មេធាវី​ថា ការ​បដិសេធ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ព្រោះ​​នយោបាយ​នៅ​តានតឹង

ដោយ មាន ឫទ្ធិ
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។
រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង

មេធាវី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ យល់​ថា​ តុលាការ​គួរ​តែ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្លួន ព្រោះ​ករណី​នេះ គឺជា​ករណី​នយោបាយ​ ហើយ​គួរតែ​ដោះស្រាយ​តាម​បែប​នយោបាយ​។ការ​លើកឡើង​ នេះ​បន្ទាប់ពី​តុលាការ​បដិសេធ​សំណើសុំ​លើកលែង​ការ​ចោទ​លើ​លោក កឹម សុខា ជា​លើក​ទី៤ កាលពី​សប្ដាហ៍​មុន។

មេធាវី​ការពារ​ក្តី១រូប​ក្នុងចំណោម ៤រូប របស់​លោក​ កឹម សុខា​ គឺ​លោក ផែង ហេង លើកឡើង​ថា​នៅ​ពេល​តុលាការ​បដិសេធ​សំណើសុំ​លើកលែង​ការចោទប្រកាន់​លើ​លោក កឹម សុខា ជា​លើក​ទី៤​ នេះ​ គឺ​បង្ហាញ​ករណី​នេះ​ គឺជា​ករណី​នយោបាយ​ច្រើនជាង​ករណី​អនុវត្ត​ច្បាប់។ លោក​យល់ថា​ តុលាការ​គួរតែ​ទម្លាក់​ចោល​សំណុំរឿង​នយោបាយ​បែបនេះ​ហើយ​ឱ្យ​អ្នកនយោបាយ​ដោះស្រាយ​តាម​បែប​នយោបាយ​ ដូច​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ដោយ​មិន​ត្រូវ​ទុក​សំណុំរឿង​របស់​មេ​បក្ស​ប្រឆាំង​បែប​នេះ​ទេ៖ «យើង​មើល​ឃើញ​ថា​ទិដ្ឋភាព​នេះ វា​ជា​លក្ខណៈ​នយោបាយ​ច្រើន​ជា​ផ្លូវ​ច្បាប់។ អ៊ីចឹង​យើង​ឃើញ​នៅ​ប្រទេស​មួយ​ចំនួន​គឺ​តុលាការ​របស់​គេ​គឺ​ច្រានចោល​នៅ​បណ្ដឹង ឬ​ការចោទប្រកាន់​ណា​ដែល​មាន​លក្ខណៈ​នយោបាយ ​ដើម្បី​ឱ្យ​អ្នកនយោបាយ​ទៅ​ជជែក​គ្នា​ដោះ ស្រាយ​គ្នាឯង​វិញ​។ដូច្នេះ​ស្រុក​យើង​គួរតែ​យក​បទពិសោធន៍​នេះ មក​សិក្សា​ផង​ដែរ​ ដើម្បី​រក​ដំណោះ ស្រាយ​ដោយ​ត្រជាក់ចិត្ត​ជាមួយគ្នា​វិញ»។

មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឱ្យ​ដឹង​ថា ចៅ​ក្រោម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៩​ ខែ​មីនា បាន​ចេញដីកា​បដិសេធ​សំណើ​សុំ​លើកលែង​ការចោទប្រកាន់​លើ​លោក កឹម សុខា ជា​លើក​ទី៤ បន្ទាប់ពី​ក្រុម​មេធាវី​ដាក់ពាក្យ​ស្នើសុំ​ កាលពី​ថ្ងៃទី១៤ ខែ​មីនា។ លោក​ ផែង ហេង​ ឱ្យ​ដឹង​ថា​មូលហេតុ​ដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​លោក ​គី ឫទ្ធី សម្រេច​បដិសេធ​លើកលែង​បទ​ចោទ​ដោយ​សំអាង​ថា ​តុលាការ​មិនទាន់​បញ្ចប់​ការស៊ើបអង្កេត​គ្រប់ជ្រុងជ្រោយ​ហើយ​តុលាការ​ ត្រូវការ​ប្រមូល​ភស្តុតាង និង​សាកសួរ​សាក្សី​បន្ត​ទៀត។ លោក ផែង ហេង ចាត់​ទុក​ការ​លើក​ហេតុផល​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់​លោក កឹម សុខា មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​គួរតែ​បញ្ចប់​។ ម្យ៉ាងទៀត​រហូត​មកដល់​ពេលនេះ​ ក៏​មិនទាន់​ឃើញ​ភស្តុតាង​ណាមួយ​ដែល​អាច​ដាក់​បន្ទុក​លើ​លោក កឹម សុខា​ ដូច​ការចោទប្រកាន់​ដែរ​៖ «យើង​ឃើញ​ថា ការស៊ើបអង្កេត​ជាង១ឆ្នាំ​កន្លះ ជិត២ឆ្នាំ​ហើយ​ អ៊ីចឹងយើង​គាត់​ការ​ស៊ើបអង្កេត វា​គួរតែ​គ្រប់ជ្រុងជ្រោយ​ហើយ​។ សហ​មេធាវី​ក៏​យល់ឃើញ​ថា​មិន​មាន​បទល្មើស​ ឬក៏​មិន​មាន​ធាតុផ្សុំ​នៃ​បទល្មើស​ដាក់​បន្ទុក​មក​លើ​កូន​ក្ដី​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​ស្នើសុំ​ឱ្យ​លើកលែង​ការចោទប្រកាន់​មក​លើ​កូន​ក្ដី»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​អ្នកនាំ ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន​ បានទេ​នៅ​ថ្ងៃ​ទ២៧ ខែ​មីនា​ ដោយ​ទូរស័ព្ទ​ចូល​​ពុំ​មាន​អ្នក ទទួល។

សមាជិក​អ្នកវិភាគ​វ័យក្មេង​លោក​ បុង ដែត យល់​ថា សំណុំរឿង​មេ​បក្ស​ប្រឆាំង​នេះ​គឺជា​សំណុំរឿង​នយោបាយ​ដែល​កាត់​ក្ដី​ដោយ​តុលាការ​មិន​ឯករាជ្យ​ស្ថិត​ក្រោមអំណាច​របប​ក្រុងភ្នំពេញ ដូច្នេះ​ក្រុម​ មេធាវី​ លោក កឹម សុខា គ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឱ្យ​តុលាការ​នេះ​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​លោក​ កឹម សុខា នោះ​ទេ។ លោក បុង ដែត យល់ថា​ របប​លោក​ ហ៊ុន សែន អាច​នឹង​ទម្លាក់​ចោលការ​ចោទ ប្រកាន់ និង​ផ្ដល់​សេរីភាព​ទាំងស្រុង​ដល់​លោក កឹម សុខា លុះត្រាតែ​សហគមន៍​អន្តរជាតិ​បន្ត​ដាក់ ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​របប​ដឹកនាំ​សព្វថ្ងៃ​ ឬ​អាច​មានការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះជាតិ៖ «យើង​មិន​បាច់​និយាយ​រឿង​តុលាការ​នៅចំពោះមុខ​គណបក្សប្រជាជន​កម្ពុជា​ទេ​ ហើយ​គណបក្សប្រជាជន​កម្ពុជា​ បាន​ប្រកាស​រួចហើយ​ថា​មិន​លើក​លែងទោស​ឱ្យ​ទេ​ ។ អ៊ីចឹង​មាន​ន័យ​ថា ត្រូវ​ដោះស្រាយ​ តាមរបៀប​នយោបាយ​ដែល​យើង​ឃើញ​ថា​ គណបក្ស ប្រជាជន​កម្ពុជា​ កំពុងតែ​បើក​ចំហ​ក្រោម​លក្ខខណ្ឌ​មិន​ឱ្យ​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ»។

លោក បុង ដែត បន្ត​ថា​ លោក​ ហ៊ុន​ សែន ​ប្រហែល​ជាច​ង់​ទុក​លោក​ កឹម សុខា​ ធ្វើជា​ល្បែង​បំបាក់​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ត​ទៅ​ទៀត​ ព្រោះ​ជាក់ស្ដែង​លោក ហ៊ុន សែន បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា មិន​ឱ្យ​ លោក​ កឹម​ សុខា​ រួចខ្លួន​ទេ​ប្រសិនបើ​នៅតែ​ព្យាយាម​រារាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ឱ្យ​សុំ​សិទ្ធិ​ធ្វើនយោបាយ​ការណែនាំ​របស់​លោក។

លោក​ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ចាប់ខ្លួន​ដល់​ផ្ទះ​កាល​ពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី២ ឈាន​ចូល​ថ្ងៃទី៣​ ខែ​កញ្ញា​ឆ្នាំ២០១៧។លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព​ជាមួយ​បរទេស​ឬ​លួច​សហការ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ដាក់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​វៀតណាម​ បាន​មួយ​ឆ្នាំ។ ចៅក្រម​ស៊ើបសួរ​ ទើបតែ​សម្រេច​ឱ្យ​លោក​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ក្រោម​ហេតុផល​ថា គិតគូរ​ពី​សុខភាព​របស់​លោក។

ប៉ុន្តែ​ ចៅក្រម​ស៊ើបសួរ​បាន​ដាក់​បម្រាម​យ៉ាង​តឹងរ៉ឹង​ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ​ហើយ​មិន​ឱ្យ​ជួប​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង រួម​ទាំង​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ។ លោក សម រង្ស៊ី និង​ក្រុម​អ្នកប្រឆាំង​ដោយរួមទាំង​សហគមន៍​អន្តរជាតិ និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ខ្លះ​ទៀត​ បាន​ព្យាយាម​ជា​ដដែល​ក្នុង​ការ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ និង​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញ​លេញ​ជូន​លោក កឹម សុខា ដោយ​ចាត់ទុកថា​សំណុំរឿង​នេះ​ជា​សំណុំរឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល