ប្រមុខការទូតអាមេរិកប្រកាសថា សហរដ្ឋអាមេរិកប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ដោយអាមេរិកកំពុងចាត់វិធានការជាក់ស្តែងជាច្រើន ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងអំពើជិះជាន់ទាំងឡាយនៅទូទាំងពិភពលោក។ តាមរយៈជំហរបែបនេះ សហរដ្ឋអាមេរិកបានដាក់បញ្ចូលសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលក្នុងបញ្ជីដែលត្រូវតាមដានដោយយកចិត្តទុកដាក់។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) អះអាងថា សហរដ្ឋអាមេរិកកំពុងតាមដានសំណុំរឿងលោក កឹម សុខា ដែលតុលាការកម្ពុជាគ្រោងជំនុំជម្រះនៅពាក់កណ្ដាលខែក្រោយនេះ។ លោកបញ្ជាក់ថា នេះជាអ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ ដើម្បីការពារសិទ្ធិមនុស្សនៅគ្រប់ទីកន្លែងលើពិភពលោក៖ « យើងជាប្រជាជាតិមួយដែលមិនត្រឹមតែឱ្យតម្លៃលើសិទ្ធិដែលមិនអាចដកហូតបានរបស់មនុស្សគ្រប់រូបនោះទេ ប៉ុន្តែថែមទាំងជាប្រជាជាតិមួយដែលបង្កើតឡើងដើម្បីការពារសិទ្ធិទាំងអស់នោះផងដែរ។ យើងមិនមែនត្រឹមតែនិយាយអំពីរឿងសិទ្ធិទេ ប៉ុន្តែយើងក៏ធ្វើសកម្មភាពគាំទ្រសិទ្ធិទាំងនោះដែរ។ យើងការពារសិទ្ធិនៅជុំវិញពិភពលោក ពីព្រោះវាជាកាតព្វកិច្ចរបស់ពួកយើងដែលត្រូវធ្វើដូច្នេះ។ នេះហើយ គឺជាយើង។ ជាឧទាហរណ៍ យើងកំពុងឃ្លាំមើលសវនាការកាត់ទោសមេបក្សប្រឆាំងនៅកម្ពុជា គឺលោក កឹម សុខា និងរឿងរ៉ាវជាច្រើនផ្សេងទៀត»។
ប្រមុខការទូតអាមេរិកថ្លែងបែបនេះកាលពីថ្ងៃទី១១ ធ្នូ នៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក នៅក្នុងសន្និសីទសារព័ត៌មានមួយដែលផ្ដោតលើព្រឹត្តិការណ៍អន្តរជាតិពាក់ព័ន្ធនឹងនយោបាយការបរទេសអាមេរិក និងបញ្ហាសិទ្ធិមនុស្សអន្តរជាតិ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ជាពិសេសលើសំណុំរឿងលោក កឹម សុខា ព្រោះមន្ត្រីរដ្ឋាភិបាលកម្ពុជាតែងចោទអាមេរិកថា ជាអ្នកនៅពីក្រោយខ្នងមេបក្សប្រឆាំងរូបនេះក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត លោកថា ករណីលោក កឹម សុខា គឺជាបញ្ហាគន្លឹះនៃរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា៖ «ទីមួយឈរលើគោលការណ៍អ្វីដែលលោក លោក ម៉ៃ ផុមភីអូ លើកឡើងហ្នឹង គឺមានកត្តាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមូលដ្ឋាន និងជាកត្តានាំមុខគេដែលឈឺឆ្អាល។ ទីពីរ អាមេរិកជាសមាជិកនៃប្រទេសហត្ថលេខីរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែលខ្លឹមសារហ្នឹងបានបញ្ចូលមកនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា អ៊ីចឹងហើយអាមេរិកជាប្រទេសមួយដែលត្រូវដើរតួនាទីឈានមុខក្នុងការឃ្លាំមើលអំពីយន្តការនៃការអនុវត្តទាំងអស់នេះហើយ»។
ជាញឹកញាប់ សហរដ្ឋអាមេរិកតែងទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា និងផ្ដល់សិទ្ធិពេញលេញដល់រូបលោកវិញ ព្រោះអាមេរិកយល់ថា នេះជាបទចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ សហរដ្ឋអាមេរិកកត់សម្គាល់ទៀតថា អាជ្ញាធរកម្ពុជាមិនបានបង្ហាញភស្តុតាងរឹងមាំ និងគួរឱ្យទុកចិត្តបាន ដើម្បីបញ្ជាក់អំពីអង្គហេតុ ដែលត្រូវបានប្រើដើម្បីរំលាយគណបក្សសង្គ្រោះជាតិឡើយ ដែលទង្វើនេះ ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យពហុបក្សនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើលោក កឹម សុខា ហើយលោកក៏បានសម្រេចបញ្ជូនរឿងនេះទៅជំនុំជម្រះ។ តុលាការក្រុងភ្នំពេញបានកំណត់យកថ្ងៃទី១៥ មករា ខែក្រោយនេះ ជាថ្ងៃបើកសវនាការជំនុំជម្រះសំណុំរឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវគ្នាជាមួយបរទេសរបស់លោក កឹម សុខា ដែលជាសំណុំរឿងមានចរិតនយោបាយ និងធ្វើឡើងតាមការចង់បានរបស់លោក ហ៊ុន សែន។
ក្រៅពីការតាមដានសំណុំរឿងលោក កឹម សុខា នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ម៉ៃ ផុមភីអូ (Mike Pompeo) ក៏បានសង្កត់ធ្ងន់លើទណ្ឌកម្មរបស់អាមេរិកប្រឆាំងនឹងជនពុករលួយ រំលោភសិទ្ធិមនុស្ស និងជិះជាន់អ្នកដទៃផងដែរ។ លោកបញ្ជាក់ថា វិធានការ និងទណ្ឌកម្មទាំងឡាយដែលសហរដ្ឋអាមេរិកទើបតែបានដាក់ចេញនៅអំឡុងសប្ដាហ៍នេះ គឺជាវិធានការណ៍ប្រវត្តិសាស្ត្រ ដើម្បីជួយដល់ដល់អ្នកដែលរងការជិះជាន់ និងដើម្បីប្រឆាំងនឹងជនជិះជាន់គេ៖ «កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ចេញឈ្មោះអង្គភាព និងបុគ្គលចំនួន ៦៨នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ និងការរំលោភអំណាច តាមរយៈការប្រើប្រាស់ច្បាប់ Global Magnitsky Act ។ ដូចគ្រប់គ្នាបានដឹងហើយថា ច្បាប់នេះផ្ដល់អំណាចឱ្យរដ្ឋាភិបាលអាមេរិក ថ្កោលទោសទង្វើពុករលួយ និងក្រុមឧក្រិដ្ឋជនរំលោភសិទ្ធិមនុស្ស បង្កកទ្រព្យសម្បត្តិ និងហាមឃាត់ជនទាំងនោះមិនឱ្យចូលប្រទេសដ៏អស្ចារ្យរបស់យើងថែមទៀត។ អង្គភាព និងបុគ្គល ៦៨នាក់ ដែលយើងបានដាក់ទណ្ឌកម្មនោះ មកពីប្រទេសកម្ពុជា ភូមា សាធារណរដ្ឋកុងហ្គោ ឡេតូនី លីប៊ី ប៉ាគីស្ថាន ស៊ែប ស្លូវ៉ាគី និងស៊ូដង់ខាងត្បូង»។
ក្នុងចំណោមមនុស្ស ៦៨នាក់ ដែលអាមេរិកបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនោះ មានពីរនាក់ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន នោះគឺលោកផ្កាយ៤ គន់ គីម និងក្រុមគ្រួសារ ព្រមទាំងឈ្មួញឈើដ៏ល្បីនៅស្រុកខ្មែរ គឺឧកញ៉ា ទ្រី ភាព។ អ្នកទាំងពីរត្រូវបានក្រសួងរតនាគារអាមេរិករកឃើញថា ជាអ្នកប្រព្រឹត្តដោយផ្ទាល់ ឬដោយប្រយោល ឬក៏ជាអ្នកទទួលខុសត្រូវក្នុងអំពើពុករលួយទ្រង់ទ្រាយធំ ដូចជាការកឹបកេងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសយកទ្រព្យសម្បត្តិឯកជនមកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ការប្រព្រឹត្តិអំពើពុករលួយទាក់ទងនឹងការអនុវត្តកិច្ចសន្យាជាមួយរដ្ឋាភិបាល អំពើកេងប្រវ័ញ្ចលើធនធានធម្មជាតិ ឬការសូកប៉ាន់ជាដើម។
ទោះជាយ៉ាងណា ក្រសួងការបរទេសកម្ពុជាបានចេញមុខការពារមនុស្សមានឥទ្ធិពលនៅស្រុកខ្មែរទាំងពីរនាក់នេះថា ពួកគេគឺជាមនុស្សដែលមានស្នាដៃសំខាន់ជូនជាតិ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកទណ្ឌកម្មលើឧកញ៉ា ទ្រី ភាព និងលោក គន់ គីម គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ស្មើភាពនៃអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃទៀត។ ក្រសួងបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងមិនគោរពដល់ឯករាជ្យនៃច្បាប់ និងយុត្តិធម៌របស់កម្ពុជា។
ផ្ទុយពីការអះអាងនេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា ទណ្ឌកម្មនេះមិនរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិទេ ព្រោះជាទណ្ឌកម្មប្រឆាំងបុគ្គល មិនមែនប្រឆាំងនឹងប្រទេសកម្ពុជានោះឡើយ។ លោកបន្ថែមទៀតថា អន្តរាគមន៍ទាំងឡាយរបស់អាមេរិកជុំវិញរឿងស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ក៏មិនមែនជាការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ឬធ្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិនោះដែរ ពីព្រោះសហរដ្ឋអាមេរិកជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយច្បាប់អន្តរជាតិមានចែងអំពើគោលការណ៍លើកស្ទួយការគោរពសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
