សហរដ្ឋអាមេរិកជំរុញឱ្យរបបក្រុងភ្នំពេញចាត់វិធានការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបេតយ្យឡើងវិញដើម្បីអាចស្តារទំនាក់ទំនងផ្នែកយោធារវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់សហរដ្ឋអាមេរិកនេះ បានកើតមានឡើងក្រោយពេលជំនួបមួយរវាងលោកឯកអគ្គរដ្ឋទូត ប៉ាទ្រិច ម៊ើហ្វី (W. Patrick Murphy) ជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក-កម្ពុជានៅឯទីស្តីការក្រសួងការពារជាតិ។
លោកឯកអគ្គរដ្ឋទូត ប៉ាទ្រិច ម៊ើហ្វី W. Patrick Murphyបានបង្ហោះសារនៅលើបណ្តាញសង្គមTwitter របស់លោកថា នៅក្នុងជំនួបនោះ ពួកគេក៏បានពិភាក្សាគ្នាជុំវិញជំហាននានា ដែលកម្ពុជាអាចចាត់វិធានការដោះស្រាយបញ្ហាលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិមនុស្ស ដើម្បីអាចធ្វើឲ្យកិច្ចសហប្រតិបត្តិវិស័យយោធានៃប្រទេសទាំងពីរល្អប្រសើរឡើងវិញ។
អាស៊ីសេរីមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានទេ ដោយសារតែលោកមិនលើកទូរស័ព្ទ។
គេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់ ក្នុងទំព័រ ហ្វេសប៊ុកស្ថានទូតថា ក្រៅពីការពិភាក្សារឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជំនួប ឯកអគ្គរដ្ឋទូត និងលោក ទៀ បាញ់ ក៏បានពិភាក្សាការថែរក្សាសន្តិភាព ការដោះមីនប្រកបដោយមនុស្សធម៌ និងការស្វែងរកអដ្ឋិធាតុឈ្លើយសឹក និងអ្នកបាត់ខ្លួនក្នុងសង្គ្រាមផងដែរ។ លោកMurphy បានកត់សម្គាល់ថា ជំហានជាបន្ថែមទៀត ក្នុងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងផ្តល់សិទ្ធិពេញលេញ ចំពោះបុគ្គលនយោបាយ នឹងរួមចំណែកដល់ស្ថិរភាព និងភាពរុងរឿងរបស់ប្រទេសកម្ពុជា ពង្រឹងនូវទំនាក់ទំនងជាទូទៅរវាងអាមេរិក កម្ពុជា និងជួយការពារនូវអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។