកចិត្តទុកដាក់ចំពោះសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានឡើយ ហើយមានយុទ្ធនាការបង្ក្រាបសកម្មជនបក្សគណបក្សសង្គ្រោះជាតិជាហូរហែ ព្រមទាំង គំរាមកំហែង និងមានចំណាត់ការតុលាការលើអ្នកសារព័ត៌មានឯករាជ្យ ដូចជា ករណីអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ជាដើម។ អង្គការនេះ ក៏បានលើកឡើងអំពីករណីលោក កឹម សុខា ដែលពុំទទួលបានសិទ្ធិជំនុំជម្រះ ដោយយុត្តិធម៌ដែរ បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ និងក្នុងផ្ទះជាង ២ឆ្នាំ ដោយមិនត្រឹមត្រូវតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។