អ្នកវិភាគថា ការឱ្យនាវាចម្បាំងអាមេរិកចូលកម្ពុជា គឺជាការសម្របនឹងនយោបាយ ប្រធានាធិបតីថ្មីរបស់អាមេរិក
2024.12.13
អ្នកវិភាគនយោបាយ លើកឡើងថា ការឱ្យនាវាចម្បាំងអាមេរិកចូលចតនៅកម្ពុជា គឺជាការសម្រួលទិសនយោបាយការបរទេសខ្លះ ដើម្បីសម្របតាមសភាពការណ៍ពិភពលោក និង នយោបាយរបស់សហរដ្ឋអាមេរិក ដែលនឹងប្ដូរប្រធានាធិបតីថ្មី នៅដើមឆ្នាំ២០២៥។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែធ្នូ ថា ការអុកជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក លើរដ្ឋាភិបាលត្រកូល ហ៊ុន ពិតជាមានប្រសិទ្ធភាព មិនអាចទាត់ចោលឥទ្ធិពលអាមេរិកបានទេ បើទោះបីជារដ្ឋាភិបាលត្រកូល ហ៊ុន ព្យាយាមបដិសេធម្ដងហើយម្ដងទៀតក៏ដោយ។ លោកថា ទោះជាមានទំនោរភ្ជាប់ទំនាក់ទំនងយោធាឡើងវិញក្ដី ក៏សហរដ្ឋអាមេរិកមិនទម្លាក់ចោលការទាមទារឱ្យរដ្ឋាភិបាលភ្នំពេញស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើយ។
លោកថា គម្រោងចូលចតរបស់នាវាចម្បាំងអាមេរិកនៅកម្ពុជា គឺជាសញ្ញានៃការរៀបចំថ្មី ទ្វេទិស នៃនយោបាយការបរទេសរបស់រដ្ឋាភិបាលត្រកូល ហ៊ុន គឺសហរដ្ឋអាមេរិកមួយទិស និង ចិនមួយទិសទៀត។ លោកថា រដ្ឋាភិបាលត្រកូល ហ៊ុន កំពុងព្យាយាមបត់បែបនេះ ព្រោះបើបត់មិនទាន់សភាពការណ៍ពិភពលោក និងនយោបាយរបស់សហរដ្ឋអាមេរិកទេ នោះរដ្ឋាភិបាលភ្នំពេញនឹងដួលភ្លាម។
លោក គឹម សុខ៖ «ទី១ លោក Donal Trump សម្រេចចិត្តលឿនណាស់ ផាំងៗ មិនសូវមានទម្លាប់ការទូតសម្របសម្រួលទេ ដូច្នេះ បើមានៈ លោក Trump ដាក់ ផូងចប់ឈឹង។ ទី២ ចិនកំពុងគាំងសេដ្ឋកិច្ចដោយដុំៗ ហើយ ម្ល៉ោះហើយ ចិនមិនដើរនយោបាយឱ្យលោក ហ៊ុន សែន ដេកចាំពឹងថវិកាការពារសន្តិសុខ និងធានា មុខមាត់ការទូតរហូតទេ។ ឧទាហរណ៍ ចិនមិនឲ្យលុយសង់ព្រែកជីក ហ្វូណន ផងហ្នឹង។ទី៣ មេរៀនឃើញនឹងភ្នែក គឺរបបផ្ដាច់ការ ដែលបាត់បង្អែក ហើយអាមេរិកមិនគាំទ្រ ដូចជា នៅបង់ក្លាដេស្ហ និង ស៊ីរី ដួលរលំងាយណាស់។ ដូច្នេះ រដ្ឋាភិបាល ត្រកូល ហ៊ុន ត្រូវតែស្វាគមន៍នាវាចម្បាំងរបស់អាមេរិកហើយ»។
ការលើកឡើងនេះ គឺបន្ទាប់ពីមានព័ត៌មានថា នាវាចម្បាំងអាមេរិកនឹងចូលចត នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីខកខានអស់រយៈពេល ៨ឆ្នាំមក។ នាវាចម្បាំងអាមេរិកនេះ មានឈ្មោះថា យូអេសអេស សាវាណាហ៍ USS Savannah ឬ LCS 28 ដែលមាននាវិក សរុបចំនួន ១០៣នាក់។ ទស្សនកិច្ចដ៏កម្ររបស់នាវាចម្បាំងអាមេរិកនៅកម្ពុជានេះ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ សប្ដាហ៍ក្រោយនេះ។
ក្រសួងការពារជាតិកម្ពុជាឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ធ្នូថា ការចូលចតរបស់នាវាចម្បាំងអាមេរិកនេះ គឺដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ក្រសួងបញ្ជាក់ទៀតថា សកម្មភាព ដែលគ្រោងទុក រួមមាន ជំនួបរវាងគណៈប្រតិភូ នាវាចម្បាំងអាមេរិកជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិកអាមេរិកជាមួយកងទ័ពជើងទឹកកម្ពុជា។
ចាប់តាំងពីឆ្នាំ២០០៧ មក នាវាចម្បាំងអាមេរិកចូលចតនៅកម្ពុជាចំនួន ២៧គ្រឿង ហើយគម្រោងចូលចតរបស់នាវា USS Savannah ឬ LCS 28 នេះ ជាលើកដំបូង ហើយសម្រាប់រយៈពេល ៨ឆ្នាំចុងក្រោយនេះ ខណៈកម្ពុជាត្រូវបានគេសង្ស័យថា បានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិន កាលពីឆ្នាំ២០១៩ ក្នុងការអនុញ្ញាតឱ្យចិនតាំងមូលដ្ឋានទ័ពនៅក្នុងកំពង់ផែទ័ពជើងទឹករាម។
ភាគីកម្ពុជា និងចិនធ្លាប់បដិសេធការចោទប្រកាន់នេះជាច្រើនដង ប៉ុន្តែ មន្ទិលសង្ស័យជុំវិញរឿងនេះនៅតែមាន ដោយសារភាគីចិនជាអ្នកជួយរដ្ឋាភិបាលកម្ពុជាកម្ពុជាទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាម ដែលមានសន្ទុះខ្លាំងក្លានាពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។