ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធចំពោះព័ត៌មានដែលផ្សាយថា កម្ពុជាបាត់បង់ទឹកដីមួយផ្នែក នៅតំបន់កន្ទុយនាគ ក្នុងខេត្តរតនគិរី មកទល់នឹងខេត្តមណ្ឌលគិរី។ លោកអះអាងថា ផែនទីដែលកម្ពុជា ប្រើប្រាស់ផ្លូវការ ជាផែនទី របស់ក្រុមភូមិសាស្ដ្រឥណ្ឌូចិន មានទំហំ ១៨១.០៣៥គីឡូម៉ែត្រក្រឡា មានចែងក្នុងរដ្ឋធម្មនុញ្ញ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ឱ្យដឹងនៅថ្ងៃទី១១ វិច្ឆិកាថា លោកមិនទទួលស្គាល់ ផែនទីទាំងឡាយណា ដែលចុះផ្សាយខុសពីទម្រង់ដើម លក់លើទីផ្សារ និងផែនទី ដែលផ្សាយដោយក្រុមហ៊ុនវៀតណាមនោះទេ។ លោកបញ្ជាក់ថា កម្ពុជាប្រើប្រាស់ផែនទីខ្នាត ១/១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ដែលទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ចំពោះសំណួរដែលសួរថា តើរដ្ឋាភិបាលអាចធានាបានទេថា ផ្ទៃដីប្រទេសកម្ពុជាពិតជាមានទំហំ ១៨១.០៣៥ គីឡូម៉ែត្រក្រឡា ដូចការទទួលស្គាល់ជាអន្តរជាតិដែរ ឬយ៉ាងណា? មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះឆ្លើយថា ភាគីកម្ពុជា និងវៀតណាម បានបោះបង្គោលព្រំដែនរួចចំនួន ៨៤ភាគរយហើយ ប៉ុន្តែមិនទាន់អាចគណនាបាននោះទេ ពោលគឺទាល់តែបោះបង្គោលព្រំដែនចប់សព្វគ្រប់ ទើបរដ្ឋាភិបាលអាចគណនាបាន?៖ «ផ្លូវការតែមួយទេ យើងដឹងហើយណា ផែនទី របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ផែនទីណាទៀត ដែលចុះផ្សាយយើងអត់ទទួលខុសត្រូវទេ។ ខ្សែជុំវិញប្រទេសយើង នៅសល់ ១៦ភាគរយជាមួយវៀតណាម ជាមួយឡាវ និងថៃខ្ញុំមិនថាទេ យើងនិយាយជាមួយវៀតណាម អត់ទានបិទកើតទេ វានៅសល់ ១៦ភាគរយកំពុងចរចា។ ដូច្នេះផ្ទៃដីនៅសល់ ១៨១.០៣៥គីឡូម៉ែត្រការ៉េ »។
ការបញ្ជាក់របស់លោក វ៉ា គឹមហុង នេះ គឺនៅក្រោយពេលក្រុមហ៊ុនទេសចរវៀតណាមថ្មីៗ នេះ បានបង្ហាញផែនទីប្រទេសកម្ពុជាខុសពីទម្រង់ដើម បាត់តំបន់កន្ទុយនាគឋិតក្នុងខេត្តរតនគិរី មកទល់និងខេត្តមណ្ឌលគិរី។ បញ្ហានេះ ក្រុមយុវជនអ្នកឃ្លាំមើលកិច្ចការព្រំដែន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានមន្ទិល និងចង់ឱ្យរដ្ឋាភិបាលបង្ហាញ ករណីនេះជាសាធារណៈឱ្យច្បាស់លាស់។
កម្ពុជាមានព្រំដែនជាប់នឹងប្រទេសវៀតណាមចំនួន ១.២៤៥គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរបានបោះបង្គោលរួចរាល់ចំនួន ៣១៥បង្គោល ឬស្មើនិង ៨៤ភាគរយហើយ នៅសល់បង្គោលចំនួន ៥៦ ទៀត ឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ។
អាស៊ីសេរីបានសួរ លោក វ៉ា គឹមហុងបន្ថែមទៀតថា តើបង្គោលចំនួន ១២៤ ដែលអគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនបានបោះ ផ្អែកតាមអនុញ្ញាកូសាំងស៊ីននៅឆ្នាំ១៨៧៣ មាននៅសល់ឬទេមកទល់ពេលនេះ?មន្ត្រីរដ្ឋាភិបាលរូបនេះឆ្លើយថា មានបង្គោលខ្លះនៅ និងមានបង្គោលខ្លះទៀតបាត់ ដោយសារកម្ពុជាប្រើប្រាស់ផែនទីផ្អែកតាមរដ្ឋធម្មនុញ្ញមាត្រា ២ ខ្នាត ១/១០០ពាន់ ទទួលស្គាល់អន្តរជាតិចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។ លោកបញ្ជាក់ថា កម្ពុជាទាមទារប្រើប្រាស់ខ្សែព្រំដែនមិនកែប្រែ បន្ទាប់ពីទទួលបានឯករាជ្យពីរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៥៣។ លោកបញ្ជាក់ទៀតថា ការបោះបង្គោលព្រំដែនផ្អែកតាមអនុសញ្ញាកូសាំងស៊ីន ឆ្នាំ១៨៧៣ និងផែនទីដែលកម្ពុជាប្រើប្រាស់បច្ចុប្បន្ន ពុំខុសគ្នានោះទេ៖ «យើងដឹងថា វាមានហើយបង្គោលអនុសញ្ញកូសាំងស៊ីន ព្រះកូណា ព្រះបាទនរោត្តម លោកចុះហត្ថលេខា ១៨៧៣ហ្នឹង ។ បង្គោលខ្លះនៅ ហើយបង្គោលខ្លះទៀតវាបាត់។ យើងនិយាយឱ្យត្រឹមត្រូវ ហើងទាមទាររដ្ឋធម្មនុញ្ញយើងមាត្រា២ ១៩៩៣ យើងថា បូរណភាពទឹកដី ផែនទី ១/១០០ពាន់ បោះពុម្ភឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយប្អូនឯងទៅទាមទារបោះតាមឆ្នាំ១៨៧៣ ម៉េចកើត »។
ទោះជាយ៉ាងណា តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចង់ឱ្យរដ្ឋាភិបាលបង្ហាញផែនទីថ្មី ដែលភាគីកម្ពុជា និងវៀតណាមប្រើប្រាស់ ដើម្បីបោះបង្គោលព្រំដែននៅតំបន់កន្ទុយនាគ ក្នុងខេត្តរតនគិរី? ដើម្បីបំបាត់ការសង្ស័យចំពោះរឿងនេះ។ លោកមានមន្ទិលថា តើផែនទីដែលរដ្ឋាភិបាលបោះបង្គោលសម្រេចបាន ៨៤ភាគរយកន្លងទៅ ដូចគ្នានឹងផែនទីរបស់បារាំងបន្សល់ទុកឬទេ?៖ «ខ្ញុំយល់ថា រដ្ឋាភិបាលមិនហ៊ានបង្ហាញផែនទីថ្មីហ្នឹងទេ ហើយក៏មិនហ៊ានប្រៀបធៀបផែនទី បោនរបស់បារាំងដែល ព្រោះផែនទីថ្មីហ្នឹង វាចូលដីខ្មែរច្រើនណាស់ ជាពិសេសតំបន់កន្ទុយនាគហ្នឹងគឺ ដូចក្រុមហ៊ុនទេសចរវៀតណាមហ្នឹងឯង ព្រោះក្រុមហ៊ុនទេសចរវៀតណាម គឺគេធ្វើអ៊ីចឹង សំអាងលើផែនទី ដែលហ៊ុន សែន ចុះហត្ថលេខាជាមួយយួន នៅប្រទេសយួន កាលពីថ្ងៃទី ០៥ ខែតុលាហ្នឹងឯង»។
លោក អ៊ុំ សំអាន បន្ថែមថា កម្ពុជាគួរតែបោះបង្គោលផ្អែកតាម អនុសញ្ញាកូសាំងស៊ីនឆ្នាំ១៨៧៣ ដែលអគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន បោះបង្គោលព្រំដែនចំនួន ១២៤បង្គោល ដើម្បីពុះចែកទឹកដីកម្ពុជា និងតំបន់កូសាំងស៊ីន សម័យបារាំងគ្រប់គ្រង។ លោករិះគន់ថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបោះបង្គោលសម្រេចបាន ៨៤ភាគរយ មិនបានយកមរតកបារាំងមកប្រើនោះទេ បែរជាផ្អែកតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ១៩៨៥ សម័យវៀតណាមគ្រប់គ្រងកម្ពុជា ផ្ទុយពីច្បាប់អន្តរជាតិ និងច្បាប់ជាតិ ជាហេតុធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី៖ «យើងចង់ដឹងផែនទីថ្មី ហ្នឹង វាដូចផែនទី ក្រុមហ៊ុន ទេសចរយួនហ្នឹងគេ ធ្វើហ្នឹងពិតប្រាកដ ឬមិនពិតប្រាកដ វាបាត់ដីខ្មែរប៉ុន្មាន ? វាដូចផែនទីបារាំងបន្សល់ទុកឱ្យឬអត់? ខាងរដ្ឋាភិបាលវៀតណាម គេអត់លាក់លៀមទេ ទាំងផែនទី និងឯកសារផ្សេងៗ លើកលែងតែខាងកម្ពុជាយើងទេដែលលាក់លៀម»។
ឆ្លើយតបរឿងនេះ លោក វ៉ា គឹមហុង អះអាងថា នៅតំបន់កន្ទុយនាគ ពុំមានការប្រែប្រួលផែនទីនោះទេ ហើយលោកបានចុះទៅបោះបង្គោលព្រំដែនដោយផ្ទាល់ គឺបង្គោលព្រំដែនលេខ ០០ ឋិតក្នុងចន្លោះប្រទេសឡាវ វៀតណាម និងកម្ពុជាក្នុងខេត្តរតនគិរី។ លោកថា ការបោះបង្គោលនៅតំបន់នោះ ផ្អែកតាមសន្ធិសញ្ញា ៣ប្រទេស មានសច្ចាប័ន និងកំណត់និយាមការច្បាស់លាស់ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ៖ «វាអត់បាត់ទេ កន្ទុយនាគវានៅដដែលទេ ខ្ញុំប្រាប់ថា តំបន់កន្ទុយនាគហ្នឹង ចុងប៉ុចទាំងអស់ មានកម្ពុជា ឡាវ និងវៀតណាម ខ្ញុំទៅបោះបង្គោលលេខ ០០។ បង្គោលយើងបោះ ៣ប្រទេស មានសន្ធិសញ្ញាទទួលយកទៅទៀត មាននិយាមការគ្រប់សព្វ។ អត់បាត់ទៅណាទេ មានសន្ធិសញ្ញាការពារទៅទៀត សន្ធិសញ្ញា ៣ប្រទេស ចុះហត្ថលេខា និងមានសច្ចាប័នទៅទៀត ហើយប្អូនថាបាត់ម៉េច? ហើយទៅជឿអ្នកលក់អេតចាយនៅទីផ្សារម៉េចកើត? សូមវិទ្យុអាស៊ីសេរីលោកយោគយល់ផង»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី យល់ថា ការបោះបង្គោលកន្លងមក ភាគីវៀតណាម មានប្រៀបជាងកម្ពុជាគ្រប់តំបន់ ។ លោកថា តំបន់ដែលនៅសេសសល់ចំនួន ១៦ ភាគរយ ដូចជា នៅតំបន់អូរហ៊ុច ក្នុងខេត្តមណ្ឌលគិរី និងនៅឃុំប៉ក់ញ៉ៃ ខេត្តរតនគិរី ត្រូវបានវៀតណាមគ្រប់គ្រងទាំងស្រុង។ ក្រៅពីនេះ ការបោះបង្គោលព្រំដែនកន្លងមក លោកថា រដ្ឋាភិបាលមិនបានផ្តល់ឱកាស ឱ្យពលរដ្ឋ សង្គមស៊ីវិល និងគណបក្សប្រឆាំងចូលរួមសម្រេចចិត្ត និងដឹងឮនោះទេ សូម្បីតែអ្នកនយោបាយមួយចំនួនធំ ក៏រដ្ឋាភិបាលមិនផ្តល់សិទ្ធិសម្រេចចិត្តក្នុងរឿងនេះដែរ។
លោក មួង សូនី បារម្ភថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យក្រុមហ៊ុន វៀតណាម នៅតំបន់កន្ទុយនាគ និងតំបន់ផ្សេងទៀត ក្នុងខេត្តរតនគិរីតាមបណ្ដោយព្រំដែន ជាហានិភ័យធ្ងន់ធ្ងរមួយ ប៉ះពាល់អធិបតេយ្យជាតិ និងធ្វើឱ្យកម្ពុជាងាយនឹងរបូតទឹកដីទៅវៀតណាមគ្រប់គ្រងនៅថ្ងៃអនាគត៖ «ព័ត៌មានដែលបង្ហោះនៅសង្គមហ្វេសប៊ុកទាក់ទិន ដីនៅតំបន់កន្ទុយជារឿងពិត ខ្ញុំគិតថា រដ្ឋាភិបាលបកស្រាយឱ្យច្បាស់ ជូនពលរដ្ឋខ្មែរយើង ហើយជាពិសេសជំរុញឱ្យក្រុមហ៊ុនវៀតណាម បកស្រាយជុំវិញថា តំបន់កន្ទុយនាគជារបស់វៀតណាម »។
កាលពីថ្ងៃទី៤ វិច្ឆិកាកន្លងទៅ រដ្ឋសភារបបក្រុងភ្នំពេញបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ដែលច្របាច់បញ្ចូលគ្នារវាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ការអនុម័តសេចក្ដីព្រាងច្បាប់នេះ គណបក្សប្រឆាំង ពលរដ្ឋ និងក្រុមយុវជន បង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង និងចាត់ទុកថា ជាសន្ធិសញ្ញាខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាពិសេស អំឡុងពេលដែលកម្ពុជាមានជម្លោះនយោបាយ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបែបបក្សតែមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។