លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (JOE BIDEN) ក្នុងសន្ទរកថាបើកកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន កាលពីល្ងាចថ្ងៃទី១៣ ឧសភា ដោយលើកឡើងថា សហរដ្ឋអាមេរិកប្ដេជ្ញាចិត្ត ចំពោះអនាគតមួយ ដែលមានការគោរពច្បាប់ និងបទដ្ឋានដែលអនុញ្ញាតឲ្យមានការរីកចម្រើន និងភាពរុងរឿង ក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ ការប្ដេជ្ញាចិត្ត នោះរួមមានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋប្រមាណ ១ពាន់លាននាក់ នៅអាមេរិក និងប្រទេសជាសមាជិកអាស៊ាន។ លោកបន្តថា ក្នុងសករាជថ្មី នៃទំនាក់ទំនងអាមេរិក និងអាស៊ាន រយៈពេល ៤៥ឆ្នាំនេះ សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាចំនួន ១៥០លានដុល្លារ ដើម្បីពង្រឹងទំនាក់ទំនងអាមេរិក និងអាស៊ាន ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបន្តថា អាមេរិកចង់ឃើញប្រទេសជាសមាជិកអាស៊ាន មានការរីកចម្រើន ស្ថិរភាព នេះហើយគឺអ្វីដែលរដ្ឋបាលរបស់យើងចង់ឃើញ។ លោកថា ក្នុងកិច្ចប្រជុំនេះ អាមេរិក និងអាស៊ាននឹងជជែកជុំវិញការដោះស្រាយបញ្ហាជំងឺកូវីដ១៩ អប់រំ បរិស្ថាន និងកិច្ចសហការលំហសមុទ្រ។ លោកបញ្ជាក់ថា ភាពជាដៃគូរវាងអាមេរិក និងអាស៊ាន មានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពលោក។ លោកក៏បានតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអាស៊ាន លោក យ៉ូហាណេស អាប្រាហាំ (Yohannes Abraham)។ លោកសង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិកថ្មីនេះ នឹងជំរុញទំនាក់ទំនងអាស៊ានអាមេរិកកាន់តែរីកចំរើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។