ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​ដី​ស្រែ​និង​ភូមិ​មួយ​ចំនួន​បាត់ទៅ​វៀតណាម​ ក្រោយ​បោះបង្គោល​ព្រំដែន

ដោយ ជាតិ ចំណាន
2023.08.31
ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​រដ្ឋាភិបាល​ថ្មី​ដោះស្រាយ​ដី​ស្រែ​និង​ភូមិ​មួយ​ចំនួន​បាត់ទៅ​វៀតណាម​ ក្រោយ​បោះបង្គោល​ព្រំដែន នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

ពលរដ្ឋ​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដោះស្រាយ​ដី​ស្រែ​ចម្ការ​ និង​ភូមិ​មួយ​ចំនួន​បាន​បាត់បង់​ទៅ​វៀតណាម ក្រោយ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ពេល​កន្លង​ទៅ។

ពលរដ្ឋ​ទាំង​នោះ ធ្លាប់​លើក​គ្នា​តវ៉ា និង​ខឹង​សម្បារ​នឹង​មន្ត្រី​ជំនាញ ដែល​បោះ​បង្គោល​ព្រំដែន​ចំ​កណ្តាល​ដី​ស្រែ​ចម្ការ​កេរ​ឪពុក​ម្តាយរបស់​ពួកគាត់។

ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់​នៅ​ឃុំ​ចាន់មូល ឃុំរូង និង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​ក្តៅ​ក្រហល់​ក្រហាយ​ក្នុង​ចិត្ត ពេល​ដែល​ពួកគាត់ នឹក​ឃើញ​រឿងរ៉ាវ​ទាក់ទិន​បញ្ហា​ព្រំដែន​ម្តងៗ ដោយសារ​អ្នកភូមិ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ជាច្រើន ករណី​បាត់បង់​ដី​ស្រែ បាត់បង់​ភូមិ​កំណើត និង​ការ​គំរាម​តាម​ប្រព័ន្ធ​តុលាការ​នៅ​ពេល​ពួកគាត់​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​អាជ្ញាធរ​កំណត់​ខណ្ឌសីមា​ព្រំដែន​ជាមួយ​វៀតណាម កាល​ពី​ពេល​កន្លង​ទៅ។

ក្រុម​ពលរដ្ឋ​ទាំង​នោះ តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​អត់ធ្មត់ មិន​ហ៊ាន​បញ្ចេញ​មតិ និង​តវ៉ា​ជុំវិញ​បញ្ហា​នេះ​នោះ​ទេ  ព្រោះ​ខ្លាច​អាជ្ញាធរ​ចាប់​ដាក់​គុក និង​ធ្វើ​ទុក្ខបុកម្នេញ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុអាស៊ីសេរី​ថា អាជ្ញាធរ​អូស​បន្លាយ​ពេល​មិន​ដោះស្រាយ​វិវាទ​ដីធ្លី របស់​ពលរដ្ឋ​ រស់​នៅ​តាម​បណ្តោយ​ព្រំដែន ដែល​ត្អូញត្អែរ បាត់បង់​ដី​ស្រែចម្ការ​កេរ​ឪពុកម្ដាយ​ទៅ​វៀតណាម បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន។

លោក​ស្រី​ថា តំបន់​ដែល​បាត់បង់​ដី​ស្រែ​ទៅ​វៀតណាម តាម​បណ្តោយ​ព្រំដែន ឋិត​ក្នុង​ឃុំ​រូង ឃុំ​ជាំ ឃុំ​ចាន់មូល ឃុំទ្រៀក និង​ឃុំ​ជាំក្រវៀន។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «សោក​ស្តាយ​មិន​ដឹង​ធ្វើ​ម៉េច?​ ឱ្យ​តែ​ហ៊ាន​ហា​មាត់ គុក មួយ​មាត់​គុក។ ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​គាត់ (លោក ហ៊ុន ម៉ាណែត) មើល​ព្រំដែន​ស្រួល​បួល កុំ​ឱ្យ​ដល់​ឪ​ដល់​កូន»

អ្នកភូមិ​អះអាង​ថា ពលរដ្ឋ​រស់​នៅ​តំបន់​ព្រំដែន ខ្វះ​ភាព​កក់ក្តៅ មិន​ត្រឹមតែ​បាត់បង់​ដីស្រែ​កេរ​ដូនតា​នោះ​ទេ បែរ​ជា​ក្លាយ​ជា​ជន​រងគ្រោះ​ជាប់​បណ្តឹង​នៅ​តុលាការ ហើយ​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ៦នាក់ ជាប់​បណ្តឹង​នៅ​តុលាការ​ដោយសារ​តវ៉ា​ទាមទារ​ដី​ស្រែចម្ការ​ដែល​បាត់បង់​ទៅ​វៀតណាម។

 រីឯ​ពលរដ្ឋ​ភាគ​ច្រើន​បាន​បោះបង់​ដី​ដែល​វៀតណាម​រំលោភ​យក​ ព្រោះ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ ហើយ​មិន​ចង់​ចំណាយ​ពេល​ដើរ​ប្តឹង​ផ្តល់​នោះ​ឡើយ។

ដី​ស្រែ​ចម្ការ​របស់​អ្នកភូមិ​ចាន់មូល តាម​បណ្ដោយ​ព្រំដែន នៅ​ចំណុច​ភូមិ​ចាន់​មូល​សរុប​ជាង ៣០០ ហិកតារ ដែល​វៀតណាម​គ្រប់គ្រង​តាំង​ពី​ឆ្នាំ១៩៩៨ រដ្ឋាភិបាល​បាន​សម្រប​សម្រួល បោះ​បង្គោល​ព្រំដែន​ជាមួយ​ភាគី​វៀតណាម​រួចរាល់ ភាគី​វៀតណាម​បាន​ប្រគល់​ដី​នៅ​តំបន់​នោះ​មួយ​ផ្នែក ដែល​មាន​ទំហំ ជាង ៧០ ហិកតារ​ប៉ុណ្ណោះ​ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ។

អ្នកស្រុក​​អះអាង​ទៀត​ថា ភូមិ​ចាន់​សាលា ឋិត​នៅ​ចំណុច​វាលត្បូង ដែល​ជា​ភូមិ​បុរាណ​មួយ​ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ទីនោះ​ច្រើន​ជំនាន់​មក​ហើយ បច្ចុប្បន្ន​បាន​ក្លាយ​ជា​វាល​រហោឋាន គ្រប់គ្រង​ដោយ​វៀតណាម។

រីឯ​នៅ​ភូមិ​តានង ក្នុង​ឃុំ​ចាន់មូល ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៩៧ រហូត​ដល់​៩៩ មាន​ដីស្រែ​ជាច្រើន​ហិកតារ ត្រូវ​វៀតណាម​គ្រប់គ្រង​ដោយ​មាន​បង្គោល​ព្រំដែន​ខ្លះ​បោះ​ចំ​កណ្តាល​ដី​ស្រែ​អ្នក​ភូមិ។
លើស​ពី​នេះ​ទៀត ភូមិ​អំផុល និង​ភូមិភោគ ដែល​ជា​ភូមិ​ដ៏​ចំណាស់ ឋិត​ក្នុង​ឃុំ​ចាន់មូល​ បច្ចុប្បន្ន​ក៏​ត្រូវ​បាន​វៀតណាម​កាន់​កាប់​ដែរ ក្រោយ​ពី​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​រួចរាល់​ចាប់​តាំង​​ពី​ឆ្នាំ២០១០ រហូត​ដល់​ឆ្នាំ​២០២២។ រីឯ​ក្រសួង​មហាផ្ទៃ​បាន​លុប​ឈ្មោះ​ភូមិ​ទាំងនេះ​ចេញ​ពី​បញ្ជី​គ្រប់គ្រង​រដ្ឋបាល​ឃុំ/សង្កាត់។

កន្លង​ទៅ​អ្នកភូមិ​តែង​តែ​ចួប​ជុំគ្នា និយាយ​ដើម មន្ត្រី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន  ដែល​ចុះ​ទៅ​ពន្យល់​ពួកគាត់ ឱ្យ​ទទួល​យក​ការ​កំណត់​ខណ្ឌសីមា ដែល​ពួកគាត់​ចោទ​ប្រកាន់​ថា ធ្វើ​ឱ្យ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​គ្រួសារ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ឆាយ វិត បាន​ថ្លែង​ជា​សាធារណៈ​ផ្តាំ​ទៅ​អតីត​ទេសរដ្ឋមន្ត្រី​នៃ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ថា ភូមិ​អំផុល និង​ភូមិ​ភោគ មិនមែន​បាត់បង់​នៅ​សម័យ​ដូនតា​ខ្មែរ​នោះ​ទេ គឺ​បាត់​ក្នុង​សម័យ​នេះ។

ឆាយ វិត«គណៈកម្មាធិការ​ព្រំដែន​គេ​មក​ដល់​គេ​ឈរ​មើល​សិន គេ​ថា អ៊ំៗ​មក​នេះ គេ​ថា​អ៊ំ​អើយ គេ​ថា ស្រុក​ខ្មែរ​ព្រំដែន មាន​ទាំង​ពី​ច្បាប់​ជាតិ​ និង​អន្តរជាតិ ផែនទី​ធ្វើ​តាំង​ពី​ឆ្នាំ​ប៉ុន្មាន? គេ​ប្រាប់? គេ​ថា​ យើង​ឆ្ការៗ ធ្វើ​តាំង​ពី​ដូនតា​មើល រឿង​ដីធ្លី​ស្អីៗ មិន​ដឹង​ជា របស់​គេ និង​ជា​របស់​យើង ឥលូវ​យើង​មាន​ផែនទី។ គេ​មក​ពន្លត់​កំហឹង​ពួក​ខ្ញុំ ។ ដី​នេះ​ ពួក​ខ្ញុំ​ធ្វើ​តាំង​ពី​ដូនតា​មក ពួក​ខ្ញុំ​មិន​ដឹង ផែន​ទី​ត្រឹម​ណា​ទេ? ភូមិ​អំ​ផុល និង​ភូមិ​ធ្លក សុទ្ធ​តែ​ភូមិ​ខ្មែរ​ មិន​មែន​បាត់​តាំង​ពី​ដូនតា​មក​ទេ​ បាត់​សម័យ​ខ្ញុំ​ទេ។ គាត់​ថា ភូមិ​ខ្មែរ​ចូល​ដី​វៀតណាម​ខ្ញុំ បើ​មាន​កាំភ្លើង ចង់​បាញ់​ទូរទស្សន៍​ហ្នឹង​ចោល​ គាត់​ថា ពលរដ្ឋ​ចូល​ដី​វៀតណាម ឱ្យ​លោក​ឯង រៀន​មួយ​សារ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បន្ថែម​រឿង​នេះ​ពី​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ៣០ សីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញ​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​នឹង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ត្រឹមត្រូវ ម៉ត់ចត់ និង​ច្បាស់លាស់ ដើម្បី​រក្សា​បាន​ផ្ទៃ​ក្រឡា​ដី​កម្ពុជា ១៨១ ០៣៥ ដូច​បាន​កំណត់​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ពន្យល់​ថា រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន ជាមួយ​វៀតណាម​ដោយ​មិន​ផ្អែក​តាម​មរតក​របស់​បារាំង ឬ​អនុសញ្ញា​កម្ពុជា​កូសាំង​ស៊ីន ឆ្នាំ​១៨៧៣ នឹង​ធ្វើ​ឱ្យ​ដី​ស្រែ និង​ភូមិ​ខ្មែរ​មួយ​ចំនួន​បាត់បង់​ទៅ​វៀតណាម​ជា​បន្តបន្ទាប់។

លោក អ៊ុំ សំអាន «អ្វី​ដែល​បោះ​បង្គោល​កន្លង​មក មិន​ត្រឹមត្រូវ​គួរតែ​សើរើ​ឡើង​វិញ។ ភូមិ​ខ្មែរ​ និង​ផ្ទះ​ខ្មែរ ចូល​ដី​យួន លេខាធិការដ្ឋាន​គណៈកម្មការ​ព្រំដែន គួរតែ​ពិនិត្យ​មើល​ឡើង​វិញ។ បើ​ដោះស្រាយ​មិន​ចេញ​គួរតែ​ប្តឹង​ទៅ​តុលាការ យុត្តិធម៌​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​បាន»

ទាក់ទិន​បញ្ហា​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរតែ​ដោះស្រាយ​បញ្ហា​នេះ និង​ទុក្ខ​កង្វល់​រួម​របស់​ពលរដ្ឋ ដើម្បី​លាង​ជម្រះ​កម្អែល​ប្រវត្តិសាស្ត្រ​ដែល​បន្សល់​ពី​ឪពុក​របស់​លោក។

លោក ម៉ែន ណាត«ការ​បោះ​បង្គោល​ព្រំដែន ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល ហ៊ុន សែន កន្លង​ហើយ​ យក​សន្ធិ​សញ្ញា ឆ្នាំ១៩៨៥ ជា​មូលដ្ឋាន​រួម​ទាំង​ធ្វើ​ផែន​ទី​ថ្មីៗ មិន​ត្រឹម​ត្រូវ តាម​ផែន​ទី​ដើម ចែង​ក្នុង​មាត្រា ២ នៃ​រដ្ឋធម្មនុញ្ញ។ តាម​ច្បាប់​ត្រូវ​សើរើ​ឡើង​វិញ។ នាយករដ្ឋមន្ត្រី​ក៏​ដោយ ត្រូវ​មាន​ទោស ​ស្មើ​នឹង​ទោស​ប្រហារ ឬ​ទោស​ក្បត់​ជាតិ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន បាន​ទៅ​ចុះ​ហត្ថលេខា​ទទួលស្គាល់​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន​៨៤ជាមួយ​ភាគី​វៀតណាម​ដល់​រដ្ឋធានី​ហាណូយ។

បើ​ទោះ​ជា​គណបក្ស​ប្រឆាំង​ ចាត់​ទុក​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ​មិន​ស្រប​តាម​មរតក​បន្សល់​ទុក​ពី​អាណានិគមនិយម​បារាំង និង ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។