ពលរដ្ឋរស់នៅក្បែរជម្លោះព្រំដែនខេត្តព្រះវិហារពុំទាន់ជម្លៀសចេញពីលំនៅឋាននៅឡើយទេ

ពលរដ្ឋរស់នៅកៀកតំបន់មុំបី របស់ខេត្តព្រះវិហារ ដែលជាចំណុចព្រំដែនប្រសព្វគ្នា រវាងប្រទេសកម្ពុជា ថៃ និងឡាវ ហើយកំពុងមានជម្លោះនោះ នៅមិនទាន់ចាកចេញពីភូមិកំណើត ឬលំនៅឋាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៤ ខែសីហានេះ។ អ្នកភូមិអះអាងថា ពួកគេហាក់មិនបារម្ភរឿងជម្លោះព្រំដែនទេ។
ពលរដ្ឋរាប់រយគ្រួសារ រស់នៅតំបន់មានជម្លោះព្រំដែន ក្នុងឃុំមរកត និងឃុំទឹកក្រហម នៃស្រុកជាំក្សាន្ត ហាក់មិនភ្ញាក់ផ្អើល និងភ័យព្រួយ ចំពោះសេចក្ដីប្រកាសរបស់អាជ្ញាធរឱ្យពួកគេត្រៀមលក្ខណៈជម្លៀសចេញពីលំនៅឋាន ក្នុងករណីមានផ្ទុះអាវុធកើតឡើងមែននោះ។
គ្រួសារកងទ័ពរស់នៅ ថ្លែងមិនហ៊ានបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ឱ្យដឹងនៅថ្ងៃទី២៤ សីហាថា បើទោះបីជាយោធាប្រទេសទាំងពីរ មកទល់ពេលនេះមានពលរដ្ឋជាង ១០គ្រួសារបណ្ដោះ មានស្រែចម្ការ នៅកៀកព្រំដែន បានផ្អាកធ្វើស្រែចម្ការ និងវិលមកលំនៅឋានវិញ បន្ទាប់ពីអាជ្ញាធរប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន។ លើសពីនេះ អ្នកភូមិភាគច្រើន នៅមិនទាន់ត្រៀមសម្ភារៈ និងស្បៀងអាហារ ដើម្បីចាកចេញពី លំនៅឋាននោះទេ៖ «វាអត់កើតអីទេ បើទាហានឡាវ និងខ្មែរផឹកជាមួយគ្នា ព្រឹកមិញផឹកស្រាជាមួយគ្នា។ ខាងយើងដាក់ទ័ព ខាងគេក៏ដាក់ ធម្មតារឿងព្រំដែន ទោះបីមិនវ៉ៃគ្នាក៏យើងត្រូវតែបម្រុង។ នេះអត់មានរត់ទេ នៅភូមិខ្ញុំនេះ»។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំទឹកក្រហម លោក សៅ សារី ប្រាប់អាស៊ីសេរីថា ទីតាំងប្រឈមមុខដាក់គ្នា ជាតំបន់ប្រជាជនប្រទេសទាំងពីរ ធ្វើដំណើរឆ្លងព្រំដែនចេញចូល ទំនាក់ទំនងរកស៊ី និងទិញទំនិញ ដោយពុំចាំបាច់មានលិខិតឆ្លងដែន។ លោកថា បន្ទាប់ពីកើតមានភាពតានតឹងនេះ ពលរដ្ឋបានផ្អាកធ្វើដំណើរឆ្លងដែនទៅប្រទេសឡាវជាង ២សប្ដាហ៍មកហើយ៖ «ខ្ញុំធ្លាប់ឆ្លងកាត់ទៅរកស៊ីនៅឡាវដឹកស្វាយ ទៅលក់ឱ្យប្រជាជនឡាវ។ ឆ្លងទៅបានតើ មិនបាច់ធ្វើប៉ាស្ព័រ(លិខិតឆ្លងដែន) ដូចមុន គ្រាន់ទៅដល់មានទាហានព្រំដែនស៊ីញ៉េ។ ឥឡូវទៅមិនបានទេ សកម្មភាពអ៊ីចឹងហើយ»។
តំបន់មុំបី ជាចំណុចប្រសព្វគ្នា រវាងខេត្តព្រះវិហារ ប្រទេសកម្ពុជា ជាប់ខេត្តឧប៊ុន ប្រទេសថៃ និងជាប់ខេត្តចម្ប៉ាសាក់ប្រទេសឡាវ។ តំបន់នោះ នៅមិនទាន់បោះបង្គោលព្រំដែន ជាផ្លូវការនៅឡើយទេ។ រីឯភាគីកម្ពុជា និងប្រទេសឡាវ កំពុងចរចាទ្វេភាគី ដោយស្នើទៅរដ្ឋាភិបាលបារាំងផ្ដល់បច្ចេកទេស បំប្លែងផែនទីខ្នាត ១/១០០ពាន់ មកជាផែនទីខ្នាត ១/៥០ ពាន់វិញ ដើម្បីបោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស កិច្ចការព្រំដែន លោក វ៉ា គឹមហុង ឱ្យដឹងថា កន្លងទៅភាគីកម្ពុជា និងឡាវ បានស្នើឱ្យរដ្ឋាភិបាលបារាំងផ្តល់លក្ខណៈបច្ចេកទេសផែនទី កំណត់បង្គោលព្រំដែន។ លោកបញ្ជាក់ថា បង្គោលព្រំដែនផ្លូវការ ដែលបានបោះរួចចំនួន ១២១បង្គោល ផ្អែកតាមផែនទី ក្រុមភូមិសាស្ត្រឥណ្ឌូចិន ខ្នាត ១/១០០ពាន់ របស់បារាំង អនុលោមតាមច្បាប់អន្តរជាតិស្ដីពីខ្សែព្រំដែនមិនកែប្រែ។ លោកថា ចំណុចដែលនៅសេសសល់ មិនទាន់បោះរួចមានប្រវែងជាង ១០០គីឡូម៉ែត្រឬស្មើ ១៦ភាគរយ ៖ «ជាគោលការណ៍គេព្រមជួយហើយ (បារាំង) តាមសេចក្ដីស្នើរបស់នាយករដ្ឋមន្ត្រីទាំងពីរ។ ប្រធានាធិបតេយ្យបារាំង គេព្រមឱ្យអ្នកជំនាញគេមកជួយធ្វើកិច្ចការហ្នឹង ប៉ុន្តែលុះត្រាតែភាគីកម្ពុជា និងឡាវឯកភាពគ្នាលើ បែបបទបច្ចេកទេស ។ ឯកភាពគ្នាទៅ បានគេបញ្ជូនអ្នកបច្ចេកទេសមកធ្វើកិច្ចការងារហ្នឹង។ ចាប់ពីចំណុច បង្គោលលេខ ២៤ នៅទន្លេល្ពៅ រហូតដល់ច្រកព្រះចំបុកហ្នឹង គឺយើងមិនទាន់ឯកភាពគ្នានៅឡើយទេ»។
យ៉ាងណា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់កាសែតក្នុងស្រុកថា លោកបានទូរស័ព្ទផ្ទាល់មាត់ ជួយជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថង លួន ស៊ីសូលីត (Thongloun Sisoulith ) ដើម្បីចរចា កងទ័ពចេញពីតំបន់មុំបី។ លោកថា តំបន់នោះពុំមានភាពតានតឹងនោះទេ និងអំពាវនាវសូមឱ្យពលរដ្ឋកុំបារម្ភ។ លោក ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារប្រាប់អាស៊ីសេរីថា ជម្លោះព្រំដែនដែលបណ្ដាលឱ្យប្រទេសបញ្ជូនកងទ័ពទៅតំបន់មានជម្លោះនោះ កើតឡើងដោយសារតែយល់ច្រឡំជុំវិញ ការអាងផែនទី។ មន្ត្រីយោធាឡាវ ក៏ប្រាប់អាស៊ីសេរីថា ការបង្កើនកងទ័ពនៅតំបន់មានជម្លោះនោះ ដោយតែជម្លោះពាក្យសម្តីរវាង យោធានៃប្រទេសទាំងពីរ ប៉ុន្តែគ្មានភាពតានតឹងយោធានោះទេ។
អ្នកវិភាគសង្គម និងអ្នកនយោបាយយល់ថា ភាពតានតឹងនៅពេលនេះ អាចបង្កើតឡើងដោយរដ្ឋាភិបាលរបបលោក ហ៊ុន សែន ដើម្បីទាញអារម្មណ៍កុំឱ្យចាប់អារម្មណ៍នឹងបំពានលុបចោល EBA របស់អឺរ៉ុប និង ការវិលត្រឡប់របស់លោក សម រង្ស៊ីនៅខែ វិច្ឆិកាខាងមុខនេះ។
តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ភាពតានតឹងផ្នែកព្រំដែននេះ អាចជាការរៀបចំទុក ដើម្បីលងបន្លាចពលរដ្ឋ កុំឱ្យទៅទទួលលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ លោកថា ប្រសិនបើលោក ហ៊ុន សែន ស្នេហាជាតិមែននោះ កុំហានតែជាមួយឡាវ ត្រូវតែក្លាហានជាមួយវៀតណាមផង៖ «បើចង់ការពារទឹកដី ឱ្យក្លាហាន ហានប្រឈមមុខជាមួយ យួន អ៊ីចឹងដែរមើល បើសិនជាគាត់ស្នេហាជាតិមែន។ ដូចកន្លងមក គាត់និយាយថា បើនរណានិយាយចង់យកទឹកដីកម្ពុជាក្រោម គាត់ឱ្យក្ដារមឈូស អត់មានលើកទឹកចិត្តទេជាមួយយួន។ អ្នកដែលទៅមើលបង្គោលព្រំដែន ជាមួយយួនមានការរារាំង ហាមឃាត់រហូតដល់ ចាប់ដាក់គុក ដូចខ្ញុំគេចាប់ដាក់គុក។ ពលរដ្ឋរស់នៅតាមព្រំដែន តវ៉ារឿងទឹកដីគេហាមឃាត់ គំរាមកំហែង »។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបោះបង្គោលបានចំនួន ១២១បង្គោលរួចហើយ ស្មើនិង ៨៤ភាគរយ។ ចំណុចដែលនៅសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខែត្រព្រះវិហារ និងខែត្រស្ទឹងត្រែង។
កាលពីឆ្នាំ ២០១៧ កម្ពុជា និងឡាវ ធ្លាប់មានជម្លោះព្រំដែនម្តងហើយ នៅចំណុចអូរអាឡៃ និងតំបន់អូរតាង៉ាវ ឃុំសន្តិភាព ស្រុក សៀមប៉ាង ខែត្រស្ទឹងត្រែង។ លោក ហ៊ុន សែន អះអាងថា នាយករដ្ឋមន្ត្រីឡាវនឹងមកកម្ពុជានៅពាក់កណ្ដាល ខែកញ្ញា ខាងមុខដើម្បីបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់៕