ប្រធានសហភាពសហជីពកម្ពុជា នៅព្រឹកថ្ងៃទី២២ ធ្នូ បានជួបប្រជុំជាមួយតំណាងកម្មករប្រមាណ៥០នាក់ មកពី ១០រោងចក្រ ដោយសម្រេចថា នឹងទាមទារឱ្យរដ្ឋាភិបាលអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធEBA។ សហជីពបញ្ជាក់ថា ការអនុគ្រោះពន្ធEBA គឺជារឿងសំខាន់ជួយដល់កម្មករមានការងារធ្វើបន្តទៅទៀត។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២២ ធ្នូថា អង្គប្រជុំបានសម្រេចថា នឹងធ្វើការទាមទារទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលយកសំណើរបស់សហភាពអឺរ៉ុប ដើម្បីរក្សាការអនុគ្រោះពន្ធEBA។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន មិនទាន់បញ្ជាក់ពេលវេលាជាក់លាក់នៃការទាមទារ និងសកម្មភាពបែបណានោះទេ ដោយលោកប្រាប់ថា ការទាមទារនឹងធ្វើឡើងជាដំណាក់កាល ទៅតាមលំដាប់លំដោយ ហើយនឹងជូនដំណឹងជាក់លាក់នៅពេលឆាប់ៗ។ លោកបន្តថា តំណាងកម្មករដែលចូលប្រជុំព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់EBA ធ្វើឱ្យបាត់បង់ការងារ ពីព្រោះមកដល់ពេលនៅតាមរោងចក្រខ្លះចាប់ផ្ដើមបានប៉ះពាល់ការងារបណ្ដើរៗហើយ ដូចជាការមិនសូវមានការងារធ្វើ និងបើកប្រាក់ខែមិនបានគ្រប់ចំនួនជាដើម៖ «ជាពិសេសគាត់អះអាងថា ស្ទើរតែ ៩៩.៩ហើយ ដែលពួកគាត់ជំពាក់លុយធនាគារ ហើយគាត់ត្អូញត្អែរថាបើ បើគ្មាន EBA មិនដឹងថា ត្រូវដោះស្រាយយ៉ាងណាទេ។ អីចឹងហើយបានជាអង្គប្រជុំសម្រេចថាឱ្យរដ្ឋាភិបាលទទួលយកនូវសំណើរបស់សហភាពអឺរ៉ុប ឱ្យរក្សាEBA ដើម្បីរក្សាការងាររបស់ពួកគាត់ទៅមុខទៀត»។
តំណាងកម្មការិនីធ្វើការងារនៅរោងចក្រ វ៉ៃ អូឡេត (VIOLET) អ្នកស្រី អ៊ុង ចាន់ធឿន ថ្លែងថា ពួកអ្នកស្រីដែលបានចូលរួមប្រជុំ បានផ្ដិតស្នាមមេដៃ ស្នើទៅលោក ហ៊ុន សែន ឱ្យធ្វើតាមការស្នើសុំរបស់សហភាពអឺរ៉ុបឡើងវិញ។ អ្នកស្រីបញ្ជាក់ថា តំណាងកម្មករនឹងនាំរឿងនេះទៅប្រាប់កម្មករនៅតាមរោងចក្រ ដើម្បីត្រៀមខ្លួនចូលរួមធ្វើសកម្មភាពតាមការសម្រេចរបស់អង្គប្រជុំគ្រប់ពេល។អ្នកស្រីបន្តថា មូលដែលពួកគាត់ចូលរួមប្រជុំដោយសារខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA ធ្វើឱ្យកម្មករអត់មានការងារនៅពេលខាងមុខ៖ «សម្រាប់ការគិតរបស់ខ្ញុំ បើសិនគេមកវិនិយោគទុនស្រុកខ្ញុំលុះត្រាតែមានប្រាក់ចំណេញ ហើយរក្សាការអនុគ្រោះពន្ធ EBA ហើយបើការអនុគ្រោះពន្ធត្រូវបានបិទ ប្រាកដជាគេទៅប្រទេសណាដែលមានការអនុគ្រោះពន្ធហើយ។ ក្ដីបារម្ភរបស់ពួកខ្ញុំនៅពេលអត់ការងារធ្វើគឺបំណុលកាន់តែកើន ព្រោះប្រាក់ខែរបស់ពួកគាត់រាល់ថ្ងៃបានត្រឹមតែម៉ារស់ ព្រោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បានប្រាក់ខែ ឬ ១៩០ដុល្លារទេ ដូច្នេះហើយបើខ្ញុំបាត់បង់ការងារទៀតខ្ញុំមិនដឹងទៅធ្វើអីទេ»។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែថ្មីៗនេះ មេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញលោក ហ៊ុន សែន បានសរសេរក្នុងបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ដោយនៅតែអះអាងថា កម្ពុជាប្រមូលពន្ធបានច្រើនលើសពីការរំពឹងទុក ហើយមានទុនបម្រុងផ្សេងទៀត ដែលអាចប្រើប្រាស់បាន។ លោកបញ្ជាក់ថា គិតត្រឹមដើមខែធ្នូ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ និងពន្ធដារ ប្រមូលចំណូលបានជាង ៥ពាន់លានដុល្លារអាមេរិក ពោលគឺលើសផែនការជាង ១ពាន់លានដុល្លារ។ ក្រៅពីនេះ លោកថា រដ្ឋាភិបាលមានសាច់ប្រាក់ប្រមាណ ៣ពាន់ ៥រយលានដុល្លារ ដែលអាចប្រើប្រាស់បានភ្លាមៗ និងទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ ព្រមទាំងមាសសុទ្ធ ៣០តោនថែមទៀត។ សាររបស់លោក ហ៊ុន សែន ត្រង់ចំណុចនេះ ទំនងជាលោកចង់បញ្ជាក់ជាថ្មីទៀតថា លោកមិនបារម្ភរឿង EBA ឡើយ ព្រោះកន្លងទៅ លោកធ្លាប់អះអាងថា កម្ពុជាមានធនធានទាំងអស់នេះដើម្បីត្រៀមទប់ទល់នឹងកាត់បាត់បង់ការអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប។
ទោះបីជាយ៉ាងនេះក្ដី ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក ដូចជា ធនាគារពិភពលោកជាដើម បានព្រមានរួចហើយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជារឿងព្យួរការអនុគ្រោះពន្ធ EBA។
សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា តើត្រូវរក្សាទុក ឬដកការអនុគ្រោះពន្ធពីកម្ពុជា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ក៏ប៉ុន្តែសហភាពអឺរ៉ុបបានរំលឹកប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ជាច្រើនដងរួចហើយថា មានតែការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ ទើបជាលក្ខខណ្ឌដែលកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធនេះបន្តទៅទៀត។
លោក រ៉ុង ឈុន ថ្លែងថា កម្មករចាប់ផ្ដើមធ្វើសកម្មភាព ពីថ្ងៃទី២២ ធ្នូតទៅ ដោយដំបូងធ្វើឡើងតាមរយៈតំណាងកម្មករចូលរួមប្រជុំ ហើយលោករំពឹងថា នឹងមានកម្មកររោងចក្ររាប់ម៉ឺននាក់ចូលរួមទាមទារឱ្យរដ្ឋាភិបាលរក្សាEBAនៅពេលដ៏ខ្លីខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។